តុលាការ​ខេត្ត​ព្រះវិហារ ដោះ​លែង​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី ១១​នាក់ ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន

2019-07-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពលរដ្ឋ​ពីរ​នាក់​ជាប់​ខ្នោះ រស់នៅ​ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ មាន​ជម្លោះ​ដីធ្លី​ជា​មួយ​ក្រុមហ៊ុន មេត្រីភាព។ រូបថត៖ អាដហុក
ពលរដ្ឋ​ពីរ​នាក់​ជាប់​ខ្នោះ រស់នៅ​ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ មាន​ជម្លោះ​ដីធ្លី​ជា​មួយ​ក្រុមហ៊ុន មេត្រីភាព។ រូបថត៖ អាដហុក
រូបថត៖ សមាគម អាដហុក (ADHOC)

សាលា​ដំបូង​ខេត្ត​ព្រះ​វិហារ ដោះលែង​ពលរដ្ឋ ១១​នាក់ ដែល​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ មេត្រីភាព ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​ និង​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ។ ការ​ដោះលែង​ជា​បន្ត​បន្ទាប់​ ក្នុង​កំឡុង​ខែ​កក្កដា​នេះ ក្រោយ​ពី​មាន​ការ​ផ្លាស់​ប្ដូរ​តំណែង​អភិបាល​ខេត្ត​ព្រះវិហារ និង​ប្រធាន​សាលា​ដំបូង​ខេត្ត​ព្រះវិហារ។ លោក ប្រាក់​ សុវណ្ណ ទទួល​តំណែង​ជា​អភិបាល​ខេត្ត​ព្រះវិហារ ​ជំនួស​លោក អ៊ុន ចាន់ដា។ ចំណែក​លោក អៀង គឹមថុល​ ក្លាយ​ជា​ប្រធាន​សាលា​ដំបូង​ខេត្ត​ព្រះវិហារ​ ជំនួស លោក ទៀង សុថា។

អ្នក​សម្របសម្រួល​ផ្នែក​​សិទ្ធិមនុស្ស​នៃ​សមាគម អាដហុក ប្រចាំ​ខេត្ត​ព្រះវិហារ លោក ឡោ ចាន់ ថ្លែង​ថា បើ​ទោះ​បីជា​ពួកគាត់​បាន​ក្រៅ​ឃុំ​ក៏​ដោយ​ ប៉ុន្តែ​សិទ្ធិ​សេរីភាព​ក្នុង​ការ​ប្រកប​របរ​ចិញ្ចឹម​ជីវិត ពួកគាត់​នៅ​មិន​ទាន់​ទទួល​បាន​ពេញ​លេញ​នៅ​ឡើយ៖ «ពួកគាត់​ដែល​ស្ថិត​ក្រោម​ផ្លូវ​តុលាការ ក៏​គាត់​មាន​ការ​ព្រួយ​បារម្ភ ភ័យ​ខ្លាច​មួយ​ចំនួន​ដែរ ត្រង់​ថា បើ​សិន​ជា​គាត់​ចង់​ធ្វើ​អ្វី​មួយ​ ទាល់​តែ​គាត់​មាន​ការ​ប្រុងប្រយ័ត្ន ខ្លាច​ធ្វើ​ទៅ​វា​ខុស។ ដូច្នេះ បើ​សិន​ជា​សាលា​ដំបូង​ខេត្ត​ព្រះវិហារ លោក​ស៊ើប​អង្កេត​ចប់​សព្វ​គ្រប់​ហើយ គួរ​ណាស់​តែ​លើក​លែង​ការ​ចោទ​ប្រកាន់ ទៅ​អ្នក​ទាំង​អស់​នោះ ពី​ព្រោះ​យើង​ឃើញ​ថា ផ្ដើម​ឡើង​ពី​រឿង​ដីធ្លី»

កាល​ពី​ខែ​មិថុនា កន្លង​មក តុលាការ​ខេត្ត​ព្រះ​វិហារ បាន​ដោះ​លែង​ពលរដ្ឋ ៣​នាក់​ ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ចំណែក​ពលរដ្ឋ ១១នាក់ ត្រូវ​បន្ត​ឃុំ​ខ្លួន។ អាជ្ញាធរ​ស្រុក​ជាំក្សាន្ត ចាប់​ឃុំ​ខ្លួន​ពលរដ្ឋ​ ១៤នាក់ ដាក់​នៅ​ពន្ធនាគារ​ខេត្ត​ព្រះវិហារ ដោយ​គ្មាន​ការ​ជំនុំជម្រះ​ក្ដី អស់​រយៈ​ពេល​ជាង ៧ខែ គិត​ចាប់​ពី​ខែ​មករា ឆ្នាំ២០១៩ ក្នុង​វិវាទ​ដីធ្លី​រវាង​ពលរដ្ឋ​ជាង ៣រយ​គ្រួសារ ​ជាមួយ​នឹង​ក្រុមហ៊ុន​មេត្រីភាព របស់​ឧកញ៉ា អាន ម៉ារឌី។

ពលរដ្ឋ​ថា ភាគី​ក្រុមហ៊ុន​ ប្រើ​កង​អន្តរាគមន៍​វារៈ​យោធា​លេខ​២៦១ ឬ​ហៅ​ថា ក្រុម​ទាហាន​កងពល​លេខ៦ ​ឲ្យ​ឈូស​កម្ទេច​ផល​ដំណាំ​អស់​ជា​ច្រើន​ហិកតារ និង​ដុត​ផ្ទះ​ពួកគាត់​អស់​ជា​ច្រើន​ខ្នង។ អង្គការ​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិ​មនុស្ស ស្នើ​ដល់​អាជ្ញាធរ​ខេត្ត​ព្រះវិហារ ពន្លឿន​ដំណោះ​ស្រាយ​ឲ្យ​ឆាប់​ ដើម្បី​​បញ្ចប់​ទំនាស់​ដីធ្លី រវាង​ប្រជា​ពលរដ្ឋ​និង​ភាគី​ក្រុមហ៊ុន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល