អ្នក​កោះកុង​ជាង ១ពាន់​គ្រួសារ​រក​ដំណោះ​ស្រាយ​​ដីធ្លី​​ពី​​ក្រសួង​ដែន​ដី ក្នុង​​ជម្លោះ​​ជាមួយ​​ក្រុម​ហ៊ុន​​ស្ករ​​អំពៅ

ដោយ មាន ឫទ្ធិ
2019-08-06
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​ជា​ច្រើន​គ្រួសារ នាំ​គ្នា​មក​រក​អន្តរាគមន៍​ពី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ឱ្យ​ជួយ​ដោះ​ស្រាយ​បញ្ហា​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ស្ករ​អំពៅ នៅ​ស្រុក​ស្រែ​អំបិល ស្រុក​បុទុម​សាគរ ខេត្ត​កោះកុង នៅ​ថ្ងៃ​ទី៥ ខែ​សីហា ឆ្នាំ២០១៩។
ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​ជា​ច្រើន​គ្រួសារ នាំ​គ្នា​មក​រក​អន្តរាគមន៍​ពី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ឱ្យ​ជួយ​ដោះ​ស្រាយ​បញ្ហា​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ស្ករ​អំពៅ នៅ​ស្រុក​ស្រែ​អំបិល ស្រុក​បុទុម​សាគរ ខេត្ត​កោះកុង នៅ​ថ្ងៃ​ទី៥ ខែ​សីហា ឆ្នាំ២០១៩។
រូប៖ ហ្វេសប៊ុក ទTV CNRP

ប្រជា​ពលរដ្ឋ​ប្រមាណ ៧០០នាក់ តំណាង​ឲ្យ​ជាង ១ពាន់​គ្រួសារ​ នៅ​ខេត្ត​កោះកុង ប្រមូល​ផ្ដុំ​គ្នា​ស្នើសុំ​ដំណោះ​ស្រាយ​ពី​ក្រសួង​ដែន​ដី ​នៅ​ថ្ងៃ​ទី៥ ខែ​សីហា ទាក់​ទង​នឹង​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ស៊ូហ្គើរ​របស់​សមាជិក​ព្រឹទ្ធសភា​នៃ​បក្ស​កាន់​អំណាច លោក លី យ៉ុង​ផាត់។ ដើម្បី​បញ្ចប់​វិវាទ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​មួយ​នេះ សង្គម​ស៊ីវិល​ យល់​ថា​ ក្រសួង​ដែនដី​និង​រដ្ឋបាល​ខេត្ត​កោះកុង គួរ​គិត​គូរ​ផ្ដល់​សំណង​សមរម្យ​ណាមួយ​ដល់​ពលរដ្ឋ​ដែល​តវ៉ា​នេះ ឲ្យ​ដូច​ទៅ​នឹង​ពលរដ្ឋ​ផ្សេង​ទៀត​ដែល​ទួល​បាន​សំណង​ហើយ។

តំណាង​ពលរដ្ឋ​មក​ពី​ស្រុក​ចំនួន​បី​នៃ​ខេត្ត​កោះកុង មាន​ស្រុក​ថ្មបាំង ​ស្រុក​បុទុមសាគរ​ និង​ស្រុក​ស្រែ​អំបិល លោកស្រី ផុន សាវិន ថ្លែង​ថា ពលរដ្ឋ​ភាគ​ច្រើន​រស់​នៅ​ស្រុក​បុទុមសាគរ និង​ស្រុក​ថ្មបាំង នៅ​មិន​ទាន់​ទទួល​បាន​សំណង​ពី​អាជ្ញាធរ​ខេត្ត​ និង​ភាគី​ក្រុមហ៊ុន​នៅឡើយ​ ចាប់​តាំង​ពី​ឆ្នាំ​២០០៦ ​មក។

លោកស្រី ផុន សាវិន ឲ្យ​ដឹង​ថា​ មន្ត្រី​ក្រសួង​ដែន​ដី តម្រូវ​ឲ្យ​ពលរដ្ឋ​ដែល​អះអាង​ថា ខ្លួន​មិន​ទាន់​ទទួល​បាន​សំណង ត្រូវ​រៀប​ចំ​ឯកសារ​ថ្មី​ដាក់​ជូន​ក្រសួង រួម​មាន​សលាក​ប័ត្រ អត្តសញ្ញាណ​ប័ណ្ណ សៀវភៅ​គ្រួសារ និង​រូប​ថត​សមាជិក​គ្រួសារ។ លោកស្រី ផុន សាវិន ​ថា ពួកគាត់​យល់​ព្រម​ធ្វើ​តាម​ការ​ណែនាំ​របស់​ក្រសួង ប៉ុន្តែ​ស្នើ​ឲ្យ​ក្រសួង​កំណត់​ពេល​វេលា​ឲ្យ​ច្បាស់​ ដើម្បី​ដោះស្រាយ​បញ្ចប់​ទំនាស់​ដីធ្លី​មួយ​នេះ។

តំណាង​ពលរដ្ឋ​រូប​នេះ លើក​ឡើង​ថា សំណង​ដែល​ពួកគាត់​ចង់​បាន​នោះ គឺ​ដីធ្លី​១ហិកតារ​កន្លះ​ និង​ប្រាក់​សំណង​មួយ​ចំនួន​ សម្រាប់​គ្រួសារ​នីមួយ​ៗ ដើម្បី​ប្រកប​របរ​ចិញ្ចឹម​ជីវិត៖ «ខ្ញុំ​សូម​សំណូម​ពរ​ឲ្យ​ឯកឧត្ដម​ជួយ​ចុះ​ដោះស្រាយ​ជូន​ប្រជា​ពលរដ្ឋ ៨៤៣ និង​៣៩១ ដែល​គាត់​មិន​ដែល​ទទួល​បាន​ដំណោះស្រាយ​ពី​មុន​មក​។ ​គាត់​មិន​ដែល​បាន​ចុះ​ឈ្មោះ​ ហើយ​គាត់​ក៏​មិន​បាន​ដឹង។ ខាង​ឯកឧត្ដម​ គាត់​មាន​ប្រសាសន៍​ថា កាល​ពី​ឆ្នាំ​២០១៦ ២០១៧ គាត់​ចុះ​ទៅ​ដោះស្រាយ​តាម​ភូមិ​ឃុំ​តាម​ស្រុក​នីមួយៗ នៅ​ខាង​ខេត្ត​កោះកុង គឺ​ពួក​ខ្ញុំ​អត់​ដែល​បាន​ដឹង​ទេ។ នៅ​ខាង​ស្រុក​បុទុមសាគរ គឺ​អត់​បាន​ដឹង​ទេ។ បើ​សិន​ណា​ ជា​ពួក​ខ្ញុំ​បាន​ដឹង​ ខ្ញុំ​ទាមទារ​តាំង​ពី​ឆ្នាំ​២០១៦ ២០១៧​នោះ​មក​ហើយ មិន​ចាំបាច់​មក​ដល់​ពេល​នេះ​ទេ»

នេះ​ជា​លើក​ទី​៥​ហើយ​ ដែល​អ្នក​កោះកុង​ នាំ​គ្នា​ជាច្រើន​រយ​នាក់​ មក​ក្រសួង​ដែនដី សួរនាំ​អំពី​ដំណោះស្រាយ​សម្រាប់​ពួកគាត់ ប៉ុន្តែ​នៅ​មិន​ទទួល​បាន​ការ​កំណត់​ពេល​វេលា​ជាក់លាក់​ណា​មួយ​ពី​ខាង​ក្រសួង ថា​នឹង​ចុះ​ទៅ​ដោះស្រាយ​ឲ្យ​ពលរដ្ឋ នៅ​ពេល​ណា​នោះ​ទេ។

អាស៊ី​សេរី​មិន​អាច​សុំ​ការ​បកស្រាយ​ពី​រដ្ឋលេខាធិការ​ក្រសួង​ដែនដី លោក ទេព ធន បានទេ ​ដោយ​ហៅ​ទូរស័ព្ទ​ចូល​តែ​គ្មាន​អ្នក​ទទួល។ ប៉ុន្តែ ​សារព័ត៌មាន​ក្នុង​ស្រុក​ចុះផ្សាយ​ថា ក្រសួង​ដែនដី​ សន្យា​នឹង​តំណាង​ពលរដ្ឋ​ ក្នុង​កិច្ច​ប្រជុំ​នៅ​ថ្ងៃ​ទី៥ សីហា ថា​នឹង​ពិនិត្យ​ផ្ទៀងផ្ទាត់​ព័ត៌មាន​ដែល​ពលរដ្ឋ​ផ្ដល់ឲ្យ មាន​សលាកបត្រ​ជាដើម ដើម្បី​រក​ឲ្យ​ឃើញ​ពី​ផល​ប៉ះពាល់​ និង​ដោះស្រាយ​តាម​ភាព​ជាក់​ស្ដែង ជូន​ប្រជា​ពលរដ្ឋ។

កាលពី​ពេល​កន្លង​មក​ មាន​ពលរដ្ឋ​ ៣ក្រុម​ហើយ ដែល​ទទួល​បាន​សំណង​ពី​អាជ្ញាធរ​និង​ក្រុមហ៊ុន។ ក្នុង​នោះ ពលរដ្ឋ​ដែល​ស្ថិត​ក្នុង​ក្រុម​ជាង​១​រយ​គ្រួសារ ទទួល​បាន​ដី​ ២ហិកតារ និង​ប្រាក់ ៣ពាន់​ដុល្លារ ក្នុង​ ១គ្រួសារ ក្រុម​ពលរដ្ឋ ២រយ​គ្រួសារ ទទួល​បាន​ដី ១ហិកតារ​ក្នុង ១គ្រួសារ និង​ក្រុម​ពលរដ្ឋ​ជាង ៥រយ​គ្រួសារ ទទួល​បាន​ប្រាក់ ៣ពាន់​ដុល្លារ​ក្នុង ១គ្រួសារ ហើយ​ដីធ្លី​ស្ថិត​ក្នុង​ការ​វាស់វែង។

ចំណែក​ពលរដ្ឋ​២​ក្រុម​ផ្សង​ទៀត​ សរុប​ជាង ១ពាន់ ២រយ​គ្រួសារ​ ដែល​ទើប​ចេញ​តវ៉ា​រក​ដំណោះ​ស្រាយ​នៅ​ឆ្នាំ២០១៩ នៅ​មិន​ទាន់​ទទួល​បាន​ដំណោះ​ស្រាយ​ពី​អាជ្ញាធរ​នៅ​ឡើយ។

កាល​ពី​ថ្ងៃ​ទី​២១ កក្កដា រដ្ឋបាល​ខេត្ត​កោះកុង​ បាន​ច្រាល​ចោល​សំណើ​ក្រុម​ពលរដ្ឋ​ជិត​ ៤រយ​គ្រួសារ ដែល​ស្នើ​សុំ​ដំណោះស្រាយ​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន​ស្ករ​អំពៅ​របស់​លោក លី យ៉ុងផាត់។ អាជ្ញាធរ​ខេត្ត ​ក៏​បាន​ព្រមាន​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់ ចំពោះ​អ្នក​ទាំងឡាយ​ណា​ដែល​បង្ក​បញ្ហា។

អ្នក​សម្រប​សម្រួល​សមាគម អាដហុក ប្រចាំ​ខេត្ត​កោះកុង លោក មាន ព្រហ្មមុនី ឲ្យ​ដឹង​ថា ពលរដ្ឋ​ដែល​នៅ​សេល​សល់​ជាង​ ១ពាន់​គ្រួសារ​នេះ គឺ​ជា​អ្នក​រង​ផល​ប៉ះពាល់​​​ពិត​ប្រាកដ​ ពី​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​រដ្ឋ​​ផ្ដល់​ទៅ​ឲ្យ​ក្រុមហ៊ុន​ស្ករ​អំពៅ។ លោក មាន ព្រហ្មមុនី សង្កេត​ឃើញ​ថា អាជ្ញាធរ​និង​ក្រុមហ៊ុន​ បាន​ដោះ​ស្រាយ​ឲ្យ​ពលរដ្ឋ​អស់​ជា​ច្រើន​គ្រួសារ​មក​ហើយ ជា​ពិសេស​អ្នក​ស្រុក​ស្រែ​អំបិល។ លោក មាន ព្រហ្មមុនី យល់ថា ក្រសួង​ដែនដី និង​អាជ្ញាធរ​ គួរ​បន្ត​អនុវត្ត​យន្តការ​ដោះ​ស្រាយ​វិវាទ​ដី​ធ្លី​នេះ ចំពោះ​ពលរដ្ឋ​នៅ​ស្រុក​បុទុមសាគរ ស្រុក​ថ្មបាំង និង​នៅ​សេសសល់​គ្រួសារ​មួយ​ចំនួន​ក្នុង​ស្រុក​ស្រែ​អំបិល៖ «យើង​សូម​ដោះស្រាយ​ឲ្យ​បាន​សមរម្យ​ និង​យុត្តិធម៌​ដែល​ប្រជាពលរដ្ឋ​អាច​ទទួល​យក​បាន។ ហើយ​សង្ឃឹម​ថា​ការ​ដោះស្រាយ​នឹង​មាន​តម្លាភាព​ ហើយ​មាន​ភាព​សុក្រឹត​ បន្ទាប់​មក​ប្រជា​ពលរដ្ឋ​ គាត់​ព្រមព្រៀង​ហើយ​គាត់​ស្ម័គ្រ​ចិត្ត​ដោយ​មិន​មាន​ការ​គំរាមកំហែង ឬ​បង្ខិត​បង្ខំ​ណាមួយ»

ក្រោយពី​បញ្ចប់​ការ​តវ៉ា​នៅ​មុខ​ក្រសួង​ដែនដី អ្នក​កោះកុង​ មួយ​ចំនួន​សម្រេច​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ ហើយ​មួយ​ចំនួន​ទៀត ទៅ​សុំ​វត្ត​សាមគ្គី​រង្សី​ស្នាក់​នៅ​បាន​មួយ​យប់ លុះ​ព្រឹក​ស្អែក​ទើប​ពួកគាត់​ត្រឡប់​ទៅ​ស្រុក​វិញ។ អ្នក​កោះកុង​ឲ្យ​ដឹង​ថា ២សប្ដាហ៍​​ទៀត ពួក​គាត់​នឹង​ឡើង​មក​ទី​ក្រុង​ភ្នំពេញ​ម្ដង​ទៀត​ ដើម្បី​ដាក់​ឯកសារ​ជូន​ក្រសួង​ដែនដី និង​សាកសួរ​អំពី​ពេលវេលា​ឲ្យ​ដឹង​ច្បាស់​ ជុំវិញ​ដំណោះស្រាយ​សម្រាប់​ពួកគាត់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល