សហ​ព្រះរាជអាជ្ញា​សុំ​ឲ្យ​តុលាការ​ផ្ដន្ទាទោស នួន ជា និង ខៀវ សំផន ដាក់​គុក​មួយ​ជីវិត

ដោយ ឡេង ម៉ាលី
2017-06-15
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ជន​ជាប់​ចោទ នួន ជា (ឆ្វេង) និង ខៀវ សំផន នៅ​ក្នុង​ពេល​តុលាការ​កំពូល​នៃ​សាលាក្ដី​ខ្មែរ​ក្រហម ប្រកាស​សាលដីកា​លើ​បណ្ដឹង​សាទុក្ខ​ក្នុង​សំណុំរឿង ០០២ វគ្គ​ទី​១ នៅ​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។
ជន​ជាប់​ចោទ នួន ជា (ឆ្វេង) និង ខៀវ សំផន នៅ​ក្នុង​ពេល​តុលាការ​កំពូល​នៃ​សាលាក្ដី​ខ្មែរ​ក្រហម ប្រកាស​សាលដីកា​លើ​បណ្ដឹង​សាទុក្ខ​ក្នុង​សំណុំរឿង ០០២ វគ្គ​ទី​១ នៅ​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។
Photo courtesy of ECCC

សវនាការ​របស់​សាលា​ក្ដី​ខ្មែរ​ក្រហម​ដែល​ធ្វើ​សេចក្ដី​សន្និដ្ឋាន​ផ្ទាល់​មាត់ ដើម្បី​បិទ​បញ្ចប់​ការ​ពិភាក្សា​ដេញដោល​លើ​សំណុំ​រឿង​០០២ វគ្គ​២ ឈាន​ចូល​ដល់​ថ្ងៃ​ទី​៣ ហើយ​នៅ​ថ្ងៃ​ទី​១៥ មិថុនា។ នៅ​ថ្ងៃ​ទី​បី​នេះ សហ​ព្រះរាជអាជ្ញា សុំ​ឲ្យ​តុលាការ​ផ្ដន្ទាទោស​ជន​ជាប់​ចោទ នួន ជា និង ខៀវ សំផន ដាក់​គុក​អស់​មួយ​ជីវិត។

ការ​ស្នើសុំ​ឲ្យ​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង ផ្ដន្ទាទោស​ដាក់​គុក​ជន​ជាប់​ចោទ នួន ជា និង ខៀវ សំផន អស់​មួយ​ជីវិត គឺ​ក្រោយ​ពេល​ដែល​សហ​ព្រះរាជអាជ្ញា​បង្ហាញ​អំណះអំណាង​ដាក់​បន្ទុក​លើ​ជន​ជាប់​ចោទ​អស់​រយៈពេល​ពីរ​ថ្ងៃ។

មុន​នឹង​បញ្ចប់​សេចក្ដី​សន្និដ្ឋាន​របស់​ភាគី​ខ្លួន នៅ​ល្ងាច​ថ្ងៃ​ទី​១៥ មិថុនា សហ​ព្រះរាជអាជ្ញា​ជាតិ គឺ​អ្នកស្រី ជា លាង បង្ហាញ​ភស្តុតាង​ថា ជន​ជាប់​ចោទ នួន ជា និង ខៀវ សំផន សុទ្ធតែ​មាន​តួនាទី​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម ដែល​បាន​ប្រព្រឹត្ត​ឡើង​នៅ​ក្នុង​របប​ខ្មែរ​ក្រហម​ចន្លោះ​ពី​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩៖ «លោក​ប្រធាន​លោក​ចៅក្រម យើង​ស្នើ​ឡើង​ថា ការ​ផ្ដន្ទាទោស​ដ៏​ស័ក្ដិសម​បំផុត​សម្រាប់​ជនជាប់ចោទ​ទាំង​ពីរ គឺ​ការ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត។ ការ​ផ្ដន្ទាទោស​បែប​នេះ គឺ​ឆ្លុះ​បញ្ចាំង​ពី​ភាព​ធ្ងន់ធ្ងរ​នៃ​ឧក្រិដ្ឋ​ដែល​ប្រព្រឹត្ត​ដោយ​ជនជាប់ចោទ​ទាំង​ពីរ​រូប និង​តួនាទី​សំខាន់​ដែល​ពួក​គេ​មាន​នៅ​ក្នុង​ការ​ប្រព្រឹត្ត។ ជនជាប់ចោទ​ទាំង​ពីរ​បាន​កាន់​អំណាច ដែល​ពួក​គាត់​មាន​នៅ​ក្នុង​អំឡុង​កម្ពុជា​ប្រជាធិបតេយ្យ ហើយ​អំណាច​នេះ​បាន​ផ្ដល់​សិទ្ធិ​ទាំង​ស្រុង​ឲ្យ​ពួក​គាត់​ជ្រើសរើស​អ្នក​អាច​រស់ និង​អ្នក​ដែល​ត្រូវ​ស្លាប់។ ការ​រំលោភ​បំពាន ការ​រំលោភ​អំណាច និង​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​បែប​នេះ ត្រូវ​តែ​ថ្កោល​ទោស​យ៉ាង​ខ្លាំង​បំផុត​ដោយ​តុលាការ​នេះ»

សហ​ព្រះរាជអាជ្ញា​អះអាង​ថា ជន​ជាប់​ចោទ នួន ជា មាន​តួនាទី​ទទួល​ខុស​ត្រូវ​លើ​មន្ទីរ​សន្តិសុខ ជាពិសេស​មន្ទីរ​សន្តិសុខ «ស​២១» ដែល​គេ​ស្គាល់​ថា​គុក​ទួលស្លែង។ ភស្តុតាង​ដែល​សហ​ព្រះរាជអាជ្ញា​លើក​ឡើង គឺ​ចម្លើយ​របស់​លោក កាំង ហ្កេកអ៊ាវ ហៅ​ឌុច អតីត​ប្រធាន​មន្ទីរ «ស​២១» ហើយ​ភស្តុតាង​មួយ​ទៀត គឺ​សំឡេង​របស់​ជន​ជាប់​ចោទ នួន ជា ផ្ទាល់ ដែល​ប្រាប់​ទៅ​អ្នក​ផលិត​វីដេអូ គឺ​លោក ថេត សម្បត្តិ៖ «របាយការណ៍​នៃ​សេចក្ដី​សារភាព​របស់ ស-២១ ដើម្បី​យក​អា​ហ្នឹង​អប់រំ​កម្មាភិបាល​កុំ​ឲ្យ​ប្រព្រឹត្ត​តាម សូម​អ៊ំ​បញ្ជាក់​បន្តិច តើ​អ៊ំ​អាន​របាយការណ៍​យ៉ាង​ម៉េច ហើយ​តើ​យក​ទៅ​អប់រំ​កម្មាភិបាល​ថ្នាក់​ក្រោម​យ៉ាង​ម៉េច? លោក នួន ជា៖ របាយការណ៍​នេះ ខ្ញុំ​មិន​បាន​មើល​ទាំង​អស់​ទេ ពីព្រោះ​វា​ច្រើន​ពេក ហើយ​មិន​មែន​ជា​ភារកិច្ច​ដែល​ខ្ញុំ​មើល។ អា​ហ្នឹង​គេ​យក​អា​អ៊ីចឹងៗ ទៅ​អប់រំ​ឲ្យ​យល់។ សំខាន់ វា​វាយ​យើង​ខាង​សម្ភារៈ»

ដោយឡែក​ជន​ជាប់​ចោទ ខៀវ សំផន ទោះ​បី​ជា​មិន​មាន​តួនាទី​ផ្ទាល់​នៅ​នឹង​មន្ទីរ​សន្តិសុខ​ក្ដី ក៏​លោក​បាន​ដឹង​ឮ​អំពី​ការងារ​របស់​មន្ទីរ​សន្តិសុខ «ស​២១» ក្នុង​តួនាទី​លោក​ជា​អ្នក​ដឹកនាំ​ជាន់​ខ្ពស់​មួយ​រូប​នៃ​របប​ខ្មែរ​ក្រហម៖ «លើ​បញ្ហា​នេះ ខ្ញុំ​យល់​ឃើញ​ថា ត្រូវ​បែងចែក​ការ​ចាប់​ចង ដែល​លោក សាឡុត ស ដែល​លោក ប៉ុល ពត បាន​រួម​ផ្ទាល់​ជាមួយ​គណៈ​អចិន្ត្រៃយ៍​សម្រេច និង​ការ​ចាប់ចង​ដែល​កន្លែង​ផ្សេងៗ គេ​បាន​ធ្វើ​ដោយ​ខ្លួន​គេ នៅ​តាម​ភូមិ​ភាគ តាម​តំបន់​របស់​គេ ហើយ​គេ​ចាប់​ច្រើន​ហើយ គេ​ដាក់​គុក​នៅ​កន្លែង​គេ ឬ​ក៏​បញ្ជូន​មក ស-២១ អី អា​ហ្នឹង​វា​រឿង​ផ្សេង រឿង​លម្អិត​ទេ។ តែ​តាម ប៉ុល ពត ក្នុង​ឋានៈ​លោក​ដឹក​នាំ លោក​គិតគូរ​ចាប់ចង​តែ​កម្មាភិបាល​ណា ដែល​ប្រព្រឹត្ត​ខុស»

សហ​ព្រះរាជអាជ្ញា​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម បង្ហាញ​ថា មាន​ភស្តុតាង​ជាច្រើន​ហួស​ពី​ការ​សង្ស័យ​ថា ជន​ជាប់​ចោទ​ទាំង​ពីរ​រូប​មាន​ពិរុទ្ធភាព ដែល​ចូលរួម​ក្នុង​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ ឧក្រិដ្ឋកម្ម​សង្គ្រាម និង​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​លើ​ជនជាតិ​ចាម និង​ជនជាតិ​វៀតណាម ដែល​ត្រូវ​បាន​សាលា​ក្ដី​ខ្មែរ​ក្រហម​ចោទ​ប្រកាន់​នៅ​ក្នុង​សំណុំ​រឿង​០០២ វគ្គ​២។

ប្រធាន​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម លោក​ចៅក្រម និល ណុន ក្រោយ​ការ​ធ្វើ​សារណា​បញ្ចប់​សេចក្ដី​សន្និដ្ឋាន​របស់​សហ​ព្រះរាជអាជ្ញា អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង នឹង​បន្ត​ស្ដាប់​សេចក្ដី​សន្និដ្ឋាន​របស់​មេធាវី​ការពារ​ក្ដី​ជន​ជាប់​ចោទ​វិញ​ម្ដង នៅ​ថ្ងៃ​ទី​១៦ មិថុនា

ជន​ជាប់​ចោទ នួន ជា និង ខៀវ សំផន ត្រូវ​បាន​អង្គ​ជំនុំ​ជម្រះ​សាលា​ក្ដី​ខ្មែរ​ក្រហម ផ្ដន្ទាទោស​ដាក់​គុក​អស់​មួយ​ជីវិត​ម្ដង​ហើយ​កាល​ពី​ក្នុង​សំណុំ​រឿង​០០២ វគ្គ​១ ចំពោះ​ឧក្រិដ្ឋកម្ម​នៃ​ការ​ជម្លៀស​ពលរដ្ឋ​ដោយ​បង្ខំ និង​ការ​សម្លាប់​អតីត​ទាហាន និង​មន្ត្រី​រដ្ឋការ​របស់​របប លន់ នល់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

ី គេក៏ប្រមាថម្លេះ! លោកជំទាលសហព្រះរាជអាជ្ញា (ជា លាង)។ កាន់ជញ្ជឹងថ្លឹងមិនស្មើគ្នាទាល់តែសោះ...ចង់ដាក់ទោសទណ្ឌជនជាប់ចោទអាងអំណាចខ្លួន+បក្សពួកនិងគ្រួសារឫ? យើងជាជនរងគ្រោះ+ដើមបណ្តឹងបានតាមដានរាល់សកម្មភាពនិងប្រវតិរូបបុគ្គលិក+មន្ត្រីតុលាការភាគច្រើនគឺ៖ ជាjញាតិអ្នកមានអំណាច។
យើងនៅចាំបានថា មន្ត្រីរដ្ឋបាលស្ថាបនិកម្នាក់លោកសៀង សុទ្ថត្រូវអាក់ខានព្រោះមានអំពើពុករលួយ កាត់ភាគរយនៃប្រាក់ខែចំពោះអ្នកគ្មានញាតិធ្វើមន្ត្រីក្នុងជួររាជរដ្ឋាភិបាលហើយ ត្រូវបានគេបញ្ឈប់ពីការងារនៃសាលាក្តីនេះ ៕

Jun 16, 2017 11:10 PM

គេហទំព័រ​ទាំងមូល