សកម្មជន​បក្ស​ប្រជាជន​គ្រោង​ធ្វើ​បាតុកម្ម​បិទ​សាលា​ឃុំ​នៅ​ក្រចេះ

សកម្មជន​និង​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ជា​ច្រើន​គ្រួសារ​នៅ​ស្រុក​ស្នួល ខេត្ត​ក្រចេះ ប្រកាស​នឹង​ធ្វើ​បាតុកម្ម​ដោយ​បិទ​សាលាឃុំ​តែម្តង នៅ​ថ្ងៃ​ទី​៣០ ធ្នូ។
ដោយ​ សូត សុខប្រាថ្នា
2013-12-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ការ​ប្រកាស​ធ្វើ​បាតុកម្ម​នេះ​ បន្ទាប់​ពី​ពួកគាត់​ស្នើ​ទៅថ្នាក់​​លើ​ជា​ច្រើន​លើក ដើម្បី​ដោះស្រាយ​ជុំវិញ​ការ​ពន្លឿន​នៃ​ការ​ចេញ​លិខិត​ប័ណ្ណ​កម្មសិទ្ធិ​​ដី​ជូន​ពួកគាត់ ដោយ​ពួក​គាត់​បាន​អះអាង​ថា ក្រុម​និសិ្សត​បាន​ចុះ​វាស់​វែង​កំណត់​ពី​ម្ចាស់ និង​​បាន​ចេញ​បង្កាន់​ដៃ​បញ្ជាក់​​ទទួល​បាន​​​កម្មសិទ្ធិ​រួច​រាល់​ហើយ ប៉ុន្តែ​ពួក​គាត់​នៅ​តែ​មិន​អាច​ទទួល​បាន​ប័ណ្ណ​កម្មសិទ្ធិ​​ដដែល។

ការ​តវ៉ា​រឿង​ដីធ្លី​នៅ​តែ​ជា​បញ្ហា​ក្តៅ​គគុក​សម្រាប់​ប្រជាពលរដ្ឋ​នៅ​តាម​ជនបទ ពិសេស​ប្រជាពលរដ្ឋ​នៅ​ស្រុក​ស្នួល ខេត្ត​ក្រចេះ ដែល​មិន​ទាន់​ទទួល​បាន​ប័ណ្ណ​កម្មសិទ្ធិ​ស្រប​ច្បាប់ កំពុង​រស់​នៅ​ក្នុង​ភាព​មិន​ស្ងប់ចិត្ត​ដដែល។

ប្រធាន​ក្រុម​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​សមាជិក​សហព័ន្ធ​យុវជន​កម្ពុជា រស់​នៅ​ឃុំ​ស្នួល ស្រុក​ស្នួល ខេត្ត​ក្រចេះ លោក សួន វិច្ឆិកា បាន​ប្រកាស​ពី​គម្រោង​ធ្វើ​បាតុកម្ម​របស់​ខ្លួន និង​អ្នក​គាំទ្រ​បក្ស​ប្រជាជន​កម្ពុជា ផ្សេង​ទៀត ទៅ​ធ្វើ​ការ​តវ៉ា និង​បិទ​សាលាឃុំ​ស្នួល នៅ​ថ្ងៃ​ទី​៣០ ធ្នូ ថា មូល​ហេតុ​ដែល​ពួក​លោក​សម្រេច​ចិត្ត​ថា​នឹង​ទៅ​ធ្វើ​បាតុកម្ម​នោះ ដោយសារ​តែ​ពួក​គាត់​មិន​អាច​រង់​ចាំ ការ​ដោះស្រាយ​របស់​អាជ្ញាធរ​ជុំវិញ​ការ​ប្រគល់​ប័ណ្ណ​កម្មសិទ្ធិ​ស្រប់​ច្បាប់​ជូន​ពួកគាត់​នោះ​ទេ ពីព្រោះ​ពួក​គាត់​បាន​ទទួល​សលាកបត្រ​តាំង​ពី​ខែ​ឧសភា ប៉ុន្តែ​នៅតែ​មិន​ទាន់​ទទួល​បាន​សិទ្ធិ​ស្រប​ច្បាប់​ដដែល។

លោក សួន វិច្ឆិកា៖ «ជា​ចេតនា​មួយ​សម្រាប់​អាជ្ញាធ​រខេត្ត មាន​ការ​ពង្វាង ឬ​ទុក​ពេល​ឱ្យ​ក្រុមហ៊ុន​ដាក់​ពាក្យ​ប្ដឹង​ទៅ​ក្រសួង ដើម្បី​ឱ្យ​ក្រសួង​កាត់​ដី​ដែល​វាស់​ហើយ​​ហ្នឹង​ទៅ​ឱ្យ​ក្រុមហ៊ុន​វិញ​មើល​ទៅ។ ហើយ​មួយ​ទៀត គាត់​មាន​ចេតនា​​ផ្អាក​ការ​ចេញ​ប័ណ្ណ​ហ្នឹង​មិន​ចង់​ឱ្យ​បាន​គ្រប់​គ្នា​តែម្ដង»

លោក​បាន​ថ្លែង​បន្ត​ថា ការ​តវ៉ា​របស់​ពួកគាត់​ដោយ​នឹង​មាន​ការ​ពាក់​អាវ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ធ្វើ​យ៉ាង​ម៉េច​ឱ្យ​អាជ្ញាធរ​អាច​ដឹង​ឮ​ពី​បញ្ហា​របស់​ពួក​គាត់ ពីព្រោះ​សំណើ​កន្លង​មក​ដូច​គ្មាន​ប្រសិទ្ធភាព​ឡើយ។ លោក​បញ្ជាក់​ទៀត​ថា ប្រសិន​មិន​មាន​ចំណាត់​ការ​សម្រាប់​ពួក​គាត់​ទេ ពួកគាត់​នឹង​ងាក​ទៅ​គាំទ្រ​គណបក្ស​ផ្សេង​ ដោយ​លែង​មាន​ជំនឿ​ទុក​ចិត្ត​លើ​បក្ស​ប្រជាជន​ត​ទៅ​ទៀត ហើយ​នឹង​មាន​ការ​ធ្វើ​បាតុកម្ម​ដោយ​បិទ​ផ្លូវ​ទៀត​ផង។

មេ​ឃុំ​ស្នួល លោក វ៉ាន់ ឌឿន បាន​មាន​ប្រសាសន៍​ថា មូល​ហេតុ​ដែល​ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​របស់​លោក​​​មាន​ការ​តវ៉ា​ជុំវិញ​បញ្ហា​ប័ណ្ណ​កម្មសិទ្ធិ​នោះ ពីព្រោះ​តែ​នៅ​ក្នុង​ឃុំ​ដទៃ​ទៀត ក្រៅ​ពី​ឃុំ​របស់​លោក ប្រជាពលរដ្ឋ​ភាគ​ច្រើន​បាន​ទទួល​ប័ណ្ណ​កម្មសិទ្ធិ​រួច​រាល់​ហើយ ទើប​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​យល់​ថា អាជ្ញាធរ​បំពេញ​ការ​ងារ​មិន​បាន​ស្នើ​គ្នា។

លោក​បន្ត​ថា ដី​នៅ​ក្នុង​ឃុំ​លោក​នោះ គឺ​មាន​ពាក់​ព័ន្ធ​ទៅ​នឹង​ក្រុមហ៊ុន​កូរ៉េ មួយ​ដែល​បាន​មក​វិនិយោគ​នៅ​ទី​នោះ ហើយ​មិន​បាន​គោរព​ទៅ​តាម​លក្ខខណ្ឌ​ដែល​រដ្ឋាភិបាល​បាន​កំណត់​ ដោយ​មិន​បាន​កាត់​ដី​នូវ​ចំណុច​ណា​ដែល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ឱ្យ​ពួក​គាត់​តាម​លក្ខខណ្ឌ ​ទើប​ធ្វើ​ឱ្យ​បញ្ហា​កាន់​តែ​ស្មុគស្មាញ៖ «ពី​ដើម​មក​ក្រុមហ៊ុន​ហ្នឹង​ដែល ស.ជ.ណ ដែល​ខ្ញុំ​ទទួល​បាន​ស៊ីញ៉េ​នៅ​២០០៨ គឺ​មាន​ស៊ីញ៉េ​របស់​ឯកឧត្តម ប្រាក់ សុខុន ឯឧត្តម ច័ន្ទ សារ៉ុន និង​សម្ដេច​នាយក ស៊ីញ៉េ​នៅ​ហ្នឹង។ ជា ស.ជ.ណ ទេ ស៊ីញ៉េ​ហ្នុង ប៉ុន្តែ​មាន​លក្ខខណ្ឌៗ ៦​លក្ខខណ្ឌ ប៉ុន្តែ​លក្ខខណ្ឌ​ដែល​សំខាន់​ជាង​គេ គឺ​លក្ខខណ្ឌ​ទី​៣ គឺ​ថា ឱ្យ​ក្រុមហ៊ុន​នេះ បើ​មក​ធ្វើ​ឱ្យ​ទាក់ទង​​​ឈូស​ឆាយ​អី​ក៏ដោយ គឺ​ត្រូវ​ទាក់​ទង​នឹង​រដ្ឋ​អំណាច​​ទី​១។ ទី​២ អ្វី​ក៏ដោយ បើ​ពាក់​ព័ន្ធ​នឹង​ប្រជាជន​ត្រូវ​ឆ្វៀល​កាត់​ចេញ​ឱ្យ​អស់​​ ប៉ុន្តែ​ក្រុមហ៊ុន​គេ​បាន ស.ជ.ណ មក​គេ​អត់​ឆ្វៀល​ចេញ»

លោក​សូម​អំពាវនាវ​ដល់​មន្រ្តី​ថ្នាក់​លើ​គប្បី​ត្រូវ​ពន្លឿន​ក្នុង​ការ​ដោះស្រាយ​នូវ​បញ្ហា​ប័ណ្ណ​កម្មសិទ្ធិ​ជូន​ពួក​គាត់​ឱ្យ​បាន​ឆាប់​រហ័ស ពីព្រោះ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​លោក​ គឺ​ភាគច្រើន​ជា​អ្នក​គាំទ្រ​បក្ស​ប្រជាជន ដែល​វា​ប្រៀប​បាន​ទៅ​នឹង​ដង្ហើម​នៃ​ការ​ដឹក​នាំ​របស់​លោក​យ៉ាង​នោះ​ដែរ។

អភិបាល​ស្រុក​ស្នួល លោក គង់ គីមនី បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​២៩ ធ្នូ ថា កន្លង​មក​ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​ស្នួល បាន​ចេញ​មក​តវ៉ា​ម្តង​ដែរ ដោយ​ថែម​ទាំង​បិទ​ផ្លូវ​ទៀត​ផង ហើយ​អាជ្ញាធរ​ស្រុក​បាន​សម្រួល​ឱ្យ​ពួក​គាត់​ត្រឡប់​ទៅ​វិញ។ លោក​បញ្ជាក់​ថា ភាព​យឺតយ៉ាវ​នេះ គឺ​ដោយសារ​កំហុស​បច្ចេកទេស និង​ម្យ៉ាង​ដី​តំបន់​នោះ​ពាក់​ព័ន្ធ​នឹង​ក្រុមហ៊ុន​របស់​កូរ៉េ ដូច្នេះ​ខាង​សុរិយោដី​ខេត្ត​ត្រូវ​ការ​ពេល​វេលា​ដើម្បី​ដោះស្រាយ​ជាមុន។

លោក គង់ គឹមនី៖ «ការងារ​មួយ​ចំនួន​ដែល​វា​សាំញ៉ាំ​បង! ចង់​និយាយ​ថា វា​មាន​ការ​លំបាក​ខ្លះ​ក្នុង​ការ​ដោះស្រាយ អ៊ីចឹង​ហើយ​បាន​ជា​គណៈកម្មាធិការ​ទើប​ចុះ​ទៅ​មួយ​សា​ទៀត​ហ្នឹង ដើម្បី​វែកញែក​ឱ្យ​ដាច់​ថា យើង​ត្រូវ​ធ្វើ​ម៉េចៗ ដែល​ពាក់​ព័ន្ធ​នឹង​បញ្ហា​បច្ចេកទេស​ហ្នឹង ដោយសារ​យើង​ទើប​តែ​ចុះ​ទៅ​ទៀត។ វា​អត់​ដូច​អា​នៅ​ព្រៃ​ចារ អត់​ដូច​នៅ ២​ធ្នូ វា​ស្រួល ប៉ុន្តែ​ដែន​ដី​គាត់​ខិត​ខំ​ធ្វើ​ហើយ​បង! យ៉ាង​ម៉េច​យ៉ាង​ម៉ា យើង​ត្រូវ​តែ​ចែក យើង​មិន​ឱ្យ​នេះ​ទេ...!»

លោក​ថ្លែង​បន្ត​​ថា បញ្ហា​ដីធ្លី​នៅ​ពេល​នេះ គឺ​ខាង​លោក​មិន​មាន​ដែន​សមត្ថកិច្ច​​ត​ទៅ​ទៀត​នោះ​ទេ ពីព្រោះ​វា​ភារកិច្ច​របស់​មន្រ្តី​ដោះស្រាយ​វិវាទ​ដីធ្លី ហើយ​ខាង​ស្រុក​គ្រាន់តែ​ជា​អ្នក​បំពេញ​នូវ​សេចក្តី​ត្រូវ​ការ​របស់​ប្រជាពលរដ្ឋ​ និង​អ្នក​សម្របសម្រួល​ដល់​ពួក​គាត់​តែ​ប៉ុណ្ណោះ។ លោក​បន្ថែម​ថា បញ្ហា​ប័ណ្ណ​កម្មសិទ្ធិ​របស់​ប្រជាពលរដ្ឋ​នៅ​ឃុំ​ស្នួល គឺ​ខាង​អាជ្ញាធរ​ដែល​ពាក់ព័ន្ធ​កំពុង​តែ​ពន្លឿន​ដើម្បី​ធ្វើ​យ៉ាង​ណា​​ឱ្យ​ប្រជាពលរដ្ឋ​អាច​រស់​នៅ​ដោយ​ភាព​ស្ងប់​ចិត្ត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (4)
Share

អ្នក​អាន​អនាមិក

ដល់កហើយសូម្បីមនុស្សក្នុងបក្សក៏សំដែងការមិនពេញចិត្តនឹងការងារ
របស់បក្សខ្លួនដែរ។ពេលយីអ៊ុនដាក់ត្រូវអារក្សជាន់ថែម??ជិះសេះ
លែងដៃពេកទើបមានថ្ងៃនេះ??ហៃអើៗអញថាអាជយ័ធ្លាក់ទឹក
ហៃអើៗអញថាអាជយ័ធ្លាក់ទឹកហៃអើៗអញថាអាជយ័ធ្លាក់ទឹក។ល។

Dec 29, 2013 08:35 AM

អ្នក​អាន​អនាមិក

Your boss (CPP) make you unhappy. The others are happy enough, so they are quiet.
People! Stop selling your vote to the powers or the reachers. Otherwise you support the bad guys.
People ! Please teach yourself to become a good people and a good citizenship of Cambodia.

Dec 29, 2013 07:54 AM

អ្នក​អាន​អនាមិក

បុគ្គល ហ៊ុន សែន នៅកាន់អំណាច ប្រជាពលរដ្ឋខ្មែរ គ្មានសេចក្តីសុខនោះឡើយ ! ពីព្រោះបុគ្គល ហ៊ុន សែន រណបយួន ធ្វើការបំរើអោយ យួនតែប៉ុណ្ណោះ !

Dec 29, 2013 07:51 AM

Andy

ពី Phnom Penh

Has ha I like now CPP will understand people stop support them. :D

Dec 29, 2013 06:43 AM

គេហទំព័រ​ទាំងមូល