ពលរដ្ឋ​នៅ​ក្រចេះ​លើក​គ្នា​ទៅ​បញ្ឈប់​គ្រឿង​ចក្រ​ឈូស​ឆាយ​ដី

ប្រជាពលរដ្ឋ​បី​ភូមិ​នៅ​ឃុំ​រលួស ស្រុក​សំបូរ ខេត្ត​ក្រចេះ បាន​លើក​គ្នា​ទៅ​បញ្ឈប់​គ្រឿង​ចក្រ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ចិន មិន​ឲ្យ​ឈូស​ឆាយ​ដី​នៅ​តំបន់​ប្រជាពលរដ្ឋ​រស់​នៅ​បន្ត​ទៀត ដើម្បី​ដាក់​គំនាប​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ដោះស្រាយ​សំណើ​តវ៉ា​របស់​ប្រជាពលរដ្ឋ។
ដោយ រដ្ឋា វិសាល
2013-12-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

គ្រឿង​ចក្រ​ប្រភេទ​ឈូស​ឆាយ​ដី​ហៅ​ជា​ភាសា​បរទេស​ថា ប៊ុលឌូហ្សែ (Bulldozer) របស់​ក្រុមហ៊ុន ឆាយណា ឌីណាមិច (China Dynamic) បាន​សម្រេច​ដក​ចេញ​ពី​ការដ្ឋាន​ឈូស​ដី​ពីរ​កន្លែង​នៅ​ក្នុង​ភូមិ​រលួស បន្ទាប់​ពី​អ្នក​ភូមិ​ជាង ១០០​នាក់ បាន​លើក​គ្នា​ទៅ​បណ្ដេញ​អ្នក​បើក​បរ​គ្រឿង​ចក្រ​មិន​ឲ្យ​ឈូស​ឆាយ​ដី​នៅ​តំបន់​នោះ។

មិន​មាន​អំពើ​ហិង្សា​អ្វី​កើត​មាន​ក្នុង​ហេតុការណ៍​នេះ​ទេ ហើយ​ក៏​មិន​មាន​សមត្ថកិច្ច​ណា​ធ្វើ​អន្តរាគមន៍​ក្នុង​បញ្ហា​នេះ​ដែរ នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​៣០ ខែ​ធ្នូ។

អ្នក​តវ៉ា​ម្នាក់​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​មាន​ប្រសាសន៍​បញ្ជាក់​ថា ពីរ​លើក​រួច​មក​ហើយ​ដែល​អ្នក​ភូមិ​បាន​សុំ​ឲ្យ​ក្រុម​អាជ្ញាធរ​មូលដ្ឋាន​ដោះស្រាយ​បញ្ហា​ដីធ្លី​ជូន​អ្នក​ភូមិ ប៉ុន្តែ​មិន​បាន​លទ្ធផល ចំណែក​គ្រឿង​ចក្រ​នៅ​តែ​បន្ត​ឈូស​ឆាយ។

លោក​បន្ត​ថា អ្នក​ភូមិ​ទាមទារ​ឲ្យ​អាជ្ញាធរ និង​ក្រុមហ៊ុន​រក្សា​ទុក​ដី​សម្រាប់​ប្រជាពលរដ្ឋ​ចិញ្ចឹម​សត្វ​ពាហនៈ និង​ដី​ត្រៀម​បម្រុង​សម្រាប់​ប្រជាពលរដ្ឋ​ចុះ​បញ្ជី​ដី​សមូហភាព​សហគមន៍៖ «បី​ភូមិ​ហ្នឹង គឺ​ចូល​រួម​មួយ​កន្លែង​ហ្នឹង ប្រជាពលរដ្ឋ​ចង់​ឲ្យ​វា​ដក​គ្រឿង​ចក្រ​តាម​សំណូមពរ គោលបំណង​ប្រជាពលរដ្ឋ​ចង់​បាន​ប៉ុន្មាន​ហ្នឹង»

ដូច​គ្នា​នេះ​ដែរ អ្នក​តវ៉ា​ម្នាក់​ទៀត គឺ​លោក ស៊ូ មឺ អះអាង​ថា បាន​បណ្ដេញ​គ្រឿងចក្រ ១១​គ្រឿង មិន​ឲ្យ​ឈូស​ឆាយ​ដី។ លោក​បន្ត​ថា អ្នក​ភូមិ​នឹង​បន្ត​រារាំង​គ្រឿងចក្រ​មិន​ឲ្យ​ឈូស​ឆាយ លុះ​ត្រា​មាន​ដំណោះស្រាយ​សមស្រប៖ «ជុំ​គ្នា​អស់​ហើយ នេះ​កំពុង​ជួបជុំ​គ្នា​នៅ​កន្លែង​អាត្រាក់ៗ កំពុង​បញ្ឆេះ​ឲ្យ​វា​ទៅ​កន្លែង​វា​វិញ ដក​ចេញ​ឲ្យ​អស់ ឲ្យ​វា​ដក​ចេញ​ទៅ​ជួប​មេ​ដោះស្រាយ​គ្នា។ ដេញ​ឲ្យ​ចេញ​ផុត​ពី​កន្លែង​ប្រជាពលរដ្ឋ​ត្រូវ​ការ»

តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច មិលព្នង និង ធ្មូន នៅ​ឃុំ​រលួស ស្រុក​សំបូរ កាល​ពី​ដើម​សប្ដាហ៍​មុន​នេះ អះអាង​ថា ពួកគេ​កំពុង​ប្រមូល​ស្នាម​មេដៃ​អ្នក​ភូមិ​ដើម្បី​តវ៉ា​ទៅ​អាជ្ញាធរ​ថ្នាក់​ជាតិ​ជួយ​ដោះស្រាយ​កាត់​ចេញ​ផល​ប៉ះពាល់​ជីវភាព​រស់​នៅ​របស់​ពលរដ្ឋ ដោយសារ​ការ​ឈូស​ឆាយ​យក​ដី​ពី​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​របស់​ចិន។

មេ​ឃុំ​រលួស លោក អ៊ូ គឹមអៀ មាន​ប្រសាសន៍​បញ្ជាក់​ថា កាល​ពី​ថ្ងៃ​អាទិត្យ កន្លង​ទៅ លោក​បាន​ជួប​ប្រជុំ​ជាមួយ​តំណាង​ប្រជាពលរដ្ឋ​ប្រមាណ ១០ ដើម្បី​សម្របសម្រួល​ឲ្យ​ប្រជាពលរដ្ឋ​អត់​ធ្មត់ រង់ចាំ​ការ​ដោះស្រាយ​របស់​អាជ្ញាធរ​ថ្នាក់​ស្រុក​ខេត្ត ក៏​ប៉ុន្តែ​ប្រជាពលរដ្ឋ​មិន​ឯកភាព។

លោក​បញ្ជាក់​ថា ការ​ទាមទារ​របស់​ពលរដ្ឋ​ហួស​លទ្ធភាព​ដោះស្រាយ​របស់​អាជ្ញាធរ​ឃុំ៖ «ពី​ម្សិល​ខ្ញុំ​បាន​ប្រជុំ​ប្រជាពលរដ្ឋ​មួយ​ចំនួន ហើយ​ខ្ញុំ​ថា ចាំ​ថ្ងៃ​៣០ ខ្ញុំ​ទៅ​ប្រជុំ​ជាមួយ​ស្រុក»។

ទាក់ទិន​ករណី​នេះ​ដែរ អភិបាល​ស្រុក​សំបូរ លោក ហេង សុខា អះអាង​ក្រុម​ការងារ​ថ្នាក់​ស្រុក​បាន​ប្រជុំ​ពិភាក្សា​ករណី​នេះ​នៅ​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ដើម្បី​ស្វែង​រក​ដំណោះស្រាយ​ជូន​ពលរដ្ឋ។ លោក​សន្យា​ថា នឹង​ចុះ​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​នៅ​ពេល​ឆាប់ៗ​នេះ៖ «នឹង​រៀបចំ​កម្មវិធី​មួយ នឹង​ចុះ​ទៅ​ជួប​ពួក​គាត់​ឆាប់ៗ​ហ្នឹង ដើម្បី​ជម្រាប​ជូន​គាត់​ហើយ​និង​ពន្យល់​អំពី​វិធី​ផ្លូវ​ច្បាប់​មួយ​ចំនួន​ជូន​គាត់​ឲ្យ​បាន​យល់ ឲ្យ​បាន​ដឹង​ពី​បញ្ហា​នេះ»

មន្ត្រី​ផ្នែក​អង្កេត​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ខេត្ត​ក្រចេះ លោក ហេង ភារៈ​សម្ដែង​ការ​បារម្ភ​ខ្លាច​មាន​អំពើ​ហិង្សា ប្រសិន​ក្រុម​អាជ្ញាធរ​ពាក់ព័ន្ធ​មិន​ប្រញាប់​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ។ លោក​កត់​សម្គាល់​ថា គោលការណ៍​ស្ដីពី​សម្បទាន​ដី​សេដ្ឋកិច្ច​តម្រូវ​ឲ្យ​កាត់​ចេញ​ផល​ប៉ះពាល់ និង​ដី​ត្រៀម​បម្រុង​សម្រាប់​ពលរដ្ឋ ជា​ពិសេស​ក្រុម​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច៖ «ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ​វា​អាច​មក​ពី​ការ​ដោះស្រាយ​យឺតយ៉ាវ​របស់​អាជ្ញាធរ ធ្វើ​ឲ្យ​ពួក​គាត់​អស់​ជំនឿ។ អ៊ីចឹង​ពួក​គាត់​អាច​រក​ជម្រើស​ទប់​ស្កាត់​ដោយ​ខ្លួន​ឯង»

រហូត​មក​ទល់​នឹង​រសៀល​ថ្ងៃ​ដដែល តំណាង​សហគមន៍​ឲ្យ​ដឹង​ថា គ្រឿង​ចក្រ​ក្រុមហ៊ុន​បាន​ដក​ទៅ​ទីតាំង​ក្រុមហ៊ុន​អស់​ហើយ។ ក្រុម​អ្នក​តវ៉ា​ព្រមាន​ថា ប្រសិន​គ្រឿងចក្រ​នៅ​តែ​បន្ត​ឈូស​ឆាយ អ្នក​ភូមិ​នឹង​លើក​គ្នា​ទៅ​រឹប​អូស​គ្រឿងចក្រ​ទុក​ជា​បណ្ដោះអាសន្ន ដើម្បី​បញ្ឈប់​ការ​ឈូស​ឆាយ​លើ​ដី​សហគមន៍​ត​ទៅ​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល