សាលា​ក្រុង​ទុក​ពេល​ឲ្យ​ជនជាតិ​ចាម​បន្ត​ចរចា​រឿង​សង់​ផ្លូវ​កាត់​វិហារ​នៅ​បឹងកក់

ដោយ សាន សែល
2016-12-26
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ជនជាតិ​ចាម ជួបជុំ​គ្នា​ពិភាក្សា​ពី​ផែនការ​សង់​ផ្លូវ​ពុះ​កាត់​របង​វិហារ​ចាម​នៅ​តំបន់​បឹងកក់ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/San Sel
ជនជាតិ​ចាម ជួបជុំ​គ្នា​ពិភាក្សា​ពី​ផែនការ​សង់​ផ្លូវ​ពុះ​កាត់​របង​វិហារ​ចាម​នៅ​តំបន់​បឹងកក់ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/San Sel
RFA/San Sel

សាលា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៦ ធ្នូ ទុក​ពេល​បន្ថែម​ទៀត​ឲ្យ​ជនជាតិ​ចាម ពិភាក្សា​គ្នា​រឿង​ផែនការ​សង់​ផ្លូវ​ពុះ​កាត់​របង​វិហារ​មូស្លីម​នៅ​តំបន់​បឹងកក់ រាជធានី​ភ្នំពេញ។ ការ​សម្រេច​របស់​សាលា​រាជធានី​ភ្នំពេញ​នេះ កើត​ឡើង​បន្ទាប់​ពី​គណៈ​ដឹកនាំ​ជាន់​ខ្ពស់​នៃ​សាសនា​ឥស្លាម​កម្ពុជា មេ​ដឹកនាំ​វិហារ​នៅ​តាម​ខេត្ត និង​តំណាង​រដ្ឋាភិបាល ជួប​ប្រជុំ​គ្នា​សម្រេច​អនុម័ត​គាំទ្រ​ឲ្យ​ពុះ​ផ្លូវ​ក្នុង​បរិវេណ​វិហារ​ឥស្លាម​បឹងកក់​នេះ។

ហាកឹម ឬ​អ្នក​គ្រប់គ្រង​ភូមិ​ផ្នែក​សាសនា​មក​ពី​ខេត្ត ខ្លះ​បាន​ដឹង​ពី​របៀបវារៈ​នៃ​ការ​ជួបជុំ តែ​ខ្លះ​មិន​បាន​ដឹង​នោះ​ទេ ដោយ​គ្រាន់​តែ​ដឹង​ថា គេ​ឲ្យ​មក​ប្រជុំ​ប្រចាំ​ឆ្នាំ។ មេ​វិហារ​ខ្លះ​មិន​ចូលរួម​ប្រជុំ​ទេ ដើម្បី​បង្ហាញ​ពី​ការ​មិន​គាំទ្រ។

ទោះ​បី​ជា​យ៉ាង​ណា គេ​មិន​ឲ្យ​ចំណុះ​វិហារ​បឹងកក់​ដែល​ជា​អ្នក​ចេញ​ប្រឆាំង​នឹង​គម្រោង​នេះ ចូល​ប្រជុំ​បញ្ចេញ​យោបល់​លើ​បញ្ហា​នេះ​ឡើយ។

អ្នក​រៀបចំ​ការ​ពិភាក្សា​នេះ ចាត់​ទុក​ថា ចំណុះ​វិហារ​បឹងកក់​ទាំងនេះ​មិន​មាន​សិទ្ធិ​គ្រប់គ្រាន់​ដើម្បី​ចូលរួម ដោយសារ​ពួក​គេ​មិន​ត្រូវ​បាន​តែងតាំង​ដោយ​ថ្នាក់​ដឹកនាំ​សាសនា​ឥស្លាម​នោះ​ទេ។

សាលា​រាជធានី​ភ្នំពេញ និង​អ្នក​គាំទ្រ​គម្រោង​នេះ ដែល​ដឹកនាំ​ដោយ​លោក អូស្មាន ហាស្សាន់ ពន្យល់​ដល់​ហាកឹម ឬ​មេ​វិហារ​នៅ​តាម​មូលដ្ឋាន​មក​ពី​ទូទាំង​ប្រទេស​ជាង ៤០០​នាក់​ថា ការ​ពុះ​វិហារ​ធ្វើ​ផ្លូវ​នេះ ផ្តល់​ប្រយោជន៍​ដល់​សាធារណជន ដូចជា​បើក​ផ្លូវ​ថ្មី​សម្រាប់​ធ្វើ​ដំណើរ កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍ និង​សាងសង់​លូ​អម​តាម​ផ្លូវ​កាត់​បន្ថយ​ទឹក​ជន់​លិច។

ក៏ប៉ុន្តែ​អ្នក​តែង​ទៅ​ថ្វាយ​បង្គំ​នៅ​វិហារ​បឹងកក់ ប្រឆាំង​នឹង​គម្រោង​នេះ ដោយ​ពួក​គេ​អះអាង​ថា ការ​សង់​ផ្លូវ​នេះ គឺ​បំពាន​លើ​ដី​របស់​ព្រះ ហើយ​ដី​មួយ​ចំណែក​ដែល​សល់​ពី​ការ​ពុះ​ច្រៀក​ដី​វិហារ អាច​នឹង​ត្រូវ​មេ​ដឹកនាំ​គាំទ្រ​ការ​សង់​ផ្លូវ យក​ទៅ​ធ្វើ​សម្បត្តិ​ឯកជន។ ពួក​គេ​បន្ត​ថា មិន​ប្រឆាំង​នឹង​គម្រោង​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល​នោះ​ទេ តែ​ចង់​ឃើញ​ការ​អនុវត្ត​គម្រោង​ឲ្យ​មាន​តម្លាភាព។

ទាំង​លោក ឃួង ស្រេង អភិបាល​ស្តីទី​សាលា​រាជធានី​ភ្នំពេញ និង​លោក អូស្មាន ហាស្សាន់ បញ្ជាក់​ថា ចំណែក​ដី​នៅ​ម្ខាង​នៃ​ផ្លូវ​ថ្មី​ដែល​គ្រោង​សង់​នោះ មិន​បាត់​មួយ​មិល្លីម៉ែត្រ​នោះ​ទេ។ លោក អូស្មាន ឲ្យ​ដឹង​ថា ដី​នោះ​នឹង​ត្រូវ​សាងសង់​ជា​កន្លែង​សម្រាប់​និស្សិត​ស្នាក់នៅ។ ក៏ប៉ុន្តែ​លោក​ធ្លាប់​បញ្ជាក់​ថា ដី​នោះ​នឹង​យក​ទៅ​ធ្វើ​ខុនដូ (Condo)

លោក ឃួង ស្រេង ថ្លែង​ថា បើ​ទោះ​ជា​ក្រុម​មេ​ដឹកនាំ​សាសនា​ឥស្លាម បាន​អនុម័ត​គាំទ្រ​លើ​គម្រោង​នេះ​ក្តី សាលា​រាជធានី​ភ្នំពេញ​នឹង​បន្ត​ទទួល​យក​បណ្ដឹង​ពី​ក្រុម​អ្នក​ប្រឆាំង​នឹង​គម្រោង​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

Youn took Champa centurie agao, now Yuon tried to Eliminate our beleive "Buddhism or " Moslem " Via Puppet Regime led by the Crook CPP which was founded by Yuon Hochimin. Peil Velea Dul Heuy Baung Baun Khmer-Cham Euy please Krok Leung Kroop Knea to Liberate Our Cambodia From Yuon.

Dec 26, 2016 10:03 AM

គេហទំព័រ​ទាំងមូល