ពលរដ្ឋ​១៨​គ្រួសារ​នៅ​ឫស្សីកែវ​បារម្ភ​ខ្លាច​អាជ្ញាធរ​ឈូស​សំយាប​ផ្ទះ​នៅ​ថ្ងៃ​ចូល​ឆ្នាំ​សាកល

អភិបាល​ខណ្ឌ​ឫស្សីកែវ លោក ឃ្លាំង ហួត បាន​ជូន​ដំណឹង​ជា​លើក​ទី​៣ ទៅ​ដល់​ពលរដ្ឋ​ដែល​រស់​នៅ​អម​សង​ខាង​ផ្លូវ​លំ ស្ថិត​ក្នុង​ក្រុម​ទី​១២ ភូមិ​ទួលគោក សង្កាត់​ទួលសង្កែ ឲ្យ​រុះរើ​របង​សំយាប និង​សំណង់​ផ្សេងៗ ដែល​សង់​ប៉ះពាល់​ដល់​ដំណើរ​ការ​ស្ថាបនា​ពង្រីក​ផ្លូវ​លំ​មួយ​ខ្សែ ដែល​មាន​ប្រវែង ៤៨០​ម៉ែត្រ និង​ទទឹង ៨​ម៉ែត្រ ចាប់​ពី​ផ្លូវ​បេតុង​អម​ប្រឡាយ​បាក់ទូក ត​ភ្ជាប់​ទៅ​ផ្លូវ​លេខ​៥៩៨។
ដោយ ទេព សុរ៉ាវី
2013-12-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​នៃ​ការ​ពង្រីក​ផ្លូវ​ទាំង​នោះ បដិសេធ​មិន​រុះរើ​តាម​ការ​ជូន​ដំណឹង​នោះ​ទេ និង​ទាមទារ​ឲ្យ​មាន​ការ​ផ្តល់​សំណង​សមរម្យ​ជា​ថ្នូរ​នៃ​ការ​រុះរើ។

ពលរដ្ឋ ១៨​គ្រួសារ រស់​នៅ​ភូមិ​ទួលគោក ក្នុង​ខណ្ឌ​ឫស្សីកែវ ព្រួយ​បារម្ភ​ថា អាជ្ញាធរ​ខណ្ឌ​អាច​ដាក់​កម្លាំង​ឈូស​ឆាយ​របង​សំយាប​ផ្ទះ និង​សំណង់​ផ្សេងៗ​ចេញ ដោយ​គ្មាន​សំណង​នៅ​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​សាកល ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០១៤។

តំណាង​ពលរដ្ឋ លោក សុខ ពីតូ មាន​ប្រសាសន៍​ថា អាជ្ញាធរ​ខណ្ឌ លោក ឃ្លាំង ហួត បាន​ដាក់​ឱសានវាទ​ជាច្រើន​លើក​មក​ហើយ ឲ្យ​ពលរដ្ឋ ១៨​គ្រួសារ រស់​នៅ​អម​សង​ខាង​ផ្លូវ​លំ​ដែល​ត្រូវ​ពង្រីក ឲ្យ​រុះរើ​របង​សំយាប​ផ្ទះ​ចេញ​ដោយ​គ្មាន​សំណង។

ការ​ពង្រីក​ផ្លូវ​លំ​នោះ ត្រូវ​បាន​ប៉ះពាល់​ចូល​ដី​ពលរដ្ឋ​ជម្រៅ​ពី ២​ម៉ែត្រ​ទៅ​ជិត ៤​ម៉ែត្រ ដោយ​អ្នក​ខ្លះ​ត្រូវ​វាយ​កម្ទេច​របង​ថ្ម​ធំៗ អ្នក​ខ្លះ​ប៉ះពាល់​សំយាប​ផ្ទះ តម្រូវ​ឲ្យ​រុះរើ ហើយ​ផ្ទះ​អ្នក​ខ្លះ​ត្រូវ​ឈូស​ផ្នែក​ខាង​មុខ​ចេញ ដើម្បី​ស្ថាបនា​ពង្រីក​ផ្លូវ​ចាក់​បេតុង​ដែល​មាន​ទទឹង ៨​ម៉ែត្រ។ តំណាង​ពលរដ្ឋ​រូប​នេះ​បញ្ជាក់​ថា ពលរដ្ឋ​មិន​ជំទាស់​ចំពោះ​ការ​ពង្រីក​ផ្លូវ​ទេ តែ​ស្នើសុំ​ឲ្យ​មាន​ការ​ផ្តល់​សំណង ឬ​ទិញ​លក់​ដូរ​ដី​ដែល​ប៉ះពាល់​ស្រប​តាម​តម្លៃ​ទីផ្សារ។

«សំឡេង»

តំណាង​រូប​នោះ​បញ្ជាក់​ថា តាម​ព័ត៌មាន​ដែល​លោក​ទទួល​បាន អាជ្ញាធរ​ខណ្ឌ​បាន​ឃុបឃិត​ជាមួយ​ម្ចាស់​បុរី​ផ្ទះ​ល្វែង​មួយ​នៅ​តំបន់​នោះ​ចំនួន ៣​ម៉ឺន​ដុល្លារ ដើម្បី​ចាប់​បង្ខំ​ឲ្យ​ពលរដ្ឋ​រុះរើ​របង​សំយាប​ផ្ទះ និង​សំណង​ខ្លះ​ចេញ ដើម្បី​ពង្រីក​ផ្លូវ​ឲ្យ​ធំ​ងាយ​ស្រួល​លក់​ផ្ទះ​ល្វែង​ឆាប់​ដាច់។

តំណាង​អ្នក​ភូមិ​ក៏​មាន​ភស្តុតាង​ជា​សំឡេង បញ្ជាក់​ថា តាម​គម្រោង នៅ​ថ្ងៃ​ទី​១ ខែ​មករា អាជ្ញាធរ​ខណ្ឌ​គ្រោង​ដាក់​កម្លាំង​ចុះ​ទៅ​រុះរើ​សំណង់​របស់​អ្នក​ភូមិ​ចេញ បន្ទាប់​ពី​ឱសានវាទ​ចុង​ក្រោយ​ដែល​កំណត់​ដោយ​អាជ្ញាធរ​ខណ្ឌ​បាន​ដល់ កាល​ពី​ថ្ងៃ​ទី​២៧ ខែ​ធ្នូ កន្លង​ទៅ។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អភិបាល​រង​ខណ្ឌ​ឫស្សីកែវ លោក កូប ស្លេះ ជុំវិញ​គម្រោង​ឈូស​ឆាយ​ដី និង​សំណង់​ផ្សេងៗ​របស់​ពលរដ្ឋ​រស់​នៅ​ក្រុម​ទី​១២ ភូមិ​ទួលគោក បាន​ទេ នៅ​ថ្ងៃ​ទី​៣១ ធ្នូ ដោយ​លោក​ប្រាប់​ថា កំពុង​ជាប់​ប្រជុំ។

យ៉ាង​ណា ក្នុង​លិខិត​របស់ លោក ឃ្លាំង ហួត អភិបាល​ខណ្ឌ​ឫស្សីកែវ បញ្ជាក់​ថា ករណី​ពលរដ្ឋ​នៅ​តែ​រឹងរូស​មិន​រុះរើ​របង សំយាប និង​សំណង់​ផ្សេងៗ​ដែល​ប៉ះពាល់​ដល់​ដំណើរ​ការ​ស្ថាបនា​ពង្រីក​ផ្លូវ​លំ​ដែល​ត​ភ្ជាប់​ពី​ផ្លូវ​បេតុង​អម​ប្រឡាយ​បាក់ទូក ទៅ​ផ្លូវ ៥៩៨ ទេ​នោះ សាលា​ខណ្ឌ​នឹង​ចាត់​វិធាន​ការ​រដ្ឋបាល ចុះ​ធ្វើ​ការ​រុះរើ​ដោយ​មិន​ទទួល​ខុស​ត្រូវ​លើ​ការ​ខូចខាត ឬ​បាត់​បង់​សម្ភារៈ​អ្វី​ឡើយ។

នាយក​លេខាធិការដ្ឋាន​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅឋាន លោក សៀ ភារម្យ មាន​ប្រសាសន៍​ថា ប្រសិន​បើ​អាជ្ញាធរ​ឈូស​ឆាយ​ដី​ពលរដ្ឋ​ដោយ​គ្មាន​សំណង​ទេ​នោះ គឺ​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​សិទ្ធិ​លំនៅឋាន​របស់​ពលរដ្ឋ។

«សំឡេង»

ទិន្នន័យ​ឆ្នាំ​២០១២ របស់​សាលា​រាជធានី​ភ្នំពេញ បង្ហាញ​ថា មាន​សហគមន៍​មិន​ទាន់​រៀប​រយ​ជាង ៦០០​សហគមន៍​នៅ​រាជធានី​ភ្នំពេញ ត្រូវ​ធ្វើ​ការ​អភិវឌ្ឍ និង​កែលំអ ហើយ​គោលការណ៍​រដ្ឋាភិបាល​អាច​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​លំនៅឋាន​ឲ្យ​បាន​យ៉ាង​តិច ១០០​សហគមន៍​ក្នុង​មួយ​ឆ្នាំៗ​ដើម្បី​អភិវឌ្ឍ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល