តុលាការ​ដោះលែង​​អ្នក​មាន​ជម្លោះ​ដីធ្លី ៣នាក់ តែ​ដាក់​ឱ្យ​ស្ថិត​​ក្រោម​​ការ​​ត្រួត​​ពិនិត្យ​​តាម​​ផ្លូវ​​ច្បាប់

ដោយ វ៉ែន សុមេធ
2020-01-07
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ក្រុម​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ដាក់​គ្រឿងចក្រ​​​ចុះ​ឈូស​ភ្ទះ​​ពលរដ្ឋ​ នៅ​លើ​ដី​មាន​​បញ្ហា ​ភូមិ​ស្មាច់ដែង ឃុំ​រាម ស្រុក​ព្រៃនប់ ដែល​បង្ក​ឱ្យ​ប្រឈម​មុខ​គ្នា និង​មាន​អំពើ​ហិង្សា ​កាល​​ថ្ងៃ​​ទី៣ ខែ​​មករា ឆ្នាំ២០២០។
ក្រុម​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ដាក់​គ្រឿងចក្រ​​​ចុះ​ឈូស​ភ្ទះ​​ពលរដ្ឋ​ នៅ​លើ​ដី​មាន​​បញ្ហា ​ភូមិ​ស្មាច់ដែង ឃុំ​រាម ស្រុក​ព្រៃនប់ ដែល​បង្ក​ឱ្យ​ប្រឈម​មុខ​គ្នា និង​មាន​អំពើ​ហិង្សា ​កាល​​ថ្ងៃ​​ទី៣ ខែ​​មករា ឆ្នាំ២០២០។
រូប៖ ពលរដ្ឋ

តុលាការ​ខេត្ត​ព្រះសីហនុ សម្រេច​ដោះ​លែង​ពលរដ្ឋ​មាន​ជម្លោះដីធ្លី៣នាក់ឲ្យទៅផ្ទះវិញ ប៉ុន្តែ​ដាក់​ពួក​គេ​ឲ្យ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ។ អ្នក​សម្របសម្រួល​សមាគម អាដហុក (Adhoc) ប្រចាំ​ខេត្ត​ព្រះសីហនុ អ្នកស្រី ជៀប សុធារី ឲ្យ​អាស៊ី​សេរី​ដឹង​ថ្ងៃ​ទី៧ ខែ​មករា​ថា ការ​ដាក់​ឲ្យ​ស្ថិត​ក្នុង​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​ច្បាប់​បែប​នេះ គឺ​ពលរដ្ឋ​ត្រូវ​ទៅ​បង្ហាញ​ខ្លួន​នៅ​មុខ​សមត្ថកិច្ច ឬ​តុលាការ នៅ​ពេល​មាន​ការ​កោះ​ហៅ និង​សេរីភាព​មួយ​ចំនួន​ទៀត ត្រូវ​បាន​រឹតត្បិត។ អ្នកស្រី ឲ្យ​ដឹង​ទៀត​ថា អ្នកស្រី​បាន​ព្យាយាម​ចុះ​ទៅ​អង្កេត​នៅ​កន្លែង​មាន​ជម្លោះ ប៉ុន្តែ សមត្ថកិច្ច​មិន​អនុញ្ញាត​ឲ្យ​ចូល​ទៅ​នោះ​ទេ ដែល​ធ្វើឲ្យ​អ្នកស្រី សង្ស័យ​ថា ថា អាច​មាន​រឿង​អ្វី​ដែល​សមត្ថកិច្ច​ព្យាយាម​លាក់បាំង៖ «តំបន់​គឺ​អត់​អាច​ចូល​បាន​ទេ សូម្បី​តែ​ខ្ញុំ​ទៅ​ពី​ព្រឹក​មិញ​ក៏​គេ (សមត្ថកិច្ច) អត់​ឲ្យ​ចូល​ដែរ យើង​យល់​ថា នេះ​ជា​ការ​ព្រួយ​បារម្ភ​ដែរ ខ្ញុំ​ជួប​ពួក​គាត់​ទៅ​ថា ពួក​គាត់​កូន​ឈឺ​កូន​អី​ក៏​អត់​បាន​ថ្នាំ​ទេ»

ពលរដ្ឋ​ទាំង ៣នាក់ ត្រូវ​បាន​សមត្ថកិច្ច​ចោទ​ប្រកាន់​ថា បាន​បង្ក​ហិង្សា​លើ​មន្ត្រី​អនុវត្ត​ច្បាប់។ សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ បាន​ឃាត់​ខ្លួន​ពលរដ្ឋ​ជា​បន្ត​បន្ទាប់​សរុប​ចំនួន ២១នាក់ ក្រោយ​កើត​មាន​អំពើ​ហិង្សា​រវាង​សមត្ថកិច្ច​ចម្រុះ និង​ពលរដ្ឋ​ក្នុង​តំបន់ តាបិន ជ្រលង​ភ្នំ​ត្បែង  ស្ថិត​ក្នុង​ភូមិ​ស្មាច់ដែង ឃុំ​រាម ស្រុក​ព្រៃនប់ កាល​ពី​ថ្ងៃ​ទី៣ ខែ​មករា។ ពលរដ្ឋ និង​មន្ត្រី​សង្គម​ស៊ីវិល​ថា សមត្ថកិច្ច​នៅ​តែ​ឃ្លាំមើល​នៅ​កន្លែង​មាន​ជម្លោះ ហើយ​បើ​មាន​ពលរដ្ឋ​រូប​ណា​ហ៊ាន​ចេញ​ពី​តំបន់​ដី​នោះ នឹង​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន ហើយ​ពេល​នេះ​ក៏​មាន​ពលរដ្ឋ​ខ្លះ​មាន​ជំងឺ​ថែម​ទៀត​ផង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល