សហ​ព្រះរាជអាជ្ញា​ថា នួន ជា និង​ខៀវ សំផន ជា​អ្នក​ទទួល​ខុស​ត្រូវ​បទល្មើស​សំណុំ​រឿង​០០២/២

ដោយ ឡេង ម៉ាលី
2017-06-22
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ជន​ជាប់​ចោទ នួន ជា (ឆ្វេង) និង ខៀវ សំផន នៅ​ក្នុង​ពេល​តុលាការ​កំពូល​នៃ​សាលាក្ដី​ខ្មែរ​ក្រហម ប្រកាស​សាលដីកា​លើ​បណ្ដឹង​សាទុក្ខ​ក្នុង​សំណុំរឿង ០០២ វគ្គ​ទី​១ នៅ​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។
ជន​ជាប់​ចោទ នួន ជា (ឆ្វេង) និង ខៀវ សំផន នៅ​ក្នុង​ពេល​តុលាការ​កំពូល​នៃ​សាលាក្ដី​ខ្មែរ​ក្រហម ប្រកាស​សាលដីកា​លើ​បណ្ដឹង​សាទុក្ខ​ក្នុង​សំណុំរឿង ០០២ វគ្គ​ទី​១ នៅ​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។
Photo courtesy of ECCC

សវនាការ​របស់​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម ដើម្បី​បញ្ចប់​ការ​សួរ​ដេញដោល​ភស្តុតាង​នៅ​ក្នុង​សំណុំ​រឿង​០០២ វគ្គ​២ ឈាន​ចូល​ដល់​ថ្ងៃ​ទី​៨ ហើយ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២២ មិថុនា។ សហ​ព្រះរាជអាជ្ញា​សាលា​ក្ដី​ខ្មែរ​ក្រហម ថា​ជន​ជាប់​ចោទ​ជា​អ្នក​ទទួល​ខុស​ត្រូវ​បទល្មើស​ព្រហ្មទណ្ឌ​ក្នុង​សំណុំរឿង​០០២ វគ្គ​២។

ភាគី​សហ​ព្រះរាជអាជ្ញា​ជម្រាប​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​នៅ​ថ្ងៃ​ទី​២២ មិថុនា ថា ជន​ជាប់​ចោទ នួន ជា និង ខៀវ សំផន មាន​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ឧក្រិដ្ឋកម្ម​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ព្រោះ​តែ​ជន​ជាប់​ចោទ​ទាំង​ពីរ​បាន​ដឹង​ហេតុការណ៍​ចាប់​ចង​នៅ​ពេល​នោះ។

សហ​ព្រះរាជអាជ្ញា​បញ្ជាក់​ថា ការ​ដឹង​ឮ​អំពី​ហេតុការណ៍​ចាប់​ចង​នៅ​ពេល​នោះ​ហើយ ដែល​ជា​ការ​ចូលរួម​ដោយ​ចេតនា​របស់​ជន​ជាប់​ចោទ ជាពិសេស​ភស្តុតាង​សំឡេង​របស់​ជន​ជាប់​ចោទ នួន ជា នៅ​ក្នុង​កិច្ច​សម្ភាសន៍​វីដេអូ​មួយ​ស្ដីពី​វិធី​ស្រាវជ្រាវ​រក​មនុស្ស​ដែល​ត្រូវ​ចាប់​ខ្លួន៖ «អា​ហ្នឹង​បាន​យើង​ស្រាវបន្តិចៗ​ទៅ បាន​យើង​ដឹង​ប្រវត្តិ យើង​ងាក​មក​រក​វិញ​មក។ អា​នេះ​ដូច​យើង​ស្រវា​ម្ជុល​ក្នុង​សមុទ្រ​អ៊ីចឹង មិន​មែន​ចេះ​តែ​ចាប់ៗ​ឯណា! ទាល់​តែ​អ៊ីចឹង​ណា! រក​មើល​ប្រវត្តិ​ពី​ដើម​យ៉ាង​ម៉េច​អី​យ៉ាង​ម៉េច។ ឯ​ប្រជាជន​មិន​ដឹង​មែន ប៉ុល ពត ក៏​មិន​ដឹង ខ្ញុំ​ក៏​មិន​ដឹង អ្នក​ណា​ទៀត​ក៏​មិន​ដឹង​ដែរ ប៉ុន្តែ​ពួក​នេះ​វា​ទៅ​ច្រើន។ សួរ៖ តែ​ព័ត៌មាន​ថា​មាន​ការ​ស្លាប់ សម្លាប់​ប្រជាពលរដ្ឋ​អី ដឹង​ទេ? ចាប់​ផ្ដើម​ពី​ពេល​ណា​មក? ឆ្លើយ៖ ពេល​ពិបាក​និយាយ​ណាស់ ពីព្រោះ​ភ្លេច​ហើយ​ពេលវេលា។ ការងារ​ចេះ​តែ​ធ្វើ​ទៅ យើង​មិន​បាន​កត់​អី​ទេ»

សហ​ព្រះរាជអាជ្ញា​សំអាង​ថា ជន​ជាប់​ចោទ នួន ជា និង​ជន​ជាប់​ចោទ ខៀវ សំផន ជា​មនុស្ស​ដែល​ស្និទ្ធ​បំផុត​នឹង​លេខា​បក្ស​កុម្មុយនិស្ត​កម្ពុជា ឈ្មោះ ប៉ុល ពត ឬ​ហៅ​ថា ជើង​កាង​ទាំង​៣។ ជន​ជាប់​ចោទ​ទាំងនេះ​ជា​សមាជិក​គណៈ​អចិន្ត្រៃយ៍ ដែល​សម្រេច​អំពី​ការ​ចាប់​ខ្មាំង និង​កម្មាភិបាល។ សហ​ព្រះរាជអាជ្ញា​បញ្ជាក់​ថា ព័ត៌មាន​ដែល​ជន​ជាប់​ចោទ​ទាំង​ពីរ​បាន​ដឹង​នៅ​ពេល​នោះ គឺ​ជា​ធាតុ​ផ្សំ​នៅ​ក្នុង​ការ​ទទួល​ខុស​ត្រូវ​បទល្មើស​ព្រហ្មទណ្ឌ។ ហេតុផល​នានា​ដែល​លើក​ឡើង​ដោយ​សហ​ព្រះរាជអាជ្ញា គឺ​ជា​ការ​ឆ្លើយតប​ចំពោះ​មេធាវី​ការពារ​ក្ដី​ជន​ជាប់​ចោទ ដែល​ព្យាយាម​ទាត់​ចោល​ភស្តុតាង​នានា​ដាក់​បន្ទុក​កូន​ក្ដី​របស់​ខ្លួន មាន​ជាអាទិ៍ គឺ​ភស្តុតាង​ជា​ឯកសារ​កំណត់​ហេតុ​ថត​ចម្លង មិន​មែន​ជា​ឯកសារ​ដើម។ សហ​ព្រះរាជអាជ្ញា​ឲ្យ​ដឹង​ថា ក្នុង​សំណុំ​រឿង​នេះ មាន​ឯកសារ​ជិត ១​ម៉ឺន ៦​ពាន់ ត្រូវ​បាន​អង្គ​ជំនុំ​ជម្រះ​ទទួល​យក​ជា​ភស្តុតាង។ ភស្តុតាង​ទាំងនោះ​ជា​ឯកសារ​របប​កម្ពុជា​ប្រជាធិបតេយ្យ ស្នាដៃ​វិភាគ ខ្សែ​អាត់​សំឡេង វីដេអូ ការ​ស្ដាប់​ចម្លើយ​សាក្សី ដើម​បណ្ដឹង និង​ការ​សម្ភាស​ដោយ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា។

ទោះ​ជា​យ៉ាង​នេះ​ក្ដី ប្រធាន​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង លោក​ចៅក្រម និល ណុន ប្រកាស​ថា នៅ​ថ្ងៃ​ទី​២៣ មិថុនា ភាគី​មេធាវី​ការពារ​ក្ដី​ជន​ជាប់​ចោទ នួន ជា និង ខៀវ សំផន មាន​ឱកាស​មួយ​ថ្ងៃ​ទៀត​សម្រាប់​ឆ្លើយតប​ការ​អះអាង​របស់​សហ​ព្រះរាជអាជ្ញា៖ «សវនាការ​នៅ​ថ្ងៃ​ស្អែក​នេះ អង្គ​ជម្រះ​នឹង​ស្ដាប់​សេចក្ដី​សន្និដ្ឋាន​បិទ​បញ្ចប់​កិច្ច​ពិភាក្សា​ដេញដោល​លើ​សំណុំ​រឿង​០០២/០២ ដែល​នឹង​ធ្វើ​សេចក្ដី​សន្និដ្ឋាន​តប​ចុង​ក្រោយ​ដោយ​សហ​មេធាវី​ការពារ​ក្ដី​ជន​ជាប់​ចោទ និង​សេចក្ដី​ថ្លែង​ចុង​ក្រោយ​របស់​ជន​ជាប់​ចោទ»

សវនាការ​បន្ត​នៅ​ថ្ងៃ​ទី​២៣ មិថុនា គឺ​សវនាការ​ធ្វើ​សេចក្ដី​សន្និដ្ឋាន​ផ្ទាល់​មាត់​ថ្ងៃ​ចុង​ក្រោយ ដើម្បី​បិទ​បញ្ចប់​កិច្ច​ពិភាក្សា​ដេញដោល​លើ​សំណុំ​រឿង​០០២ វគ្គ​២ (០០២/០២) ប្រឆាំង​ជន​ជាប់​ចោទ នួន ជា អតីត​ជា​អនុ​លេខា​បក្ស​កុម្មុយនិស្ត​កម្ពុជា និង​លោក ខៀវ សំផន អតីត​ជា​ប្រធាន​គណៈ​ប្រធាន​រដ្ឋ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ដែល​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​ជិត ២​លាន​នាក់​ចន្លោះ​ពី​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩។

ជន​ជាប់​ចោទ​ទាំង​ពីរ ត្រូវ​បាន​អង្គ​ជំនុំ​ជម្រះ​សាលា​ក្ដី​ខ្មែរ​ក្រហម ផ្ដន្ទាទោស​ដាក់​គុក​អស់​មួយ​ជីវិត​ម្ដង​ហើយ ចំពោះ​ឧក្រិដ្ឋកម្ម​នៃ​ការ​ជម្លៀស​ពលរដ្ឋ​ដោយ​បង្ខំ និង​ការ​សម្លាប់​អតីត​ទាហាន និង​មន្ត្រី​រដ្ឋការ​របស់​របប លន់ នល់ កាល​ពី​ក្នុង​វគ្គ​១ នៃ​សំណុំ​រឿង​០០២៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
Share

អ្នក​អាន​អនាមិក

សហព្រះរាជអាជ្ញាខំជំទាលដោយមិនយល់ន័យច្បាប ស្រែកទទឹងទិស..ព្រោះតែខ្លួនមានសាច់ញាត្តិជាមន្ត្រីជាន់ខ្ពស់ក្នុងជួររាជរដ្ឋាភិបាល ។ យើងដូចជាឆ្ងល់ដែរថា បើលោកនួន ជា+ ខៀវ សំផន មិនធ្វើការជិតស្និតនិង លេខាបក្សកុម្មុយនិស្តរបស់ខ្លួន តើឲ្យពួកគេទៅធ្វើការជាមួយអ្នកណា? ។ ជាការពិត សហព្រះរាជអាជ្ជាជាជំពួកសត្វក្រលីងក្រលោងចេះត្រឹមស្រែកទំទាលតាមទំលាប់ថា ជាក៏លៀង មិនជាក៏លៀង ហើយ វាក៏មិនខុសពីមនុស្សគេហៅឲ្យបញ្ជាន់អារក្សគដែរ ខំស្រែកឲ្យតែលឺៗទៅ ហើយចុងបញ្ចប់ទទួលសំណែនពីគ្រួសារជនរងគ្រោះ ។ ត្រង់ថាយុត្តិធម៍ឫ អយុត្តិធម៍ ពួកមនុស្សតិរិច្ឆាននេះមិនដឹងទេ៕

Jul 27, 2017 10:21 PM

អ្នក​អាន​អនាមិក

Hey. Hey ,
Only know they become criminal. How about Hun Sen gives Oder to kill Khmer in broad day light , what will he be ??????????......

Jun 22, 2017 09:30 PM

គេហទំព័រ​ទាំងមូល