អតីត​មេដឹកនាំ​ខ្មែរក្រហម​នៅ​តំបន់​ប៉ៃលិន​សម្ដែង​​ការ​សោកស្ដាយ​ចំពោះ​ការ​ស្លាប់​លោក នួន ជា

ដោយ ហេង រស្មី
2019-08-06
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

អតីត​មេដឹកនាំ​ខ្មែរក្រហម​នៅ​តំបន់​ប៉ៃលិន​បាន​សម្ដែង​ការ​សោក​ស្ដាយ​ចំពោះ​ការ​ស្លាប់​បាត់បង់​ជីវិត​របស់​លោក នួន ជា អតីត​បងធំ​ទី២ នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ខណៈ​ដែល​អ្នក​រស់រាន​មាន​ជីវិត​នៅ​មន្ទីរឃុំឃាំង​គុក​ទួល​ស្លែង ជំរុញ​ឱ្យ​សាលា​ក្តី​ខ្មែរក្រហម​ពន្លឿន​ដំណើរការ​ក្តី​កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម​ផ្សេងទៀត ដោយ​ខ្លាចក្រែង​ស្លាប់​បាត់​បង់ជីវិត​ដោយសារ​វ័យ​ចាស់​ជរា។

លោក ប៊ូ មេង អតីត​អ្នក​រស់​រាន​មាន​ជីវិត​ពី​មន្ទីរ​ស ២១ ឬ​ហៅថា គុក​ទួល​ស្លែង បាន​ជំរុញ​ឱ្យ​សាលា​ក្តី​ខ្មែរក្រហម​ពន្លឿន​ដំណើរការ​ក្តី តទៅ​មុខ​ឱ្យ​បាន​លឿន​បំផុត ដោយ​ខ្លាចក្រែង​មេដឹកនាំ​ខ្មែរក្រហម​ផ្សេងទៀត ស្លាប់​បាត់​បង់ជីវិត​បន្ត​បន្ទាប់​ដូច​លោក នួន ជា ដោយ​មិនបាន​លាតត្រដាង​ពី​ការ​ពិត​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ដែល​បាន​កាប់សម្លាប់​មនុស្ស​អស់​ជាង ១លាន ៧សែន​នាក់ នៅ​ចន្លោះ​ពី​ឆ្នាំ១៩៧៥ ដល់ ឆ្នាំ១៩៧៩។

ការ​លើកឡើង​របស់​លោក ប៊ូ មេង បាន​កើត​មាន​ឡើង​ក្រោយពី​បងធំ​ទី២ គឺ​លោក លោក នួន ជា អតីត​ប្រធាន​រដ្ឋសភា​ប្រជាជន នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ បាន​ស្លាប់​កាលពី​ល្ងាច​ថ្ងៃ​ទី៤ ខែ​សីហា កន្លង​ទៅ​នេះ ក្នុង​អាយុ​៩៣​ឆ្នាំ នៅ​មន្ទីរ​ពេទ្យ​រុស្ស៊ី ក្រោយ​ឈឺ​រ៉ាំរ៉ៃ​ច្រើន​ឆ្នាំ។

លោក ប៊ូ មេង បាន​បញ្ជាក់​ថា មេ​ដឹក​ខ្មែរក្រហម​ដែល​នៅ​រស់រាន​មាន​ជីវិត មាន​ដូច ជា​លោក ខៀវ សំផន នៅ​មិន​ទាន់​ជំនុំជម្រះ​ទោស​ជា​ស្ថាពរ​ដែល​កំពុង​ជាប់​ក្នុង​មន្ទីរឃុំឃាំង កំពុង​មាន​វ័យ​កាន់តែ​ចាស់ជរា​ណាស់​ទៅ​ហើយ។ លោក​និយាយ​ថា បើ​សាលាក្ដី​នេះ​នៅតែ​អូស​បន្លាយ​ពេល​ទៀត​លោក​បារម្ភ​ថា នឹង​មិន​អាច​រក​យុត្តិធម៌​ដល់​អ្នក​រស់រាន​មាន​ជីវិត​ក្នុង​ខ្មែរក្រហម​បាន​ទេ៖ «ការ​ស្លាប់​របស់​លោក នួន ជា គឺជា​រឿង​មួយ​ដែល​បាត់បង់​ភស្តុតាង​មួយ​ដែរ។ គាត់​ជា​មេដឹកនាំ​ថ្នាក់​កំពូល​បន្ទាប់​ពីប៉ុល ពត ជា​បងធំ​ទី​២។ អ៊ីចឹង​ខ្ញុំ​ចង់​សំដៅ​ទៅលើ​សាលា​ក្តី​ខ្មែរក្រហម។ ជា​សំណូមពរ​របស់ខ្ញុំ​គឺ​សូម​ពន្លឿន ឱ្យ​លឿន​ពី​ព្រោះខ្ញុំ​ក៏​ចាស់ នួន ជា ក៏​ចាស់ ខៀវ សំផន ក៏​ចាស់»

អតីត​ប្រធាន​ក្រុម​ទី៣ នៃ​អង្គភាព​លេខ​៣៩ នៅ​ក្នុង​ខេត្ត​កំពង់ធំ​ក្នុង​របប​ខ្មែរ​កម្ពុជា​ប្រជាធិបតេយ្យ លោក ឡោ ធន ឱ្យ​ដឹង​ថា លោក​ក៏ដូចជា​មេ​ខ្មែរ​ក្រហម​ដទៃ​ទៀត​បាន​សម្ដែង​ការ​សោក​ស្តាយ​ចំពោះ​ការ​ស្លាប់​របស់​លោក នួន ជា។

លោក​បញ្ជាក់​ថា អ្នកទទួលខុសត្រូវ​ខ្ពស់​បំផុត​នៅ​ក្នុង​របប​ខ្មែរក្រហម​មិនមែន​មានតែ​លោក នួន ជា ម្នាក់​នោះ​ទេ ដូច្នេះ​សាលា​ក្តី​ត្រូវ​បើក​ការស៊ើបអង្កេត​នាំ​យក​មេដឹកនាំ​ផ្សេងទៀត​មក​កាត់ទោស​ដើម្បី​យុត្តិធម៌​ទាំង​អស់​គ្នា៖ «ការ​ស្លាប់​របស់​គាត់​ក្នុង​នាមខ្ញុំ​ជា អតីត​អ្នកតស៊ូ​តាំង​ពីឆ្នាំ១៩៧១ មករ​ហូត​យើង​ថា សរុប​ចុះ​មក​ដល់ (ឆ្នាំ) ៩៨ ឃើញ​ថា គាត់​ស្លាប់​ទៅ​មាន​ការ​កាត់​ក្ដី ក៏​ប៉ុន្តែ​នៅ​ក្នុង​របប​គាត់​កាន់កាប់​មាន​ការ​ស្លាប់​មនុស្ស​អ៊ីចឹង​ទៅ ក៏​ប៉ុន្តែ​ការ​ចោទ​ប្រកាន់​ពី​បទ​ប្រល័យ​ពូជ​សាសន៍ វា​គ្រាន់តែ​ជា​ស្រមោល វា​គ្រាន់តែ​ជា​ពពក​ខ្មៅ វា​អត់​ដឹង​ថា វា​អី​ផង​អ៊ីចឹង​គាត់​ស្លាប់​ទៅ​ដោយ​មិន​បាន​បក​ស្រាយ​​ឱ្យ​ពិស្ដារ»

អតីត​គិលានុបដ្ឋាក​នាយិកា​នៅ​ក្នុង​របប​ខ្មែរ​ក្រហម​បច្ចុប្បន្ន ជា​សកម្មជន​គណបក្ស​ប្រឆាំង​នៅ​ក្នុង​ខេត្ត​ប៉ៃលិន អ្នកស្រី វ៉ែន តារា មាន​ប្រសាសន៍​ថា ទោះ​បី​ជា​លោក នួន ជា បាន​ស្លាប់​ក្ដី​តែ​អ្នកស្រី​ចងចាំ​ថា លោក នួន ជា ហ៊ាន​និយាយ​ពិត ជាង​ការ​និយាយ​ការពារ​នៅ​ក្នុង​សាលា​ក្ដី​ខ្មែរក្រហម។​អ្នកស្រី​បញ្ជាក់​ថា នេះ​ជា​ពេល​វេលា​មួយ​ដែល​ខ្មែរ​គ្រប់​និន្នាការ​នយោបាយ​ត្រូវ​ដឹង​ថា តើ​របប​ខ្មែរ​ក្រហម​បាន​បន្សល់​ទុក​អ្វីខ្លះ​ដល់ពេល​បច្ចុប្បន្ន​នេះ ដូច្នេះ​សុំ​ឱ្យ​មេដឹកនាំ​ជំនាន់​ក្រោយ​ចៀសវាង​ការ​ជាន់​ដាន​ប្រវត្តិសាស្ត្រ៖ «ជា​មតិ​របស់ខ្ញុំ​សំណូមពរ​គឺថា យើង​ដល់​ពេលវេលា​ដែល​យើងខ្ញុំ​ទាំង​អស់​គ្នា​ថា ដំណាក់​កាល​ប្រទេស​ជាតិ​យើង​វា​ឈាន​ដល់​ដំណាក់​កាល​ណា​ហើយ គឺ​យើង​សុទ្ធតែ​ដឹង​ទាំង​អស់​គ្នា»

លោក នួន ជា បាន​ស្លាប់​បន្ទាប់​ពី លោក អៀង សារី អតីត​ឧបនាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ បាន​ស្លាប់​ក្នុង​អាយុ ៨៨ឆ្នាំ និង​ក្នុង​ពេល​លោក​មាន​ឋានៈ​ជា​ជន​ជាប់​ចោទ​របស់​សាលាក្ដី​ខ្មែរក្រហម។ លោក​បាន​បាន​ស្លាប់​កាល​ពី​អំឡុង ឆ្នាំ​២០១៤។ ចំណែក​ឯ​ភរិយា​របស់​លោក​គឺ​អ្នកស្រី អៀង ធីរិទ្ធ អតីត​រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច នៃ​របប​កម្ពុ​ជា​ប្រជាធិបតេយ្យ បាន​ស្លាប់​ក្នុង​អាយុ ៨៣ឆ្នាំ កាល​ពី​ខែ​សីហា ឆ្នាំ២០១៥។ អតីត​មេ​ដឹកនាំ​ខ្មែរ​ក្រហម​ជាន់​ខ្ពស់​ទាំង​ពីរ​នាក់​ប្ដី​ប្រពន្ធ ដែល​ស្ថិត​ក្នុង​សំណុំ​រឿង ០០២ ដែរ​នោះ បាន​ស្លាប់​ខណៈ​សាលា​ក្តី​មិន​ទាន់​ជំ​នុះ​ជម្រះ​នៅ​ឡើយ។

លោក សុខ ភាព អតីត​មេបញ្ជាការ​រង​កងពល​៤៥០ នៅ​តំបន់​ម៉ាឡៃ ក្នុង​របប​ខ្មែរក្រហម បាន​សំដែង​ការ​សោក​ស្ដាយ​ចំពោះ​ការ​បាត់​បង់ជីវិត​មេដឹកនាំ​ខ្មែរក្រហម​មួយ​រូប​ទៀត​ គឺ​លោក នួន ជា ដោយ​សារ​តែ​លោក នៅ​ចងចាំ​ការ​តស៊ូ​ជាមួយគ្នា​ក្នុង​របប​ខ្មែរក្រហម៖ «មិន​ដឹង​មាន​យ៉ាង​ម៉េចទៀត​ធម្មតា​មនុស្ស​យើង​ចាស់​គ្រប់ៗ គ្នា បើ​ចាស់​ឈឺ​ស្លាប់​ដូចគ្នា​អ៊ីចឹង ដូច​ខ្ញុំ​ប្រាប់​ខាងដើម​អ៊ីចឹង​គ្រាន់​តែ​មាន​ការ​អាណិត​អាសូរ​គាត់​ដែរ ជា​អតីត​មេ​ចាស់​អីចឹង​ទៅ។ ការ​ស្លាប់​ដូច​លោក ប៉ុល ពត និង តា​ម៉ុក វា​អាណិតអាសូរ​ដូច​តែ​គ្នា​អ៊ីចឹង»

សំណុំរឿង​០០២ ឥឡូវនេះ នៅ​សល់​តែ​ជនជាប់ចោទ​តែមួយ​រូប​ទៀត​ប៉ុណ្ណោះ គឺ លោក ខៀវ សំផន ដែល​ជា​អតីត​ប្រធាន​រដ្ឋ នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ដែល​កំពុង​ជំនុំជម្រះ​នៅ​ក្នុង​វគ្គ​២៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល