សព​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម លោក នួន ជា ​បូជា ក្នុង​ទិដ្ឋភាព​សោះ​កក្រោះ

ដោយ ទីន ហ្សាការីយ៉ា
2019-08-09
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពិធី​បុណ្យ​សព​លោក នួន ជា ថ្ងៃ​ចុង​ក្រោយ នៅ​ថ្ងៃ​ទី៩ ខែ​សីហា ឆ្នាំ២០១៩។
ពិធី​បុណ្យ​សព​លោក នួន ជា ថ្ងៃ​ចុង​ក្រោយ នៅ​ថ្ងៃ​ទី៩ ខែ​សីហា ឆ្នាំ២០១៩។
រូប៖ ពលរដ្ឋ​ផ្ដល់​ឱ្យ

សព​អតីត​បង​ធំ​ទី២ នៃ​របប​ខ្មែរ​ក្រហម លោក នួន ជា ដែល​មាន​ឈ្មោះ​ដើម​ថា ឡុង ប៊ុនរួត ត្រូវ​បាន​គ្រួសារ​បូជា​នៅ​វេលា​ម៉ោង៧​យប់​ថ្ងៃ​ទី៩ សីហា ក្រោយ​ពី​តម្កល់​ទុក ៥ថ្ងៃ នៅ​វត្ត​ព្រំ​គិរី​មរកត ក្បែរ​គេហដ្ឋាន​របស់​លោក ​ក្នុង​ខេត្ត​ប៉ៃលិន។

អតីត​អ្នក​ថត​រូប​បដិវត្តន៍​ក្នុង​សម័យ​ខ្មែរ​ក្រហម លោក ញ៉ែម អេន ប្រាប់​អាស៊ី​សេរី​ថា ពិធី​បុណ្យ​សព​លោក នួន ជា គិត​ចាប់​ពី​ថ្ងៃ​ទី៥ សីហា រហូត​មក​ថ្ងៃ​បូជា​សព​នេះ មិន​សូវ​មាន​មនុស្ស​ច្រើន​កុះករ​ចូលរួម ​ដូច​បុណ្យ​សព​លោក អៀង សារី ទេ។ ក្នុង​ពិធី​បូជា​សព​នៅ​ថ្ងៃ​នេះ លោក ញ៉ែម អេន ឃើញ​មាន​វត្តមាន​ភរិយា​លោក ខៀវ សំផន អតីត​មេទ័ព​ខ្មែរ​ក្រហម លោក មាស មុត រួម​ទាំង​អតីត​កម្មាភិបាល​មួយ​ចំនួន​ទៀត ដែល​ធ្លាប់​ធ្វើ​ការ​ក្រោម​បញ្ជា​លោក នួន ជា ក៏​មក​ចូល​រួម​ដែរ។

លោក នួន ជា បាន​ទទួល​មរណភាព​នៅ​ល្ងាច​ថ្ងៃ​ទី៤ ខែ​សីហា ក្នុង​វ័យ ៩៣ឆ្នាំ នៅ​មន្ទីរ​ពេទ្យ​រុស្ស៊ី ក្រោយ​ឈឺ​រ៉ាំរ៉ៃ​អស់​ជា​ច្រើន​ឆ្នាំ។

ក្នុង​សម័យ​ខ្មែរ​ក្រហម​ លោក នួន ជា មាន​តួនាទី​ជា​អនុ​លេខា​បក្ស​កុម្មុយនិស្ត​កម្ពុជា សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍ និង​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​កម្ពុជា និង​ជា​ប្រធាន​សភា​តំណាង​ប្រជាជន​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ។ លោក​ត្រូវ​បាន​ចាប់​ខ្លួន នៅ​ថ្ងៃ​ទី១៩ ខែ​កញ្ញា ឆ្នាំ២០០៧។

អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (...) ឬ​សាលាក្ដី​​ខ្មែរ​ក្រហម បាន​ផ្ដន្ទាទោស​លោក នួន ជា ឲ្យ​ជាប់​គុក​អស់​មួយ​ជីវិត ក្រោយ​ពី​រក​ឃើញ​ពិរុទ្ធភាព​របស់​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​រូប​នេះ ក្នុង​សំណុំ​រឿង ០០២ ទាក់ទង​នឹង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ឧក្រិដ្ឋ​កម្ម​ប្រល័យ​ពូជសាសន៍ និង​ការ​បំពារបំពាន​យ៉ាង​ធ្ងន់ធ្ងរ​លើ​អនុសញ្ញា​ទីក្រុង​ហ្សឺណែវ (Geneva) ដែល​បាន​ប្រព្រឹត្តិ​នៅ​លើ​ទឹក​ដី​កម្ពុជា ​ចន្លោះ​ពី​ថ្ងៃ​ទី១៧ ខែ​មេសា ឆ្នាំ១៩៧៥ ដល់​ថ្ងៃ​ទី៦ ខែ​មករា ឆ្នាំ១៩៧៩។ មរណភាព​លោក​នួន ជា គឺ​នៅ​មុន​ពេល​ការ​ជំនុំជម្រះ​ក្ដី​វគ្គ​ទី២ មិន​ទាន់​បិទ​បញ្ចប់​នៅ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

Rest in hell 4ever...no more rebirth

if,we compare co-chairman central communist party"Noun Chea"funerals was much better look than millions khmer innocent lives whose wipe out from the plan earth by he committed atrocities on khmer pple"live in hell 4ever.

Aug 10, 2019 04:21 PM

គេហទំព័រ​ទាំងមូល