រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ព្រមាន​ជាថ្មី​ថា នឹង​រុះ​តូប​អាជីវករ​លក់ដូរ​តាម​ឆ្នេរ​អូរត្រេះ

ដោយ អាស៊ីសេរី
2020-01-15
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អភិបាល​ខេត្ត​ព្រះសីហនុ លោក គួច ចំរើន ក្នុង​ពិធី​ប្រកាស​ចូល​កាន់​ដំណែង​របស់​ខ្លួន កាល​ពី​ថ្ងៃ​ទី២៩ ខែ​មិថុនា ឆ្នាំ​២០១៩។
អភិបាល​ខេត្ត​ព្រះសីហនុ លោក គួច ចំរើន ក្នុង​ពិធី​ប្រកាស​ចូល​កាន់​ដំណែង​របស់​ខ្លួន កាល​ពី​ថ្ងៃ​ទី២៩ ខែ​មិថុនា ឆ្នាំ​២០១៩។
រូប​រដ្ឋបាល​ខេត្ត​ព្រះសីហនុ

រដ្ឋបាល​ខេត្ត​ព្រះសីហនុ​បាន​ព្រមាន​ជាថ្មី​ថា នឹង​រុះ​តូប​អាជីវករ​លក់ដូរ​តាម​ឆ្នេរ​អូរត្រេះ​ក្នុង​ខេត្ត​នេះ ប្រសិន​បើ​ពលរដ្ឋ​មិន​ព្រម​រុះរើ​ចេញ​តាម​សំណើ​របស់​រដ្ឋបាល​ខេត្ត​។

សេចក្ដី​ប្រកាស​ព័ត៌មាន​ចុះ​កាល​ថ្ងៃ​ទី​១៣ ខែ​មករា លើកឡើង​ថា ពេល​នេះ​មាន​ពលរដ្ឋ​លក់ដូរ​នៅ​តាម​ឆ្នេរ​អូរ​ឈើទាល (អតីត​អារីស្តុន) បាន​យល់ព្រម​រុះរើ​តូប​របស់​ខ្លួន​ចេញ​ដោយ​គ្មាន​ការ​តវ៉ា​នោះ​ទេ ដោយឡែក​នៅតែ​អាជីវករ​លក់ដូរ​តាម​ឆ្នេរ អូរត្រេះ​១ និង​អូរត្រេះ​២ ក្នុង​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ មិនទាន់​រុះរើ​តូប រោង និង​ស្តង់​លក់ដូរ​របស់​ខ្លួន​ចេញ តាម​លិខិត​ជូនដំណឹង​ចុះ​ថ្ងៃ​ទី​៤ ខែ​ធ្នូ ឆ្នាំ​២០១៩ របស់​រដ្ឋបាល​ខេត្ត​នៅ​ឡើយ​ទេ។

រដ្ឋបាល​ខេត្ត​អះអាង​ថា ការ​មិន​អនុញ្ញាត​ពលរដ្ឋ​បន្ត​លក់ដូរ​នៅ​លើ​ឆ្នេរ​អូរ​ឈើទាល និង​ឆ្នេរ​អូរត្រេះ ព្រោះ​អាជ្ញាធរ​ខេត្ត​ត្រូវ​រៀបចំ​សណ្ដាប់ធ្នាប់ របៀបរៀបរយ កែ​លម្អ​សោភ័ណភាព​ឆ្នេរ រក្សា​ទុកជា​ឆ្នេរ​សាធារណៈ និង​ជា​សម្បត្តិ​រួម​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ​មក​ទស្សនា​កម្សាន្ត។

ការ​ព្រមាន​ជាថ្មី​របស់​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ដូច្នេះ ខណៈ​ក្រុម​អាជីវករ​ទាំង​៦២​តូប នៅ​ឆ្នេរ​អូរត្រេះ កំពុង​ធ្វើ​ការ​ទាមទារ​តវ៉ា​មិន​ឱ្យ​មានការ​រុះរើ​តូប ហើយ​តំណាង​ពលរដ្ឋ​ខ្លះ​កំពុង​ស្វះស្វែង​អន្តរាគមន៍​ពី​អាជ្ញាធរ​ថ្នាក់​ជាតិ​នៅ​រាជធានី ភ្នំពេញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល