ពលរដ្ឋ​ប្រមូល​ផ្ដុំ​គ្នា​ទាមទារ​ឲ្យ​តុលាការ​ខេត្ត​ព្រះសីហនុ​ចេញ​សេចក្ដី​សម្រេច​រក្សា​ការពារ​ដី​​កំពុង​​មាន​ជម្លោះ​​ជាមួយ​អ្នក​មាន​ទ្រព្យ​ម្នាក់

ដោយ វ៉ែន សុមេធ
2019-04-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រជា​សហគមន៍​អូរ​ខ្សាច់​ ឃុំ​អូរ​ត្រេះ ស្រុក​ស្ទឹងហាវ នៅ​ថ្ងៃ​ទី២៩ ខែ​មេសា ឆ្នាំ២០១៩ ប្រមូល​ផ្ដុំ​គ្នា​មុខ​សាលាដំបូង​ខេត្ត​ព្រះសីហនុ​ទាមទារ​រក​យុត្តិធម៌ ក្នុង​ជម្លោះ​ដីធ្លី​ ជាមួយ​អ្នក​មាន​ទ្រព្យ​សម្បត្តិ​ម្នាក់។
ប្រជា​សហគមន៍​អូរ​ខ្សាច់​ ឃុំ​អូរ​ត្រេះ ស្រុក​ស្ទឹងហាវ នៅ​ថ្ងៃ​ទី២៩ ខែ​មេសា ឆ្នាំ២០១៩ ប្រមូល​ផ្ដុំ​គ្នា​មុខ​សាលាដំបូង​ខេត្ត​ព្រះសីហនុ​ទាមទារ​រក​យុត្តិធម៌ ក្នុង​ជម្លោះ​ដីធ្លី​ ជាមួយ​អ្នក​មាន​ទ្រព្យ​សម្បត្តិ​ម្នាក់។
រូប៖ ហ្វេសប៊ុក Nhel Pheap

ប្រជា​សហគមន៍​អូរ​ខ្សាច់​ប្រមាណ​ ៦០នាក់ ដែល​មាន​ជម្លោះ​ដីធ្លី​ ប្រមូល​ផ្ដុំ​គ្នា​មុខ​សាលាដំបូង​ខេត្ត​ព្រះសីហនុ ទាមទារ​ឲ្យ​តុលាការ​ដែល​គ្រោង​នឹង​ចេញ​ដី​កា​សម្រេច​ការពារ​ដី នៅ​ចុង​ខែ​មេសា ត្រូវ​គោរព​គោលការណ៍​ស្មើភាព​គ្នា ចំពោះ​មុខ​ច្បាប់ និង​យុត្តិ​ធម៌ ​រវាង​ពលរដ្ឋ និង ​អ្នក​មាន​ម្នាក់​ ដែល​អះអាង​ថា​ជា​ម្ចាស់​លើ​ដី ជិត​២​ហិកតារ នៅ​ឃុំ​អូរ​ត្រេះ ស្រុក​ស្ទឹងហាវ។ សង្គម​ស៊ី​វិល​ដែល​ឃ្លាំ​មើល​សំណុំ​រឿង​នេះ សង្ឃឹម​ថា ​តុលាការ នឹង​ផ្ដល់​ភាព​ត្រឹម​ត្រូវ​ និង​យុត្តិធម៌​ដែល​ភាគី​ទាំង​សង​ខាង​អាច​ទទួល​យក​បាន។

តំណាង​ពលរដ្ឋ​នៅ​សហគមន៍​អូរ​ខ្សាច់​ លោក ហ៊ី រ៉ា ឲ្យ​ដឹង​ថា​ នៅ​ថ្ងៃ​ទី៣០ មេសា​ថា តុលាការ​ខេត្ត​ព្រះសីហនុ នឹង​ចេញ​ដេញ​ដីកា​សម្រេច​មួយ​ លើ​វិវាទ​ដីធ្លី​រវាង​ប្រជាពលរដ្ឋ​ ១១គ្រួសារ ជាមួយ​នឹង​លោក​ស្រី ជា សុខឡេង ជុំវិញ​ទំនាស់​ដីធ្លី​ជាង​ហិកតារ។

លោក​ ហ៊ី រ៉ា​ បន្ត​ថា លោកស្រី ជា សុខ​ឡេង ដែល​គេ​ស្គាល់​ថា​ជា​អ្នក​មាន​ទ្រព្យ​សម្បត្តិ​មក​ពី​ភ្នំពេញ មក​អះអាង​ថា​ ដី​ជាង​មួយ​ហិកតារ​នោះ ជា​ដី​របស់​គាត់​ ខណៈ​ពលរដ្ឋ​កំពុង​មាន​ទំនាស់​ជាមួយ លោក​ តាន់ តាត់ មាន​ងារ​ជា​ឧកញ៉ា និង​ឈ្មួញ​រកស៊ី​ដីធ្លី​ម្នាក់​ទៀត​ឈ្មោះ ឡុញ វណ្ណៈ កាល​ពី​ខែ​ឧសភា ឆ្នាំ២០១៨ កន្លង​ទៅ។ តំណាង​ពលរដ្ឋ​ លោក ហ៊ី រ៉ា ថា លោកស្រី​ ជា​ សុខ​ឡេង បាន​ដាក់​ពាក្យ​ប្ដឹង​ប្រជា​ពលរដ្ឋ​ទៅ​តុលាការ​ខេត្ត​ព្រះសីហនុ ចោទ​ថា ពលរដ្ឋ​កាន់​ដីធ្លី​គាត់​ដោយ​ខុស​ច្បាប់ ដោយ​តម្រូវ​ឲ្យ​រុះ​រើ​ផ្ទះ​សម្បែង​ចេញ៖ «ថ្មី​នេះ ខ្ញុំ​ដឹង​ដំណឹង​ថា​ឈ្មោះ​លោកស្រី​ ជា​ សុខ​ឡេង ហ្នឹង គាត់​មក​ប្ដឹង​នៅ​តុលាការ​សុំ​ចេញ​ដីកា​រក្សា​ការពារ ហើយ​គាត់​ចោទ​ពួក​ខ្ញុំ​ពី​បទ​បំផ្លិច​បំផ្លាញ​ផល​ដំណាំ​ពួក​គាត់។ តាម​ពិត​ផល​ដំណាំ​ពួក​ខ្ញុំ​ហ្នឹង ពួកគាត់​លួច​កាប់​លួច​បំផ្លាញ​ហើយ​គាត់​ចោទ ហើយ​ពាក្យ​បណ្ដឹង​មួយ​ទៀត គាត់​ឲ្យ​ប្រជា​ពលរដ្ឋ​ពួក​យើង​ហ្នឹង ឲ្យ​បង់​ថ្លៃ​ខូច​ខាត​ដំណាំ​ពួកគាត់​តម្លៃ​៧ម៉ឺនដុល្លារ។ គាត់​មក​យក​ដី​យើង​ហើយ​ គាត់​ឲ្យ​បង់​ថ្លៃ​ដំណាំ​យើង​ គាត់​ថា​របស់​គាត់»

លោក ហ៊ី​ រ៉ា ​ឲ្យ​ដឹង​ដែរ​ថា លោកស្រី ជា ​សុខឡេង​ មាន​តែ​លិខិត​ផ្ទេរ​សិទ្ធិ​ទិញ​លក់​ពី​អ្នក​ស៊ី​ឈ្នួល​មើល​ចម្ការ​របស់​លោក កាល​ពី​ឆ្នាំ២០០៨។ ចំណែក​ពលរដ្ឋ ១១គ្រួសារ​វិញ លោក ហ៊ី រ៉ា​ បញ្ជាក់​ថា ពួកគាត់​បាន​រស់នៅ​ទី​តាំង​មាន​ជម្លោះ​នេះ តាំង​ពី​ឆ្នាំ១៩៩២ ហើយ​មាន​ប្លង់​កម្មសិទ្ធិ​កាប់​កាន់​ដីធ្លី​ត្រឹម​ត្រូវ​ដែល​ចេញ​ដោយ​អាជ្ញាធរ​មូលដ្ឋាន​នៅ​ឆ្នាំ២០០៦។

ជុំវិញ​ទំនាស់​ដីធ្លី​ដែល​ឡើង​ដល់​ដៃ​តុលាការ​នេះ លោក ហ៊ី​ រ៉ា​ ដែល​ត្រូវជា​កូន​ប្រុស​ច្បង​លោកស្រី ឡុច ទូច​ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ សង្ឃឹម​ថា​តុលាការ​នឹង​ផ្ដល់​យុត្តិធម៌​ដល់​ពួកគាត់​ដែល​រស់​នៅ​លើ​ដី​នោះ ជិត​៣០​មក​នេះ៖ «ខ្ញុំ​សង្ឃឹម​ថា​តុលាការ​លុប​ដីកា​ការពារ​របស់​លោកស្រី​ ជា សុខ​ឡេង ដែល​មក​យក​ដីធ្លី​របស់​ពួក​យើង​ខ្ញុំ ហើយ​ចោទ​ពួក​យើងខ្ញុំ​ថា​អនាធិបតេយ្យ​ ហើយ​តុលាការ​ឯករាជ្យ​ដោយ​សេចក្ដី​សម្រេច​លុប​ដីកា​ការពារ​របស់​លោកស្រី​ហ្នឹង ហើយ​ឯកសារ​គាត់​មិន​ប្រក្រតី​សោះ»

អាស៊ី​សេរី មិន​អាច​ស្វែង​រក​ប្រភព​ទាក់ លោកស្រី ជា សុខ​ឡេង​ សុំ​ការ​បំភ្លឺ​ជុំវិញ រឿង​ជម្លោះ​ដីធ្លី​នេះ​បាន​ទេ កាល​ពី​ថ្ងៃ​ចន្ទ ទី២៩ មេសា។

អ្នក​សម្របសម្រួល​សមាគម អាដហុក (Adhoc) ប្រចាំ​ខេត្ត​ព្រះសីហនុ អ្នក​ស្រី ជាប សុធារី ដែល​តាម​សំណុំ​រឿង​នេះ​ថា ឲ្យ​ដឹង​ថា​ លិខិត​និង​ឯកសារ​ដែល​ដាក់​ជូន​តុលាការ​ពិនិត្យ​ គឺ​មាន​ភាព​ច្បាស់​លាស់​ និង​មាន​ការ​បញ្ជាក់​ពី​ថ្នាក់​ឃុំ។ អ្នក​ស្រី ជាប សុធារី មិន​ហ៊ាន​អះអាង​ថា​ខាង​ណា​ជា​អ្នក​កាន់​កាប់​ស្រប​ច្បាប់​ ដោយ​ត្រូវ​រង់​ចាំ​ការ​សម្រេច​ពី​តុលាការ។ ទោះបី​ជា​យ៉ាង​ណា​ មន្ត្រី​ឃ្លាំ​មើល​ផ្នែក​សិទ្ធិ​មនុស្ស​ប្រចាំ​ខេត្ត​ជាប់​មាត់​សមុទ្រ​មួយ​នេះ សង្ឃឹម​ថា​ តុលាការ​ខេត្ត​ព្រះសីហនុ និង​ផ្ដល់​យុត្តិធម៌​ពិត​ប្រាកដ​ និង​អាច​ទទួល​យក​បាន​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ៖ «យើង​ឃើញ​ភាគី​របស់​អ្នកស្រី ឡុច ទូច​ ហ្នឹង​មាន​ឯកសារ​មុន​អ្នក​ស្រី ជា​ សុខ​ឡេង។ ឯកសារ​អ្នកស្រី ឡុច​ ទូច មាន​ពេល​វេលា​ចូល​ទៅ​កាន់​កាប់​ដី​ហ្នឹង​ មុន​អ្នក​ស្រី ជា សុខឡេង។ អ្នកស្រី ជា​ សុខឡេង​ គាត់​ទិញ​ពី​កម្មករ​ហ្នឹង​ទេ គឺ​ក្រោយ។ សម្រាប់​យើង​ជា​សង្គម​ស៊ីវិល​ យើង​មើល​ឃើញ​ថា គាត់​នៅ​តាំង​ពី​មុន​ហើយ អ៊ីចឹង​ គាត់​ ជា​កាន់​កាប់​ដីធ្លី។ យើង​មិន​ដឹង​ថា​ចៅក្រម​ យល់​ផ្សេង​ពី​យើង​ យើង​អត់​ដឹង​ដែរ។ ប៉ុន្តែ​សម្រាប់​យើង ឯកសារ​អ្នកស្រី​ ឡុច ទូច​ មាន​រយៈពេល​ចូល​កាន់​កាប់​ដោយ​មាន​ការ​ទទួល​ស្គាល់​ពី​អាជ្ញាធរ​ហ្នឹង។ មួយ​ទៀត​ឯកសារ​ដែល​អ្នក​ស្រី ជា សុខឡេង​ ធ្វើ​ហ្នឹង​ត្រូវ​បាន​បដិសេធ​ដោយ​មេឃុំ​ ទេព សុផាត គាត់​ថា គាត់​អត់​ខ្វល់​ ហើយ​អត់​ទទួល​ស្គាល់​ការ​កាប់​កាន់​របស់​អ្នក​ទាំង​អស់​ហ្នឹង។ គាត់​បាន​បដិសេធ​ម្ដង​រួច​ទៅ​ហើយ។ ឥឡូវ គាត់​ស្លាប់​ហើយ»

ប្រជា​សហគមន៍​ដែល​រង​ការ​រំលោភ​បំពាន​ដីធ្លី បញ្ជាក់​ជំហរ ពួកគេ​នឹង​ធ្វើ​យុទ្ធនាការ​រយៈ​ពេល ១៥ថ្ងៃ គិត​ចាប់​ពី​ដើម​ខែ​ឧសភា​តទៅ ប្រសិន​នៅ​តែ​គ្មាន​ដំណោះស្រាយ​រឿង​ដីធ្លី​ និង​ដោះ​លែង​ពលរដ្ឋ ៣នាក់ ដែល​ជាប់​ឃុំ​ឲ្យ​មាន​សេរីភាព​វិញ​ទេ។

ក្នុង​កំឡុង​ពេល​នោះ ពួកគេ​នឹង​ដើរ​ហែ​ក្បួន​ដាក់​ញត្តិ​នៅ​សាលា​ខេត្ត​ព្រះសីហនុ និង​ស្ថាប័ន​ជាតិ​ដទៃ​ទៀត​នៅ​រាជធានី​ភ្នំពេញ ទាមទារ​ឱ្យ​តុលាការ​ខេត្ត​ព្រះ​សីហនុ កាត់​ក្ដី​គ្រប់​សំណុំ​រឿង ដោយ​ធ្វើ​ការ​ស្រាវជ្រាវ​ពី​ប្រវត្តិ​ដី​ធ្លី​នៅ​មូលដ្ឋាន​ជាក់​ស្ដែង ហើយ​នឹង​បញ្ឈប់​ការ​ប្រើ​ហិង្សា និង​ប្រព័ន្ធ​តុលាការ ចាប់​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​ដី​ពិត​ប្រាកដ​ ដាក់​ពន្ធនាគារ ព្រម​ទាំង​ស្វែង​រក​កិច្ច​អន្តរាគមន៍​ដោះ​លែង លោកស្រី ឡុច ទូច ដែល​ជាប់​ពន្ធនាគារ​ជាង ១១ខែ​មក​ហើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល