សកម្មជន​បក្ស​ប្រជាជន​បង្វែរ​ការ​ធ្វើ​បាតុកម្ម​បិទ​សាលា​ឃុំ​ទៅ​ជា​ការ​ចរចា

សកម្មជន​និង​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា បាន​រៀប​ចំ​គម្រោង​ក្នុង​ការ​ធ្វើ​បាតុកម្ម​ដោយ​បិទ​សាលា​ឃុំ​ស្នួល ស្រុក​ស្នួល ខេត្ត​ក្រចេះ ប៉ុន្តែ​ព័ត៌មាន​នេះ​បាន​ឮ​ដល់​មន្ត្រី​រដ្ឋាភិបាល ទើប​ពួក​គេ​ប្រកាស​ចេញ​មុខ​មក​ដោះស្រាយ​បញ្ហា​ចេញ​ប្លង់​កម្មសិទ្ធិ​ស្រប​ច្បាប់​ជូន​ពួកគាត់។
ដោយ​ សូត សុខប្រាថ្នា
2013-12-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ប្រធាន​ក្រុម​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​សមាជិក​សហភាព​សម្ព័ន្ធ​កម្ពុជា រស់​នៅ​ឃុំ​ស្នួល ស្រុក​ស្នួល​ ខេត្ត​ក្រចេះ លោក សួន វិច្ឆិកា បាន​មាន​ប្រសាសន៍​ឱ្យ​ដឹង​ថា គម្រោង​របស់​ពួក​លោក​ដែល​នឹង​ត្រូវ​ធ្វើ​បាតុកម្ម​ដោយ​បិទ​សាលា​ឃុំ​នោះ ត្រូវ​បាន​បង្វែរ​ទៅ​ជា​ការ​ចរចា​ទៅ​វិញ។ លោក​ថា ការ​បង្វែរ​ពី​ការ​ធ្វើ​បាតុកម្ម​មក​ចរចា​នេះ ដោយសារ​ព័ត៌មាន​នេះ​ត្រូវ​បាន​ដឹង​ឮ​ដល់​មន្ត្រី​រដ្ឋាភិបាល​ ទើប​ឃើញ​មាន​តំណាង​អភិបាល​ខេត្ត ស្រុក និង​មន្ត្រី​សុរិយោដី​ខេត្ត មក​សម្រប​សម្រួល ដោយ​សន្យា​ថា នឹង​ធ្វើ​ការ​ដោះស្រាយ​ជូន​ពួកគាត់ ដោយ​ថែម​កំណត់​រយៈពេល​យ៉ាង​យូរ​មិន​លើស​ពី​មួយ​ខែ នឹង​ត្រូវ​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ជូន​ពួក​គាត់ ទើប​ធ្វើ​​ឱ្យ​ប្រជាពលរដ្ឋ​ជាង ១៥០​នាក់​ស្ងប់​ចិត្ត។

ប្រធាន​មន្ទីរ​នគរូបនីយកម្ម​និង​សំណង់ ប្រចាំ​ខេត្ត​ក្រចេះ លោក កៅ ម៉ាឌីឡែន បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៣០ ធ្នូ ថា មិន​មាន​ការ​ធ្វើ​​បាតុកម្ម​ដោយ​បិទ​សាលា​ឃុំ​នោះ​ទេ គឺ​ខាង​អាជ្ញាធរ​បាន​រៀប​ចំ​ឱ្យ​មាន​កិច្ច​ពិភាក្សា​រវាង​ប្រជាពលរដ្ឋ​ទាំង​នោះ និង​មន្ត្រី​ដែល​ពាក់ព័ន្ធ។ លោក​បន្ត​ថា ខាង​លោក​បាន​ដាក់​ថ្ងៃ​កំណត់​ក្នុង​ការ​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ជូន​ពួក​គាត់​យ៉ាង​យូរ ៣០​ថ្ងៃ។

លោក កៅ ម៉ាឌីឡែន៖ «បាទ! ឥឡូវ​ហ្នឹង​យើង​បាន​កំណត់​ពេល​វេលា​អស់​ហើយ យើង​បាន​ពិភាក្សា​ទាំង​ពី​ជំហាន​យើង​ត្រូវ​ធ្វើ​អីៗ ទាំង​ពី​ការ​ធ្វើ​អនុ​ប្រយោគ​ យើង​ធ្វើ​វិធានកម្ម​ទាំង​អស់​ហ្នឹង យើង​បាន​កំណត់​ពេល​វេលា​មួយ គឺ​ចាប់​ពី ២០​ថ្ងៃ ទៅ ៣០​ថ្ងៃ យើង​នឹង​រៀប​ចំ​​ដើម្បី​ចេញ​ប័ណ្ណ​ជូន​ពួកគាត់។យើង​នឹង​ខំ​ប្រឹង​ធ្វើ​ឥឡូវ​ហ្នឹង គឺ​ថា អត់​មាន​ពេល​សម្រាក​ទៀត។ យើង​នឹង​ខំ​ប្រឹង​ធ្វើ​ទាំង​យប់​ទាំង​ថ្ងៃ​ទៀត​ហើយ ដើម្បី​ធ្វើ​ម៉េច​ឱ្យ​ទាន់​ពេល​នូវ​អ្វី​ដែល​យើង​បាន​កំណត់​ជាមួយ​ពួក​គាត់»

តំណាង​ប្រជាពលរដ្ឋ​បាន​បញ្ជក់​ថា ពួកគាត់​នឹង​រង់ចាំ​មើល​ការ​សន្យា​របស់​មន្ត្រី​ដែល​ពាក់ព័ន្ធ​ជុំវិញ​ការ​ដោះស្រាយ​នេះ ហើយ​ប្រសិន​បើ​លើស​ពី​ការ​កំណត់ ពួក​គាត់​នឹង​បន្ត​ធ្វើ​ការ​តវ៉ា​ត​ទៅ​ទៀត៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
Share

ប្រំសុីនែត

ពេលគ្នាឯងក្នុងបក្សចង់ប៉ះបោលតាំងសំរួល បើប្រជាជនក្រៅបក្សវិញតាំងជាន់កគ្នា.....

Dec 31, 2013 06:18 AM

អ្នក​អាន​អនាមិក

នេះសាកសមជាមន្រ្តីល្អរបស់ព្រះរាជាណាចក្រអច្ឆរិយ ពីព្រោះធ្វើការគ្មានការទទួលខុសត្រូវ មានការតវាទើបមានដំណោះស្រាយ។​ សម្តេចគួរបន្តរទុកមន្រ្តីបែបនេះទៀតទេ? យុវជនដែលមានសក្កានុពលមានច្រើនណាស់ក្នុងសង្គមកម្ពុជា គួរណាផ្តល់ឧិកាសដល់ពួកគាត់ផង(​មានបទពិសោធន៌ ប៉ុន្តែគ្មានខ្សែស្រឡាយជាមន្រ្តីមានអំណាច គ្មានលុយ មិនបំពេញគ្រប់លក្ខខណ្ឌលើសអាយុគំណត់ ...)សូមទទួលយកមតិរិះគន់បន្ថែម...

Dec 30, 2013 10:23 PM

គេហទំព័រ​ទាំងមូល