សហគមន៍​ក្រីក្រ​ស្នើ​រដ្ឋាភិបាល​គួរ​មាន​មូលនិធិ​និង​លំនៅឋាន​សមរម្យ​សម្រាប់​អ្នក​ក្រីក្រ

ដោយ វ៉ាន វណ្ណដេត
2017-06-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
តំណាង​សហគមន៍​ប្រឡាយ​ទឹក​ក្នុង​ខេត្ត​ព្រៃវែង លោកស្រី ផន សារ៉េត ជា​វាគ្មិន​ក្នុង​វេទិកា​លំនៅឋាន​ថ្នាក់​ជាតិ​ដើម្បី​គាំទ្រ​ការ​មាន​លំនៅឋាន​សមរម្យ​សម្រាប់​មនុស្ស​គ្រប់​គ្នា នា​រាជធានី​ភ្នំពេញ ព្រឹក​ថ្ងៃ​ទី​២៧ ខែ​មិថុនា ឆ្នាំ​២០១៧។
តំណាង​សហគមន៍​ប្រឡាយ​ទឹក​ក្នុង​ខេត្ត​ព្រៃវែង លោកស្រី ផន សារ៉េត ជា​វាគ្មិន​ក្នុង​វេទិកា​លំនៅឋាន​ថ្នាក់​ជាតិ​ដើម្បី​គាំទ្រ​ការ​មាន​លំនៅឋាន​សមរម្យ​សម្រាប់​មនុស្ស​គ្រប់​គ្នា នា​រាជធានី​ភ្នំពេញ ព្រឹក​ថ្ងៃ​ទី​២៧ ខែ​មិថុនា ឆ្នាំ​២០១៧។
RFA/Van Vanndeth

ពលរដ្ឋ​រស់នៅ​ក្នុង​សហគមន៍​ក្រីក្រ​ទាំង​ក្នុង​ក្រុង​ភ្នំពេញ និង​នៅ​តាម​ជនបទ ស្នើ​ឲ្យ​រដ្ឋាភិបាល​គួរ​តែ​មាន​មូលនិធិ​សម្រាប់​ទ្រទ្រង់​អ្នក​ក្រីក្រ និង​រក​វិធី​ធ្វើ​យ៉ាង​ណា​ឲ្យ​អ្នក​រស់នៅ​ក្នុង​សហគមន៍​ក្រីក្រ ទទួល​បាន​លំនៅឋាន​សមរម្យ​សម្រាប់​រស់នៅ។ សង្គម​ស៊ីវិល​យល់​ថា រដ្ឋាភិបាល​មាន​លទ្ធភាព​ធ្វើ​តាម​សំណូមពរ​ពលរដ្ឋ​ក្រីក្រ​បាន ប្រសិន​ណា​រដ្ឋាភិបាល​សម្អាត​អំពើ​ពុក​រលួយ​ធំៗ​នៅ​ថ្នាក់​ជាតិ​បាន។

តំណាង​សហគមន៍​ប្រឡាយ​ទឹក​ក្នុង​ខេត្ត​ព្រៃវែង លោកស្រី ផន សារ៉េត ប្រាប់​ថា មូលហេតុ​ដែល​បណ្ដាល​ឲ្យ​ពលរដ្ឋ​ក្នុង​សហគមន៍​កាន់​តែ​ក្រីក្រ​ប្រឈម​ជីវភាព​រស់នៅ​ខ្លាំង ដោយសារ​កត្តា​អ្នក​សហគមន៍​គ្មាន​មុខ​របរ គ្មាន​ដី​សម្រាប់​រស់នៅ សមាជិក​ក្នុង​គ្រួសារ​កាន់​តែ​កើន​ឡើង គ្មាន​ផ្ទះ​សម្រាប់​រស់នៅ និង​ខ្លះ​ទៀត​មាន​ផ្ទះ​តូចៗ​រស់នៅ តែ​គ្មាន​ឯកសារ​ច្បាប់​ច្បាស់លាស់​ចេញ​ពី​អាជ្ញាធរ៖ «គួរ​តែ​រាជ​រដ្ឋាភិបាល និង​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​នឹង​លំនៅឋាន យក​ចិត្ត​ទុក​ដាក់​ដល់​សហគមន៍​អ្នក​ក្រីក្រ​ឲ្យ​មាន​ឱកាសទទួល​បាន​នូវ​សុវត្ថិភាព និង​លំនៅឋាន​សមរម្យ។ សូម​បន្ត​ការ​អនុវត្តគោល​នយោបាយ​គាំពារ​អ្នក​ក្រីក្របន្ថែម​ទៀតសំណូមពរ​ដល់​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ គួរ​យក​ចិត្ត​ទុក​ដាក់​ផ្ដល់​នូវ​ឥណទាន​ដែល​មាន​អត្រា​ការប្រាក់​ទាប​សម្រាប់​សហគមន៍​អ្នក​ក្រីក្រ​រយៈពេល​ពី ៥​ឆ្នាំ​ទៅ ១០​ឆ្នាំ»

ការ​ស្នើសុំ​របស់​សហគមន៍​ក្រីក្រ​នេះ ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​វេទិកា​លំនៅឋាន​ថ្នាក់​ជាតិ​ដើម្បី​គាំទ្រ​ការ​មាន​លំនៅឋាន​សមរម្យ​សម្រាប់​មនុស្ស​គ្រប់​គ្នា នៅ​ព្រឹក​ថ្ងៃ​ទី​២៧ មិថុនា នៅ​សណ្ឋាគារ​អ៊ីនធើខន (InterContinental) រាជធានី​ភ្នំពេញ។

រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ជា សុផារ៉ា គ្រាន់​តែ​បាន​ឡើង​ថ្លែង​បើក​កម្មវិធី ហើយ​ត្រឡប់​ទៅ​វិញ ដោយ​មិន​បាន​នៅ​ស្ដាប់​ទុក្ខ​កង្វល់​របស់​អ្នក​សហគមន៍​ក្រីក្រ​នោះ​ទេ។

អគ្គនាយក​នៃ​នាយកដ្ឋាន​លំនៅឋាន​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក បេង ហុងសុជាតិខេមរ៉ូ ជា​វាគ្មិន ក៏​មិន​បាន​ឆ្លើយតប​ទៅ​នឹង​សំណូមពរ​របស់​តំណាង​សហគមន៍​ក្រីក្រ ហើយ​ក៏​មិន​ផ្ដល់​បទសម្ភាសន៍​ឲ្យ​អ្នក​សារព័ត៌មាន​ដែរ ដោយ​ប្រាប់​ឲ្យ​ទៅ​សួរ​អ្នក​នាំ​ពាក្យ​ក្រសួង​ដែនដី គឺ​លោក សេង ឡូត។ អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក សេង ឡូត បាន​ទេ​នៅ​ថ្ងៃ​ទី​២៧ មិថុនា ដោយ​លោក​មិន​ទទួល​ទូរស័ព្ទ។

ក្រុម​អ្នក​មាន​ជម្លោះ​ដីធ្លី​នៅ​តាម​សហគមន៍​ក្នុង​ក្រុង​ភ្នំពេញ មិន​ពេញ​ចិត្ដ​ដែល​មន្ត្រី​មិន​ឆ្លើយ​នូវ​សំណួរ ឬ​សំណូមពរ​របស់​ពួក​គេ​ទេ។

អ្នក​មាន​ជម្លោះ​ដីធ្លី​នៅ​សហគមន៍​បឹងកក់ ស្នើ​បន្ថែម​ដោយ​សួរ​រក​ដំណោះស្រាយ​សម្រាប់​ដី​មាន​ជម្លោះ​នៅ​បឹងកក់។

អគ្គនាយក​នៃ​នាយកដ្ឋាន​លំនៅឋាន​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក បេង ហុងសុជាតិខេមរ៉ូ (ស្ដាំ) ជា​វាគ្មិន​ក្នុង​វេទិកា​លំនៅឋាន​ថ្នាក់​ជាតិ​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​មិថុនា ឆ្នាំ​២០១៧។
អគ្គនាយក​នៃ​នាយកដ្ឋាន​លំនៅឋាន​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក បេង ហុងសុជាតិខេមរ៉ូ (ស្ដាំ) ជា​វាគ្មិន​ក្នុង​វេទិកា​លំនៅឋាន​ថ្នាក់​ជាតិ​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​មិថុនា ឆ្នាំ​២០១៧។ RFA/Van Vanndeth

អគ្គនាយក​នៃ​នាយកដ្ឋាន​លំនៅឋាន​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក បេង ហុងសុជាតិខេមរ៉ូ ថ្លែង​ថា ពួក​លោក​នៅ​ខាង​ក្រសួង​មិន​បាន​ដឹង​អំពី​រឿង​ជម្លោះ​ដី​នៅ​បឹងកក់​នោះ​ទេ ហើយ​លោក​បង្វែរ​ឲ្យ​អ្នក​មាន​ជម្លោះ​ដី​បឹងកក់ ទៅ​រក​ចម្លើយ​ពី​ខាង​អាជ្ញាធរ​ក្រុង​ភ្នំពេញ​វិញ៖ «ពួក​ខ្ញុំ​នៅ​ក្រសួង​ក៏​អត់​មាន​បាន​ដឹង​រឿង​អី​ដែរ បើ​អាជ្ញាធរ​រាជធានី​លោក​អាច​ឆ្លើយ​បាន»

អាជ្ញាធរ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​២៧ មេសា បាន​ប្រកាស​បញ្ចប់​ការ​ដោះស្រាយ​បញ្ហា​ដីធ្លី​នៅ​តំបន់​បឹងកក់។ អាជ្ញាធរ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​នៅ​តំបន់​បឹងកក់​ចំនួន ៧​គ្រួសារ ទៅ​ទទួល​យក​ដី​ដែល​អាជ្ញាធរ​កំណត់​ឲ្យ។ តែ​ពលរដ្ឋ​ដែល​រស់នៅ​តំបន់​បឹងកក់ មិន​ព្រម​ទទួល​យក​ដី​នោះ​ទេ។ ពួក​គេ​ថា សាលា​ក្រុង​កាត់​ដី​ឲ្យ​តិច​ពេក មិន​សមរម្យ​នឹង​ដី​ដែល​ពួក​គាត់​មាន។

តំណាង​សហគមន៍​បឹងកក់ លោកស្រី បូវ សោភា ប្រាប់​ថា ការ​ឆ្លើយ​ថា​មិន​ដឹង ឬ​រុញ​ដាក់​គ្នា គឺ​ជា​លេស​របស់​មន្ត្រី​ក្រសួង​ដែនដី ព្រោះ​ជម្លោះ​ដីធ្លី​នៅ​បឹងកក់ មិន​ត្រឹម​តែ​ដឹង​ដល់​ក្រសួង ឬ​អ្នក​ដឹកនាំ​ថ្នាក់​ជាតិ​នោះ​ទេ សូម្បី​អន្តរជាតិ​ក៏​បាន​ដឹង​អំពី​រឿង​ជម្លោះ​ដីធ្លី​បឹងកក់​ជាមួយ​សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា លោក​ឧកញ៉ា ឡាវ ម៉េងឃីន ដែរ៖ «ឆ្លើយ​ព្រឹក​មិញ គឺ​ពួក​ខ្ញុំ​មាន​ការ​អស់​សង្ឃឹមមែន​ទែន ដោយសារ​គាត់​ឆ្លើយ​យក​រួច​ខ្លួន។ ចឹង​គឺ​គាត់​រុញ​ទៅ​ឲ្យ​សាលា​រាជធានី​ភ្នំពេញ តែ​សាលា​រាជធានី​ភ្នំពេញ​តាំង​ពី​ដើម​រហូត​មក​ដល់​ពេល​នេះ បើ​សិន​ជាលោក​នាយករដ្ឋមន្ត្រី​ដោះស្រាយខ្លួន​ឯង អនុក្រឹត្យ​ចេញ​តាំង​ពីឆ្នាំ​២០១១ រហូត​មក​ដល់​ពេល​នេះ​ប្រហែល​ជា​ដោះស្រាយ​ចប់​តាំង​ពី​ឆ្នាំ​២០១២ ឬ ២០១៣ មិន​សំចៃ​ណា​ដែល​ពួក​ខ្ញុំ​ត្រូវ​ជាប់​គុក​ម្នាក់ ២ ឬ ៣​ដង​ទេ ទម្រាំ​បាន​ដី​នៅ​សល់​ជាង ២០​គ្រួសារ»

នាយក​ប្រតិបត្តិ​អង្គការ​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅឋាន លោក សៀ ភារម្យ យល់​ថា ប្រសិន​បើ​រដ្ឋាភិបាល​ព្យាយាម​ប្រឆាំង​អំពើ​ពុក​រលួយ​នៅ​ថ្នាក់​ជាតិ ជាជាង​ព្យាយាម​ប្រឆាំង​អំពើ​ពុក​រលួយ​ទៅ​លើ​ក្រុម​អង្គការ​សង្គម​ស៊ីវិល នោះ​រដ្ឋាភិបាល​អាច​មាន​លទ្ធភាព​ធ្វើ​តាម​សំណើ​របស់​ពលរដ្ឋ​នៅ​សហគមន៍​ក្រីក្រ។ ចំពោះ​ជម្លោះ​ដីធ្លី​នៅ​បឹងកក់ លោក សៀ ភារម្យ សង្ឃឹម​ថា អភិបាល​ក្រុង​ថ្មី គឺ​លោក ឃួង ស្រេង នឹង​ដោះស្រាយ​បញ្ហា​នៅ​បឹងកក់​នេះ​ឲ្យ​អស់ ដើម្បី​កុំ​ឲ្យ​អ្នក​បឹងកក់​ចេញ​តវ៉ា​ទៅ​តាម​ស្ថាប័ន​ជាតិ​តទៅទៀត៖ «ទាល់​តែ​រដ្ឋាភិបាល​ហ្នឹង​ព្យាយាម​ធ្វើ​យ៉ាង​ណា​សម្អាត​នូវ​អំពើ​ពុក​រលួយ​ពី​លើ​ដល់​ក្រោម ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់»

ទោះ​បែប​នេះ​ក្ដី អ្នក​មាន​ជម្លោះ​ដីធ្លី​រស់នៅ​ក្នុង​សហគមន៍​ក្រីក្រ​ក្នុង​ក្រុង​ភ្នំពេញ មិន​សង្ឃឹម​ថា អភិបាល​ក្រុង​ភ្នំពេញ ដែល​នឹង​ឡើង​កាន់​តំណែង​ថ្មី អាច​ជួយ​ដោះស្រាយ​បញ្ហា​ដីធ្លី​របស់​ពួក​គាត់​បាន​នោះ​ទេ។ មិន​ត្រឹម​តែ​មិន​សង្ឃឹម​ទេ ក្រុម​អ្នក​រស់នៅ​ក្នុង​សហគមន៍​ទាំងនោះ​ថែម​ទាំង​បារម្ភ​ពី​សុវត្ថិភាព​នៅ​ពេល​ចេញ​តវ៉ា​រឿង​ដីធ្លី ព្រោះ​ពួក​គេ​យល់​ថា អភិបាល​ថ្មី​របស់​សាលា​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង អាច​បញ្ជា​ឲ្យ​កង​កម្លាំង​ប្រើ​ហិង្សា ឬ​សម្លុត​គំរាម​ពួក​គេ​ខ្លាំង​ជាង​អភិបាល​ក្រុង​មុនៗ​ទៅ​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល