ពលរដ្ឋ​ឃុំ ២ធ្នូ ខេត្ត​ក្រចេះ​ថា អាជ្ញាធរ​ចុះ​បំផ្លាញ​ផល​ដំណាំ និង​ដុត​ផ្ទះ​ពលរដ្ឋ​អស់​ជាច្រើន​ខ្នង

ដោយ ទីន ហ្សាការីយ៉ា
2019-05-02
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ប្រជា​ពលរដ្ឋ​រស់​នៅ​ឃុំ​ ២ធ្នូ ស្រុក​ស្នួល​ ខេត្ត​ក្រចេះ ថា​ អាជ្ញាធរ​បាន​ចុះ​ឈូស​ឆាយ​ផលដំណាំ​ពួកគាត់​អស់​ជាច្រើន​ហិកតារ និង​ដុត​ផ្ទះ​អស់​ជាច្រើន​ខ្នង។ ពលរដ្ឋ​ប្រមាណ​ ៥០នាក់​ នាំ​គ្នា​ឡើង​មក​រាជធានី​ភ្នំពេញ ស្វែង​រក​កិច្ច​អន្តរាគមន៍ ​និង​ដំណោះ ស្រាយ​​រឿ​ង​ដីធ្លី​ដ៏​រ៉ាំ​រ៉ាំ​មួយ​នេះ ពី​ក្រសួង​រៀប​ចំ​ដែន​ដី។ សង្គម​ស៊ីវិល​ ស្នើ​ដល់​ អាជ្ញាធរ​ថ្នាក់​ជាតិ​និង​ថ្នាក់​ក្រោម​ជាតិ ជជែក​ពិភាក្សា​គ្នា​ផ្ដល់​ដំណោះស្រាយ​ដល់​ពលរដ្ឋ​ដែល​អាច​ទទួលយក​បាន ជា​ជាង​ទៅ​បង្កើត​បញ្ហា​កាន់​តែ​ស្មុគស្មាញ។

ពលរដ្ឋ​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ ប្រាប់​អាស៊ី​សេរី​ថា បញ្ហា​ដីធ្លី​នៅ​ចំណុច ឌី​៥ ឌី​៦ (D5 D6) ក្នុង​ភូមិ​ជើង​ឃ្លេ តាម​បណ្ដោយ​ព្រំ​ដែន​កម្ពុជា-វៀតណាម អាជ្ញាធរ​ស្រុក​និង​ខេត្ត​មិន​ព្រម​ពន្លឿន​ការ​ដោះស្រាយ​បញ្ចប់​បញ្ហា​ឲ្យ​ពលរដ្ឋ​ទេ បែរ​ជា​មក​បង្ក​បញ្ហា​ដល់​ពលរដ្ឋ​ជាង​ ១៥០​គ្រួសារ​ទៅ​វិញ។ ពលរដ្ឋ​ដដែល​ឲ្យ​ដឹង​ថា អាជ្ញាធរ​បាន​ចុះ​ឈូស​បំផ្លាញ​ដំណាំ​ស្វាយ​ចន្ទី និង​ដំឡូង​ពលរដ្ឋ​អស់​ជាង​ ៣០០​ហិកតារ ហើយ​នឹង​ដុះ​ផ្ទះ​អស់​ ១២​ខ្នង ក្រោយ​ពេល​ចូល​ឆ្នាំ​ខ្មែរ​ហើយ​បាន​ ៤​ថ្ងៃ​។ ​សកម្មភាព​របស់​​អាជ្ញាធរ​ខេត្ត​ក្រចេះ​ បង្ក​ឲ្យ​មាន​ពលរដ្ឋ​មាន​ការ​ភ័យ​ខ្លាច ហើយ​អ្នក​ខ្លះ​សម្រេច​នាំ​គ្នា​មក​រាជធានី​ភ្នំពេញ ដើម្បី​ស្នើ​សុំ​កិច្ច​អន្តរាគមន៍​ពី​លោក ជា​ សុផារ៉ា​ ជា​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែន​ដី​ឱយ​ជួយ​ដោះ​ស្រាយ​រឿង​នេះ។ ពលរដ្ឋ​ថា មិន​ឃើញ​មាន​មន្ត្រី​​ណា​ម្នាក់​ពី​ក្រសួង​រៀបចំ​ដែន​ដី​ ចេញ​មក​ជួប​ពួកគាត់​នោះ​ថ្ងៃ​ទី​១​ ឧសភា ខណៈ​ពួកគាត់​ឈរ​ប្រមូល​ផ្ដុំ​គ្នា​មុខ​ក្រសួង​អស់​ពេល​មួយ​ព្រឹក។ ក្រុម​ប្រជា​ពលរដ្ឋ​ទទូច​អង្វរ​សុំ​លោក ជា​ សុផារ៉ា ចាត់​ក្រុមការងារ​ចុះ​ពិនិត្យ​និង​ដោះស្រាយ​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ ឲ្យ​បាន​ឆាប់​តាម​តែ​អាច​ធ្វើ​ទៅ​បាន៖ «សូម​សំណូមពរ​ឲ្យ​ឯកឧត្ដម​ ជា សុផារ៉ា ជួយ​ដោះស្រាយ​ដី​ដែល​ពួក​ខ្ញុំ​បង្ក​បង្កើន​ផល តាំង​ពី​ឆ្នាំ​ពីរ​ពាន់​ពីរ​មក​ដល់​ថ្ងៃ​នេះ។ សុំ​អាស្រ័យ​ផល​លើ​ដី​ហ្នឹង​ ដដែល​ សូម​ឲ្យ​សម្ដេច​តេ​ជោ ឲ្យ​ពួក​ខ្ញុំ​ទាំង​គ្នា បាន​រស់​នៅ​លើ​ដី​ហ្នឹង​ដដែល»

អាស៊ី​សេរី​មិន​អាច​សុំ​ការ​បំភ្លឺ ពី​អភិបាល​រង​ក្រចេះ លោក ខាន់ ចំណាន ដែល​ទទួល​បន្ទុក​ដោះស្រាយ​ទំនាស់​ដីធ្លី បាន​ទេ នៅថ្ងៃទី១ ឧសភា។

នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​ លីកាដូ (LICADHO) លោក អំ សំអាត យល់ថា បើ​សិន​ជា​ដូច​អ្វី​ដែល​ប្រជា​ពលរដ្ឋ​លើក​ឡើង​មែន​ នោះ​សកម្មភាព​របស់​អាជ្ញាធរ​បែប​នោះ គឺ​ការ​បង្កើត​បញ្ហា​កាន់​តែ​ច្រើន ហើយ​រឹត​តែ​បង្ក​ការ​លំបាក​ក្នុង​ការ​ដោះស្រាយ​បញ្ចប់​។ លោក សំអាត បន្ត​ថា ករណី​វិវាទ​បញ្ហា​ដីធ្លី​នៅ​ភូមិ​ជើង​ឃ្លេ រវាង​ពលរដ្ឋ​និង​ក្រុម​ហ៊ុន​ចម្ការ​កៅស៊ូ​មេមត់​នេះ ក្រសួង​រៀប​ចំ​ដែន​ដី បាន​ដាក់​ចេញ​វិធានការ​ដោះស្រាយ​ហើយ ប៉ុន្តែ​នៅ​មិន​អាច​បញ្ចប់​បាន៖ «យើង​ឃើញ​ថា​ថ្នាក់​ជាតិ​រុញ​ដាក់​ថ្នាក់​ខេត្ត​ ថ្នាក់​ខេត្ត​រុញ​ដាក់​ថ្នាក់​ជាតិ ហើយ​បង្ក​ជា​បញ្ហា​រ៉ាំ​រ៉ៃ ដោះស្រាយ​មិន​ចប់​។ ហើយ​បញ្ហា​ពេល​ខ្លះ​ទៀត​ ទាល់​តែ​មាន​កិច្ច​អន្តរាគមន៍​ពី​ប្រមុខ​រដ្ឋាភិបាល​ ឬ​ពី​នាយក​រដ្ឋមន្ត្រី​ទៅ បាន​ចេញ​អ៊ីចឹង។ ខ្ញុំ​គិត​ថា​បញ្ហា​ហ្នឹង អាជ្ញាធរ​ថ្នាក់​ជាតិ​និង​ថ្នាក់​ខេត្ត​គួរ​តែ​រក​យន្តការ​ដោះស្រាយ​ ដើម្បី​បញ្ចប់​ទៅ​ ដើម្បី​កុំ​ឲ្យ​បញ្ហា​ហ្នឹង​វា​រ៉ាំ​រ៉ៃ ឬ​ក៏​រំខាន​ទៅ​ដល់​រដ្ឋាភិបាល​ក្នុង​ការ​ដោះស្រាយ​នោះ​ បាទ!»

ក្រុម​ប្រជា​ពលរដ្ឋ​លើក​ឡើង​ថា ពួក​គាត់​ធ្វើ​ដំណើរ​មក​រាជធានី​ភ្នំពេញ សុំ​កិច្ច​អន្តរាគមន៍​ពី ​រដ្ឋមន្ត្រី​​ក្រសួង​រៀប​ចំ​ដែនដី​នគរោបនីយកម្ម​នឹង​សំណង់ លោក ជា សុផារ៉ា ជាង១០​លើក​ហើយ នៅ​តែ​មិន​អាច​ដោះ​ស្រាយ​បញ្ចប់​ទំនាស់​រវាង​ពលរដ្ឋ​ជាមួយ​នឹង​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​មេ​ម៉ត់​បាន​ឡើយ​ទេ។ ពួក​គាត់​បញ្ជាក់​ថា នឹង​បន្ត​ការ​ទាម​ទារ​រក​កិច្ច​ពី​ក្រសួង​រៀប​ចំ​ដែន​ដី​នៅ​ទី​២ ឧសភា ជាថ្មី​ទៀត​ លុះ​ត្រាតែ​ការ​ឆ្លើយ​តប​ជា​វិជ្ជមាន​ណាមួយ​ពី​ក្រសួង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល