តំណាង​ជនជាតិ​ចាម​ថា​សាលា​ក្រុង​នឹង​សិក្សា​ធ្វើ​ផ្លូវ​វាង​វិហារ​ឥស្លាម​បឹងកក់​តាម​សំណើ

ដោយ ថា កិត្យា
2017-01-03
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ជនជាតិ​ចាម ជួបជុំ​គ្នា​ពិភាក្សា​ពី​ផែនការ​សង់​ផ្លូវ​ពុះ​កាត់​របង​វិហារ​ចាម​នៅ​តំបន់​បឹងកក់ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/San Sel
ជនជាតិ​ចាម ជួបជុំ​គ្នា​ពិភាក្សា​ពី​ផែនការ​សង់​ផ្លូវ​ពុះ​កាត់​របង​វិហារ​ចាម​នៅ​តំបន់​បឹងកក់ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/San Sel
RFA/San Sel

តំណាង​ជនជាតិ​ចាម ដែល​ជំទាស់​មិន​ឲ្យ​ធ្វើ​ផ្លូវ​កាត់​តាម​របង​វិហារ​បឹងកក់​នោះ អះអាង​ថា សាលា​រាជធានី​ភ្នំពេញ​បាន​យល់ព្រម​ទទួល​សំណើ​សិក្សា​ធ្វើ​ផ្លូវ​វាង​តាម​របង​វិហារ​វិញ បន្ទាប់​ពី​ជួប​ប្រជុំ​ពិភាក្សា​គ្នា​ជាមួយ​អភិបាល​រាជធានី​ភ្នំពេញ​នៅ​រសៀល​ថ្ងៃ​ទី​៣ ខែ​មករា។

មន្ត្រី​រដ្ឋាភិបាល​ដែល​មិន​គាំទ្រ​គម្រោង​ធ្វើ​ផ្លូវ​នេះ លោក អះម៉ាត់ យ៉ះយ៉ា ជា​រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច អតីត​យុវជន និង​យុវ​នីតិសម្បទា សង្ឃឹម ៧០​ភាគរយ​ថា ក្រោយ​ពី​សិក្សា​រួច សាលា​ក្រុង​ភ្នំពេញ​នឹង​ធ្វើ​ផ្លូវ​វាង​តាម​របង​វិហារ​បឹងកក់៖ «ក្រោយ​ពី​ខ្ញុំ​បាន​ឃើញ​ប្លង់​ជា​ផ្លូវ​ការ​កាត់​វិហារ​បឹងកក់​រួច​មក ខ្ញុំ​មាន​សេចក្តី​រីករាយ​ប្រាប់​សាលា​ក្រុង​ថា ដោយសារ​នៅ​ខាង​លើ​មាន​ផ្លូវ​បែក​ជា​បួន គឺ​យើង​អាច​ធ្វើ​ផ្លូវ​កាត់​តាម​របង​វិហារ ហើយ​យើង​កាច់​បន្តិច​ទៅ ហើយ​យក​ផ្លូវ​តាម​ក្រោយ​សណ្ឋាគារ​ភ្នំពេញ​តិច​ទៅ ម្ល៉ោះ​ហើយ​យើង​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន​ហើយសាលា​ក្រុង​ឯកភាព​ឡើង​វិញ នៃ​ការ​សិក្សា​ធ្វើ​ផ្លូវ​កាត់​របង​វិហារ ដូច្នេះ​យើង​នឹង​ជួប​គ្នា​ជា​បន្តបន្ទាប់​ទៀត»

កាល​ពី​ថ្ងៃ​សុក្រ ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០១៦ សាសនិក​ឥស្លាម រាប់​រយ​នាក់ នាំ​គ្នា​វាយ​កម្ទេច​របង​បាំង​សម្រាប់​គ្រឿងចក្រ​ឈូស​ឆាយ​ធ្វើ​ផ្លូវ​កាត់​ក្នុង​បរិវេណ​វិហារ​បឹងកក់ ដែល​ខាង​សាលា​រាជធានី​ភ្នំពេញ បាន​ធ្វើ​របង​បាំង​នេះ​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០១៦។ នៅ​ថ្ងៃ​សុក្រ ទី​៣០ ធ្នូ ក្រុម​អ្នក​ជំទាស់​ក៏​ជួបជុំ​គ្នា​ជា​ថ្មី មាន​ទាំង​ស្រី ទាំង​ប្រុស ខ្លះ​មក​ពី​តាម​បណ្ដា​ខេត្ត អំពាវនាវ​ឲ្យ​សាលា​ក្រុង ធ្វើ​ផ្លូវ​វាង​តាម​របង​វិហារ​ជា​ថ្មី​ម្ដង​ទៀត។ បន្ទាប់​ពី​មាន​ការ​តវ៉ា សាលា​ក្រុង​បាន​ផ្អាក​ការ​សាងសង់​ផ្លូវ​កាត់​វិហារ​ឥស្លាម បណ្ដោះអាសន្ន ដើម្បី​រង់ចាំ​ជជែក​គ្នា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល