មេធាវី​នឹង​ប្ដឹង​ទាស់​សាលដីកា​ផ្ដន្ទាទោស​លោក រ៉ាត់ រត្នមុនី ទៅ​តុលាការ​កំពូល​នៅ​សប្ដាហ៍​ក្រោយ

ដោយ មាន ឫទ្ធិ
2019-12-05
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សកម្មជន​សិទ្ធិ​ការងារ លោក រ៉ាត់ រត្នមុនី មុន​ពេល​ត្រូវ​បាន​ចាប់​ខ្លួន នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ។
សកម្មជន​សិទ្ធិ​ការងារ លោក រ៉ាត់ រត្នមុនី មុន​ពេល​ត្រូវ​បាន​ចាប់​ខ្លួន នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ។
Screenshot

មេធាវី​ការពារ​ក្តី​ឱ្យ​លោក រ៉ាត់ រត្នមុនី គឺ​លោក សំ ទិត្យសីហា ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​៥ ធ្នូ​ថា លោក​បាន​ពិភាក្សា​ជាមួយ​កូន​ក្តី​​របស់​​លោក​​រួច​ហើយ​​ថា នឹង​ដាក់​បណ្តឹង​ទាស់​នឹង​សាលដីកា​សាលាឧទ្ធរណ៍ ទៅ​តុលាការ​កំពូល នៅ​អំឡុង​សប្ដាហ៍​ក្រោយ​នេះ​។ លោក​បញ្ជាក់​ថា ការសម្រេច​របស់​សា​សាលាឧទ្ធរណ៍​ដែល​ឱ្យ​កូន​ក្តី​របស់​លោក​ជាប់ទោស​បន្ត​​ទៅ​ទៀត​នោះ គឺ​ជា​​រឿង​អយុត្តិធម៌ ព្រោះ​តុលាការ​ជាន់ខ្ពស់​មួយ​នេះ​ហាក់​មិនបាន​ពិនិត្យមើល​លើ​ភស្តុតាង​ថ្មី​ដែល​ខាង​មេធាវី​បាន​ដាក់​ជូន​នោះ​ឡើយ​៖ «សាលាឧទ្ធរណ៍​រក្សា​សាលក្រម​សាលាដំបូង​ទុក​ជា​បាន​ការ យើង​សោក​ស្ដាយ​​មែនទែន ដោយសារ​គាត់​គ្រាន់តែ​ជា​អ្នកបកប្រែ ដើម្បី​បាន​កម្រៃ​ទេ ហើយ​ចំណុច​ទី​ពីរ​តុលាការ​មិន​បាន​យក​ភស្តុតាង​ថ្មី​ដែល​ខាង​មេធាវី​ដាក់​ជូន​ទៅ​នោះ​ទេ​។ ចំណុច​​ទី​​បី បើ​​យើង​និយាយ​​ពី​​ព្យសនកម្ម ហើយ​និង​ផល​ប៉ះពាល់ យើង​សឹងតែ​មិន​មាន​ទេ ហើយ​​អ្វី​​ដែល​​សំខាន់​​មួយ​ទៀត នៅ​ពេល​​សវនាការ យើង​អត់​ឃើញ​មាន​ដើមបណ្តឹង​រដ្ឋប្បវេណី​ដើម្បី​ចូល​មក​ឆ្លើយ​ទេ»

កាល​ពី​សប្ដាហ៍​មុន សាលាឧទ្ធរណ៍​បាន​តម្កល់​សាលក្រម​ផ្ដន្ទាទោស​លោក រ៉ាត់ រត្នមុនី របស់​​សាលា​ដំបូង​​រាជធានី​​ភ្នំពេញ​​ទុក​​ជា​​បាន​​ការ​​ដដែល មាន​ន័យថា សកម្មជន​សិទ្ធិ​ការងារ​រូប​​នេះ​ត្រូវ​ជាប់​ទោស​​បន្ត​​ទៅ​​​​ទៀត។ តុលាការ​ក្រុង​ភ្នំពេញ​បាន​​កាត់​ទោស​​លោក រ៉ាត់ រត្នមុនី ឱ្យ​​ជាប់​ពន្ធនាគារ ២​ឆ្នាំ ពី​​បទ “​ញុះញង់​​ឱ្យ​​មាន​​ការ​រើសអើង​” និង​ត្រូវ​​បង់​​សំណង​​ដល់​​ដើម​បណ្ដឹង​​រដ្ឋប្បវេណី​ចំនួន ៧០​លាន​រៀល ឬ​ស្មើនឹង​ជិត ២​ម៉ឺន​ដុល្លារ​អាមេរិក​។ ដើមហេតុ​នៃ​រឿងនេះ គឺ​ដោយសារ​លោក រ៉ាត់ រត្ន​មុនី បាន​ជួយ​ផលិតភាព​យន្ត​ឯកសារ​មួយ​ស្តីពី​ការ​ជួញដូរ​ផ្លូវ​ភេទ​នៅ​កម្ពុជា ក្រោម​ចំណង​ជើង​​ថា “​ម្ដាយ​ខ្ញុំ លក់​ខ្ញុំ​” ឱ្យ​សារព័ត៌មាន RT (Russia Today) របស់​រុស្ស៊ី​។ វីដេអូ​នោះ​ត្រូវ​បាន​របប​ក្រុងភ្នំពេញ​ចាត់ទុកថា​ជា​រឿងប្រឌិត ប៉ះពាល់​ដល់​ស្ត្រី​ខ្មែរ និង​បំផ្លាញ​មុខមាត់​កម្ពុជា។

ទោះជា​យ៉ាងណា អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ រួម​ទាំង​ស្ថានទូត​អាមេរិក​ផង បាន​ពិនិត្យ​ឃើញថា លោក រ៉ាត់ រត្ន​មុនី មិន​ទទួល​បាន​សវនាការ​ប្រកប​ដោយ​យុត្តិធម៌​ឡើយ ហើយ​ការសម្រេច​ផ្ដន្ទាទោស​សកម្មជន​សិទ្ធិ​ការងារ​រូប​នេះ គឺជា​រឿង​អយុត្តិធម៌​។ ក្រុម​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ព្រមទាំង​ស្ថានទូត​អាមេរិក បាន​ទទូច​ឱ្យ​របប​លោក ហ៊ុន សែន ទម្លាក់​​ចោល​ការ​ចោទ​ប្រកាន់ និង​ដោះលែង​លោក រ៉ាត់ រត្នមុនី ឱ្យ​មាន​សេរីភាព​វិញ​។ គិត​ត្រឹម​ថ្ងៃ​ទី​៥ ធ្នូ លោក រ៉ាត់ រត្ន​មុនី បាន​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃ​ស​អស់​រយៈពេល​ជិត​មួយ​ឆ្នាំ​មក​ហើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល