ពលរដ្ឋ​ខែត្រ​កំពង់ធំ​ ៣០០នាក់ តវ៉ា​ទាមទារ​ដី​របស់​ពួក​គេ ដែល​ត្រូវ​បាន​អាជ្ញាធរ​ដក​ហូត​ សម្រាប់​ផ្ដល់​ដីសម្បទាន​សង្គមកិច្ច

ដោយ ថន ថារ៉ូ
2019-05-01
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពលរដ្ឋ​នៅ​ឃុំ​ដូង ស្រុក​ប្រាសាទ​បល្ល័ង្ក​ ខែត្រ​កំពង់ធំ លើក​គ្នា​តវ៉ា​នៅ​សាលា​ឃុំ រឿង​អាជ្ញាធរ​ខេត្ត​ដក​ដី​ពួក​គាត់​យក​ទៅ​ធ្វើ​ជា​ដី​សម្បទាន​សេដ្ឋកិច្ច កាល​ពី​ថ្ងៃ​ទី២៦ ខែ​មេសា ឆ្នាំ២០១៩។
ពលរដ្ឋ​នៅ​ឃុំ​ដូង ស្រុក​ប្រាសាទ​បល្ល័ង្ក​ ខែត្រ​កំពង់ធំ លើក​គ្នា​តវ៉ា​នៅ​សាលា​ឃុំ រឿង​អាជ្ញាធរ​ខេត្ត​ដក​ដី​ពួក​គាត់​យក​ទៅ​ធ្វើ​ជា​ដី​សម្បទាន​សេដ្ឋកិច្ច កាល​ពី​ថ្ងៃ​ទី២៦ ខែ​មេសា ឆ្នាំ២០១៩។
រូប៖ ពលរដ្ឋ

ពលរដ្ឋ​រស់​នៅ​ក្នុង​ភូមិ​ចំនួន​ ៥ភូមិ​ នៃ​ឃុំ​ដូង​ ស្រុក​ប្រាសាទ​បល្ល័ង្ក​ ខែត្រ​កំពង់ធំ​ប្រមាណ​ជាង​ ៣០០នាក់​ បាន​លើកគ្នា​តវ៉ា​រយៈ​ពេល ២ថ្ងៃ​ជាប់​គ្នា​ បំណង​ទាមទារ​ដី​របស់​ពួក​គេ​ ដែល​អាជ្ញាធរ​ដក​ហូត​ ហើយ​បម្លែង​ជា​ដី​សម្បទាន​សង្គមកិច្ច។ ចំណែក​អាជ្ញាធរ​បាន​ដាក់​កម្លាំង​ឃ្លាំ​មើល​អ្នក​ភូមិ​ដែល​ចេញ​តវ៉ា​ ហើយ​អះអាង​ថា​ ដី​ដែល​ពលរដ្ឋ​ទាមទារ​នោះ​ជា​ដី​របស់​រដ្ឋ។

ពលរដ្ឋ ៨នាក់ តំណាង​ឲ្យ​ពលរដ្ឋ​ជាង ៤រយ​គ្រួសារ​ រស់នៅ​ភូមិ​ចំនួន ៥ ក្នុង​ឃុំ​ដូង​ ស្រុក​ប្រាសាទ​បល្ល័ង្ក​ បាន​មកដល់​សមាគម អាដហុក នៅ​ព្រឹក​ថ្ងៃ​ទី៣០ មេសា ដើម្បី​ស្វែងរក​កិច្ច​អន្តរាគមន៍​ផ្នែក​ច្បាប់ ករណី​ដែល​អាជ្ញាធរ​ខេត្ត​នេះ​ បាន​ច្បាម​យក​ដី​ស្រែ​ ដែល​ពួក​គេ​អាស្រ័យផល​តាំង​ពី​ដូន​តា បំប្លែង​ជា​ដី​សម្បទាន​សង្គមកិច្ច។

តំណាង​ពលរដ្ឋ​រស់​នៅ​ភូមិ​តា​មុំ​ លោកស្រី​ ម៉ុង​ ហេង​ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី៣០ មេសា​ថា អ្នក​ភូមិ​ជាង​ ៣០០នាក់​ បាន​លើក​គ្នា​ឃាត់​គ្រឿងចក្រ​ ៥គ្រឿង​ ដែល​កំពុង​ឈូស​ឆាយ​ដី​ស្រែ​របស់​ពួក​គេ​ ក៏​ប៉ុន្តែ​ត្រូវ​បាន​សមត្ថកិច្ច​រារាំង​ និង​ប្រាប់​ពួក​គាត់​ឲ្យ​រង់ចាំ​ មេ​ឃុំ​ចុះ​មក​សម្របសម្រួល​សិន។ ចំណែក​អ្នក​ភូមិ​បាន​អង្គុយ​រង់ចាំ​ មេឃុំ​ជា​ច្រើន​ម៉ោង​ពុំ​ឃើញ អាជ្ញាធរ​ឃុំ​ចុះ​ដោះ​ស្រាយ​ការ​តវ៉ា​របស់​ពួកគេ​នោះ​ទេ​ កាល​ពី​ព្រឹក​ថ្ងៃ​ទី២៩ មេសា។ ចំណែក​សមត្ថកិច្ច​ចម្រុះ​ជាច្រើន​នាក់​ ប្រដាប់​ដោយ​កាំភ្លើង នៅ​តែ​បន្ត​ឈាម​ល្បាត​ ក្នុង​ភូមិ និង​ឃ្លាំ​មើល​ លោកស្រី​ ដែល​ចេញ​មុខ​តវ៉ា​រឿង​នេះ៖ «និយាយ​ទៅ​ឈូស​អស់​ទាំង​ស្រុង​ គាត់​ពុំ​មាន​ដំណោះស្រាយ​ឲ្យ​ពួក​ខ្ញុំ​ទេ។ ប្រភេទ​ដីស្រែ​ គឺ​ពុំ​មែន​ដី​ព្រៃ​ទេ។ ដី​នេះ​តាំង​ពី​ឪពុក​ម្ដាយ​ខ្ញុំ​មក​ គាត់​បាត់​បង់​ជីវិត​ តាំង​យាយ​តា​មក​ គឺ​ច្រើន​ដំណ​មក​ហើយ។ ខ្ញុំ​គ្រាន់​តែ​តវ៉ា​ សុំ​ឲ្យ​មាន​ដំណោះស្រាយ​ កុំ​ឲ្យ​គាត់​បិទ​សិទ្ធិ​មិន​ឲ្យ​ពួក​ខ្ញុំ​តវ៉ា ព្រោះ​ខ្ញុំ​អត់​មែន​បាន​ខ្ញុំ​តវ៉ា»

ស្ត្រី​ដដែល​បន្ថែម​ថា គ្រួសារ​លោកស្រី​ មាន​ដីស្រែ​ជិត ១០ហិកតារ​ ជា​ដី​កេរ​ដូនតា​ ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​ដក​ហូត​ ដោយ​ពុំ​ផ្ដល់​ដំណឹង​អ្វី​ទាំង​អស់​ ដោយ​លើក​ហេតុផល​ថា​ ដី​ទាំង​នោះ​ ជា​ដី​របស់​រដ្ឋ។ លោកស្រី​ត្អូញ​ថា គ្រួសារ​លោកស្រី​នឹង​ខ្វះ​ដី​ធ្វើ​កសិកម្ម​ចិញ្ចឹម​ជីវិត​ ប្រសិន​បើ​អាជ្ញាធរ​មិន​ដោះ​ស្រាយ​បញ្ហា​នេះ​ជូន​ពួក​គាត់​ឲ្យ​ត្រឹមត្រូវ​នោះ​ទេ៖ «ពេល​ពួក​ខ្ញុំ​តវ៉ា​ គាត់​ដាក់​កម្លាំង​សមត្ថកិច្ច​ និង​ការ​ចាប់ខ្លួន​តែ​ម្ដង​រហូតមកដល់​ពេលនេះ​។ ពេល​ម្សិលមិញ​ខ្ញុំ​តវ៉ា​ ថ្ងៃនេះ​គាត់​ដាក់​សមត្ថកិច្ច​មក​ព័ទ្ធ​ផ្ទះ​របស់ខ្ញុំ​។ ខ្ញុំ​អត់មាន​ដីស្រែ​ទៀត​ទេ​ បើ​ខ្ញុំ​អស់​ប៉ុណ្ណឹង​ គឺ​ខ្ញុំ​ចប់​ហើយ​ មិន​ដឹង​ថា​ ទីពឹង​អ្វី​ទេ​»

តំណាង​ពលរដ្ឋ​ម្នាក់​ទៀត​ លោកស្រី​ អ៊ាង ម៉េង វ័យ​ ៣១ឆ្នាំ​ ទទូច​ឲ្យ​អាជ្ញាធរ​ដោះ​ស្រាយ​វិបត្តិ​ដីធ្លី​នេះ​ ដោយ​យុត្តិធម៌​ និង​តម្លាភាព​ ដើម្បីឲ្យ​ពួក​គេ​មាន​លទ្ធភាព​ធ្វើស្រែ​ចិញ្ចឹមជីវិត។ លោកស្រី​ថា អាជ្ញាធរ​មូលដ្ឋាន​ តែង​គេចវេះ​មិន​ដោះ​ស្រាយ​ក្តី​កង្វល់​របស់​ពួកគេ​ បើ​ទោះ​បី​ជា​អ្នក​ភូមិ​បាន​ធ្វើ​ដំណើរ​ដល់​សាលា​ឃុំ​ជា​ញឹកញាប់​ តែ​ពុំ​ឃើញ​មេឃុំ​ នៅ​ទីនោះ៖ «មិន​មាន​ការ​ព្រមព្រៀង​ពី​ពលរដ្ឋ​ ហើយ​ក៏​ពុំ​មាន​ការ​ប្រជុំ​ព្រមព្រៀង​ពី​គាត់​ដែរ គឺ​គាត់​លួច​ឈូស​ទាំង​អស់​ ទាំង​ដី​ស្រែ​គ្មាន​សល់​ទេ។ និយាយ​ទៅ​សុទ្ធតែ​ស្រែ​តែ​ម្ដង​ អត់​មាន​ព្រៃ​ទេ។ តែ​ថ្ងៃ​នេះ​ក៏​គេ​នៅ​តែ​ឈូស​ដែរ​ ព្រោះ​មាន​ប៉ូលិស​ទាហាន​ច្រើន​ ដើម្បី​ទៅ​យាម​ការ​ឈូស​ឆាយ​របស់​គាត់»

ឆ្លើយ​តប​រឿង​នេះ​ អភិបាល​ខេត្ត​កំពង់ធំ​ លោក​ សុខ​ លូ​ មាន​ប្រសាសន៍​ថា​ គម្រោង​ផ្ដល់​ដី​សម្បទាន​សង្គមកិច្ច​នេះ​ សម្រាប់​ផ្ដល់​ជូន​ពលរដ្ឋ​ក្រីក្រ ដែល​រស់នៅ​ក្នុង​ឃុំ​ដូង​ទាំង​មូល​ ដែល​កំពុង​ខ្វះ​ខាត​ដី​រស់​នៅ​ និង​ធ្វើ​កសិកម្ម​ ហើយ​អាជ្ញាធរ​ជាតិ​បាន​អនុញ្ញាត​ឲ្យ​អាជ្ញាធរ​ខេត្ត​អនុវត្ត​គម្រោង​នេះ។ លោក​បញ្ជាក់​ថា​ អាជ្ញាធរ​បាន​កាត់​ឆ្វៀល​ ផល​ប៉ះពាល់​ដី​ស្រែ​របស់​ពលរដ្ឋ​ចេញ​អស់​ហើយ ប្រសិនបើ​ពលរដ្ឋ​មិន​សុខ​ចិត្ត​ អាជ្ញាធរ​នឹង​សម្របសម្រួល​បញ្ហា​នេះ​ ជូន​ពលរដ្ឋ​ ក៏​ប៉ុន្តែ​អ្នក​ភូមិ​ត្រូវ​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ។ លោក​អះអាង​ថា ដី​នៅ​តំបន់​នោះ​ ពុំ​មែន​ជា​កម្មសិទ្ធិ​របស់​ពលរដ្ឋ​នោះ​ទេ​ ហើយ​កាល​ពី​ដើម​ឡើយ​ ដី​ទាំង​នោះ​ ជា​ដី​ព្រៃ​លិច​ទឹក​ និង​ព្រៃ​រេចរឹល៖ «កន្លងមក​គឺ​មាន​បងប្អូន​ខ្លះ​ គាត់​បាន​អះអាង​អីចឹង​ ហើយ​គាត់​បាន​ចូល​ខ្លួន​ដោះ​ស្រាយ​ជា​បញ្ហា​មួយ​ដែល​យើង​ខិតខំ​ សម្របសម្រួល​ ជាមួយ​បងប្អូន​បើ​មាន គឺ​យើង​បន្ត​ដោះ​ស្រាយ​ តែ​កន្លង​មក​តំបន់​នេះ​ពី​ដើម​រៀង​មក​ ជា​ដី​របស់​រដ្ឋ​ ពុំ​មែន​ដី​ កម្មសិទ្ធិ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ទេ។ តែ​គាត់​មាន​បំណង​ដោះ​ស្រាយ​ហៅ​គាត់​សួរ? ចុងក្រោយ​មាន​មេខ្លោង​ តែ​ប៉ុន្មាន​អ្នក​ទេ​ អត់​មាន​ពីណា​ច្រើន​ទេ​ដី​ហ្នឹង​ ហើយ​គាត់​កៀរគរ​ពលរដ្ឋ​ដែល​មិន​ដឹង​រឿង​សោះ​ចូល​ហ្នឹង​ដែរ»

របាយការណ៍​របស់​អាជ្ញាធរ​ខេត្ត​កំពង់ធំ​បង្ហាញ​ថា​ គម្រោង​ផ្ដល់​ដីសម្បទាន​សេដ្ឋកិច្ច​នេះ​ សម្រាប់​ចែក​ជូន​ពលរដ្ឋ​ក្រីក្រ​រស់នៅ​ឃុំ​ដួង​ មាន​ទំហំ​ ៣.០០០ហិកតារ និង​បាន​កាត់​ឆ្វៀល​ផល​ប៉ះពាល់​រួច​នៅ​សល់​ត្រឹម ១.៩០០ហិកតារ។ មក​ទល់​ពេលនេះ​ ពលរដ្ឋ​ក្រីក្រ​ ដែល​ចុះ​ឈ្មោះ​ វាយ​តម្លៃ​ ទទួល​បាន​ដី​សម្បទាន​សង្គមកិច្ច​មាន​ជាង ៧២៥គ្រួសារ ដោយ​ទទួល​បាន​ដី​លំនៅឋាន​ ទទឹង​ ៣០ម៉ែត្រក្រឡា​ បណ្ដោយ​ ៤០ម៉ែត្រក្រឡា​ និង​ដី​កសិកម្ម​ទំហំ​ ២ហិកតារ​ស្មើៗ គ្នា។ គម្រោង​នេះ​ ឧបត្ថម្ភ​ថវិកា​ដោយ​ធនាគារ​ពិភព​លោក (World Bank) ដែល​ចុះ​សិក្សា​ និង​វាយ​តម្លៃ​ផល​ប៉ះពាល់​តាំងពី​ឆ្នាំ២០០៩​ ហើយ​បច្ចុប្បន្ន​កំពុង​ឈូស​ឆាយ​ស្ថាបនា​សាលារៀន​ និង​ផ្លូវ​ជាដើម។

មន្ត្រី​សម្របសម្រួល​សមាគម អាដហុក ខេត្ត​កំពង់ធំ លោក សុក រដ្ឋា យល់​ថា អាជ្ញាធរ​គួរ​ដោះ​ស្រាយ​បញ្ហា ដែល​នៅ​សេសសល់​ឲ្យ​រួចរាល់​សិន ទើប​អនុវត្ត​គម្រោង​នេះ​ ចៀសវាង​នាំ​ឲ្យ​ពលរដ្ឋ​ផ្ទុះ​ការ​តវ៉ា​ដោយសារ​តែ​វិបត្តិ​ដីធ្លី​នេះ។ លោក​មើល​ឃើញ​ថា​ ពលរដ្ឋ​រាប់​រយ​នាក់​ នៅ​តែ​មាន​សន្ទុះ​តវ៉ា​ទាមទារ​ដីធ្លី​របស់​ពួកគាត់​មក​វិញ​ កាន់​តែ​ច្រើន​ឡើង​ ដោយសារតែ​ក្រុម​អ្នកភូមិ​ មិន​សុខ​ចិត្ត​ នឹង​យន្តការ​ដោះ​ស្រាយ​របស់​អាជ្ញាធរ៖ «ប្រសិនបើ​មាន​ឆន្ទៈ​ដោះស្រាយ​ពិតប្រាកដ​ ការ​ដោះស្រាយ​ហ្នឹង​ វា​នឹង​អាច​ឆាប់​ចប់​ដែរ​ លើកលែងតែ​ការ​ដោះស្រាយ​ហ្នឹង​ វា​ពុំ​មាន​ឆន្ទៈ​ពិតប្រាកដ​ ឬ​ការ​ដោះ​ស្រាយ​រំពឹង​ផលប្រយោជន៍។ ខ្ញុំ​គិត​ថា​ ការ​ដោះស្រាយ​របៀប​នេះ​ ពុំ​មាន​លទ្ធផល​ទេ​ ថែមទាំង​ធ្វើឲ្យ​ពលរដ្ឋ​ខឹង​សម្បារ​ ហើយ​លែង​ជឿជាក់​លើ​អាជ្ញាធរ​ទៀត​ផង»

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​ផ្ដល់​ទស្សន​ថា អាជ្ញាធរ​ខេត្ត​ត្រូវ​បញ្ជូន​មន្ត្រី​ជំនាញ​ មាន​ឆន្ទៈ​ច្បាស់លាស់​ ទៅ​ដោះ​ស្រាយ​បញ្ហា​នេះ​ ជូន​ពលរដ្ឋ​ ចៀសវាង​យក​មន្ត្រី​គ្មាន​សីលធម៌​ និង​ យក​កង​កម្លាំង​ប្រដាប់​អាវុធ​ មក​ដោះ​ស្រាយ​បញ្ហា​ នាំ​ឲ្យ​ពលរដ្ឋ​រឹតតែ​ខឹង​សម្បារ។ លោក​សង្កេត​ឃើញ​ថា អាជ្ញាធរ​បាន​បញ្ជូន​កង​កម្លាំង​ប្រដាប់​អាវុធហត្ថ​ គំរាមកំហែង​ពលរដ្ឋ​ នៅ​គ្រា ដែល​ចុះ​ដោះ​ស្រាយ​បញ្ហា​នេះ​ ហើយ​រាល់​ពេល​ដែល​ពលរដ្ឋ​ជួបជុំ​សម្ដែង​មតិ​ មាន​កងកម្លាំង​ចម្រុះ​ឃ្លាំមើល​ និង​យាម​ល្បាត​ជា​ប្រចាំ​ នៅ​តំបន់​នោះ​ ដែល​លោក​ចាត់​ទុក​ថា​ ជា​ការ​គំរាម​កំហែង និង​រំលោភ​សិទ្ធិ​មនុស្ស៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល