ជនជាតិ​ដើម​ភាគតិច​កួយ​ខេត្ត​ព្រះវិហារ​ជំរុញ​អាជ្ញាធរ​ឱ្យ​ដោះ​ស្រាយ​វិបត្តិ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ស្ករ​អំពៅ​ចិន និង​ពន្លឿន​​ចុះ​បញ្ជី​ដី​សមូហភាព

ដោយ វ៉ែន សុមេធ
2019-08-09
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សហគមន៍​ជនជាតិ​ដើម​ភាគតិច​កួយ​ឃុំ​ប្រមេរ ខេត្ត​ព្រះវិហារ ធ្វើ​សន្និសីទ​កាសែត នៅ​ទីក្រុង​ភ្នំពេញ ព្រឹក​ថ្ងៃ​ទី៨ ខែ​សីហា ឆ្នាំ២០១៩ ជំរុញ​រដ្ឋាភិបាល​ឱ្យ​ដោះ​ស្រាយ​ជម្លោះ​ដីធ្លី។
សហគមន៍​ជនជាតិ​ដើម​ភាគតិច​កួយ​ឃុំ​ប្រមេរ ខេត្ត​ព្រះវិហារ ធ្វើ​សន្និសីទ​កាសែត នៅ​ទីក្រុង​ភ្នំពេញ ព្រឹក​ថ្ងៃ​ទី៨ ខែ​សីហា ឆ្នាំ២០១៩ ជំរុញ​រដ្ឋាភិបាល​ឱ្យ​ដោះ​ស្រាយ​ជម្លោះ​ដីធ្លី។
រូប៖ សហគមន៍

សហគមន៍​ជនជាតិ​ដើម​ភាគតិច​កួយ​ខេត្ត​ព្រះវិហារ ធ្វើ​សន្និសីទ​កាសែត​ នៅ​ព្រឹក​ថ្ងៃ​ទី៨ សីហា នៅ​ទីក្រុង​ភ្នំពេញ ជំរុញ​រដ្ឋាភិបាល​ឱ្យ​ដោះ​ស្រាយ​ជម្លោះ​ដីធ្លី និង​ពន្លឿន​ចុះ​បញ្ជី​ដី​សមូហភាព​សហគមន៍។ សហគមន៍​ថា​ ប្រភព​ចម្បង​ ដែល​នាំ​ឲ្យ​កើត​មាន​ជម្លោះ​ដីធ្លី​ធំធេង​ ក្រោយ​ពី​របប​ក្រុង​ភ្នំពេញ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ឱ្យ​ក្រុមហ៊ុន​ស្ករ​អំពៅ​ចិន​ ឡាន​ ហ្វេ​ង និង រ៉ូយ ហ្វេ​ង រាប់​ម៉ឺន​ហិកតារ​ បង្ក​វិនាសកម្ម​ធំធេង​ ដល់​ធនធាន​ធម្មជាតិ​ និង​ប្រព័ន្ធ​សេដ្ឋកិច្ច​ជន​ជាតិ​ដើម​ភាគ​តិច​មូលដ្ឋាន។

ជម្លោះ​ដីធ្លី​រ៉ាំរ៉ៃ​រវាង​ជនជាតិ​ដើម​ភាគតិច​កួយ​រាប់​រយ​គ្រួសារ​នៅ​ឃុំ​ប្រមេ​រ ស្រុក​ត្បែងមានជ័យ​ ខេត្ត​ព្រះវិហារ​ ជាមួយ​ក្រុមហ៊ុន​ស្ករ​អំពៅ​ចិន​ នៅ​តែ​ជា​ក្តី​កង្វល់​ជិត ១០ឆ្នាំ​មក​ហើយ​ មិន​ទាន់​ត្រូវ​បាន​អាជ្ញាធរ​ជាតិ​ និង​របប​ក្រុង​ភ្នំពេញ​ដោះស្រាយ​ជា​ដុំ​កំភួន​នៅ​ឡើយ​ទេ​មក​ទល់​ពេល​នេះ។

សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​កួយ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ពន្លឿន​ចុះ​បញ្ជី​ដី​សមូហភាព​សហគមន៍​ ដើម្បី​ផ្ដល់​លទ្ធភាព​ឲ្យ​អ្នកភូមិ​មាន​សិទ្ធិ​ប្រើប្រាស់​ដី​បង្ក​បង្កើន​ផល​ចិញ្ចឹមជីវិត​ ក្រោយ​ពី​ក្រុមហ៊ុន​ហ៊ុមព័ទ្ធ​យក​ដី​របស់​ពួក​គេ​ ដាំស្រូវ​ និង​អំពៅ​អស់​ស្ទើរ​ទាំង​ស្រុង។

តំណាង​ជន​ជាតិ​ដើម​ភាគ​តិច​រស់នៅ​ភូមិ​ស្រែ​ព្រាង​ ឃុំ​ប្រមេ​រ លោក​ ស៊ុត​ សាវ៉ន​ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី៨​ សីហា​ថា​ ចាប់​តាំង​ពី​ឆ្នាំ២០១២ រហូត​មក​ទល់​ពេល​នេះ​ជន​ជាតិ​ដើម​ភាគ​តិច​កួយ​ជិត ១ពាន់​គ្រួសារ​នៅ​ឃុំ​ប្រមេ​រ បាន​ស្រែក​តវ៉ា​ និង​ដាក់​ញត្តិ​សុំ​កិច្ច​អន្តរាគមន៍​គ្រប់​ស្ថាប័ន ក្នុង​បំណង​ពន្លឿន​ចុះ​បញ្ជី​ដី​សមូហភាព​ ក៏ប៉ុន្តែ​មិន​ត្រូវ​បាន​អាជ្ញាធរ​យក​ចិត្ត​ទុក​ដាក់​ដោះ​ស្រាយ​នៅ​ឡើយ​ទេ។ ចំណែក​ក្រុមហ៊ុន​ចិន​នៅ​តែ​បំពាន​ឈូស​ឆាយ​ព្រៃ​ឈើ​ និង​ព្រៃ​សហគមន៍​ដែល​ពួក​គេ​អាស្រ័យ​ផល ដើម្បី​ពង្រីក​ផ្ទៃដី​កសិកម្ម៖ «ទម្លាប់​ប្រពៃណី តាំង​ពី​ដូន​តា​មក បុរាណ​មក នៃ​ជន​ជាតិ​ដើម​ភាគ​តិច​របស់​ពួក​ខ្ញុំ គឺ​រស់នៅ​ជា​ក្រុមៗ។ ការ​ប៉ះ​ពាល់​នេះ ពុំ​មែន​សំដៅ​លើ​គ្រួសារ​ទេ​ក្នុងសហគមន៍ ទាំង៣ភូមិ ក្នុង​ឃុំ​ប្រមេរ គឺ​ប៉ះ​ពាល់​ទាំង​អស់»

ទីប្រឹក្សា​សហគមន៍​ជនជាតិ​ដើម​ភាគតិច​កួយ​ ភូមិ​ប្រមេរ​អ្នកស្រី​ ទេព​ ទឹម​ ថ្លែង​ថា​ ជន​ជាតិ​ដើម​ភាគ​តិច​កួយ​ ក្នុង​ឃុំ​ប្រមេរ​ជាង​ ៧០០​គ្រួសារ​ ស្មើ​និង​ជាង​ ២ ពាន់​ ៤រយ​នាក់ (២៤២៤) បាន​បាត់បង់​សិទ្ធិ​ប្រើប្រាស់​ដីធ្លី​ជា​សមូហភាព​ ការ​គ្រប់គ្រង​ដី​ និង​ធនធាន​ធម្មជាតិ​ ជា​ច្រើន​ឆ្នាំ​មក​ហើយ ដោយ​សារ​ការ​រំលោភ​បំពាន​ធ្ងន់ធ្ងរ​ ពី​សំណាក់​ក្រុមហ៊ុន​ស្ករអំពៅ​ចិន​។ អ្នកស្រី​ថា​ កន្លង​ទៅ​ក្រសួង​ដែនដី​ ធ្លាប់​ចុះ​វាស់វែង​ចុះ​បញ្ជី​ដី​សមូហភាព​ជូន​សហគមន៍​ដែរ​ ក៏​ប៉ុន្តែ​ការ​វាស់វែង​ទាំង​នោះ​ ខ្វះ​ចន្លោះ​ច្រើន​ និង​មិន​ស្រប​តាម​លក្ខន្តិកៈ​របស់​សហគមន៍។ អ្នកស្រី​បន្ថែម​ថា​ ដី​ព្រៃឈើ​ ដី​ភ្នំ​ ខឿន​ប្រាសាទ​បុរាណ​ ទឹក​បឹង​ និង​អូរ​ធម្មជាតិ​ជា​កន្លែង​ពួក​គេ​អាស្រ័យ​ផល​ច្រើន​ជំនាន់​មក​ហើយ​ បាន​ក្លាយ​ជា​ចម្ការ​អំពៅ​របស់​ក្រុមហ៊ុន​ចិន។ ហេតុនេះ​ពួកគេ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដក​ហូត​ដី​ទាំង​នោះ​ ដើម្បី​ចុះ​បញ្ជី​សមូហភាព​ជូន​សហគមន៍​ប្រើប្រាស់៖ «រដ្ឋាភិបាល​មិន​ទាន់​បាន​ដោះ​ស្រាយ វិវាទ​ដីធ្លី​ក្នុង​ដី​សម្បទាន​សេដ្ឋកិច្ច​ដំណាំ​អំពៅ ផលិត​ស្ករ​ស នាំ​ចេញ​ទេ។ ពលរដ្ឋ​ប្រឈម ជាមួយ​ក្រុមហ៊ុន​ចិន​ទូទាំង​ឃុំ​ទាំង​អស់​គ្នា​តែ​ម្ដង ប៉ះ​ពាល់​ព្រៃ​ជំនឿ ឈូស​ឆាយ​ខឿន ប្រាសាទ លុប​ត្រពាំង​បឹងបួរ ធ្វើ​ឲ្យ​បាត់បង់​ភូមិ​បុរាណ និង​ធនធាន​ធម្មជាតិ​ជា​ច្រើន»

អាស៊ី​សេរី​នៅ​មិន​ទាន់​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន​ស្ករអំពៅ​ចិន​ ឡាន ហ្វេ​ង និង រ៉ូយ ហ្វេង ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​ការ​ចោទ​ប្រកាន់​នេះ​បាន​ថា​យ៉ាង​ណា​នៅ​ឡើយ​ទេ មក​ទល់​ពេល​នេះ។

ចំណែក​អ្នកនាំពាក្យ​ក្រសួង​ដែនដី​ លោក សេង ឡូត មិន​លើក​ទូរស័ព្ទ​នៅ​ថ្ងៃ​ដដែល​នេះ។

មេឃុំ​ប្រមេ​រលោក​ ធាន​ ហេង​ ឲ្យដឹង​ថា​ កន្លងទៅ​ក្រសួង​ដែនដី​បាន​វាស់វែង​ចុះ​បញ្ជី​ដី​សមូហភាព​ក្នុង​តំបន់​មួយ​ចំនួន​ ក្នុង​ភូមិ​ប្រមេ​រ ក៏​ប៉ុន្តែ​យន្តការ​នេះ​ ខ្វះ​កា​សហការ​ជាមួយ​សហគមន៍​មូលដ្ឋាន។ លោក​ទទួល​ស្គាល់​ថា ពលរដ្ឋ​បាត់បង់​ទី​កន្លែង​អាស្រ័យ​ផល​សមូហភាព ក៏​ប៉ុន្តែ​អាជ្ញាធរ​កំពុង​ដំណើរ​ការ​វាស់វែង និង​ចុះ​បញ្ជី​ដី​ជូន​សហគមន៍៖ «យើង​ដោះ​ស្រាយ​បណ្ដើរ អ្វី​ដែល​ពាក់ព័ន្ធ​យើង​ដោះ​ពុំ​ទាន់​ជួប​ឧបសគ្គ​ទេ​ តែ​បង​ប្អូន​ថា មាន​ឧបសគ្គ​ច្រើន​ណាស់ៗ។ ខាង​អាជ្ញាធរ​បាន​និយាយ​ថា អ្វី​ដែល​ពាក់ព័ន្ធ​យើង​ដោះ​ស្រាយ​ទាំង​អស់​គ្នា​តែ​បង​ប្អូន​ចេះ​តែ​រារែក​មិន​ចង់​សហការ»

ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ ហេង​ ហ្វូ​ ទទួល​សិទ្ធិ​វិនិយោគ​ពី​រដ្ឋាភិបាល​លើ​ផ្ទៃដី​ទំហំ​ជាង ៤២.០០០​ហិកតារ តាំង​ពី​ឆ្នាំ២០១១​ វិនិយោគ​ដាំ​អំពៅ​ និង​កៅស៊ូ។ ក្រុមហ៊ុន​នេះ​ ជា​ក្រុមហ៊ុន​មេ​ និង​មាន​បុត្រ​សម្ព័ន្ធ​ក្រុមហ៊ុន​ចំនួន​ ៥ទៀត​ ដូចជា​ ក្រុមហ៊ុន ឡាន ហ្វេង រួយ ហ្វេង ក្រុមហ៊ុន ហេង​ ណុង​ ក្រុមហ៊ុន​ ហេង​ រួយ​ និង​ក្រុមហ៊ុន ហេង យូ។

មន្ត្រី​សម្របសម្រួល​សមាគម អាដហុក​ ខេត្ត​ព្រះវិហារ​ លោក​ ឡោ​ ចាន់​ ដែល​ចុះ​អង្កេត​រឿង​នេះ​ ថ្លែង​ថា​ ដី​ដែល​ពលរដ្ឋ​ទាមទារ​ចុះ​បញ្ជី​សមូហភាព​ ក្នុង​ឃុំ​ប្រមេរ ត្រូវ​បាន​ក្រុមហ៊ុន​ដាំ​ស្រូវ​អស់​ស្ទើរ​ទាំង​ស្រុង​។ លោក​ជំរុញ​ឲ្យ​ក្រសួង​ដែនដី​ និង​ស្ថាប័ន​ពាក់ព័ន្ធ​ អនុវត្ត​រូបមន្ត​ស្បែក​ខ្លា​ដោយ​កាត់​ឆ្វៀល​ផល​ប៉ះពាល់​ចេញពី​ក្រុមហ៊ុន​ ដើម្បី​ពន្លឿន​ចុះបញ្ជី​ដី​សមូហភាព​ជូន​សហគមន៍​ប្រើប្រាស់៖ «ដី​របស់​គាត់​ពិត​ប្រាកដ ត្រូវ​បាន​ក្រុមហ៊ុន​យក​ដាំ​ស្រូវ​អស់​មែន​នោះ​មាន​សិទ្ធិ​ប្រើ​រូបមន្ត​ស្បែក​ខ្លា​កាត់​ឆ្វៀល ចោះ​ផ្ដល់​ឲ្យ​គាត់​ទៅ ដើម្បី​បញ្ចប់ រ៉ាំរ៉ៃ​រយៈ​ពេល ៧ ទៅ ៨ ឆ្នាំ​ហើយ។ ខ្ញុំ​បាន​សួរ​អាជ្ញាធរ​ដែរ តែ​ដោយសារ​តែ​ក្រុមហ៊ុន គេ​អស់​ពូជ​អំពៅ បាន​គេ​ដាំ​ស្រូវ។ តែ​គោល​ការណ៍​ក្នុង​កុងត្រា​កន្លង​មក ឃើញ​ថា មាន​អាកាស្យា កៅស៊ូ និង​អំពៅ មាន​តែ ៣ហ្នឹង តែ​អនុវត្ត​ជាក់​ស្ដែង​ដាំ​ស្រូវ​ចង់ ៨០ ទៅ ៩០ភាគ​រយ »

ទោះ​ជា​យ៉ាង​ណា​ ការ​ធ្វើ​សន្និសីទ​កាសែត​របស់​ជនជាតិ​ដើម​ភាគតិច​ ដើម្បី​សម្ដែង​មតិ​ទាមទារ​ដីធ្លី​ពី​ក្រុមហ៊ុន​ចិន ដែល​ប្រព្រឹត្តិ​ទៅ​នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់​ ១ ក្នុង​ទីក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ទី៨ ខែ​សីហា​ នេះ​  ពុំ​មានការ​រារាំង​ពី​អាជ្ញាធរ​ក្រុងភ្នំពេញ​នោះ​ទេ។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ និង​សហគមន៍​រក​ឃើញ​ថា​ បើ​ទោះ​ជា ក្រុមហ៊ុន​ស្ករ​អំពៅ​ចិន អនុវត្ត​គម្រោង​វិនិយោគ​ខ្នាត​ធំ​ បំពាន​កិច្ចសន្យា​វិនិយោគ​ជាច្រើន​ក្តី​ ក៏​មិន​ត្រូវ​បាន​របប​ក្រុង​ភ្នំពេញ​ និង​អាជ្ញាធរ​ស៊ើប​អង្កេត​ អនុវត្ត​ច្បាប់​នៅឡើយ​ទេ​។ រី​ឯ​ជនជាតិ​ដើម​ភាគ​តិច​រាប់ពាន់​គ្រួសារ​ រងគ្រោះ​បាត់​បង់​ដីធ្លី​ ព្រៃ​ឈើ​ និង​កន្លែង​ឃ្វាល​គោ​បី​ នៅតែ​ស្រែក​តវ៉ា​ និង​ដាក់​ញត្តិ​គ្រប់​ស្ថាប័ន​ រួម​ទាំង​ស្ថានទូត​ចិន​ផង​ នៅ​តែ​គ្មាន​ដំណោះ​ស្រាយ​ជា​វិជ្ជមាន​ ដើម្បីឲ្យ​ពួកគេ​ស្ងប់​អារម្មណ៍។

ពួក​គេ​អះអាង​ថា ក្រុមហ៊ុន​ស្ករ​អំពៅ​ចិន​ បាន​ប្រព្រឹត្ត​កំហុស​ធ្ងន់ធ្ងរ​ និង​រំលោភ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​សហគមន៍​ រួម​មាន​ មិន​បាន​កាត់​ឆ្វៀល​ផល​ប៉ះ​ពាល់​ ធ្វើ​ឲ្យ​បាត់បង់​ជម្រក​សត្វ​ព្រៃ​ បឹង​ត្រពាំង​ប្រាសាទ​បុរាណ​ និង​តំបន់​ព្រៃ​ស្រោង​ ដែល​ជា​ទី​ស្នាក់​អាស្រ័យ​របស់​ជន​ជាតិ​ដើម​ភាគ​តិច​ និង​ជីវចម្រុះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល