ក្រុម​អាជីវករ​នៅ​ឆ្នេរ​អូរត្រេះ​បន្ត​​ទាមទារ​ប្រឆាំង​ការ​រុះរើ​តូប ​ខណៈ​សាលាខេត្ត​កំណត់​ថ្ងៃ​រុះរើ

ដោយ ថន ថារ៉ូ
2020-01-11
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អភិបាល​ខេត្ត​ព្រះសីហនុ លោក គួច ចំរើន ក្នុង​ពិធី​ប្រកាស​ចូល​កាន់​ដំណែង​របស់​ខ្លួន កាល​ពី​ថ្ងៃ​ទី២៩ ខែ​មិថុនា ឆ្នាំ​២០១៩។
អភិបាល​ខេត្ត​ព្រះសីហនុ លោក គួច ចំរើន ក្នុង​ពិធី​ប្រកាស​ចូល​កាន់​ដំណែង​របស់​ខ្លួន កាល​ពី​ថ្ងៃ​ទី២៩ ខែ​មិថុនា ឆ្នាំ​២០១៩។
រូប​រដ្ឋបាល​ខេត្ត​ព្រះសីហនុ

ក្រុម​អាជីវករ​លក់ដូរ​នៅ​តាម​ឆ្នេរ​អូរត្រេះ​ជាង ៧០​នាក់ បន្ត​នាំគ្នា​ប្រមូល​ផ្តុំ​ទាមទារ​ស្នើសុំ​អភិបាល​ខេត្ត​នេះ​កុំ​រុះរើ​តូប​របស់​ពួកគេ​។ ការ​ទាមទារ​នេះ ដោយសារតែ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ព្រមាន​ថា នឹង​រុះរើ​តូប​របស់​ពលរដ្ឋ​នៅ​ថ្ងៃ​ទី​១៥ ខែ​មករា ខាងមុខ។

ក្រុម​អាជីវករ​ទាំង ៦២​តូប​ដែល​ប្រឈម​ការ​នឹង​ការ​រុះរើ​តូប នៅតែ​ទាមទារ​តវ៉ា​នៅមុខ​តូប​របស់​ពួកគេ​ស្ថិត ក្នុង​សង្កាត់​លេខ​៤ ខណ្ឌ​មិត្តភាព ក្រុងព្រះសីហនុ ។ ក្រៅពី​ការ​ទាមទារ​នេះ​នៅ​កន្លែង តំណាង​អាជីវករ​ខ្លះ​បាន​ឡើង​ទៅ​ភ្នំពេញ ដើម្បី​សុំ​អន្តរាគមន៍​ពី​អាជ្ញាធរ​ថ្នាក់​ជាតិ។

តំណាង​អាជីវករ​ម្នាក់ លោក ឯក វិធាន ឱ្យ​អាស៊ីសេរី​ដឹង​ថ្ងៃ​ទី​១០ ខែ​មករា ថា អាជ្ញាធរ​ខេត្ត​ព្រះសីហនុ មិន​បាន​ស្ដាប់​តាម​ការ​ទាមទារ​របស់​ក្រុម​អាជីវករ​ជាច្រើន​ថ្ងៃនេះ​ទេ​។ លោក​បន្ត​​ថា ពេលនេះ​អាជ្ញាធរ​ខេត្ត​បាន​ស្រែក​ប្រកាស​តាម​មេក្រូ​ដោយ​ព្រមាន​ថា កម្លាំង​ចម្រុះ​របស់​ខេត្ត នឹង​ចាប់​ខ្លួន រុះរើ​តូប​របស់​ពលរដ្ឋ​នៅ​ថ្ងៃ​ទី​១៥ ខែ​មករា ខាងមុខ ក្រោយពី​ក្រុម​អាជីវករ​មិន​បាន​យល់ព្រម​រុះរើ​ដោយ​ខ្លួនឯង៖ «គេ​អត់​ឱ្យ​សំណង​យើង​ធ្វើ​អស់​ច្រើន​គេ​រុះរើ​ទទេៗ​អ៊ីចឹង យើង​នៅតែ​អត់​អាច​ទទួល​យក​បាន ឥឡូវ​តំណាង​ទៅ​ភ្នំពេញ​ដើម្បី​ជួប​ថ្នាក់​ជាតិ​រៀងៗ​ខ្លួន​អ្នកណា​ដែល​មាន​ស្គាល់​គេ​អ៊ីចឹង​ណា»

លោក ឯក វិធាន ឱ្យ​ដឹង​ទៀត​ថា ពេលនេះ​ក្រុម​អាជីវករ​ទទួល​បាន​អន្តរាគមន៍​ពី​ក្រសួង​ដែនដី​ដោយ​ក្រសួង​នេះ​បាន​ចេញ​លិខិត​មួយ​ច្បាប់ ប្រាប់​ទៅ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ផ្អាក​ការ​រុះរើ​តូប​របស់​ពលរដ្ឋ និង​តម្រូវ​ឱ្យ​មានការ​ប្រជុំ​ជជែក​រក​ដំណោះស្រាយ​រវាង​ក្រុម​អាជីវករ និង​អាជ្ញាធរ​ខេត្ត​។ លោក​ឱ្យ​ដឹង​ទៀត តំណាង​ក្រុម​អាជីវ​ការ​កំពុង​ទៅ​យក​លិខិត​នោះ​រាជធានី ភ្នំពេញ​ដើម្បី​ប្រគល់​ជូន​អភិបាលខេត្ត​ព្រះសីហនុ លោក គួច ចំរើន៖ «លិខិត​ហ្នឹង​ឱ្យ​ដោះស្រាយ​ចាំ​រុះរើ លិខិត​ហ្នឹង​យើង​ទទួល​បាន​ហើយ ប៉ុន្តែ​អត់​ទាន់​យក​មក​ដល់»

ជំនួយការ អភិបាលខេត្ត​ព្រះសីហនុ លោក គួច ចំរើន អះអាង​ថា លោក​អភិបាល​កំពុង​ជាប់រវល់​នៅ​ពេល​អាស៊ីសេរី​សាកសួរ​ជុំវិញ​គម្រោង​រុះរើ​តូប​នៅ​តាម​ឆ្នេរសមុទ្រ​។ ចំណែក​អ្នកនាំពាក្យ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ លោក ឃាង ភារម្យ ក៏​មិន​អាច​សុំ​ការ​ឆ្លើយ​តប​បាន​ដែរ​ដោយ​ទូរស័ព្ទ​ចូល​គ្មាន​អ្នក​ទទួល។

សេចក្តី​ជូនដំណឹង​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ចុះ​កាលពី​ថ្ងៃ​ទី​០៤ ខែ​ធ្នូ ឱ្យ​ដឹង​ថា ដើម្បី​រៀបចំ​ឆ្នេរ​ឱ្យ​មាន​របៀបរៀបរយ សោភ័ណភាព និង​អនាម័យ បរិស្ថាន​ល្អ រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ស្នើ​ទៅ​អាជីវករ​រុះរើ​តូប ស្តង់ រោង ឬ​ការ​ដាក់​តាំង​លក់ដូរ​ផ្សេៗ​ដែល​គ្មាន​សណ្ដាប់ធ្លាប់​ចេញ​វិញ​ទាំងអស់​ក្នុង​រយៈ​៧​ថ្ងៃ ចាប់​ពី​ថ្ងៃ​ជូនដំណឹង ។ រដ្ឋបាល​ខេត្ត​ព្រមាន​ថា ក្នុង​ករណី​អាជីវករ​មិន​រុះរើ​រដ្ឋបាល​ខេត្ត​នឹង​អនុវត្ត​វិធានការ​រដ្ឋបាល ដោយ​មិន​ទទួលខុសត្រូវ​ចំពោះ​ការខូចខាត​សម្ភារៈ ឬ​បាត់បង់​ទ្រព្យសម្បត្តិ​ឡើយ។

ដោយឡែក មន្ត្រី​សម្របសម្រួល​សមាគម​សិទ្ធិមនុស្ស​អាដហុក (Adhoc) ប្រចាំ​ខេត្ដ​ព្រះសីហនុ អ្នកស្រី ជៀប សុធារី ដែល​បាន​អង្កេត​លើ​រឿង​ស្នើ​ទៅ អាជ្ញាធរខេត្ត​គួរ​អនុញ្ញាត​ឱ្យ​ក្រុម​អាជីវករ​អាច​ជួប​ជជែក​ដើម្បី​ស្វែងរក​ដំណោះស្រាយ​មួយ​ដែល​សមរម្យ​។ អ្នកស្រី​សង្កេត​ឃើញ​ថា ក្រុម​អាជីវ​មាន​ជំហរ​ក្នុង​ការ​រៀបចំ​តូប​របស់​ពួកគេ​តាម​ស្តង់​អនាម័យ និង​មិន​ឱ្យ​ប៉ះពាល់​បរិស្ថាន​ទឹកសមុទ្រ ដែល​មិនមែន​ជា​វិធានការ​នៃ​ការ​រុះរើ​តូប​របស់​ពួកគេ​ចេញ​នោះ​ទេ៖ «ចេញ​ហ្នឹង​យក​កន្លែង​ហ្នឹង​ធ្វើ​អី​ហើយ​សូម​អនុញ្ញាត​ឱ្យ​គាត់​(​អាជីវករ​)​បាន​លក់ដូរ​តាម​លក្ខណៈ​ស្តង់ដារ ឬក៏​ត្រូវ​ធ្វើ​របៀប​ម៉េច រៀបចំ​ថា​កុំ​ឱ្យ​មានការ​ប៉ះពាល់​បរិស្ថាន​ឬក៏​ទឹក​ស្អាត ទឹក​កខ្វក់​អីចឹង គាត់​គាំទ្រ​ទាំងអស់»

ក្រុម​អាជីវករ​អះអាង​ថា ពួកគេ​បាន​ទៅ​លក់ដូរ​នៅ​ទីនោះ​ប្រមាណ​ម្ភៃ​ឆ្នាំ​មក​ហើយ ដោយ​ទទួល​បាន​ការ​អនុញ្ញាត​ពី​លោក ស្បោង សារ៉ាត់ ដែល​កាលណោះ​លោក​ធ្វើជា​អភិបាលខេត្ត​ព្រះសីហនុ​។ ពួកគេ​ថា អាជីវករ​ម្នាក់ៗ​ចំណាយ​ថវិកា​យ៉ាង​តិច​ជាង​១០​ម៉ឺន​ដុល្លារ ដើម្បី​រៀបចំ​តូប​លក់ដូរ​នៅ​ទីនេះ​ហើយ​ភាគច្រើន​គឺ​អាជីវករ​បាន​ខ្ចី​លុយ​ពី​ធនាគារ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល