អ្នក​ភូមិ​ឡពាង​នៅ​កំពង់ឆ្នាំង​ធ្វើ​ពិធី​ដាក់​បណ្ដាសា​អ្នក​រំលោភ​យក​ដីធ្លី

ដោយ ឡេង ម៉ាលី
2014-07-12
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នក​ភូមិ​ឡពាង រៀបចំ​ពិធី​ដាក់​បណ្ដាសា​អ្នក​រំលោភ​យក​ដីធ្លី​ពួក​គាត់ នា​ដំបូក​មួយ​កន្លែង​ហៅ​ថា ប្រាសាទ​ទួលក្រសាំង ក្នុង​ភូមិ​ឡពាង ក្បែរ​ដី​កំពុង​មាន​ទំនាស់ នៅ​ថ្ងៃ​ទី​១២ ខែ​កក្កដា ឆ្នាំ​២០១៤។
អ្នក​ភូមិ​ឡពាង រៀបចំ​ពិធី​ដាក់​បណ្ដាសា​អ្នក​រំលោភ​យក​ដីធ្លី​ពួក​គាត់ នា​ដំបូក​មួយ​កន្លែង​ហៅ​ថា ប្រាសាទ​ទួលក្រសាំង ក្នុង​ភូមិ​ឡពាង ក្បែរ​ដី​កំពុង​មាន​ទំនាស់ នៅ​ថ្ងៃ​ទី​១២ ខែ​កក្កដា ឆ្នាំ​២០១៤។
Photo Provided

ប្រជាពលរដ្ឋ​នៅ​ភូមិ​ឡពាង ខេត្ត​កំពង់ឆ្នាំង ដែល​កំពុង​មាន​ជម្លោះ​ដីធ្លី​ជា​មួយ​ក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) របស់ អ្នកស្រី ជា ខេង ភរិយា លោក ស៊ុយ សែម ជា​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល នាំ​គ្នា​ធ្វើ​ពិធី​បួងសួង​ដល់​បារមី​វត្ថុ​សក្ដិសិទ្ធិ ដើម្បី​ដាក់​បណ្ដាសា​អ្នក​ដែល​ពួក​គាត់​ចាត់​ទុក​ថា ជា​អ្នក​រំលោភ​យក​ដី​របស់​ពួក​គាត់។

តំណាង​អ្នក​ភូមិ​ឡពាង ចំនួន ៨៩​គ្រួសារ ដែល​មាន​ទំនាស់​ដីធ្លី​នៅ​ភូមិ​ឡពាង គឺ​អ្នកស្រី អ៊ុំ សុភី ថ្លែង​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃ​ទី​១២ កក្កដា ថា មូលហេតុ​ដែល​ពួក​គាត់​ធ្វើ​ពិធី​ដាក់​បណ្ដាសា​នេះ ដោយសារ​តែ​ពួក​អ្នក​ភូមិ​អស់​ជំនឿ​លើ​ការ​ស្វែងរក​អន្តរាគមន៍​ពី​អាជ្ញាធរ ក្នុង​ការ​ដោះស្រាយ​បញ្ហា​ដីធ្លី​របស់​ពួក​គាត់ ដែល​ក្រុមហ៊ុន ខេ.ឌី.ស៊ី កំពុង​ធ្វើ​របង​ហ៊ុមព័ទ្ធ​យក៖ «ដោយសារ​យើង​លែង​ជឿ​លើ​ប្រព័ន្ធ​តុលាការ គឺ​ប្រព័ន្ធ​តុលាការ​មិន​មាន​យុត្តិធម៌​ទេ​សម្រាប់​ពួក​យើង។ មាន​យុត្តិធម៌​សម្រាប់​តែ​អ្នក​មាន​លុយ​មាន​អំណាច។ ប៉ុន្តែ​សម្រាប់​ពួក​ខ្ញុំ​អ្នក​ក្រ គឺ​គ្មាន​យុត្តិធម៌​ទេ ហើយ​ស្ថាប័ន​រដ្ឋ​នានា ដែល​ពួក​ខ្ញុំ​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ ក៏​មិន​ឃើញ​ឆ្លើយ​តប​អ្វី​ដែរ»

អ្នកស្រី អ៊ុំ សុភី ឱ្យ​ដឹង​ថា ពិធី​ដាក់​បណ្ដាសា​នោះ គឺ​ពួក​អ្នក​ភូមិ​ប្រារព្ធ​ធ្វើ​នៅ​ទីតាំង​ដំបូក​មួយ​កន្លែង​ហៅ​ថា ប្រាសាទ​ទួលក្រសាំង នៅ​ក្នុង​ភូមិ​ឡពាង ក្បែរ​ដី​កំពុង​មាន​ទំនាស់។ អ្នកស្រី​ថ្លែង​ថា អ្នក​ភូមិ​ជឿ​ថា ពិធី​របស់​ពួក​គាត់​មាន​ភាព​សក្ដិសិទ្ធិ​ខ្លាំង៖ «ដោយសារ​ពួក​ខ្ញុំ​ពី​មិន​មក​ធ្វើ​ពិធី​ដាក់​បណ្ដាសា ពួក​ខ្ញុំ​ឃើញ​លទ្ធផល​អ្នក​ដែល​ពាក់ព័ន្ធ​រឿង​ដីធ្លី​ជាមួយ​ពួក​យើង​ខ្ញុំ បាន​ទទួល​បណ្ដាសា គឺ​ស្លាប់។ មាន​អ្នក​ខ្លះ​បាក់​ក មាន​អ្នក​ខ្លះ​ធ្លាក់​ពី​លើ​អង្រឹង មាន​អ្នក​ខ្លះ​ដួល​ក្នុង​បន្ទប់​ទឹក។ ក្នុង​រឿង​យើង​ខ្ញុំ​នេះ មេ​ឃុំ​ស្លាប់​អស់ ៣​នាក់​ហើយ រួម​ទាំង​ចៅហ្វាយ​ខេត្ត ទូច ម៉ារីម ផង​ក៏​ស្លាប់​បាត់​បង់​ដែរ ព្រោះ ទូច ម៉ារីម បាន​ពាក់ព័ន្ធ​មក​លើ​ដី​របស់​យើង។ អ៊ីចឹង​បាន​ន័យ​ថា បារមី​ទាំងអស់​នោះ គឺ​សក្ដិសិទ្ធិ​ណាស់ ឃើញ​ទាន់ៗ​ភ្នែក។ អ្នក​ដែល​ពាក់ព័ន្ធ អ្នក​ដែល​រំលោភ​បំពាន ឃុបឃិត អាជ្ញាធរ​ដែល​ឃុបឃិត​រឿង​ដី​របស់​ពួក​យើង គឺ​ទទួល​បាបកម្ម​ស្លាប់​ដោយ​តៃហោង​ទាំងអស់»

ក្រុមហ៊ុន ខេ.ឌី.ស៊ី របស់ អ្នកស្រី ជា ខេង បាន​បន្ថែម​កម្លាំង​កម្មករ ដើម្បី​ពន្លឿន​ការ​ឈូស​ឆាយ និង​ធ្វើ​របង បើ​ទោះ​បី​ជា​កាល​ពី​ថ្ងៃ​ទី​១ កក្កដា ក្រសួង​យុត្តិធម៌ ចេញ​លិខិត​អន្តរាគមន៍​មួយ​ទៅ​សាលា​ដំបូង​ខេត្ត​កំពង់ឆ្នាំង ឆ្លើយ​តប​នឹង​សំណើ​ពលរដ្ឋ​ដែល​ស្នើសុំ​ឲ្យ​បញ្ឈប់​ការ​ធ្វើ​របង​រំលោភ​យក​ដី​លំនៅឋាន និង​ដី​របស់​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ នៅ​ឃុំ​តាជេស ខេត្ត​កំពង់ឆ្នាំង នោះ​ក៏ដោយ។

អ្នកស្រី អ៊ុំ សុភី មាន​ប្រសាសន៍​ថា កម្មករ​របស់​ក្រុមហ៊ុន ខេ.ឌី.ស៊ី កើន​ឡើង​រាប់​រយ​នាក់ ដោយ​ចែក​ចេញ​ជា​ពីរ​ក្រុម គឺ​មួយ​ក្រុម​អនុវត្ត​ការងារ​ឈូស​ឆាយ និង​សង់​របង និង​មួយ​ក្រុម​ទៀត រង់ចាំ​ទប់ទល់​ជាមួយ​កម្លាំង​តវ៉ា​របស់​ប្រជាពលរដ្ឋ។

អ្នកស្រី អ៊ុំ សុភី ថ្លែង​ថា ពិធី​បុណ្យ​ដាក់​បណ្ដាសា​ដែល​ចាប់​ផ្ដើម​ពី​ម៉ោង ២​រសៀល​ថ្ងៃ​ទី​១២ កក្កដា នេះ នឹង​បញ្ចប់​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ កក្កដា ដោយ​មាន​និមន្ត​ព្រះសង្ឃ​ឆាន់​ចង្ហាន់​ថ្ងៃ​ត្រង់ និង​ធ្វើ​ពិធី​ដុត​រូប​ទីងមោង ដែល​ពួក​គាត់​ឧបកិច្ច​ជា​រូប​អ្នក​រំលោភ​យក​ដី​របស់​ពួក​គាត់៖ «ទីងមោង​ហ្នឹង តំណាង​ឱ្យ លោកស្រី ជា ខេង តំណាង​ឱ្យ លោក ថៃ ហ៊ី តំណាង​ឱ្យ លោក ឡំ ឡី តុលាការ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់។ យើង​មាន​អំបិល​មាន​ម្ទេស​ទៀត ដើម្បី​ធ្វើ​ពិធី​ដាក់​បណ្ដាសា​ហ្នឹង។ ធ្វើ​ឱ្យ​ពួក​ទាំងអស់​ហ្នឹង​ក្ដៅ​ក្រហល់​ក្រហាយ​ក្នុង​ការ​រំលោភ​ដី​ពួក​យើង​ខ្ញុំ​ហ្នឹង»

អ្នកស្រី​បន្ត​ថា កម្លាំង​សមត្ថកិច្ច​ដែល​ត្រូវ​បញ្ជូន​ទៅ​ការពារ​កម្លាំង​ធ្វើ​របង​របស់​ក្រុមហ៊ុន​នោះ នៅ​មិន​ទាន់​ដក​ចេញ​នៅ​ឡើយ​ទេ។ អ្នកស្រី​បញ្ជាក់​ថា អ្នក​ភូមិ ៨៩​គ្រួសារ​ដែល​កំពុង​តវ៉ា​នេះ គឺ​ជា​អ្នក​ភូមិ​មិន​បាន​លក់​ដី​ឱ្យ​ក្រុមហ៊ុន។

តំណាង​ក្រុមហ៊ុន ខេ.ឌី.ស៊ី លោក ថៃ ហ៊ី បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ទេ នៅ​ថ្ងៃ​ទី​១២ កក្កដា។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​បញ្ជាក់​ពី​ព្រះរាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​កំពង់ឆ្នាំង លោក យូ ទិត្យវឌ្ឍនៈ បាន​ទេ នៅ​ថ្ងៃ​ដដែល។ ប៉ុន្តែ​កាល​ពី​ថ្ងៃ​ទី​១១ កក្កដា លោក យូ ទិត្យវឌ្ឍនៈ ថ្លែង​ថា ខាង​លោក​បាន​ទទួល​លិខិត​របស់​ក្រសួង​យុត្តិធម៌ នេះ​ហើយ ប៉ុន្តែ​មិន​អាច​អន្តរាគមន៍​បាន ដោយ​លោក​ប្រាប់​ថា សំណុំ​រឿង​ទាំងអស់​ទាក់ទង​ករណី​ដីធ្លី​នេះ មិន​ស្ថិត​នៅ​ក្នុង​ស្ថាប័ន​អយ្យការ​របស់​លោក​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

Richard

ពី Modesto, CA, USA

Take the land n making partial law now knowing that the next election CCP will ever get any votes.

Jul 12, 2014 10:39 AM

គេហទំព័រ​ទាំងមូល