សិក្ខា​សាលា​ថ្នាក់ខេត្ត​ជុំវិញ​បញ្ហា​ដីធ្លី​និង​ធន​ធាន​ធម្មជាតិ​នៅ​​កំពង់ចាម

សមាគម​ការ​ពារ​សិទ្ធិ​មនុស្ស​​អាដហុក នៅ​ខេត្ត​កំពង់ចាម ​បាន​រៀប​ចំ​ឱ្យ​មាន​ការ​ជួប​ពិភាក្សា​គ្នា​មួយ​ រវាង​ប្រជាពលរដ្ឋ​ជាច្រើន​សហគម​ន៍​ជា​មួយ​មន្រ្តី​រដ្ឋាភិបាល​។ គោល​បំណង​​សំខាន់​នៃ​កិច្ច​ពិភាក្សា​នេះ​ គឺ​ដើម្បី​ផ្តល់​ឱកាស​ជូន​ដល់​ប្រជាពលរដ្ឋ​​បាន​បញ្ចេញ​នូវ​ទុក្ខ​កង្វល់​ដែល​ពួកគាត់​បាន​ជួប​ប្រទះ​​នៅ​​ពេល​កន្លង​មក​ រួម​មាន​បញ្ហា​ដី​ធ្លី​ និង​ធនធាន​ធម្មជាតិ​ជា​ដើម​ និង​ជា​ឱកាស​ដល់​អាជ្ញាធ​រធ្វើការ​បក​ស្រាយ​។
ដោយ សូត សុខ​ប្រាថ្នា
2013-12-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សិក្ខា​សាលា​ថ្នាក់ខេត្ត​ជុំវិញ​បញ្ហា​ដីធ្លី និង​ធន​ធាន​ធម្មជាតិ​ នៅ​ខេត្ត​កំពង់ចាម ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៣។
សិក្ខា​សាលា​ថ្នាក់ខេត្ត​ជុំវិញ​បញ្ហា​ដីធ្លី និង​ធន​ធាន​ធម្មជាតិ​ នៅ​ខេត្ត​កំពង់ចាម ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៣។
RFA/Saut Sok Prathna

ប្រជាពលរដ្ឋ​មក​ពី​សហគមន៍​មួយ​ចំនួន​នៅ​ក្នុង​ខេត្ត​កំពង់ចាម​ ដែល​មាន​បញ្ហា​ដី​ធ្លី​ រឿង​ដី​ព្រៃ​លិច​ទឹក​ រឿង​ព្រៃ​សហគមន៍​ រួម​នឹង​បញ្ហា​ធន​ធាន​ធម្មជាតិ​ផ្សេង​ទៀត​ ដែល​រដ្ឋាភិបាល​មិន​ទាន់​បាន​ដោះស្រាយ​ ត្រូវ​បាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​​អាដហុក ​ប្រចាំ​ខេត្ត​កំពង់ចាម​ ប្រមូល​មក​ធ្វើ​ការ​ពិភាក្សា​នៅ​មុខ​មន្រ្តី​រដ្ឋាភិបាល​ និង​មន្រ្តី​ជំនាញ​ដើម្បី​ស្វែង​រក​ដំណោះស្រាយ​​នៅ​ថ្ងៃ​ទី​៣០ ​ធ្នូ​។

ប្រធាន​សមាគមការ​ពារ​សិទ្ធិ​មនុស្ស​​អាដ​ហុក (ADHOC) ​ ប្រចាំ​ខេត្តកំពង់ចាម​ លោក​ នាង​ សាវ៉ាត​ បាន​មាន​ប្រសាសន៍​ថា​ គោល​បំណង​នៃ​ការ​រៀប​ចំ​សិក្ខាសាលា​ថ្នាក់​ខេត្ត​ជុំ​វិញ​បញ្ហា​ដី​ធ្លី​ និង​ធន​ធាន​ធម្មជាតិ​នៅ​ពេល​នេះ​ គឺ​ដើម្បី​ផ្តល់​ឱកាស​សម្រាប់​ប្រជាពល​រដ្ឋ​ ដែល​មាន​បញ្ហា​បាន​ជួប​ជាមួយ​មន្រ្តី​ដែល​ពាក់​ព័ន្ធ​ សម្រាប់​កំណត់​ពី​ការ​ដោះស្រាយ​ និង​បង្ហាញ​ពី​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​អាជ្ញាធ​រ​ទាំង​នោះ​៖ «ថាតើ​បើ​វាមាន​ការ​ប្រព្រឹត្ត​បទ​ល្មើស​អ៊ីចឹង​តើ​មន្រ្តី​ជំនាញ​ដែល​ជា​មុខ​មាត់​ ដែល​ជា​ដៃ​ជើង​​របស់​រដ្ឋាភិបាល​ហ្នឹង​លោក​អាច​ធ្វើ​យ៉ាង​ម៉េច​បាន​? វាទាក់​ទង​នឹង​ការ​ទទួល​ខុស​ត្រូវ​ ពីព្រោះ​មន្រ្តី​ជំនាញ​ទាំង​អស់​គាត់​មាន​សិទ្ធិ​ ប៉ុន្តែ​​គាត់​ក៏​មាន​ការ​ទទួលខុស​ត្រូវ​ដែរ​ ប្រសិន​ជា​មាន​ការ​បំផ្លិច​បំផ្លាញ​ព្រៃលិច​ទឹក​ ការបំផ្លិច​បំផ្លាញ​ព្រៃ​ឈើ​ និង​ការ​បំផ្លិច​បំផ្លាញ​ធន​ធាន​ធម្មជាតិ​ហ្នឹង វា​ត្រូវ​ខូច​ខាត ​តើអ្នក​ណា​ជាអ្នក​ប្រព្រឹត្ត? ហើយ​ត្រូវ​ទទួល​ទោស​យ៉ាងម៉េច​? ហើយ​អ្នក​ទទួល​ខុស​ត្រូវ​ហ្នឹង​ត្រូវ​ទទួល​ខុស​ត្រូវ​យ៉ាងម៉េច​ដែរ?​»។

លោក​ថ្លែង​បន្ត​ថា​ ការ​អនុវ​ត្ត​របស់​មន្រ្តី​ជំនាញ​នា​ពេល​កន្លង​មក​​ហាក់​បី​ដូច​ជា​មិន​មានតម្លា​ភាព​ ពីព្រោះ​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​កាន់​កាប់​លើ​ដី​ដែល​មាន​រយៈ​កាល​យូរ ប៉ុន្តែ​មិន​បាន​ទទួល​បាន​ប័ណ្ណកម្ម​សិទ្ធិ​ ចំណែក​ឯ​អ្នក​មាន​អំណាច​ទើប​តែ​មក​កាន់​កាប់​នាពេល​ក្រោយ​​បែរ​ជា​មាន​ប្លង់​កម្មសិទ្ធិ​។ មួយ​វិញ​ទៀត​ ប្រជាពលរដ្ឋ​ដែល​ទៅ​កាប់​អុស​នៅក្នុង​ព្រៃ​លិច​ទឹក​សម្រាប់​ដាំស្ល​បែរ​ជាត្រូវ​មាន​ទោស​ ប៉ុន្តែ​ក្រុម​ហ៊ុន​ដែល​ឈូស​ឆាយ​ព្រៃ​លិច​ទឹក​រាប់​ពាន់​ហិចតា​រ បែរ​ជាមិន​មាន​ទោស​​ជាដើម​។

សិក្ខា​សាលា​ថ្នាក់ខេត្ត​ជុំវិញ​បញ្ហា​ដីធ្លី និង​ធន​ធាន​ធម្មជាតិ​ នៅ​ខេត្ត​កំពង់ចាម ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៣។​​  RFA/Saut Sok Prathna
សិក្ខា​សាលា​ថ្នាក់ខេត្ត​ជុំវិញ​បញ្ហា​ដីធ្លី និង​ធន​ធាន​ធម្មជាតិ​ នៅ​ខេត្ត​កំពង់ចាម ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៣។ RFA/Saut Sok Prathna

 

ថ្លែង​នៅក្នុង​ពិធី​នោះ​ អភិបាល​រង​ខេត្ត​កំពង់ចាម​ អ្នក​ស្រី​ ខុង​ ស៊ុនអេង​ បាន​មាន​ប្រសាសន៍ថា​ បញ្ហា​របស់​ប្រជាពលរដ្ឋ​នៅក្នុង​ខេត្ត​កំពង់ចាម ​មួយ​ចំនួន ​រដ្ឋាភិបាល​កំពុង​ធ្វើ​ការ​ដោះស្រាយ​ ហើយ​មាន​មួយ​ចំនួន​ទៀត​ ខាង​អាជ្ញាធរ​ខេត្ត​មិន​ទាន់​បាន​ទទួល​នោះ​ឡើយ​។

អ្នក​ស្រី​បន្ថែម​ថា​ ជា​ការ​ប្រសើរ​ គប្បី​ប្រជាពលរដ្ឋ​ដែល​មាន​បញ្ហា​ទាំង​នោះ​ត្រូវ​ដាក់​ពាក្យ​បណ្តឹង​មក​ថ្នាក់​ខេត្ត​​ ឬ​ក៏​អាច​សរសេរ​សំបុត្រ​ដាក់​ក្នុង​​ប្រអប់​គណនេយ្យ​ភាព​របស់​ខេត្ត​តែ​ម្តង​ ជុំវិញ​បញ្ហា​ទាំង​អស់​របស់​ប្រជាពលរដ្ឋ​ ទើប​ធ្វើ​ឱ្យ​ខេត្ត​មាន​ព័ត៌មាន​គ្រប់​គ្រាន់​សម្រាប់​ធ្វើ​ការ​ដោះស្រាយ​៖ «មិន​ទាន់​បាន​សិក្សា​ទេ!​ អីចឹង​ខ្ញុំ​ថា ​ដើម្បី​ឱ្យ​លោក​អ៊ុំ ពូ ​មីង ​ទាំង​អស់​ រឿង​ដី​អស់​លុយ​ច្រើន​។ កុំ​អាល​ចូល​តុលាការ​ ចូល​ទៅ​គណៈ​កម្មាធិការ​ទំនាស់​ដីធ្លី​ ហើយ​បើ​មិន​បាន​ចូលទេ​ សុំឱ្យ​ដាក់​ពាក្យ​បណ្តឹង​នៅ​ក្នុង​ប្រអប់​សំបុត្រ​អនាមិក ដែល​គេ​ហៅ​ថា​ប្រអប់​សំបុត្រ​គណនេយ្យភាព​។ នៅ​ខាង​ត្បួង​សាលា​ខេត្ត​មាន​មួយ​ជាប់​នឹង​ទីចាត់​ការ​សមាគម​ក្រុម​ប្រឹក្សា​ខេត្ត​»។

ក្នុង​កិច្ច​ប្រជុំ​នោះ​ ក៏​មាន​ការសន្យា​ពី​សំណាក់​មន្រ្តី​ដែល​ពាក់​ព័ន្ធ​មួយ​ចំនួន​ក្នុង​ការ​ដោះស្រាយ​នូវបញ្ហា​ផ្សេងៗ​ និង​ទុក្ខ​កង្វល់​របស់​ប្រជាពលរដ្ឋ​ដែល​បាន​ជួប​ប្រទះ​។​

លោក ធន សារ៉ាយ ប្រធានសមាគមអាដហុក (រូបខាងឆ្វេង) ក្នុងសិក្ខា​សាលា​ថ្នាក់ខេត្ត​ជុំវិញ​បញ្ហា​ដីធ្លី និង​ធន​ធាន​ធម្មជាតិ​ នៅ​ខេត្ត​កំពង់ចាម ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៣។  RFA/Saut Sok Prathna
លោក ធន សារ៉ាយ ប្រធានសមាគមអាដហុក (រូបខាងឆ្វេង) ក្នុងសិក្ខា​សាលា​ថ្នាក់ខេត្ត​ជុំវិញ​បញ្ហា​ដីធ្លី និង​ធន​ធាន​ធម្មជាតិ​ នៅ​ខេត្ត​កំពង់ចាម ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៣។ RFA/Saut Sok Prathna

 

ចំណែក​ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ លោក​ ធន​ សារាយ​ បាន​មាន​ប្រសាសន៍​ថា ​រាល់​បញ្ហា​មួយ​ចំនួន​ដែល​ពិបាក​ក្នុង​ការដោះស្រាយ​ គឺ​ដោយ​សារ​តែ​រឿង​ទាំងនោះ​មាន​ការ​ពាក់ព័ន្ធ​ទៅ​នឹង​មន្រ្តី​ធំៗ​ ដែល​មាន​អំណាច​ ហើយ​មាន​មន្រ្តី​ថ្នាក់​ខេត្ត​មួយ​ចំនួន​ក៏​បាន​រួម​គំនិត​ជា​មួយ​ជន​ខិល​ខូច​ទាំង​នោះ​ ទើប​ធ្វើ​ឱ្យ​ការ​ដោះស្រាយ​ត្រូវ​បាន​អូស​បន្លាយ​៖ «គឺ​ដោយ​សារ​តែ​មាន​អំណាច​ខ្ពស់ៗ​ធំៗ​ ហ្នឹង​ឯង​ដែល​ធ្វើ​ទុក្ខ​បុកម្នេញ​ដល់​សេចក្តី​សុខ​របស់​ប្រជាពលរដ្ឋ​យើង​។ ហើយ​ដែល​អាជ្ញាធរ​ខ្លះ​ ដែល​​លោក​នៅ​ត្រឹម​ថ្នាក់​ខេត្ត​ថ្នាក់​ស្រុក​នេះ​ គាត់​ខ្លាច​ជួន​កាល​​មិន​ហ៊ាន​នឹង​ប៉ះ​ពួក​អ្នក​ធំៗ​នោះ​ទេ​។ អានេះ​ហើយ​ដែល​ជាបញ្ហា​ក្តៅ​គគុក​នៅ​ក្នុង​សង្គម​យើង​បច្ចុប្បន្ន​។ អ្នក​មាន​អំណាច​អ្នកមាន​ខ្នង​ក្រាស់​ៗនៅ​ថ្នាក់​ជាតិ​ គឺ​ថា​គាត់​មក​ធ្វើ​អ្វី​ស្រេច​តែ​ចិត្ត​ទៅ​តាម​មូលដ្ឋាន​នា​នា​ហ្នឹង​ ហើយ​ថ្នាក់​ខេត្ត​ហ្នឹង​ក៏​​មាន​ការ​ឃុប​ឃិត​ខ្លះ​ដែរ ​បុគ្គល​ខ្លះ​ក៏​មាន​ការ​ឃុបឃិត​ធ្វើ​កិច្ច​ការ​ហ្នឹង​ជា​មួយ​ពួក​មន្រ្តី​ពួក​អ្នក​ដែល​គេ​ហៅ​ថា​អ្នក​រក​ស៊ី​ខូច​ខិល​ហ្នឹង​»។

​​លោក​បាន​បញ្ជាក់​នៅ​ពេល​បញ្ចប់​កម្មវិធី​ថា​ អ្វី​ដែល​ជារឿង​សំខាន់​នោះ​​អាជ្ញាធរ​ដែល​ពាក់ព័ន្ធ​ គប្បី​​យក​នូវ​រាល់​បញ្ហា​ដែល​បាន​ពិភាក្សា​​ទៅ​អនុវត្ត​ដើម្បី​ធ្វើ​ការ​ដោះស្រាយ​ឱ្យ​ខាង​​តែ​បាន​ទើ​ប​ជារឿង​ប្រសើរ​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅក្នុង​អត្ថបទ​នេះ​៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ៕

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

Very very good training class. Please do like this in every province. Especially, where the people having problem.

Dec 30, 2013 11:11 PM

គេហទំព័រ​ទាំងមូល