អ្នក​ភូមិ​ឡ​ពាង​នាំ​គ្នា​ទៅ​សាលា​ស្រុក​កំពង់​ត្រឡាច ស្នើ​សុំ​ឯកសារ​ដាក់​​ជូន​តុលាការ​ក្រុង​ភ្នំពេញ

ដោយ អាស៊ីសេរី
2019-04-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នក​ភូមិ​ឡ​ពាង​ប្រមាណ ៣០នាក់ នាំ​គ្នា​ទៅ​សាលា​ស្រុក​កំពង់​ត្រឡាច ខេត្ត​កំពង់ឆ្នាំ នៅ​ថ្ងៃ​ទី២៦ ខែ​មេសា ឆ្នាំ២០១៩ ដើម្បី​ស្នើសុំ​ឯកសារ​សម្រាប់​ដាក់​ជូន​សាលាដំបូង​រាជធានី​ភ្នំពេញ។
អ្នក​ភូមិ​ឡ​ពាង​ប្រមាណ ៣០នាក់ នាំ​គ្នា​ទៅ​សាលា​ស្រុក​កំពង់​ត្រឡាច ខេត្ត​កំពង់ឆ្នាំ នៅ​ថ្ងៃ​ទី២៦ ខែ​មេសា ឆ្នាំ២០១៩ ដើម្បី​ស្នើសុំ​ឯកសារ​សម្រាប់​ដាក់​ជូន​សាលាដំបូង​រាជធានី​ភ្នំពេញ។
រូប៖ សហគមន៍ឡពាង

អ្នក​ភូមិ​ឡ​ពាង​ប្រមាណ ៣០នាក់ នៅ​ថ្ងៃ​ទី២៦ មេសា នាំ​គ្នា​ធ្វើ​ដំណើរ​តាម​គោយន្ត ​ទៅ​សាលា​ស្រុក​កំពង់​ត្រឡាច ដើម្បី​សុំ​អភិបាល​ស្រុក ផ្ដល់​ឯកសារ​ពី​កិច្ចព្រមព្រៀង​ជាមួយ​ក្រុម​ហ៊ុន ខេ.ឌី.ស៊ី កាល​ពី​ឆ្នាំ២០១៤ និង​ដោះស្រាយ​បញ្ហា​មួយ​ចំនួន ដែល​ពួក​គាត់​កំពុង​ប្រឈម។ អាជ្ញាធរ​ស្រុក​សន្យា​ថា នឹង​ចុះ​ទៅ​ដោះ​ស្រាយ​បញ្ហា​របស់​ប្រជា​ពលរដ្ឋ​នៅ​មូលដ្ឋាន​តាម​ការ​ស្នើសុំ ចំណែក​ឯកសារ​ដែល​ពលរដ្ឋ​ត្រូវ​ការ​វិញ គឺ​អាច​ទៅ​ស្នើ​សុំ​ពី​ថ្នាក់​ខេត្ត។

តំណាង​សហគមន៍​ឡ​ពាង លោកស្រី អ៊ុំ សុភី ថ្លែង​ថា ពួក​គាត់​ភាគ​ច្រើន​ជា​ស្ត្រី​វ័យ​ចាស់ ​ទៅ​រក​កិច្ច​អន្តរាគមន៍​ពី​សាលា​ស្រុក​កំពង់​ត្រឡាច​នេះ គឺ​ស្នើ​សុំ​បី​ចំណុច​សំខាន់ៗ ពី​អាជ្ញាធរ​ឲ្យ​ជួយ​ដោះ​ស្រាយ។ ក្នុង​សំណើ​នោះ មាន​ការ​សុំ​ចេញ​លិខិត​បញ្ជាក់​ពី​ភាព​ក្រីក្រ​ សុំ​ផ្ដល់​ឯកសារ​នៃ​កិច្ច​ព្រមព្រៀង​ជា​មួយ​ក្រុមហ៊ុន ខេ.ឌី.ស៊ី កាល​ពី ៥ឆ្នាំ​មុន ដើម្បី​យក​ទៅ​ដាក់​ជូន​តុលាការ​ក្រុង​ភ្នំពេញ ហើយ​នឹង​សុំ​ត​បណ្ដាញ​អគ្គិសនី​ប្រើប្រាស់។

លោក​ស្រី អ៊ុំ សុភី ឲ្យ​ដឹង​ថា ​អភិបាល​រង​ស្រុក​កំពង់​ត្រឡាច​ លោក សន សំអាត​ ទទួល​យក​សំណើ​ពលរដ្ឋ​ពី​ការ​ត​បណ្ដាញ​អគ្គិសនី​ប៉ុណ្ណោះ ចំណែក​ឯកសារ​ដែល​ពលរដ្ឋ​ត្រូវ​វិញ គឺ​គាត់​ឲ្យ​ពលរដ្ឋ​ទៅ​ស្នើ​សុំ​ពី​សាលាខេត្ត​កំពង់​ឆ្នាំង​វិញ៖ «គឺ​សួរ​ទៅ​លោក​អភិបាល​ស្រុក​ថា តើ​លោក​មាន​បាន​ដឹង​ទេ លុយ​ ៧ម៉ឺន​ដុល្លារ​ ដែល​ថា​ ខាង​ក្រុមហ៊ុន​សង​ដល់ ១១គ្រួសារ​សារ តើ​លោក​អភិបាល​ស្រុក​បាន​ដឹង​រឿង​ហ្នឹង​អត់ ហើយ​គាត់​ថា គាត់​អត់​ដឹង​ទេ។ ហើយ​ស្អី​ពី​ឆ្នាំ២០១៤ ហ្នឹង គាត់​ក៏​អត់​ដឹង​ដែរ។ គាត់​ថា​ស្រុក​មាន​ឈ្មោះ​គ្រាន់​តែ​ជា​អ្នក​រៀបចំ​ចាត់​ចែង​ទេ តែ​របាយការណ៍​អស់​ហ្នឹង​ ឲ្យ​ខ្ញុំ​ទៅ​សួរ​គេ​ខេត្ត​ទៀត។ គ្រាន់​តែ​ពួក​ខ្ញុំ​ថត​រូប​ហ្នឹង ក៏​លោក​អភិបាល​រង​ស្រុក​ ក៏​អត់​ឲ្យ​ថត​ដែរ»

ចំណែក​ពលរដ្ឋ​ម្នាក់​ទៀត គឺ​លោកស្រី គុល វណ្ណា ស្នើ​សុំ​អាជ្ញាធរ​ស្រុក​កំពង់​ត្រឡាច ជួយ​ចេញ​លិខិត​បញ្ជាក់​ពី​ភាព​ក្រីក្រ​ដល់​រូប​​គាត់​ ដែល​តុលាការ​បង្គាប់​ឲ្យ​បង់​ប្រាក់​ប្រដាប់​ក្ដី​៤០​ម៉ឺន​រៀល​ ប៉ុន្តែ​សំណើ​នេះ​ត្រូវ​លោក សន សំអាត​ បដិសេធ៖ «ខ្ញុំ​ទៅ​ឲ្យ​គាត់​ស៊ីញេ​ឲ្យ ថា​ខ្ញុំ​ជា​អ្នក​ក្រីក្រ ខ្ញុំ​រក​អត់​បាន​ ព្រោះ​អី​ប្ដី​ខ្ញុំ​ពាក់​លី។ ខ្ញុំ​ចិញ្ចឹម​កូន​ពិបាក​ណាស់។ ខ្ញុំ​អត់​មាន​លទ្ធភាព​បង់​ប្រាក់​ពាក្យ​បណ្ដឹង​ហ្នឹង​ទេ។ ឲ្យ​គាត់​ធ្វើ​ឲ្យ​ខ្ញុំ​ផង ហើយ​គាត់​អត់​ហ៊ាន​ធ្វើ»

អភិបាល​រង​ស្រុក​កំពង់​ត្រឡាច លោក សន សំអាត ប្រាប់​អាស៊ី​សេរី ថា ឯកសារ​នៃ​កិច្ច​ព្រមព្រៀង​កាល​ពី​ឆ្នាំ២០១៤​នោះ គឺ​ពលរដ្ឋ​អាច​ទៅ​រក​បាន​ពី​សាលា​ខេត្ត​កំពង់​ឆ្នាំង៖ «ខ្ញុំ​ប្រាប់​គាត់​ក្នុង​នាម​ប្រជា​ពលរដ្ឋ ថា បើ​បង​ចង់​បាន​ឯកសារ​គឺ​អត់​ពិបាក​ទេ បង​ ទៅ​ជួប​គណៈកម្មការ​ថ្នាក់​ខេត្ត​ទៅ ពី​ព្រោះ​នៅ​ក្នុង​សេចក្ដី​សម្រេច​គឺ​មាន​ឈ្មោះ​ពីណា​ៗ បង​ទៅ​ទាក់​ទង​ទៅ។ ព្រឹក​មិញ​នេះ ខ្ញុំ​បាន​ជួប​ជាមួយ​បង​ សុជាតា។ គាត់​ជា​ប្រធាន​មន្ទីរ​ទំនាក់​ទំនង​រដ្ឋសភា ព្រឹទ្ធសភា​នៅ​ខេត្ត គាត់​ថា ឯកសារ​នៅ​គាត់​ហ្នឹង គឺ​មាន។ ខ្ញុំ​បាន​បញ្ជាក់​ច្បាស់​ហើយ។ គាត់​បាន​ប្រាប់​ទៀត​ថា បើ​បង​ប្អូន​ប្រជា​ពលរដ្ឋ​ចង់​បាន​មិន​ពិបាក​ទេ គាត់​ឲ្យ​តុលាការ​ហ្នឹង ធ្វើ​តាម​នីតិវិធី​ផ្លូវ​ច្បាប់​ទៅ ស្នើ​សុំ​ទៅ​មន្ទីរ​ឬ​គណៈកម្មការ​ដែល​ដោះ​ស្រាយ​កាល​ពី​សម័យ​ឆ្នាំ២០១៤ ហ្នឹង​ទៅ»

ចំពោះ​ការ​ស្នើ​សុំ​បញ្ជាក់​ពី​ភាព​ក្រីក្រ​ លោក សន សំអាត ពន្យល់​ថា អាជ្ញាធរ​ស្រុក​មិន​បញ្ជាក់​ជូន​ពលរដ្ឋ​បាន​ទេ ព្រោះ​រឿង​នេះ​មាន​គណៈកម្មការ​ផែនការ និង​អាជ្ញាធរ​ថ្នាក់​ឃុំ​ គឺ​ជា​អ្នក​ចុះ​វាយ​តម្លៃ​ផ្ទាល់។ ចំណែក​រឿង​ស្នើ​សុំ​ត​ភ្លើង​អគ្គិសនី​ប្រើប្រាស់​វិញ លោក សន សំអាត ថា​នឹង​បញ្ជូន​ក្រុម​ការងារ​ទៅ​ពិនិត្យ​មើល​ជាក់​ស្ដែង​ ហើយ​ធ្វើ​របាយការណ៍​ដាក់​ទៅ​ខាង​អាជ្ញាធរ​អគ្គិសនី​កម្ពុជា៖ «ការ​ស្នើ​សុំ​ហ្នឹង​ គឺ​ខ្ញុំ​បាន​ទទួល​ហើយ។ ខ្ញុំ​នឹង​ដាក់​ជូន​លោក​អភិបាល​ស្រុក គាត់​នឹង​ជួយ​ចាត់​ចែង​កំណត់​គណៈកម្មការ​មួយ​ចុះ​ទៅ​ពិនិត្យ​មើល​លំនៅឋាន​របស់​ពួក​គាត់​ហ្នឹង ពិត​ជា​អត់មាន​ភ្លើង​មាន​អី ចាំ​យើង​ឲ្យ​ក្រុមហ៊ុន​ទៅ​ពិនិត្យ​ជាក់​ស្ដែង»

អ្នក​សម្របសម្រួល​សិទ្ធិមនុស្ស​នៃ​សមាគម អាដហុក ខេត្ត​កំពង់ឆ្នាំង លោក សុំ ច័ន្ទគា ឲ្យ​ដឹង​ថា ឯកសារ​កិច្ច​ព្រមព្រៀង​ឆ្នាំ២០១៤ ដែល​ពលរដ្ឋ​ចង់​បាន គឺ​មាន​នៅ​គណៈកម្មការ​ចម្រុះ​ដោះ​ស្រាយ​ដីធ្លី​ថ្នាក់​ខេត្ត និង​ភាគី​ក្រុមហ៊ុន ខេឌីស៊ី។ លោក សុំ ច័ន្ទគា ថា ពលរដ្ឋ​គួរ​ស្នើ​ទៅ​តុលាការ ដើម្បី​ឲ្យ​ភាគី​ណា​មួយ​បង្ហាញ​ឯកសារ​ទាំង​នោះ៖ «ភាគី​ពលរដ្ឋ​ហ្នឹង ត្រូវ​ធ្វើ​ពាក្យ​ស្នើ​ទៅ​ចៅក្រម​កាន់​រឿង​ហ្នឹង ឲ្យ​តុលាការ​ចេញ​ដីកា​បង្គាប់​ឲ្យ​គណៈកម្មការ​ចម្រុះ​ហ្នឹង ឲ្យ​ប្រធាន​ឬ​អនុ​ប្រធាន និង​ក្រុមហ៊ុន បង្ហាញ​ភស្តុតាង​នៃ​កិច្ច​ព្រមព្រៀង​ហ្នឹង។ បើ​គាត់​ទៅ​ទាមទារ​ពី​មេភូមិ ពី​ចៅហ្វាយ​ស្រុក​គឺ​អត់​មាន​ទេ»

តំណាង​សហគមន៍​ឡ​ពាង ៩នាក់​ បាន​ចូល​បំភ្លឺ​នឹង​ដាក់​ភស្តុតាង​បន្ថែម​តាម​ការ​កំណត់​របស់​ចៅក្រម​លោក លាង សំណាត់ កាល​ពី​ថ្ងៃ​ទី៧ ខែ​កុម្ភៈ ពាក់ព័ន្ធ​នឹង​បណ្ដឹង​មោឃភាព​កិច្ច​ព្រមព្រៀង​ជាមួយ​អ្នក​ស្រី ជា ខេង ភរិយា​លោក ស៊ុយ សែម រដ្ឋ​មន្ត្រី​រ៉ែ និង​ថាមពល ​កាល​ពី​ឆ្នាំ២០១៤ ប៉ុន្តែ​តុលាការ​ថា ភស្តុតាង​ដែល​ដាក់​នោះ គឺ​មិន​អាច​ទទួល​បាន ដោយសារ​តែ​ចុះ​ផ្សាយ​តាម​រយៈ​សារព័ត៌មាន​ក្នុង​ស្រុក។ ក្នុង​កិច្ច​ព្រមព្រៀង​នោះ​ លោក​ស្រី អ៊ុំ សុភី បញ្ជាក់​ថា មិន​បាន​និយាយ​អំពី​ការ​ទទួល​លុយ​ពី​ក្រុមហ៊ុន ជា​ថ្នូរ​នឹង​ការ​ដោះដូរ​ដីស្រែ​ចម្ការ​របស់​ពលរដ្ឋ​ឡើយ។

បន្ថែម​លើស​នេះ អ្នក​ឡ​ពាង​ជាង ៥០គ្រួសារ ដែល​មាន​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន ខេ.ឌី.ស៊ី ជាង​១៣ឆ្នាំ​មកនេះ ​ត្រូវ​បង់​ប្រាក់​ប្រដាប់​ក្ដី​ក្រៅ​ពន្ធ​ចូល​តុលាការ ៤០ម៉ឺន​រៀល​ក្នុង​មួយ​គ្រួសារ បន្ទាប់​ពី​ទទួល​ដី​កា​បង្គាប់​ពី​តុលាការ​ក្រុង​ភ្នំពេញ។ ប៉ុន្តែ​អ្នក​ឡ​ពាង​ថា ពួក​គាត់​គ្មាន​លទ្ធភាព​បង់​ប្រាក់​ដ៏​ច្រើន​បែប​នេះ ទៅ​តាម​ការ​កំណត់​របស់​តុលាការ​បាន​ទេ ដោយសារ​តែ​ជីវភាព​ខ្វះខាត។ ពួកគាត់​ស្នើ​សុំ​សប្បុរស​ជន​ក្នុង​ប្រទេស និង​នៅ​ក្រៅ​ប្រទេស ជួយ​ដល់​ពួក​គាត់​ ដើម្បី​ឲ្យ​បាន​តតាំង​ក្ដី​ក្នុង​រឿង​ទាម​ទារ​ដីធ្លី​ពី​ក្រុមហ៊ុន ខេ.ឌី.ស៊ី របស់​អ្នក​ស្រី ជា ខេង ដ៏​មាន​ឥទ្ធិពល និង​ជា​ប្រពន្ធ​របស់​រដ្ឋ​មន្ត្រី​រ៉ែ​និង​ថាមពល ដែល​ស្និទ្ធ​នឹង​គ្រួសារ​លោក ហ៊ុន សែន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល