សាសនិក​ឥស្លាម​ស្នើ​លោក ហ៊ុន សែន អន្តរាគមន៍​រឿង​ធ្វើ​ផ្លូវ​កាត់​ដី​វិហារ​នៅ​តំបន់​បឹងកក់

ដោយ រ៉ាន់ សំណាង
2016-12-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សាសនិក​ឥស្លាម​តវ៉ា​ប្រឆាំង​ការ​ធ្វើ​ផ្លូវ​កាត់​វិហារ​នៅ​តំបន់​បឹងកក់ នៅ​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Rann Samnang
សាសនិក​ឥស្លាម​តវ៉ា​ប្រឆាំង​ការ​ធ្វើ​ផ្លូវ​កាត់​វិហារ​នៅ​តំបន់​បឹងកក់ នៅ​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Rann Samnang
RFA/Rann Samnang

សាសនិក​ឥស្លាម​រាប់​រយ​នាក់ ​ប្រមូល​ផ្ដុំ​គ្នា​មុខ​វិហារ​នៅ​តំបន់​បឹងកក់ ស្នើ​សុំ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ​ឲ្យ​ជួយ​ធ្វើ​អន្តរាគមន៍​ទប់​ស្កាត់​គម្រោង​បើក​ផ្លូវ​កាត់​ដី​វិហារ​អាល់សាកាល់ ដែល​ជា​ទី​កន្លែង​សម្រាប់​គោរព​ប្រណិប័តន៍​របស់​សាសនិក​ឥស្លាម។ ការ​ប្រមូល​ផ្ដុំ​គ្នា​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​ពួកគេ​ធ្វើ​ពិធី​ថ្វាយ​បង្គំ​ព្រះ​អាល់ឡោះ តាម​បែប​សាសនា​ឥស្លាម នៅ​រសៀល​ថ្ងៃ​ទី​៣០ ខែ​ធ្នូ។

ក្នុង​ពេល​ប្រមូល​ផ្ដុំ​គ្នា​ដែល​មាន​តែ​ក្រុម​មិន​គាំទ្រ​ឲ្យ​ធ្វើ​ផ្លូវ​កាត់​ដី​បរិវេណ​វិហារ អ្នក​ខ្លះ​លើក​រូប​លោក ហ៊ុន សែន លាយឡំ​នឹង​សម្រែក​គាំទ្រ​បក្ស​ប្រជាជន​កម្ពុជា របស់​លោក ហ៊ុន សែន។ ចំណែក​អ្នក​ខ្លះ​ទៀត កាត់​បដា​សរសេរ​ថា "សម្ដេច ហ៊ុន សែន ​និង​សាសនិក​ខ្មែរ​ឥស្លាម​គឺ​តែមួយ"។

មន្ត្រី​រដ្ឋាភិបាល​ដែល​មិន​គាំ​​គម្រោង​ធ្វើ​ផ្លូវ​នេះ លោក អះម៉ាត់ យ៉ះយ៉ា ជា​រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច អតីត​យុវជន និង​យុវនីតិសម្បទា និយាយ​ថា លោក​មិន​ប្រឆាំង​នឹង​គម្រោង​​ធ្វើ​ផ្លូវ​ទេ តែ​លោក​គ្រាន់​តែ​ទទូច​សុំ​ឲ្យ​សាលា​ក្រុង​ភ្នំពេញ ធ្វើ​ផ្លូវ​វាង​តាម​របង​ព្រះ​វិហារ​ឥស្លាម​វិញ។ ចំណែក​ពលរដ្ឋ​ខ្មែរ​ឥស្លាម​ស្រែក​គាំទ្រ​បក្ស​ប្រជាជន លោក អះម៉ាត់ យ៉ះយ៉ា ថា នោះ​គឺ​ជា​សិទ្ធិ​នយោបាយ​របស់​ពួកគេ៖ «តាម​ការ​ពិត​ គេ​ចោទ​ពួកគេ​ខ្ញុំ ថា​ជា​ពួក​ប្រឆាំង។ តាម​ការ​ពិត​ទៅ គេ​មិន​មែន​ពួក​ប្រឆាំង​ទេ ហៅ​ថា​ពួក​ទទូច ទទូច​អង្វរ​ករ​សាលាក្រុង​ភ្នំពេញ រដ្ឋអំណាច​ឲ្យ​ធ្វើ​វៀង​ទៅ កុំ​ឲ្យ​ប៉ះពាល់​ដល់​វិហារ​របស់​ខ្ញុំ​តែ​ប៉ុណ្ណឹង។ ពួក​ខ្ញុំ​មិន​មែន​ពួក​ប្រឆាំង​ទេ។ ខ្ញុំ​រដ្ឋ​លេខាធិការ​មួយ រឿង​អី​ខ្ញុំ​ទៅ​ប្រឆាំង​នឹង​រដ្ឋាភិបាល ប៉ុន្តែ​ខ្ញុំ​តស៊ូ​មតិ ខ្ញុំ​ទទូច​ឲ្យ​បង​ប្អូន​យើង ទទូច​ឲ្យ​ធ្វើ​តាម​របង​ទៅ​គ្រាន់​តែ​ប៉ុណ្ណឹង​ទេ»

កាល​ពី​ថ្ងៃ​ទី​២៣ ខែ​ធ្នូ សាសនិក​ឥស្លាម​រាប់​រយ​នាក់ នាំ​គ្នា​វាយ​កម្ទេច​របង​បាំង​សម្រាប់​គ្រឿងចក្រ​ឈូស​ឆាយ​ធ្វើ​ផ្លូវ​កាត់​ក្នុង​បរិវេណ​វិហារ​បឹងកក់ បន្ទាប់​ពី​ថ្វាយ​បង្គំ​វេលា​ម៉ោង​ជាង ១២​ថ្ងៃ​ត្រង់​នៅ​វិហារ​អាល់សាកាល់ ក្នុង​តំបន់​បឹងកក់ ដែល​ខាង​សាលា​រាជធានី​ភ្នំពេញ បាន​ធ្វើ​របង​បាំង​នេះ​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​ធ្នូ។

គម្រោង​បើក​ផ្លូវ​កាត់​ដី​វិហារ​បឹងកក់ ថ្មី​នេះ គឺ​មាន​ទទឹង ២០​ម៉ែត្រ ទ្រូង​ផ្លូវ ១៦​ម៉ែត្រ ចិញ្ចើម​ផ្លូវ​ម្ខាងៗ ២​ម៉ែត្រ និង​បណ្ដោយ​ជាង ២០០​ម៉ែត្រ។ គម្រោង​សាងសង់​ផ្លូវ​ឆ្លង​កាត់​របង​វិហារ​ឥស្លាម គឺ​ដើម្បី​ត​ភ្ជាប់​ទៅ​នឹង​ដី​របស់​ក្រុមហ៊ុន​ស៊ូកាគូ (Shukaku)៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

បើំសំដាចម៍មិនជួយទេ ទាល់តែហៅ isis មកហើយ

Dec 30, 2016 09:14 AM

គេហទំព័រ​ទាំងមូល