សាលា​ក្តី​ខ្មែរ​ក្រហម​បិទ​ការ​ស៊ើបសួរ​ករណី​អតីត​កម្មាភិបាល​លោក យឹម ទិត្យ

ដោយ ម៉ួង ណារ៉េត
2017-06-14
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អតីត​កម្មាភិបាល​ខ្មែរ​ក្រហម លោក យឹម ទិត្យ។ Photo courtesy of ECCC
អតីត​កម្មាភិបាល​ខ្មែរ​ក្រហម លោក យឹម ទិត្យ។ Photo courtesy of ECCC
Photo courtesy of ECCC

សាលា​ក្តី​ខ្មែរ​ក្រហម បាន​ប្រកាស​នៅ​ថ្ងៃ​ទី​១៣ ខែ​មិថុនា ថា ការ​ស៊ើប​អង្កេត​ក្នុង​សំណុំ​រឿង​ទាក់ទង​នឹង​អតីត​កម្មាភិបាល​ខ្មែរ​ក្រហម លោក យឹម ទិត្យ ត្រូវ​បាន​បិទ​បញ្ចប់។ លោក យឹម ទិត្យ ជា​ជន​ត្រូវ​ចោទ​មួយ​រូប​ក្នុង​ចំណោម​ជន​ត្រូវ​ចោទ ៣​រូប រួម​មាន​លោក អោ អាន និង​អ្នកស្រី អ៊ឹម ចែម ក្នុង​សំណុំ​រឿង​០០៤ ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ និង​អំពើ​បំពារបំពាន​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ​អនុសញ្ញា​ទីក្រុង​ហ្សឺណែវ ឆ្នាំ​១៩៤៩ និង​ការ​រំលោភ​លើ​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា​ឆ្នាំ​១៩៥៦ ប្រព្រឹត្ត​ឡើង​កាល​ពី​ក្នុង​អំឡុង​របប​ខ្មែរ​ក្រហម។

បន្ទាប់​ពី​បិទ​បញ្ចប់​កិច្ច​ស៊ើបសួរ​នេះ នីតិវិធី​បន្ត សាលា​ក្តី​ខ្មែរ​ក្រហម​នឹង​សម្រេច​ថា​តើ​ត្រូវ​លើកលែង​ការ​ចោទ​ប្រកាន់ ឬ​បញ្ជូន​សំណុំ​រឿង​លោក យឹម ទិត្យ ទៅ​ជំនុំ​ជម្រះ។ កន្លង​ទៅ សាលា​ក្តី​ខ្មែរ​ក្រហម​បាន​បិទ​បញ្ចប់​កិច្ច​ស៊ើបសួរ​លើ​សំណុំ​រឿង​លោក អោ អាន ផង​ដែរ ហើយ​តុលាការ​កំពុង​ពិចារណា​ករណី​នេះ។ ដោយឡែក​អ្នកស្រី អ៊ឹម ចែម ត្រូវ​បាន​តុលាការ​សម្រេច​លើកលែង​ការ​ចោទ​ប្រកាន់​ កាល​ពី​ដើម​ឆ្នាំ​២០១៧ នេះ។

ចំណែក​ឯ​សំណុំ​រឿង​០០២ វគ្គ​ពីរ ដែល​មាន​ជន​ជាប់​ចោទ​លោក ខៀវ សំផន និង​លោក នួន ជា កំពុង​បិទ​បញ្ចប់។ សវនាការ​បិទ​បញ្ចប់​សំណុំ​រឿង​០០២ វគ្គ​ពីរ​នេះ​បាន​ចាប់​ផ្តើម​ធ្វើ​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មិថុនា និង​គ្រោង​បញ្ចប់​នៅ​ថ្ងៃ​ទី​២៣ ខែ​មិថុនា ខាង​មុខ។ អស់​រយៈពេល​ជាង ១១​ឆ្នាំ​កន្លង​ទៅ​នេះ សាលា​ក្តី​ខ្មែរ​ក្រហម​បាន​កាត់​ទោស​អតីត​កម្មាភិបាល​ខ្មែរ​ក្រហម​បី​នាក់ ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត។ អ្នក​ទាំង​បី​នោះ​រួម​មាន លោក កាំង ហ្កេកអ៊ាវ ហៅ​ឌុច អតីត​មេ​គុក​ទួលស្លែង និង​លោក ខៀវ សំផន និង​លោក នួន ជា អតីត​មេ​ដឹកនាំ​ជាន់​ខ្ពស់​ខ្មែរ​ក្រហម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

តើនៅលើលោកនេះមានដែរឫទេ ដែលកាត់ទោសពួកក្រុមឧទ្ទាមសំឡាប់មនុស្សនិង គំសំឡាប់ឲ្យដាច់ពូជសាសន៍ ប្រទេសនិងកើតសង្គ្រាម...?

សាលាក្តី ជ្រុះស្រះអីបាត់ រប៉ាយរប៉ាត់ មិនដឹងទៅណា? ប្រៀបដូចចៅក្រម ក្នុងតុលាការ ទៅមកឆ្លេឆ្លា ដូចមាន់អត់ក្បាល។ ក ដាក់ជើងដ កំុទាន់អាលថា ស្រះអីវាចា ប្តឹងទៅយមបាល អ្នកបង្កើតច្បាប់ ឃ្លានត្រេកត្រអាល សុចរឹតក្លាយពាល ខុសពីធម្មតា។ មើលចុះប្រជា ដែលគ្នាស្លូតត្រង់ បែត្រូវព្រនង់ ប្រោះតែតវ៉ា ជនខ្លះក៏បានត្រូវគេប្រហារ គួរអនិច្ចា ឯណាយុត្តិធម៍។ ស្រះអីជាតួរ ដ៏សំខាន់ណាស់ ឥឡូវក្រឡាស់ រត់ចោលអក្សរ ធ្វើឲ្យពិភព វិនិច្ឆ័យឈូរ-ឆរ ខ្វះភាពស្មោះសរ លើសសត្វតិរិច្ឆាន។ ឪ!យមបាលអើយ ជួយធ្វើសាក្សី ពេលនេះស្រះអី ត្រូវចោទប្រកាន់ ថាតុលាការ ចិន្តាសាមាន្យ សំណូកសូកប៉ាន់ លួចលាក់ក្រោយខ្នង។ បើសិនប្រឹក្សា នៅតែងងិត នៅមានគំនិត រំលៅភចាប់ចង ចង់បានអំណាច ក្លាយជាអាយ៉ង ស្រះអីផ្តាំផង ប្រវត្តិន៍តែអុង។ ស្រះអិសំុប្រាប់ ឲ្យលាដំណែង មិនចង់ចំបែង មានឈ្មោះអត់កេរ្តិ៍ មិនចង់អាម៉ាស់ មិនចង់ដូចឆ្កែ មិនចង់តាប៉ែ ក្តីខ្វះស្រះអី ៕

Jun 14, 2017 11:19 PM

គេហទំព័រ​ទាំងមូល