ពលរដ្ឋ ១៤៩គ្រួសារ រង​ផល​ប៉ះពាល់​ទំនប់​រក្សា​ នៅ​ខេត្ត​ព្រះវិហារ​ទាមទារ​ឱ្យ​អាជ្ញាធរ​ខេត្ត​ផ្ដល់​សំណង​ដី​ស្រែ​សមរម្យ

2020-01-06
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ក្រុម​ពលរដ្ឋ​រង​ផល​ប៉ះពាល់​ទំនប់​រក្សា ជួប​ពិភាក្សា​ជា​មួយ​សមាគម អាដហុក និង​អង្គការ​ពន្លក​ខ្មែរ កាល​ពី​អំឡុង​ខែ​ធ្នូ ឆ្នាំ ២០២០។
ក្រុម​ពលរដ្ឋ​រង​ផល​ប៉ះពាល់​ទំនប់​រក្សា ជួប​ពិភាក្សា​ជា​មួយ​សមាគម អាដហុក និង​អង្គការ​ពន្លក​ខ្មែរ កាល​ពី​អំឡុង​ខែ​ធ្នូ ឆ្នាំ ២០២០។
រូប៖ អង្គការ​ពន្លក​ខ្មែរ

ពលរដ្ឋ​រស់នៅ​ស្រុក​ជ័យ​ សែន​ និង​ស្រុក​រវៀង​ ខេត្ត​ព្រះវិហារ​ ចំនួន​ ១៤៩​គ្រួសារ​ ទាមទារ​ឱ្យ​អាជ្ញាធរ​ខេត្ត​នេះ​ ផ្ដល់​សំណង​សមរម្យ​ លើ​ដីស្រែ​ចម្ការ​ ដី​អាស្រ័យផល​ និង​លំនៅឋាន​ ដែល​រង​ផល​ប៉ះពាល់​ដោយសារ​ការសាងសង់​ទំនប់​រក្សា។ ក្រុម​ពលរដ្ឋ​ថា អាជ្ញាធរ​មិន​បាន​ផ្ដល់​សំណង​សមរម្យ​លើ​ដីស្រែ​ចម្ការ​ ដី​លំនៅឋាន​ និង​ដី​អាស្រ័យផល​ ស្របតាម​តម្លៃ​ទីផ្សារ​នៅឡើយ​ទេ។

ពលរដ្ឋ​ ១៤៩​គ្រួសារ​រស់នៅ​ចំនួន​ ៣ឃុំ​ គឺ​ឃុំ​ពុទ្ទ្រា​ ឃុំ​រក្សា​ និង​ឃុំ​ស្អាង​ របស់​ស្រុក​ជ័យ​សែន និង​ពលរដ្ឋ​រស់នៅ​ឃុំ​រក្សា​ ស្រុក​រវៀង​ ខេត្ត​ព្រះវិហារ​ កំពុង​ស្វែង​កិច្ច​អន្តរាគមន៍​​ពី​ផល​ប៉ះពាល់​​ដី​ស្រែ​​ចម្ការ​ និង​អាស្រ័យ​ផល​ ដោយសារ​គម្រោង​សាងសង់​ទំនប់ទឹក​រក្សា​ របស់​អាជ្ញាធរ​ខេត្ត​នេះ​។ ក្រុម​ពលរដ្ឋ​ ១៤៩គ្រួសារ​ អះអាង​ថា​ អាជ្ញាធរ​ហាក់​ពន្យារ​ពេល​ដោះ​ស្រាយ​បញ្ហា​នេះ ដែល​ធ្វើ​ឱ្យ​ប៉ះ​ដល់​ប្រយោជន៍​របស់​ពលរដ្ឋ។

ពលរដ្ឋ​ម្នាក់​ រស់នៅ​ភូមិ​វាល​បរ​ ឃុំ​ពុទ្ទ្រា​ ស្រុក​ជ័យ​សែន លោក អុយ អេត ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី៦ មករា​ថា គ្រួសារ​លោក​ មាន​ដីស្រែ​ ៦ហិកតារ​ ដែល​រង​ផល​ប៉ះពាល់​គម្រោង​សាងសង់​ទំនប់​រក្សា អាជ្ញាធរ​មិន​ទាន់​បាន​ដោះ​ស្រាយ​ ឬ​ផ្តល់​សំណង​ឱ្យ​បាន​សមរម្យ​ តាម​តម្លៃ​ទីផ្សារ​នៅឡើយ​ទេ។ លោក​បញ្ជាក់​ថា​ ក្រុម​ពលរដ្ឋ​ទាមទារ​សំណង​ថ្លៃ​ដី​ស្រែ​ពួក​គាត់​ក្នុង ១ហិកតារ ៣.៥០០​ដុល្លារ​ស្មើៗ គ្នា ខណៈ​ដែល​អាជ្ញាធរ​បាន​ផ្ដល់​សំណង​ដីស្រែ​ចម្ការ​ដល់​ពួក​គាត់​ក្នុង​មួយ​ហិកតារ​តែ ៦៥០ដុល្លារ​តែ​ប៉ុណ្ណោះ​ ធ្វើ​ឱ្យ​ពលរដ្ឋ​មិន​អាច​ទទួល​យក​បាន៖ «ខ្ញុំ​ចង់​ឱ្យ​ថ្នាក់​ដឹក​នាំ​រដ្ឋ ដោះ​ស្រាយ​ឱ្យ​ពលរដ្ឋ​ឱ្យ តម្លៃ​ឱ្យ​បាន ១ហិកតារ ៣ពាន់ ៥រយ​ដុល្លារ​មក ព្រោះ​អី​គ្នា គ្នា​បាន​អី​ទិញ​ដី​ទៀត។ ១ហិកតារ ៦០០ គ្នា​បាន​អី​ធ្វើ​ស្រែ បើ​អ្នក​ខ្លះ​អស់​រលីង​ហើយ​គ្នា»

ពលរដ្ឋ​ម្នាក់​ទៀត​ រស់នៅ​វាល​បរ​ ឃុំ​ពុទ្រា​ លោក​ សែន​ ចន្ធូ​ ឱ្យ​ដឹង​ថា​ ក្រុម​ពលរដ្ឋ​មិន​ឯកភាព​ និង​គោលការណ៍​ដែល​អាជ្ញាធរ​ផ្ដល់​សំណង​ជូន​ពលរដ្ឋ​នោះ​ទេ​ ព្រោះ​មិន​សមរម្យ​តាម​តម្លៃ​ទីផ្សារ។ លោក​ថា​ ដីស្រែ​ចម្ការ​របស់​ក្រុម​ពលរដ្ឋ​ភាគ​ច្រើន​ មាន​លិខិត​កាន់​កាប់​ស្រប​ច្បាប់​ចេញ​ដោយ​មន្ត្រី​ជំនាញ​សុរិយោដី​ និង​អាស្រ័យ​ផល​ជាក់ស្ដែង​តាំង​ពី​ឆ្នាំ២០០១ មក។ លោក​បញ្ជាក់​ថា គ្រួសារ​លោក​មាន​ដី​ ៣ហិកតារ​កន្លះ​ ធ្វើ​កសិកម្ម​ជិត​ ២០ឆ្នាំ​មក​ហើយ​ អាជ្ញាធរ​ផ្តល់​សំណង​តែ ៦៥០ដុល្លារ​ប៉ុណ្ណោះ​ក្នុង ១ហិកតារ ដែល​មិន​អាច​ទទួលយក​បាន៖ «អ្នក​ខ្លះ​អស់​ទាំង​អស់​ហ្មង។ ខ្លះ​ប៉ះ​តិចតួច តែ​ភាគ​ច្រើន​អស់​ទាំង​អស់​ហ្មង ព្រោះ​វា​ចំ​បាត​កណ្ដាល​ហ្មង។ តម្លៃ​ហ្នឹង​រក​ទិញ​អី​ណា ដើម្បី​ផ្គត់ផ្គង់​លក្ខណៈ​គ្រួសារ គ្នា​កូន​ក៏​រៀន។ បើ​គ្នា​អ្នក​ស្រែ​អ្នក​ចម្ការ អ្នក​ចម្ការ​ដោយសារ​ស្រូវ​ហ្នឹង​ហើយ បើ​អត់​ស្រូវ​ធ្វើ​អី​រស់​កើត។ បើ​ប៉ះ​ពាល់​លិច​បាតៗ អាង​ហ្នឹង គ្នា​អាស្រ័យ​ផល​រាល់​ឆ្នាំ ហើយ​ដល់​ពេល​តម្លៃ ៦០០ដុល្លារ គ្នា​យក​ទៅ​ណា

ឆ្លើយតប​រឿង​នេះ​ នាយក​រដ្ឋបាល​សាលាខេត្ត​ព្រះវិហារ​ លោក យ៉ុង គឹម​ហឿង ប្រាប់​អាស៊ី​សេរី​ថា​ អាជ្ញាធរ​ខេត្ត​បាន​ទទួល​ពាក្យ​បណ្ដឹង​ករណី​នេះ​រួចរាល់​ហើយ​។ រី​ឯ​អភិបាល​ខេត្ត​បាន​បង្កើត​គណៈកម្មការ​មួយ​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ​ជូន​ពលរដ្ឋ។ លោក​ថា​ អាជ្ញាធរ​នៅ​មិនទាន់​បង្ហាញ​លទ្ធផល​ដោះ​ស្រាយ​រឿង​នេះ​ បែប​ណា​នៅ​ឡើយ​ទេ ព្រោះ​មន្ត្រី​ជំនាញ​កំពុង​ស៊ើប​អង្កេត។ លោក​មិន​បញ្ជាក់​លម្អិត​ថា​ គម្រោង​កសាង​ទំនប់​ទឹក​នេះ នឹង​ប៉ះពាល់​ លើ​ពលរដ្ឋ​ប៉ុន្មាន​គ្រួសារ​នោះ​ទេ៖ «បាន​គោល​ការណ៍​ពី​ឯកឧត្ដម អភិបាល​ខេត្ត​វិញ​ហើយ ព្រោះ​យើង​មាន​គណៈកម្មការ​ដោះ​ស្រាយ​ផល​ប៉ះ​ពាល់​ហ្នឹង​មួយ​ដែរ។ អ៊ីចឹង​ក្រុម​ការងារ​ហ្នឹង នឹង​ចុះ​ដោះ​ស្រាយ​ខាង​មុខ​នេះ។ ចង់​និយាយ​ថា វា​មិន​ប៉ះពាល់​ធំធេង​លើ​លំនៅឋាន​ទេ គ្រាន់​ថា វិសាល​ភាព​ទប់​ទឹក គឺ​ទំនប់​ទឹក មិន​មែន​ជា​វារី​អគ្គិសនី។ នេះ​ជា​គម្រោង​របស់​រដ្ឋាភិបាល ព្រោះ​ឥឡូវ​បច្ចុប្បន្ន​យើង​កំពុង​ខ្វះខាត​ទឹក អ៊ីចឹង​យើង​ធ្វើ​ទំនប់​ហ្នឹង ដើម្បី​ស្ទាក់​ទឹក ដើម្បី​ប្រើប្រាស់​ទេ។ វា​ប៉ះ​ពាល់​ដី​ស្រែ​ចម្ការ នៅ​ជាប់ៗ មាត់​ស្ទឹង»

អាជ្ញាធរ​ខេត្ត​ព្រះវិហារ​ថា  អាង​ទំនប់ទឹក​រក្សា​ ជា​គម្រោង​របស់​រដ្ឋាភិបាល​ សាងសង់​ឡើង​ដើម្បី​ទប់ទឹក​ សម្រាប់​ពលរដ្ឋ​ធ្វើ​កសិកម្ម​ ហើយ​គម្រោង​នេះ​ រង​ផល​ប៉ះពាល់​ លើ​ដីស្រែ​ចម្ការ​ របស់​ពលរដ្ឋ​មួយ​ចំនួន រស់នៅ​​ ៣ស្រុក​ និង​ក្រុង១​ គឺ​ ស្រុក​ជ័យ​ សែន​ ស្រុក​រវៀង​ ស្រុក​គូលែន​ និង​ក្រុង​ព្រះវិហារ។ បច្ចុប្បន្ន​ក្រុមហ៊ុន​ចិន កំពុង​ចាប់​ផ្ដើម​ឈូស​ឆាយ​សង់​ទំនប់​នេះ ហើយ​ពលរដ្ឋ​មួយ​ចំនួន ក៏​បាន​ឯកភាព​ទទួល​យក​សំណង​របស់​អាជ្ញាធរ​រួច​ហើយ​ដែរ។

មន្ត្រី​សម្របសម្រួល​សមាគម អាដហុក លោក​ ឡោ​ ចាន់​ ដែល​ចុះ​អង្កេត​រឿង​នេះ​ ថ្លែង​ថា​ ក្រុម​ពលរដ្ឋ​កំពុង​កើតទុក្ខ​មិនសុខចិត្ត​ ការ​ផ្ដល់​សំណង​របស់​អាជ្ញាធរ​មិន​សមរម្យ​ និង​មានតម្លៃ​ទាប​មិន​អាច​ទទួលយក​បាន​។ លោក​ថា​ ពលរដ្ឋ​បាន​ស្នើសុំ​ឱ្យ​អាជ្ញាធរ​ផ្ដល់​សំណង​ ១ហិកតារ​ ៣.៥០០ដុល្លារ សម្រាប់​ដី​ទូទៅ ដូចជា ដីស្រែ​ចម្ការ​ ដី​លំនៅឋាន​ និង​ដី​អាស្រ័យ​ផល​ជាដើម។ លោក​យល់ថា​ ដើម្បី​ផ្ដល់​យុត្តិធម៌​ជូន​ពលរដ្ឋ​ក្នុង​រឿង​នេះ​ អាជ្ញាធរ​គួរតែ​កោះ​ហៅ​ក្រុម​ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ទាំងអស់​ មក​ជជែក​ពិភាក្សា​គ្នា​ រក​តម្លៃ​សមរម្យ​ណា​មួយ ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​អាច​ទទួលយក​បាន៖ «ខ្ញុំ​យល់​ឃើញ​ថា ដើម្បី​ឱ្យ​មាន​ភាព​យុត្តិធម៌ ក៏​ដូច​ជា​យើង រក​ដំណោះ​ស្រាយ​ទាំង​អស់​គ្នា អាជ្ញាធរ​គួរ​ណា​តែ​អញ្ជើញ​ពលរដ្ឋ​ ក៏​ដូច​ជា​តំណាង ដែល​គាត់​បាន​ដាក់​ពាក្យ​បណ្ដឹង​កន្លង​មក ដើម្បី​យក​មក​ជជែក​គ្នា រក​តម្លៃ​ណា​មួយ​សមរម្យ​ជូន​ពួក​គាត់ ហើយ​ឱ្យ​ពួក​គាត់​អាច​ទទួល​យក​បាន»

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​ បន្ថែម​ថា ក្រុម​ពលរដ្ឋ​ ១៤៩គ្រួសារ បាន​ដាក់​ពាក្យ​បណ្ដឹង​សុំ​កិច្ច​អន្តរាគមន៍​ ករណី​នេះ​ ទៅ​អាជ្ញាធរ​តាំងពី​ខែ​វិច្ឆិកា​ ឆ្នាំ២០១៩​ មក​ទល់​ពេល​នេះ​ អាជ្ញាធរ​ខេត្ត​នៅ​មិន​ទាន់​​កោះ​ហៅ​តំណាង​ពលរដ្ឋ​មក​ប្រជុំ​ដោះ​ស្រាយ​នៅ​ឡើយ​ទេ៕