តំណាង​ពលរដ្ឋ​មាន​ជម្លោះដីធ្លី​៨​នាក់ នៅ​កំពង់ឆ្នាំង ចូលខ្លួន​បំភ្លឺ​នៅ​តុលាការ​ក្រុង​ភ្នំពេញ

ដោយ អាស៊ីសេរី
2020-06-15
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នកភូមិ​ឡពាង​ ខេត្ត​កំពង់ឆ្នាំង​ប្រមាណ ៥០​នាក់ ភាគច្រើន​ជា​ស្ត្រី​ឈរ​ប្រមូល​ផ្ដុំគ្នា​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃទី ១៥ មិថុនា ឆ្នាំ២០២០ ដើម្បី​គាំទ្រ​តំណាង​ពួកគាត់ ៨​នាក់ ចូលខ្លួន​បំភ្លឺ​​ដល់​ចៅក្រម​លើក​ទី​៣ ក្នុង​បណ្ដឹងសុំ​មោឃភាព​កិច្ចព្រមព្រៀង​ជាមួយ​ប្រធាន​ក្រុមហ៊ុន​ខេឌីស៊ី (KDC) គឺ​អ្នកស្រី ជា ខេង ដែល​ត្រូវជា​ភរិយា លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល។

រូប៖ ពលរដ្ឋ

អ្នកភូមិ​ឡពាង​ប្រមាណ ៥០​នាក់ ភាគច្រើន​ជា​ស្ត្រី​ឈរ​ប្រមូល​ផ្ដុំគ្នា​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃទី ១៥ មិថុនា ដើម្បី​គាំទ្រ​តំណាង​ពួកគាត់ ៨​នាក់ ចូលខ្លួន​បំភ្លឺ​លើក​ទី​៣ ក្នុង​បណ្ដឹងសុំ​មោឃភាព​កិច្ចព្រមព្រៀង​ជាមួយ​ប្រធាន​ក្រុមហ៊ុន​ខេឌីស៊ី (KDC) គឺ​អ្នកស្រី ជា ខេង ដែល​ត្រូវជា​ភរិយា លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល។

តំណាង​ពលរដ្ឋ លោក ផេង រុំ ប្រាប់​អាស៊ីសេរី​ថា ពួកគាត់​ទាំងអស់គ្នា នៅតែ​ស្នើសុំ​តុលាការ​លុបចោល​កិច្ចព្រមព្រៀង​ដែល​ភាគី​ក្រុមហ៊ុន​បាន​ឱ្យ​ប្រជាពលរដ្ឋ​ផ្ដិត​ស្នាម​មេដៃ កាល​ពី​ឆ្នាំ​២០១៤ ព្រោះ​កិច្ចព្រមព្រៀង​នោះ​មាន​ភាព​មិនប្រក្រតី​ជាច្រើន​។ លោក​បន្ត​ថា ខាង​ក្រុមហ៊ុន​ប្រើ​ល្បិចកល​បោក​ពលរដ្ឋ ដោយ​ផ្ដល់ប្រាក់ ៦​លាន​រៀល ក្នុង​១​គ្រួសារ​កាលពីដើម​ខែមេសា ឆ្នាំ​២០១៤ ថា ជា​ប្រាក់​ឱ្យ​ពលរដ្ឋ​ទុក​ធ្វើបុណ្យ​ចូលឆ្នាំ ហើយ​បន្លំ​យក​ស្នាម​មេដៃ​ទៅធ្វើ​ប្លង់​កម្មសិទ្ធិ​ដីធ្លី ជាន់​ដីស្រែ​ពលរដ្ឋ។

អ្នក​សហគមន៍​ឡ​ពាង សែន​គ្រឿង​សក្ការ:​ដល់​វត្ថុ​សក្ដិសិទ្ធិ​នៅ​មុខ​តុលាការ ឱ្យ​បន្ទន់​ចិត្ត​ចៅក្រម​ជួយ​រក​យុត្តិធម៌​ក្នុង​រឿង​ដីធ្លី​ដល់​ពួក​គាត់ នៅ​ថ្ងៃ​ទី១៥ ខែ​មិថុនា ឆ្នាំ២០២០។ រូប៖ អ្នក​ភូមិ​ឡ​ពាង
អ្នក​សហគមន៍​ឡ​ពាង សែន​គ្រឿង​សក្ការ:​ដល់​វត្ថុ​សក្ដិសិទ្ធិ​នៅ​មុខ​តុលាការ ឱ្យ​បន្ទន់​ចិត្ត​ចៅក្រម​ជួយ​រក​យុត្តិធម៌​ក្នុង​រឿង​ដីធ្លី​ដល់​ពួក​គាត់ នៅ​ថ្ងៃ​ទី១៥ ខែ​មិថុនា ឆ្នាំ២០២០។ រូប៖ អ្នក​ភូមិ​ឡ​ពាង

លោក​ឱ្យដឹង​ថា ចៅក្រម​លោក សំ ប៊ុនពៅ នឹង​ប្រកាស​សាលក្រម​ក្នុង​រឿង​រដ្ឋប្បវេណី​នេះ នៅ​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០២០ ក្រោយពី​បញ្ចប់​ការសាកសួរ​តំណាង​ពលរដ្ឋ​ទាំង​ ៨​នាក់។

កិច្ចព្រមព្រៀង ​ឬ​សំណង​គោលនយោបាយ ដែល​ចុះផ្សាយ​ក្នុង​កាសែត​កោះសន្តិភាព សរសេរថា ក្រុមហ៊ុន​ខេ​.​ឌី​.​ស៊ី (KDC) បានផ្ដល់​ថវិកា​ឱ្យ​តំណាង​ពលរដ្ឋ​ម្នាក់​ឈ្មោះ រាជ សីម៉ា ៧​ពាន់​ដុល្លារ​សម្រាប់​សំណង​ការ​ឈូសឆាយ​ផ្ទះសម្បែង​និង​ផលដំណាំ ហើយ​ថវិកា ១​ម៉ឺន​ដុល្លារ​ផ្សេងទៀត ជា​ថ្នូរ​នឹង​ការបញ្ឈប់​សកម្មភាព​ចេញ​ដើរ​តវ៉ា​រឿង​ដីធ្លី ប្រឆាំងនឹង​ក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC)។ ប៉ុន្តែ​ប្រជាពលរដ្ឋ ថា​ពួកគាត់​មិនដែល​ទទួល​បាន​ប្រាក់​ដូច​ការចុះផ្សាយ​នោះ​ទេ

សហគមន៍​ឡពាង ស្នើសុំ​ចៅក្រម​តុលាការក្រុង​ភ្នំពេញ ពិចារណា​លើ​សំដី​របស់​អ្នកភូមិ ត្បិត​គ្មាន​ឯកសារ​ដូច​ខាង​ក្រុមហ៊ុន​ដោយ​ឈរលើ​ឯករាជ្យភាព ដើម្បី​ផ្ដល់​យុត្តិធម៌​ពិតប្រាកដ ដល់​ពលរដ្ឋ​ក្រីក្រ​៤៩​គ្រួសារ ដែល​បាន​បាត់បង់​ដីស្រែ​ជាង ១៣​ឆ្នាំ​កន្លងមកនេះ ។ បន្ទាប់ពី​ឈរ​តវ៉ា​នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ក្រុម​អ្នកភូមិ​ឡ​ពាង​ក៏បាន​នាំគ្នា​ទៅ​ដាក់​ញត្តិ​ជូន​ស្ថានទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា ស្នើសុំ​ជួយ​អន្តរាគមន៍​រក​ដំណោះស្រាយ​ក្នុង​រឿង​ដីធ្លី​របស់​ពួកគេ​នេះដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល