សង្គម​ស៊ីវិល៖ ការ​ដក​ហូត​ដី​សម្បទាន​សេដ្ឋកិច្ច​មិន​អាច​កាត់​បន្ថយ​ជម្លោះ​ដី​ធ្លី

ដោយ អាន ស៊ីថាវ
2014-12-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ស្ថានភាព​ប្រឈម​មុខ​ដាក់​គ្នា​រវាង​ប្រជាពលរដ្ឋ​ភូមិ​ឡពាង និង​ក្រុម​កម្មករ​ស៊ី​ឈ្នួល​ក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) ខេត្ត​កំពង់ឆ្នាំង នៅ​ថ្ងៃ​ទី​១៧ ខែ​កក្កដា ឆ្នាំ​២០១៤។
ស្ថានភាព​ប្រឈម​មុខ​ដាក់​គ្នា​រវាង​ប្រជាពលរដ្ឋ​ភូមិ​ឡពាង និង​ក្រុម​កម្មករ​ស៊ី​ឈ្នួល​ក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) ខេត្ត​កំពង់ឆ្នាំង នៅ​ថ្ងៃ​ទី​១៧ ខែ​កក្កដា ឆ្នាំ​២០១៤។
RFA/Chin Chetha

រាជរដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស​ដក​ហូត​ដី​សម្បទាន​សេដ្ឋកិច្ច​​​​ចំនួន​​ជិត​ ៦​ម៉ឺន​ហិកតារ​​ មក​​ជា​សម្បត្តិ​រដ្ឋ​វិញ​ បន្ទាប់​ពី​ក្រុមហ៊ុន​​​ទាំង​នោះ​មិន​បាន​បំពេញ​លក្ខខណ្ឌ​ត្រឹម​ត្រូវ​ដែល​ក្រសួង​បាន​កំណត់។ ប៉ុន្តែ​អង្គការ​សង្គម​​ស៊ីវិល​​ដែល​ស៊ើប​អង្កេត​បញ្ហា​ដីធ្លី​នៅ​កម្ពុជា អះអាង​ថា​ វិធានការ​របស់​​រាជ​រដ្ឋាភិបាល​នៅ​ពេល​នេះ ​គឺ​គ្មាន​ប្រយោជន៍ ឬ​​​ធ្វើ​​គ្រាន់​តែ​ឲ្យ​ល្អ​មើល​ប៉ុណ្ណោះ។

ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ ​​បាន​ស៊ើប​អង្កេត​ក្រុមហ៊ុន ១៣ ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​​ពី​រាជរដ្ឋាភិបាល​កន្លង​មក ក្នុង​នោះ​ក្រុមហ៊ុន​ចំនួន​ ៥​ ត្រូវ​រក​ឃើញ​ថា​ មាន​ជាប់​ពាក់ព័ន្ធ​នឹង​​ ការ​មិន​គោរព​ទៅ​តាម​កិច្ច​សន្យា​​របស់​ខ្លួន និង​​​អនុវត្ត​ប្រាសចាក​ពី​គោលការណ៍​អភិវឌ្ឍ​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​រាជរដ្ឋាភិបាល​កម្ពុជា។

អនុ​រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ លោក អ៊ាង សុផល្លែត មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៩ ធ្នូ ​ថា​ រាជរដ្ឋាភិបាល​បាន​រឹប​អូស​មក​វិញ​នូវ​ដី​សម្បទាន​សេដ្ឋកិច្ច​ចំនួន​​ជិត ៦​ម៉ឺន​ហិកតារ​ពី​ក្រុមហ៊ុន​ចំនួន ៥ ដែល​ពុំ​​បាន​បំពេញ​លក្ខខណ្ឌ​គ្រប់​ជ្រុង​ជ្រោយ ​ដែល​រាជរដ្ឋាភិបាល​បាន​កំណត់។ លក្ខខណ្ឌ​សំខាន់​​ទាំង​នោះ​រួម​មាន​​ឯកសារ​វាយ​តម្លៃ​ផល​ប៉ះពាល់​​លម្អិត​ទាំង​បរិស្ថាន ​និង​សង្គម ​​​និង​របាយការណ៍​វាយ​តម្លៃ​អំពី​ទំហំ​ដី​ពិត​ប្រាកដ​ដើម្បី​យក​ទៅ​ស្នើ​សុំ​ប្លង់​កម្មសិទ្ធិ​ដី​ធ្លី​ពី​រាជរដ្ឋាភិបាល​កម្ពុជា ជា​ដើម។ លោក​បញ្ជាក់​ថា​ ការ​បំពេញ​ឯកសារ​ត្រឹម​ត្រូវ គឺ​ជួយ​​កាត់​បន្ថយ​ជម្លោះ។

លោក អ៊ាង សុផល្លែត ​មាន​ប្រសាសន៍​បន្ថែម​​​ទៀត​ថា រាជរដ្ឋាភិបាល​កម្ពុជា នឹង​ដក​ហូត​ដី​សម្បទាន​សេដ្ឋកិច្ច​​ពី​ក្រុមហ៊ុន​ផ្សេង​ទៀត ​ប្រសិន​​បើ​រក​ឃើញ​ថា​ ក្រុមហ៊ុន​នោះ​មិន​គោរព​​តាម​បទប្បញ្ញត្តិ​របស់​រដ្ឋាភិបាល។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ​ប្រធាន​អង្គការ​កិច្ចការ​ពិសេស​សិទ្ធិមនុស្ស​កម្ពុជា លោក អ៊ូច ឡេង មាន​ប្រសាសន៍​ថា ការ​ហូត​មក​វិញ​នូវ​ដី​សម្បទាន​សេដ្ឋកិច្ច​​របស់​រាជរដ្ឋាភិបាល​​នៅ​ពេល​នេះ គឺ​ជា​រឿង​គ្មាន​ប្រយោជន៍ ដោយសារ​តែ​ជម្លោះ​ដី​​ធ្លី​នៅ​តែ​កើត​មាន​ដដែល។ ម៉្យាង​វិញ​ទៀត​ ​ដី​សម្បទាន​សេដ្ឋកិច្ច​​ទាំង​នោះ ​គឺ​ប្រភេទ​ដី​ដែល​ប្រើ​​ការ​មិន​កើត ដោយសារ​តែ​ក្រុមហ៊ុន​ទាំង​នោះ បាន​ជីក​យក​រ៉ែ ឬ​កាប់​បំផ្លាញ​ព្រៃឈើ​ស្ទើរ​តែ​ទាំង​ស្រុង។ លោក​បញ្ជាក់​ទៀត​ថា រាជរដ្ឋាភិបាល​កម្ពុជា ហាក់​មាន​សមត្ថភាព​តិចតួច​ក្នុង​ការ​ស៊ើប​អង្កេត​ប្រសិទ្ធភាព​​នៃ​ប្រើប្រាស់​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​ក្រុមហ៊ុន​ជា​ច្រើន​បាន​យក​ទៅ​អភិវឌ្ឍ​ដើម្បី​ប្រយោជន៍​ជាតិ៖ «ខ្ញុំ​មិន​ស្អប់​ពាក្យ​អភិវឌ្ឍន៍​​ទេ គឺ​ខ្ញុំ​ស្រឡាញ់ ប៉ុន្តែ​ក្រុមហ៊ុន​ដែល​ទទួល​បាន​ដី​សម្បទាន​​សេដ្ឋកិច្ច​កន្លង​មក គឺ​តែង​គិត​​អំពី​ប្រយោជន៍​ផ្ទាល់​ខ្លួន»

បន្ថែម​លើ​នេះ អ្នក​សម្រប​សម្រួល​ផ្នែក​កំណែទម្រង់​នៅ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក វ៉ាន់ សុផាត ​មាន​ប្រសាសន៍​ថា​ ការ​​ដក​ក្រុមហ៊ុន​សម្បទាន​ដី​​សេដ្ឋកិច្ច​ពី​ក្រុមហ៊ុន​​​នានា​កន្លង​មក​ គឺ​មិន​មែន​ជា​ដំណោះ​ស្រាយ​​កាត់​បន្ថយ​ជម្លោះ​ដី​ធ្លី​នោះ​ទេ។ ​ការ​ដក​ដី​សម្បទាន​សេដ្ឋកិច្ច​មក​វិញ​នោះ គឺ​រាជរដ្ឋាភិបាល​​តែង​​អនុវត្ត​ទៅ​លើ​ដី​ដែល​គ្មាន​ជម្លោះ។ លោក​បញ្ជាក់​​ទៀត​ថា រឿង​ដែល​សោក​ស្ដាយ​បំផុត​នោះ គឺ​​មាន​​ការ​លួច​ចេញ​ប្លង់​កម្មសិទ្ធិ​នៅ​ពេល​​​ដី​នោះ​មិន​ទាន់​ដោះស្រាយ​ចប់​​នៅ​ឡើយ។

របាយការណ៍​របស់​សមាគម​អាដហុក (Adhoc) ស្ដីពី​ស្ថានភាព​ដីធ្លី​ប្រចាំ​ឆ្នាំ​២០១៤ បាន​បង្ហាញ​ថា គិត​ត្រឹម​ឆ្នាំ​២០១២ រដ្ឋាភិបាល​បាន​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ជាង ២.៦​លាន​ហិកតារ (២.៦៥៧.៤៧០) ដល់​ក្រុមហ៊ុន​ឯកជន។ ប៉ុន្តែ​ការ​ផ្ដល់​សម្បទាន​សេដ្ឋកិច្ច​បង្ក​ឲ្យ​ជម្លោះ​ដីធ្លី និង​ចាប់​ចង​ប្រជាពលរដ្ឋ​ដាក់​នៅ​ក្នុង​ពន្ធនាគារ​ជា​បន្តបន្ទាប់ ក្នុង​នោះ​ចាប់​តាំង​ពី​ឆ្នាំ​២០០០ មក​ដល់​ឆ្នាំ​២០១៣ មាន​ប្រជាពលរដ្ឋ​ជិត ៨​សែន​នាក់ ឬ​ស្មើ​នឹង ៦% នៃ​ចំនួន​ប្រជាជន​សរុប ត្រូវ​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដោយសារ​ការ​ទន្ទ្រាន​ដីធ្លី​ពី​ឈ្មួញ និង​មន្ត្រី​មាន​អំណាច។

ក្រុម​អ្នក​មាន​អំណាច​ទាំង​នោះ​ ​រាប់​តាំង​ពី​អ្នក​មាន​ងារ​ជា​ឧត្ដមសេនីយ៍ សមាជិក​សភា ព្រឹទ្ធសភា និង​ងារ​ជា​ឯកឧត្ដម ដែល​​គ្រប់គ្រង​ដី​បង្កបង្កើនផល​​នៅ​កម្ពុជា​​ ប្រមាណ ៨០%៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

ការដកដីសម្បទានពីក្រុមហ៊ុនដែលធ្វើខុសលក្ខខណ្ឌនោះ តើមានវិធានការតឹងរឹងដាក់ទោសតាមច្បាប់ទេ? តើអ្នកណាទទួលខុសត្រូវលើព្រែឈើ​ និងធនធានរ៉ែដែលបាត់បង់?

Jan 03, 2015 01:55 AM

គេហទំព័រ​ទាំងមូល