លោក សៅ សុខា ថា គ្មាន​បទល្មើស​ព្រៃឈើ​ទ្រង់ទ្រាយ​ធំ​នៅ​ឆ្នាំ​២០១៩

ដោយ ហេង រស្មី
2020-01-23
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អគ្គ​មេ​បញ្ជាការ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក សៅ សុខា ចុះ​ត្រួត​ពិនិត្យ​គំនរ​ឈើ​ក្នុង​បរិវេណ​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​ចិន ក្នុង​ឃុំ​រលួស ស្រុក​សំបូរ ខេត្ត​ក្រចេះ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០១៦។
អគ្គ​មេ​បញ្ជាការ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក សៅ សុខា ចុះ​ត្រួត​ពិនិត្យ​គំនរ​ឈើ​ក្នុង​បរិវេណ​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​ចិន ក្នុង​ឃុំ​រលួស ស្រុក​សំបូរ ខេត្ត​ក្រចេះ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០១៦។
RFA

អង្គការ​សង្គម​ស៊ីវិល ដែល​ឃ្លាំមើល​បរិស្ថាន​អះអាង​ថា ព្រៃឈើ​ប្រទេស​កម្ពុជា​កំពុង​នៅតែ​រង​ការ​កាប់ បំផ្លាញ​យ៉ាង​អនាធិបតេយ្យ​រហូតដល់​បាត់បង់​ថវិកា​ប្រមាណ​ជិត​៨០០​លាន​ដុល្លារ កាលពី​ឆ្នាំ​២០១៩ កន្លង​ទៅ​នេះ ។ ការ​លើក​ឡើង​នេះ គឺ​បន្ទាប់ពី​លោក សៅ សុខា ប្រធាន​គណៈកម្មការ​បង្ក្រាប​និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ អះអាង ថា គ្មាន​បទល្មើស​ព្រៃឈើ​ទ្រង់ទ្រាយ​ធំ​បាន​កើតឡើង​ទេ គឺ​មាន​តែ​ប្រជាពលរដ្ឋ​កាប់​យក​មក​ធ្វើ​ផ្ទះ និង​អុស​ដុត​ប៉ុណ្ណោះ។

សកម្មជន​បរិស្ថាន​លោក ហេង ស្រស់ មាន​ប្រសាសន៍​ថា ជា​រៀងរាល់ថ្ងៃ​រដ្ឋាភិបាល​នៅតែ​ចេញ​លិខិត​អនុញ្ញាត​ឱ្យ​ដឹកជញ្ជូន​ឈើ​ទៅ​ក្រៅ​ប្រទេស​ដោយ​គ្មាន​ការទប់ស្កាត់​នោះ​ទេ។ លោក​បញ្ជាក់​ថា អ្វី​ដែល​ជា​ការ​លើកឡើង​របស់​លោក សៅ សុខា ជា​ការ​ភូត​កុហក​ដើម្បី​បិទបាំង​ដល់​សកម្មភាព​កាប់​បំផ្លាញ​ឈើ​ខុសច្បាប់​ពី​ក្រុម​ឧកញ៉ា​ដ៏​មាន​ឥទ្ធិពល៖ «យើង​ក្រឡេក​មើល​ក្រុម​លោក​ឧកញ៉ា ក្រុម​ឧក្រិដ្ឋជន​ទាំងអស់​ហ្នឹង គាត់​មិនដែល​ប្រើ​រូបភាព​ជាន់​ដាន​ខ្លួនឯង​យក​មក​ប្រើ​ទៀត​ទេ។ គាត់​ត្រូវតែ​រក​វិធីសាស្ត្រ​ផ្សេង​ដើម្បី​ការពារ​ខ្លួន​របស់​ពួកគេ។ ហើយ​ប្រសិនបើ​ឯកឧត្ដម សៅ សុខា នៅតែ​ស្រែក​នៅតែ​ភ្នំពេញ មិនដែល​ស្គាល់​ព្រៃ​ផង ម៉េច​បាន​ដឹង​ថា មិន​មាន​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ទ្រង់ទ្រាយ​ធំ»

ថ្មីៗ​នេះ ប្រធាន​គណៈកម្មការ​បង្ក្រាប និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ លោក សៅ សុខា ប្រាប់​អាស៊ីសេរី​ថា កាលពី​ឆ្នាំ​២០១៩ កន្លង​ទៅ​នេះ​គ្មាន​ទេ បង​ល្មើស​ព្រៃឈើ​ទ្រង់ទ្រាយ​ធំ​។​

លោក​បញ្ជាក់​ថា សកម្មភាព​ដឹកជញ្ជូន​ឈើ​បាន​ថយ​ចុះបើ​ប្រៀបធៀប​បណ្តា​ឆ្នាំមុនៗ​ដោយសារតែ​ការ​ចុះ​បង្ក្រាប​ពី​ក្រុម​សមត្ថកិច្ច។ លោក​បន្ត​ថា សព្វថ្ងៃ​នេះ​មានតែ​សកម្មភាព​របស់​ប្រជាពលរដ្ឋ​ចូល​លួច​កាប់​ឈើ​សម្រាប់​ធ្វើ​អាជីវកម្ម​ខ្នាត​តូច កាប់​យក​មក​ធ្វើ​ផ្ទះ និង​ការ​កាប់​ឈើ​យក​មក​ធ្វើ​អុស​ដុត៖ «ជារួម​នៅ​ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​និយាយ​ពី​បទ​ល្មើស​ទ្រង់ទ្រាយ​ធំ គឺ​អត់​មាន​ទេ។ ទ្រង់ទ្រាយ​ធំ​ចង់​និយាយ​ថា ការ​កាប់​ឈើ​អនាធិបតេយ្យ​ដែល​គ្មាន​ការអនុញ្ញាត​គឺ​ការ​កាប់​ដឹកជញ្ជូន​តាម​រថយន្ត​ឈើ​ធំៗ​ស្អី​គឺ​អត់​មាន​ទេ​នៅ​ម៉ោង​នេះ»

ការ​លើកឡើង​របស់​មន្ត្រី​រដ្ឋាភិបាល​រូប​នេះ គឺ មាន​ភាព​ផ្ទុយ​គ្នា​ស្រលះ​ពី​របាយការណ៍​របស់​សកម្មជន​ឃ្លាំមើល​បរិស្ថាន ដែល​បាន​រក​ឃើញ​ថា ក្នុង​ឆ្នាំ​២០១៩ កម្ពុជា​បាន​បាត់បង់​ថវិកា​ប្រមាណ​ជិត ៨០០​លាន​ដុល្លារ ដោយសារតែ​កាប់​បំផ្លាញ​ព្រៃឈើ​ក្នុង​ប្រទេស​កម្ពុជា។​

របាយការណ៍​របស់​ស​កម្ម​ជន​បរិស្ថាន​ដែល​មាន​ចំណងជើង​ថា ឧក្រិដ្ឋកម្ម​ព្រៃឈើ​នៅ​កម្ពុជា ឆ្នាំ​២០១៩ ឱ្យ​ដឹង​ថា សកម្មភាព​កាប់​បំផ្លាញ​ព្រៃឈើ​មាន​៤​តំបន់ គឺ​នៅ​ក្នុង​ខេត្ត​ពោធិ៍សាត់ របស់​លោក​ឧកញ៉ា ទ្រី ភាព បាន​ប្រើ​ឈ្មោះ​ក្រុមហ៊ុន អង្គរ​ផ្លាយវ៉ូត (Angkor Plywood) បាន​ធ្វើ​សកម្មភាព​កាប់​ឈើ​នៅ​តំបន់​ភ្នំ​ព្រេច ដោយ​ដឹក​ចេញពី​ប្រទេស​កម្ពុជា​ទៅកាន់​ប្រទេស​វៀតណាម​ដោយ​គ្មាន​ការ​ត្រួត​ពិនិត្យ​ដែល​ធ្វើ​ឱ្យ​កម្ពុជា​បាន​បាត់បង់​ទឹកប្រាក់​ចំនួន ជាង​១២០ លាន​ដុល្លារ ក្នុង​រយៈពេល​១០​ខែ​ក្នុង​ឆ្នាំ​២០១៩។

នៅ​ក្នុង​ខេត្ត​រតនគីរី​ក្នុងស្រុក​អូរយ៉ាដាវ មានការ​ដឹកជញ្ជូន​ឈើ​ឆៅ ទៅកាន់​ប្រទេស​វៀតណាម​បាន​ធ្វើ​ឱ្យ​បាត់បង់​ទឹកប្រាក់​ចំនួន​ជិត​១០០ លាន​ដុល្លារ ក្នុង​រយៈពេល ៤​ខែ។ នៅ​តំបន់​ព្រៃឡង់​ដែល​មាន​ព្រំប្រទល់​ជាប់​នឹង​ខេត្ត​កំពង់ធំ ព្រះវិហារ ក្រចេះ និង​ខេត្ត​ស្ទឹងត្រែង ចាប់​តាំង​ពី​ឆ្នាំ​២០១៣ រហូត​ដល់​ឆ្នាំ​២០១៩ បាន​បាត់បង់​ថវិកា​ជាតិ​ចំនួន ៥០០​លាន​ដុល្លារ។

នៅ​ក្នុង​វីដេអូ​ដែល​អាស៊ីសេរី​ទទួល​បាន​កាល​ពី​ពាក់​កណ្ដាល​ខែ​ធ្នូ ឆ្នាំ​២០១៩ បង្ហាញ​ពី​រថយន្ត​បាកុង​ជាច្រើន​គ្រឿង​បាន​ដឹក​ឈើ​មូល​ធំៗ​ចេញពី​តំបន់​ព្រៃ​ឡង់ និង​សហគមន៍​ប្រាសាទ​តាខ្មៅ​ចូល​ក្នុង​រោងចក្រ​ឈើ​របស់​ក្រុមហ៊ុន ស៊ីងបាយអូថេក ដែល​មាន​ទីតាំង​នៅ​ក្នុង​ស្រុក​សំបូរ ខេត្ត​ក្រចេះ ស្ថិតនៅ​ក្បែរ​តំបន់​ព្រៃឡង់។

ទោះជា​យ៉ាងណា លោក សៅ សុខា មាន​ប្រសាសន៍​ថា ឈើ​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ពីរ​ប្រភេទ គឺ​ឈើ​ដែល​ក្រុមហ៊ុន​ទទួល​បាន​ច្បាប់​ពី​រដ្ឋាភិបាល​ក្រុមហ៊ុន​អាច​មាន​សិទ្ធិ​កាប់​គាស់ ទៅ​តាម​កិច្ចសន្យា​ជាមួយ​រដ្ឋាភិបាល ដែល​សមត្ថកិច្ច​របស់​លោក​មិន​អាច​បង្ក្រាប​បានទេ។ លោក​បញ្ជាក់​ថា ចំណែក​ប្រភេទ ឈើ​ទី​ពីរ​គឺ​ប្រភេទ​ការ​កាប់​ឈើ​បែប​អនាធិបតេយ្យ​ដែល​លោក​អាច​ចុះ​បង្ក្រាប​បាន តែ​សកម្មភាព​បែបនេះ​មិន​មាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ទេ៖ «ចំពោះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឬក៏​សង្គម​ស៊ីវិល​គាត់​មិនដែល​ឃើញ​ការ​ដឹកឈើ​ហ្នឹង​ឡាន​នេះ ការ​ដឹក​ឈើ​ហ្នឹង​ទ្រង់ទ្រាយ​ចេះ កាប់​អាចាស់ ចេញ​អា​ថ្មី អាហ្នឹង​គឺជា​រឿង​ដែល​គាត់​ឃើញ គាត់​និយាយ តែ​សម្រាប់​ខ្ញុំ ដូច​បាន​បញ្ជាក់​ពី​ខាងដើម​អ៊ីចឹង​ខ្ញុំ​អាច​និយាយ​តែ​ក្នុង​ក្របខ័ណ្ឌ​ច្បាប់​ទេ ក្រៅច្បាប់​ខ្ញុំ​អត់​អាច​ធ្វើ​បានទេ។ បាទ​អាហ្នឹង​សូម​ជម្រាប​ជូន​អ៊ីចឹង»

ប្រជាពលរដ្ឋ​ម្នាក់​នៅ​សហគមន៍​ការពារ​ព្រៃឈើ​ក្នុង​ខេត្ត​មណ្ឌលគិរី​និយាយ​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ ឱ្យដឹង​ថា ការ​លើកឡើង​របស់​លោក សៅ សុខា ថា​គ្មាន​បទល្មើស​ព្រៃឈើ​គឺ​ខុស​ពី​ការពិត​។ លោក​បញ្ជាក់​ថា នៅ​សហគមន៍​របស់​លោក​នៅ​តែ​មាន​សកម្មភាព​កាប់​បំផ្លាញ​ព្រៃឈើ​កាលពី​ឆ្នាំ​២០១៩​កន្លងទៅ៖ «កាលពីមុន​ខាង​ក្រុមហ៊ុន​គេ​កាប់​ដល់ពេល​យើង​អត់​បាន​ទៅ​ល្បាត​ពីព្រោះ​តំបន់​ហ្នឹង​វា​ធំ​។ ដល់​ថ្ងៃ​ណា​យើង​ភ្លាត់ស្នៀត​អត់​បាន​ទៅ​ល្បាត​អី​គេ​កាប់​គេ​អី​ទៅ»

របាយការណ៍​របស់​ក្រុម​សកម្មជន​បរិស្ថាន​ស្ដីពី​ឧក្រិដ្ឋកម្ម​ព្រៃឈើ នៅ​ឆ្នាំ​២០១៩ បាន​បង្ហាញ​ថា នៅ​ខេត្ត​ភាគ​ឦសាន​ប្រទេស​កម្ពុជា​នៅ​ក្នុង​ខេត្ត​មណ្ឌលគិរី ខេត្ត​រតនគិរី និង​ខេត្ត​ស្ទឹងត្រែង យ៉ាងហោចណាស់ មាន​រោងចក្រ​អារ​ឈើ​ចំនួន ១៧​កន្លែង បាន​ប្រើប្រាស់​វត្ថុធាតុដើម​ចេញពី​ព្រៃឈើ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ភ្នំព្រេច ដែល​ក្នុង​នោះ​រោង​អារ​ឈើ​ចំនួន ១០​ទីតាំង​ផ្សេងគ្នា បាន​ធ្វើ​សកម្មភាព​កាប់​ឈើ​មូល​ធំៗ ចេញពី​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ព្រេច ដែន​ជម្រក​សត្វ​ព្រៃ​ស្រែពក និង​ព្រៃ​សហគមន៍​របស់​ជនជាតិ​ដើម​ភាគតិច​ក្នុងស្រុក​កោះ​ញែក ខេត្ត​មណ្ឌលគិរី។

របាយការណ៍​ដដែល​បាន​ដឹង​ទៀត​ថា នៅ​ខេត្ត​រតនគិរី ព្រៃ​អារក្ស ដែល​មាន​ទំហំ​ជាង ១ពាន់​ហិកតារ​ឋិត​នៅ​ភូមិ ភូមិ​ប៉ាដល់ និង​ភូមិ​ប៉ាតាង ក្នុង​ឃុំ​សេសាន ស្រុក​អូរយ៉ាដាវ ជាប់​ព្រំដែន​វៀតណាម ត្រូវ​បាន​វិនាស​ហិនហោច​អស់ទាំង​ស្រុង​នៅ​អំឡុង​ឆ្នាំ​២០១៨ និង​២០១៩​។ ការ​បាត់បង់​ព្រៃ​សហគមន៍​នេះ ក្រុម​ជនជាតិ​ដើម​ភាគតិច​អះអាង​ថា គឺ​ក្រុម​អ្នក​កាប់​ឈើ​ជា​ជនជាតិ​វៀតណាម ឃុបឃិត​គ្នា​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​សមត្ថ​កិច្ចការពារ​ព្រំដែន​បាន​ប្រព្រឹត្ត​អំពើពុករលួយ ក្នុង​ការ​នាំចេញ​ឈើ​ទៅ​ក្រៅ​ប្រទេស៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល