ស្ថានភាព​សិទ្ធិមនុស្ស​និង​ភាព​អយុត្តិធម៌​សង្គម​ក្នុង​ឆ្នាំ​២០១៤

ដោយ ទេព សុរ៉ាវី
2014-12-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សមត្ថកិច្ច​បង្ក្រាប​លើ​កម្មករ​នាំ​គ្នា​ធ្វើ​បាតុកម្ម​តវ៉ា​សុំ​ដំឡើង​ប្រាក់​ខែ​គោល ១៦០​ដុល្លារ នៅ​តាម​បណ្ដោយ​ផ្លូវ វ៉េង ស្រេង រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​៣ មករា ២០១៤។ ក្នុង​ការ​បង្ក្រាប​នោះ​មាន​មនុស្ស ៥​នាក់​បាន​ស្លាប់ និង​ជិត ៤០​នាក់​ផ្សេង​ទៀត​រង​របួស។
សមត្ថកិច្ច​បង្ក្រាប​លើ​កម្មករ​នាំ​គ្នា​ធ្វើ​បាតុកម្ម​តវ៉ា​សុំ​ដំឡើង​ប្រាក់​ខែ​គោល ១៦០​ដុល្លារ នៅ​តាម​បណ្ដោយ​ផ្លូវ វ៉េង ស្រេង រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​៣ មករា ២០១៤។ ក្នុង​ការ​បង្ក្រាប​នោះ​មាន​មនុស្ស ៥​នាក់​បាន​ស្លាប់ និង​ជិត ៤០​នាក់​ផ្សេង​ទៀត​រង​របួស។
Photo: RFA

បើ​ទោះ​ជា​កម្ពុជា ជា​ហត្ថលេខី​នៃ​សន្ធិសញ្ញា​ការពារ​សិទ្ធិ​មនុស្ស និង​ដាក់​បញ្ចូល​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ​ជា​ច្រើន​ទៅ​ក្នុង​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន​ក៏​ដោយ ក៏​អ្នក​ឃ្លាំមើល​ការ​អនុវត្ត និង​គោរព​គោលការណ៍​សិទ្ធិ​មនុស្ស មើល​ឃើញ​​ថា នៅ​តែ​ជា​បញ្ហា​គួរ​អោយ​ព្រួយ​បារម្ភ។ តើ​បញ្ហា​ជាក់ស្ដែង​នៃ​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ក្នុង​ឆ្នាំ​២០១៤ កន្លង​ទៅ​នេះ មាន​សភាព​យ៉ាង​ណា​ខ្លះ?

ពេញ​មួយ​ឆ្នាំ​២០១៤ អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ មមាញឹក​ច្រើន​ក្នុង​ការ​ចេញ​របាយការណ៍ និង​សេចក្ដី​ថ្លែងការណ៍​ថ្កោលទោស​កម្ពុជា។

តាំង​ពី​ដើម​ឆ្នាំ​មក​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ ឈ្មោះ ហ្វ្រីដម ហោស៍ (Freedom House) ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក ចេញ​របាយការណ៍​រក​ឃើញ​ថា កម្ពុជា​មិន​បាន​គោរព​ពេញលេញ នូវ​សិទ្ធិ​នយោបាយ និង​សេរីភាព​របស់​ពលរដ្ឋ ហើយ​លទ្ធិប្រជាធិបតេយ្យ​កំពុង​មាន​ការវិវឌ្ឍន៍​ថយ​ក្រោយ​ធ្ងន់ធ្ងរ។

ក្នុង​ចំណោម​ប្រទេស​ទាំង ១៩៦ ដែល​អង្គការ ហ្វ្រីដម ហោស៍ ឃ្លាំមើល​ប្រទេស​ចំនួន ៨៨ ដែល​បាន​អនុវត្ត​និង​គោរព​សិទ្ធិ​មនុស្ស​ពេញលេញ និង​សេរីភាព​របស់​ពលរដ្ឋ ខណៈ​ប្រទេស ៥៩ អនុវត្ត​បាន​មធ្យម និង​ប្រទេស ៤៩ ផ្សេង​ទៀត គោរព​បាន​តិចតួច​បំផុត ក្នុង​នោះ​មាន​កម្ពុជា​ដែរ។

កម្ពុជា​ទទួល​បាន​លេខ ៦ សម្រាប់​សិទ្ធិ​នយោបាយ និង​លេខ ៥ សម្រាប់​សិទ្ធិ​ពលរដ្ឋ។ ពិន្ទុ​នេះ​ធ្វើ​ឲ្យ​កម្ពុជា ក្លាយ​ជា​ប្រទេស​គ្មាន​សេរីភាព។ ចំណាត់ថ្នាក់​នេះ បង្ហាញ​ថា ការ​អនុវត្ត​សិទ្ធិ​នយោបាយ និង​សេរីភាព​ពលរដ្ឋ​នៅ​កម្ពុជា ពុំ​មាន​ការ​ប្រែប្រួល​អ្វី​ឡើយ​ក្នុង​រយៈពេល​ជិត ២០​ឆ្នាំ​ចុង​ក្រោយ​នេះ។

ដើម​ខែ​មករា ឆ្នាំ​២០១៤ កាដូ​ឆ្នាំ​ថ្មី​ដែល​រដ្ឋាភិបាល​ជូន​ដល់​ពលរដ្ឋ កាល​ណោះ​គឺ​ការ​បាញ់​សម្លាប់​មនុស្ស ៥​នាក់ របួស​ជិត ៤០​នាក់ នឹង​ចាប់​មនុស្ស​ឃុំ ២៣​នាក់ ដាក់​ពន្ធនាគារ ដោយ​គ្រាន់តែ​ពួកគេ​ចេញ​មុខ​តវ៉ា​ទាមទារ​ដំឡើង​ប្រាក់ខែ​គោល ១៦០​ដុល្លារ។

អង្គការ​ជាតិ​អន្តរជាតិ មិន​តិច​ជាង ២០០​ស្ថាប័ន ព្រមទាំង​សកម្មជន​ដីធ្លី​និង​ព្រះសង្ឃ ខំ​ដាក់​ញត្តិ​ឲ្យ​ដោះលែង​មនុស្ស ២៣​នាក់ ចេញពី​ពន្ធនាការ និង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ស្វែង​រក​ឃាតក​បាញ់​សម្លាប់​មនុស្ស​និង​របួស​យក​មក​ផ្ដន្ទាទោស។

​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិ រួម​មាន​សមាគម​អាដហុក (Adhoc) លីកាដូ (Licadho) និង​សម្ព័ន្ធ​ការពារ​សិទ្ធិមនុស្ស​អន្តរជាតិ កាលពី​ថ្ងៃ​ទី​៦ មករា បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម ថ្កោលទោស​ការ​ប្រើ​អំពើ​ហិង្សា​បាញ់​បង្ក្រាប​បាតុករ​ដែល​មាន​និន្នាការ​ប្រឆាំង​នឹង​រដ្ឋាភិបាល និង​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ ដើម្បី​គំរាម​កំហែង​មេដឹកនាំ​គណបក្ស​ប្រឆាំង។

ភ្លាមៗ​នោះ​អង្គការ​សិទ្ធិ​មនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ ក៏​បាន​រិះគន់​ខ្លាំងៗ​ដល់​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ​ក្នុង​ការ​បង្ក្រាប​បាតុករ​រហូត​បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​ជា​ច្រើន​នាក់ និង​ធ្វើ​ឲ្យ​បាតុករ​ខ្លះ​បាត់​ខ្លួន។

គេហទំព័រ​របស់​អង្គការ​សិទ្ធិ​មនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ បាន​ស្រង់​សម្ដី​នាយិកា​អង្គការ អ្នកស្រី ជូលីយ៉ែត ឌឺ រីវើរ៉ូ (Juliet de Rivero) ថា៖ «រដ្ឋាភិបាល ហ៊ុន សែន រំលោភ​សិទ្ធិ​មនុស្ស​រៀង​រាល់ថ្ងៃ ដោយ​រារាំង​បក្ស​ប្រឆាំង សហជីព សកម្មជន និង​អ្នក​ដទៃ​ទៀត​មិន​ឲ្យ​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​ទាមទារ​ដើម្បី​ការ​ផ្លាស់ប្ដូរ​នយោបាយ។ ប្រទេស​សមាជិក​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស និង​អង្គការសហប្រជាជាតិ គួរតែ​ផ្ដន្ទាទោស​ចំពោះ​ការ​បង្ក្រាប​យ៉ាង​ព្រៃផ្សៃ​នេះ ហើយ​បង្ខំ​រដ្ឋាភិបាល​កម្ពុជា កែទម្រង់​ឲ្យ​បាន​ខ្លាំងក្លា​ជា​បន្ទាន់»

ក្រោយ​ការ​បង្ក្រាប​និង​បាញ់​សម្លាប់​រួច សមត្ថកិច្ច​ចម្រុះ​បាន​ជិះ​ឡាន និង​ម៉ូតូ​ល្បាត​នៅ​ផ្លូវ​វ៉េងស្រេង ដូច​ទីវាល​សម្រាប់​ចម្បាំង ហើយ​ពលរដ្ឋ​នៅ​ម្តុំ​នោះ​ខ្លះ​ភ័យ​តក់ស្លុត ក៏​នាំគ្នា​វេច​បង្វេច​រត់​ភៀសខ្លួន​ចេញ​ពី​ផ្ទះ។ រឿង​បាញ់​សម្លាប់​កម្មករ​មិន​ទាន់​ទាំង​ស្ងាត់​ផង នៅ​ចុង​ខែ​មករា ដដែល​នោះ អាជ្ញាធរ​វាយ​បង្ក្រាប​បាតុករ​ដែល​ដឹកនាំ​ដោយ​លោក ម៉ម សូណង់ដូ បណ្ដាល​ឲ្យ​មនុស្ស​យ៉ាង​តិច ៧​នាក់​រង​របួស ដោយ​គ្រាន់តែ​ពួកគេ​តវ៉ា​ទាមទារ​ឲ្យ​ក្រសួង​ព័ត៌មាន ផ្ដល់​អាជ្ញាប័ណ្ណ​ទូរទស្សន៍​ឯករាជ្យ និង​ទាមទារ​ពង្រីក​ការ​ផ្សាយ​បន្ត​របស់​វិទ្យុ​សំបុកឃ្មុំ។

ដោយ​ស្ថានភាព​តវ៉ា​កំពុង​កញ្ជ្រោល​ឡើង កាល​នោះ​រដ្ឋាភិបាល​បាន​ដាក់​បម្រាម​គោចរ មិន​ឲ្យ​មាន​ការ​ជួបជុំ​លើស​ពី ១០​នាក់។ ទីលាន​ប្រជាធិបតេយ្យ​ដែល​ជា​កន្លែង​តែ​មួយ​គត់​សម្រាប់​ការ​ជួបជុំ​តវ៉ា​នោះ ក៏​ត្រូវ​បាន​ហ៊ុមព័ទ្ធ​ដោយ​បន្លា​លួស ហើយ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ច្រើន​រយ​នាក់ ប្រដាប់​ដោយ​កាំភ្លើង ដំបង​ឆក់ និង​ខែល​គ្រប់​ដៃ យាម​ល្បាត​នៅ​ទី​នោះ​មិន​ឲ្យ​ពលរដ្ឋ​ចូល​ទៅ​ក្បែរ។

​ជា​ញឹកញយ​សមត្ថកិច្ច​ចម្រុះ​ទាំង​នោះ ប្រើ​ហិង្សា​ទៅ​លើ​ពលរដ្ឋ និង​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​ឲ្យ​រង​របួស នៅ​ពេល​ដែល​ពួកគាត់​ព្យាយាម​រំដោះ​ទីលាន​ប្រជាធិបតេយ្យ ហើយ​មិន​លើកលែង​សូម្បី​តែ​អ្នក​កាសែត។ ដោយ​អត់​ទ្រាំ​នឹង​ការ​រង​អំពើ​ហិង្សា​ច្រើន​ដង​ពេក កំហឹង​ពលរដ្ឋ​បាន​ផ្ទុះ​ឡើង​តប​ត​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា កន្លង​ទៅ ដែល​ធ្វើ​ឲ្យ​ទាំង​សមត្ថកិច្ច និង​ក្រុម​បាតុករ រង​របួស​រៀងៗ​ខ្លួន។ អំពើ​ហិង្សា​នោះ​ក៏​ត្រូវ​អាជ្ញាធរ​ដាក់ពាក្យ​ប្ដឹង​ពលរដ្ឋ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ មិន​តិច​ជាង ១០​នាក់ កំពុង​ជាប់​បណ្ដឹង និង​ឃុំខ្លួន​នៅ​ពន្ធនាគារ ក្នុង​នោះ​មាន​លោក មាជ សុវណ្ណារ៉ា មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ផង។

កាល​ណោះ តំណាង​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ ដែល​មាន​ការិយាល័យ​នៅ​ក្រុង​បាងកក ប្រទេស​ថៃ លោក ហ្វីល រ៉ូប៊ើតសុន (Phil Robertson) បាន​ថ្កោល​ទោស​អាជ្ញាធរ​រដ្ឋាភិបាល ថា​បាន​រំលោភ​សិទ្ធិ​មនុស្ស ២​យ៉ាង គឺ​ទី​មួយ រំលោភ​ដោយ​ការ​ហាម​មិន​ឲ្យ​ពលរដ្ឋ​ជួបជុំ​គ្នា ហើយ​មិន​ឲ្យ​ចូល​ទៅ​ទីលាន​ប្រជាធិបតេយ្យ និង​ទី​២ ប្រើ​កម្លាំង​ហួស​ពី​ការ​ចាំបាច់ និង​ហិង្សា​ប្រឆាំង​បាតុករ។

អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​សេរីភាព​ក្នុង​ការ​ប្រមូល​ផ្តុំ​ដោយ​សន្តិវិធី លោក ម៉េណា គីអេ (Maina Kiai) បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ចំពោះ​សេរីភាព​ក្នុង​ការ​ប្រមូល​ផ្តុំ​នៅ​កម្ពុជា។ លោក​ថា បម្រាម​នេះ​វា​មិន​ឆ្លើយ​តប​ទៅ​នឹង​ច្បាប់​អន្តរជាតិ ស្ដីពី​សិទ្ធិមនុស្ស​នោះ​ទេ៖ «ការ​តវ៉ា ការ​ប្រមូលផ្ដុំ ឬ​ការ​ធ្វើ​បាតុកម្ម​ណា​មួយ មិន​អាច​ត្រូវ​បាន​ចាត់​ទុក​ថា ជា​បាតុកម្ម​ហិង្សា ដោយសារ​មាន​មនុស្ស​មួយ​ចំនួន​តូច​ក្នុង​បាតុកម្ម​នោះ បង្ក​អំពើ​ហិង្សា​នោះ​ទេ ហើយ​ការ​ហាម​ប្រាម​របស់​រដ្ឋាភិបាល ក៏​មិន​មែន​ជា​មធ្យោបាយ​នោះ​ដែរ។ ដូច្នេះ ខ្ញុំ​បាន​សម្ដែង​ការ​បារម្ភ​ចំពោះ​បម្រាម​នេះ»

អតីត​រដ្ឋមន្ត្រី​ការបរទេស​អូស្ត្រាលី និង​ជា​ស្ថាបនិក​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស លោក ហ្គារ៉េត អេវ៉ាន (Gareth Evans) បាន​សរសេរ​ទស្សនៈ​របស់​លោក​ដែល​ចុះ​ផ្សាយ​លើ​ទំព័រ​ទស្សនៈ​ពិភពលោក​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ចោទ​លោក ហ៊ុន សែន ថា​ជា​មេ​ដឹក​ផ្ដាច់ការ និង​ពុករលួយ​ស្ទើរ​ផុត​លេខ។ លោក​សង្កត់ធ្ងន់​ទៅលើ​ការ​បាញ់​សម្លាប់​កម្មករ ៥​នាក់​ស្លាប់ នៅ​ពេល​ពួកគេ​ទាមទារ​ដំឡើង​ប្រាក់ខែ​ឲ្យ​បាន​សមរម្យ។

នៅ​ឆ្នាំ​២០១៤ នេះ ព្រឹត្តិការណ៍​នៃ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ គួរ​ឲ្យ​កត់សម្គាល់​ទៀត​នោះ គឺ​ការ​ចាប់​បញ្ជូន​ពលករ​ខ្មែរ​ខុស​ច្បាប់​ពី​ប្រទេស​ថៃ ជាង ២​សែន​នាក់​យ៉ាង​គំហុក​ឲ្យ​ត្រឡប់​មក​កម្ពុជា វិញ​កាល​ពី​ខែ​មិថុនា នៅ​ពេល​ដែល​រដ្ឋាភិបាល​ថៃ ដឹកនាំ​ដោយ​ក្រុម​ទ័ព​យោធា។ ការ​រំលោភ​សិទ្ធិមនុស្ស​ទាំង​នោះ​រួមមាន ការ​បន្ទាបបន្ថោក  ការ​ចាប់​បង្ខំ​មនុស្ស​ឲ្យ​ឡើង​ឡាន​ដោយ​មិន​ឲ្យ​ពួកគេ​ត្រៀម​លក្ខណៈ​ជា​មុន ការ​បង្អត់​បាយ​ទឹក និង​ការ​ដាក់​ឲ្យ​មនុស្ស​ជិះ​ប្រជ្រៀត​ណែនណាន់តាន់តាប់​លំបាក​ដក​ដង្ហើម។ មនុស្ស​ចាស់​ជរា ក្មេងៗ និង​ស្ត្រី​មាន​ផ្ទៃពោះ​ជា​ច្រើន ត្រូវ​បាន​គេ​ដាក់​ឲ្យ​ជិះ​ក្នុង​រថយន្ត​ទ្រុង​ក្នុង​អាកាសធាតុ​ដ៏​ក្ដៅ​ហួតហែង ហើយ​ធ្វើ​ដំណើរ​ដ៏​ឆ្ងាយ។ ស្រប​ពេល​គ្នា​នោះ អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ថៃ គោរព​សិទ្ធិ​ពលករ​អន្តោប្រវេសន៍ និង​ផ្ដល់​សិទ្ធិ​គ្រប់គ្រាន់​ទៅ​ដល់​ពួកគេ។

កាលពី​ខែ​វិច្ឆិកា មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​បាន​សម្ដែង​ក្ដី​ព្រួយ​បារម្ភ​ចំពោះ​ស្ថានភាព​ចាប់​ខ្លួន និង​ផ្ដន្ទាទោស​សកម្មជន​ដីធ្លី សិទ្ធិ​មនុស្ស និង​សកម្មជន​នយោបាយ​ជា​បន្តបន្ទាប់ តាម​រយៈ​ការ​ប្រើ​ប្រព័ន្ធ​តុលាការ​ជា​ឈ្នាន់។

ប្រធាន​លេខាធិការដ្ឋាន​គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​នៃ​អង្គការ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា (CHRAC) លោក សួន ប៊ុនស័ក្តិ ថ្លែង​ថា ការ​ចាប់​ខ្លួន​ពលរដ្ឋ​នៅ​ពេល​ពួកគេ​អនុវត្ត​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​របស់​ខ្លួន និង​ការ​ជួប​ជុំ​គ្នា​ដោយ​សន្តិវិធី​ដើម្បី​ប្រាប់​ពី​បញ្ហា និង​កង្វល់​របស់​ខ្លួន​ទៅ​អាជ្ញាធរ គឺ​ជា​ការ​គំរាមកំហែង​ដល់​ការ​អនុវត្ត​សិទ្ធិ​របស់​ពលរដ្ឋ​យ៉ាង​ធ្ងន់ធ្ងរ។

លោក សួន ប៊ុនស័ក្តិ៖ «បច្ចុប្បន្ន ដោយសារ​តែ​គម្រោង​ការ​អភិវឌ្ឍ​នៅ​បឹងកក់ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​លិចលង់​អី​ផ្សេងៗ យើង​ឃើញ​ថា រដ្ឋបាល​ភ្នំពេញ ជួស​មុខ​ឲ្យ​រដ្ឋាភិបាល​ទាំង​មូល​ហ្នឹង អត់​បាន​ទៅ​ដោះស្រាយ​ជូន​ពួកគាត់ ធ្វើ​ម៉េច​កុំ​ឲ្យ​លិចលង់ មាន​ជា​លូ​បង្ហូរ​អី​ផ្សេងៗ។ គ្នា​គ្រាន់តែ​តវ៉ា​ទទួលរង​ការ​ចាប់​ខ្លួន»

រហូត​មក​ដល់​ពេល​នេះ ព្រះសង្ឃ សកម្មជន​ដីធ្លី សកម្មជន​សិទ្ធិមនុស្ស និង​សកម្មជន​នយោបាយ ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​ជា​បន្តបន្ទាប់ សរុប ២០​នាក់ ក្នុង​នោះ​បុរស​ម្នាក់​ត្រូវ​បាន​ដោះលែង​ឲ្យ​ស្ថិត​ក្រៅ​ឃុំ​បណ្ដោះអាសន្ន។

​ការ​ចាប់​ខ្លួន​ស្ត្រី​បឹងកក់ ៧​នាក់​ដំបូង ត្រូវ​បាន​មហាជន​រិះគន់​ថា ជា​រឿង​អយុត្តិធម៌ ខណៈ​ពេល​ដែល​ពួកគេ​គ្រាន់តែ​តវ៉ា​ទាមទារ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​បញ្ហា​លិច​ទឹក​នៅ​តំបន់​បឹងកក់ ដែល​កំពុង​មាន​ជម្លោះដីធ្លី​រ៉ាំរ៉ៃ​ជិត ១០​ឆ្នាំ ជាមួយ​សមាជិក​ព្រឹទ្ធសភា​មកពី​គណបក្ស​ប្រជាជន​កម្ពុជា។

រឿង​រ៉ាវ​ដែល​មហាជន​ចាប់​អារម្មណ៍​និង​រិះគន់​ថា អយុត្តិធម៌​ប្រចាំ​ឆ្នាំ​២០១៤ ទៀត​នោះ គឺ​ករណី​យុវជន​ម្នាក់​ត្រូវ​ស្លាប់​ដោយសារ​ផ្ទុះ​កាំជ្រួច​កាល​ពី​ថ្ងៃ​ទី​២៩ តុលា ក្នុង​ព្រះ​រាជពិធី​គម្រប់​ខួប ១០​ឆ្នាំ​ព្រះមហាក្សត្រ​គ្រង​រាជសម្បត្តិ។

យុវជន​វ័យ ២៣​ឆ្នាំ​រូប​នោះ បាន​ស្លាប់​ក្នុង​ថ្លុក​ឈាម បែក​ធ្លាយ​ពោះ​មួយ​ចំហៀង​ដល់​ឆ្អឹងជំនី ចម្ងាយ​ប្រមាណ ២០០​ម៉ែត្រ ពី​កន្លែង​បាញ់​កាំជ្រួច នៅ​ត្រើយ​ខាងកើត​ក្បែរ​សណ្ឋាគារ​សុខា ទល់​មុខ​ព្រះបរមរាជវាំង។ ​ភ្លាមៗ​ក្រោយ​កើតហេតុ មន្ត្រី​ជំនាញ​នៃ​ក្រសួង​មហាផ្ទៃ អះអាង​ថា ជា​កំហុស​បច្ចេកទេស។ ពាក្យ​កំហុស​បច្ចេកទេស​នេះ ធ្វើ​ឲ្យ​រដ្ឋាភិបាល​មិន​បាន​ចេញ​មក​ទទួល​ខុស​ត្រូវ ឬ​ផ្ដល់​សំណង​ដល់​គ្រួសារ​ជនរងគ្រោះ​នោះ​ឡើយ។

រឿងរ៉ាវ​ដែល​ធ្វើ​ឲ្យ​អ្នកនយោបាយ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ជាតិ​និង​អន្តរជាតិ មន្ត្រី​ទូត​នានា ពិសេស​ពលរដ្ឋ​ចាប់​អារម្មណ៍ និង​សោកសង្រេង​នៅ​បំណាច់​ឆ្នាំ​២០១៤ នោះ គឺ​ការ​ទទួល​មរណភាព​របស់​លោក ចាន់ សុវ៉េត មន្ត្រី​ជាន់​ខ្ពស់​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក។ លោក ចាន់ សុវ៉េត ត្រូវ​បាន​មហាជន​ភាគ​ច្រើន​ដាក់​រហ័ស​នាម​ថា​វីរជន​ឆ្នើម​ការពារ​សិទ្ធិមនុស្ស។ លោក​គឺជា​មន្ត្រី​សិទ្ធិ​មនុស្ស​ម្នាក់​ដែល​ហ៊ាន​ចេញ​មុខ​រិះគន់​រដ្ឋាភិបាល​ឥត​សំចៃ​មាត់​ក្នុង​សំណុំ​រឿង​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។ ការ​ស្លាប់​នេះ គឺ​ចំ​ថ្ងៃ​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ ១០ ធ្នូ លើក​ទី​៦៦ នៅ​បន្ទាប់​ពី​លោក​បាន​ចូលរួម​ឃ្លាំមើល​ទិវា​នេះ​ចប់​សព្វគ្រប់។

​កាលពី​នៅ​មាន​ជីវិត​នៅ​ឡើយ លោក ចាន់ សុវ៉េត ធ្លាប់​បាន​ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី ដោយ​រិះគន់​ពី​បញ្ហា​និទ្ទណ្ឌភាព​ចេះ​តែ​មាន​ការ​កើន​ឡើង​នៅ​កម្ពុជា ដោយសារតែ​ភាព​មិន​ឯករាជ្យ​របស់​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា៖ «បើ​សិន​ជា​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា ឲ្យ​ល្អ​ប្រសើរ​នោះ ទាល់តែ​មាន​ការ​ដោះលែង​សកម្មជន​អ្នក​ការពារ​ដីធ្លី​មួយ​ចំនួន​ដែល​កំពុង​ទទួល​រង​នូវ​ការ​ចោទ​ប្រកាន់ ហើយ​និង​ករណី​មួយ​ចំនួន​ដែល​តុលាការ​ធ្វើ​មិន​ត្រឹមត្រូវ ដូចជា​ករណី ឈូក បណ្ឌិត លោក ឈុត វុទ្ធី ដែល​ត្រូវ​គេ​បាញ់​សម្លាប់​ដោយ​មិន​ទទួល​បាន​យុត្តិធម៌»

ស្ថានភាព​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ត្រូវ​បាន​អង្គការ​ខ្លះ​ប្រដូច​ទៅ​នឹង​ការ​ឈរ​ក្បែរ​មាត់​ជ្រោះ​ដែល​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ត្រូវ​ស្តារ​ស្ថានភាព​សិទ្ធិមនុស្ស​ឡើង​វិញ។ ខណៈ​ដែល​របាយការណ៍​ស្ទង់​មតិ​របស់​មូលនិធិ​អាស៊ី (The Asia Foundation) ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ទី​១០ ខែ​ធ្នូ បង្ហាញ​ថា ក្នុង​ចំណោម​ពលរដ្ឋ​ដែល​ត្រូវ​បាន​សាកសួរ​នៅ​ទូទាំង​ប្រទេស ពលរដ្ឋ​ភាគ​ច្រើន​យល់​ឃើញ​ថា ប្រទេស​កម្ពុជា កំពុង​ដើរ​នៅ​លើ​ផ្លូវ​ខុស។ បញ្ហា​ពុករលួយ ការ​កាប់​បំផ្លាញ​ព្រៃឈើ បញ្ហា​សង្គម និង​សេដ្ឋកិច្ច គឺ​ជា​មូលហេតុ​ចម្បង​ធ្វើ​ឲ្យ​ពលរដ្ឋ​យល់​ឃើញ​បែប​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (6)
Share

អ្នក​អាន​អនាមិក

RFA មុិចមិននិយាយអំពីក្រុមមនុស្សឬក្រុមប្រឆាំង សហជីព សិទ្ធមនុស្ស សង្គមសុីវិល ដែលឃ្លានដុល្លា ក្បត់ជាតិបំរើបរទេស ឃ្លានអំណាច ក្បត់សាសនាប្រពៃណីយដូនតារបស់ខ្លួន ហើយហ៊ានធ្វើអ្វីៗគ្រប់យ៉ាងរាប់ទាំងយកជីវិតមនុស្ស កម្មករ ប្រជារាស្ត្រក្រីក្រ មកបំរើភាពលោភលន់របស់ខ្លួនផង?។ ជាក់ស្តែង មិនទាន់បានកាន់អំណាចផង ឈ្លោះប្រកែកគ្នាដោយចែកមិនស្មើរ ចុះពេលបានអំណាចវិញ ប្រហែលហែកជ្រៀកស្រុកខ្មែរចែកគ្នាជាចំរៀកៗ ឬលក់ឲ្យបរទេសបាត់ផងក៏មិនដឹង។ មួយថ្ងៃៗអង្គុយគិតតែប្រឌិតរឿង មួលបង្កាច់ បំផ្លើស និងបង្ករឿង ចង់អោយតែជាតិរលាយ។ RFA ត្រូវផ្សាយអោយមានស្រប មានប្រឆាំងផង កុំចេកពេក។

Dec 31, 2014 10:47 PM

អ្នក​អាន​អនាមិក

កុំឈឺក្បាលនឹងហ្វូងលក់ជាតិ លក់ទឹកដី សម្បត្តិជាតិ ពាក់ប្រឡៅកក្បត់ជាតិក្ជះក្ទបអស់នេះ ស្មែអ្លាយឆាប់ៗនេះហើយ

Jan 01, 2015 09:22 PM

អ្នក​អាន​អនាមិក

កុំឈឺក្បាលនឹងហ្វូងលក់ជាតិ លក់ទឹកដីសម្បត្តិជាតិ ពាក់ប្រឡៅកក្បត់ជាតិក្ជះក្ទបអស់នេះ ស្មែអ្លាយឆាប់ៗនេះហើយ

Jan 02, 2015 09:23 PM

អ្នក​អាន​អនាមិក

No wonder this is a Communist regime they never respect human being as you know,I know except Cheam Yeap,Chheang Vun, Phan Siphes and all of CPP member.ALL of Khmer people if you keep all of them and this regime to be a leader you will be suffering more and more and never never better as you want.Believe or not it is up to you.All I can say it is up to you.Happy New Year 2015.

Dec 31, 2014 07:43 PM

Khmer Patriot

ពី IN the world

This 's Nepotism Dictators , Hun Sen is a leader .
Hun Sen Betray Khmer and Supporting YOUN .100%

Dec 31, 2014 07:38 PM

kon khmer

This photo similar the pictures in Toul Sleng

Dec 31, 2014 07:59 AM

កូនក្អាត់

ពី ក្នុងក្អម

បន្ទាប់ពីរបបខ្មែរក្រហម សង្គមខ្មែរដែលរងភាពចលាចលពីសត្រូវរួមនឹងការបាចបំពុលប្រាក់ដុល្លារពុករលួយ ទូទាំងប្រទេស បានក្លាយជាសង្គមអនាធិបតេយ្យ។ ភាពពុលស្រវឹងអំណាចនិងដុល្លារ ធ្វើឲ្យខ្មែរភ្លេចអត្តសញ្ញាណខ្លួនជា “ខ្មែរពូជអ្នកចម្បាំងសាងអង្គរ” បែរមកខាំសម្លាប់ខ្មែរគ្នាឯងលើសពីសត្វសង្អារដែលគេក្តិចបញ្ជល់ទៅទៀតថែមទាំងបំផ្លាញសម្បត្តិធម្មជាតិ និងបង្កបញ្ហាដល់ប្រជាពលរដ្ឋ ធ្វើឲ្យកាន់តែមានគម្លាតឆ្ងាយរវាងអ្នកក្រនិងអ្នកមាន។ វិធីញល់ខ្មែរឲ្យសម្លាប់ខ្មែរនេះធ្វើឲ្យជាតិខ្មែរបាត់អធិបតេយ្យភាពជាខ្មែរអស់រលីង រួមទាំងបូរណភាពទឹកដី។ អំណាចនិងប្រាក់នេះហើយជាភាពងាយរំលាយជាតិខ្មែរពីសត្រូវតសតវត្ស។
១. ខ្មែរម្នាក់ៗដែលជាអ្នកបំរើរាស្រ្តបានចាំ ឃើញ ឮរាល់ថ្ងៃអំពី ” ជាតិ សាសនា ព្រះមហាក្សត្រ “ និង ” សូមពួកទេវតា . . . បុរាណថ្កើងថ្កាន “ ប៉ុនែ្តសកម្មភាពមួយចំនួនគួរឲ្យភ័យខ្លាចកំពុងញាំញីសង្គមខ្មែរ ដោយបង្កឲ្យមានអយុត្តិធម៌លើប្រជាជនខ្មែរទាំងអស់ និងអាចឲ្យមានគ្រោះថ្នាក់ដល់ជាតិខ្មែរពេលអនាគត ។ ជាតិគឺប្រទេសខ្មែរ មានរដ្ឋាភិបាលខ្មែរ ភាសាខ្មែរ អារ្យធម៌ខ្មែរ វប្បធម៌ខ្មែរ ។ល។ ជាតិខ្មែរមិនត្រូវនៅក្រោម អាណានិគមបរទេស ដាច់ខាត ។
២. ការបំពាក់ឬការពាក់កំរងផ្កាមិនត្រូវអនុវត្តទេ ព្រោះនេះជាចរិតមិនទៅមុខ ។ ខ្មែរត្រូវប្រកាន់ជំហរម៉ឺងម៉ាត់ ក្នុងការបំពេញតួនាទីបំរើរាស្រ្ត ជាអាទិកុំឲ្យមានការរណេបរណប គ្រួសារនិយម ឬបក្សពួកនិយម ព្រោះអំពើ ទាំងនេះធ្វើឲ្យលទ្ធផលការងារលាយដោយអំពើពុករលួយនិងអយុត្តិធម៌លើ ប្រជាជនខ្មែរទាំងអស់ ។ អំណោយឬការទទួលឈើចាក់ធ្មេញមួយជាអំពើពុករលួយ ។ ភាពលំអៀងឬ ការអនុគ្រោះក្នុងការងារ . . . ជា អំពើអយុត្តិធម៌ ។ ការប្រើតួនាទីខ្លួនដើម្បីបំប៉ោងអំណាច ការប្រើសម្បត្តិរដ្ឋឬធនធានមនុស្ស . . . សំរាប់ការងារ ផ្ទាល់ខ្លួន ជាសកម្មភាពខុសច្បាប់ ។ អ្វីដែលគ្មានតុល្យភាពគ្មានលំនឹងទេ ។ អំពើពុករលួយ និងអយុត្តិធម៌ នាំឲ្យមាន គម្លាតឆ្ងាយរវាងអ្នកក្រនិងអ្នកមាន ដែលធ្វើឲ្យមានអស្ថេរភាពក្នុងសង្គមឬរបបនោះ ក្រោយមករបបនោះក៏រលាយសូន្យ ។
៣. ខ្មែរយើងទាំងអស់គ្នាត្រូវប្រមូលផ្តុំស្មារតីឡើងវិញនិងរួបរួមគ្នាឲ្យមាន “ សំបុកសង្រ្គោះប្រជាជនកម្ពុជាក្រោម “ ដើម្បីកសាងប្រទេសជាតិឲ្យបានចំរើនជានិច្ច ដូចបុព្វបុរសខ្មែរបានតស៊ូបង្កើនសេដ្ឋកិច្ច ទ័ព ប្រាសាទពាសពេញ អាណាចក្រខ្មែរ និងមានអារ្យធម៌វប្បធម៌ខ្ពស់ល្បីខ្ចរខ្ចាយជាបុរាណថ្កើងថ្កានទុកឲ្យខ្មែរជំនាន់ក្រោយ ។ នេះជាកេរ្តិ៍មរតកមហាសាល ដែលយើងបានទទួលពីបុព្វបុរសខ្មែរទាំងអស់ ។ ការកសាងជាតិសព្វថ្ងៃ មួយផ្នែកធំពឹងលើជំនួយនិងកម្ចី ដែលធ្វើឲ្យសេដ្ឋកិច្ចនិងកងទ័ពជាតិខ្សោយជាងអន្តរជាតិ ។ ខ្មែរត្រូវរួបរួមគ្នាពង្រឹង គ្រប់វិស័យ ជាចំបងគឺសេដ្ឋកិច្ចនិងការពារជាតិ ( ទ័ពកំចាត់សត្រូវនិងការពារជាតិប្រជាជនខ្មែរ មិនមែនសម្លាប់ ប្រជាជនខ្មែរទេ ) ។ ( បើមានឧបសគ្គ មេដឹកនាំខ្មែរត្រូវក្រៀកសត្រូវឲ្យគាំង ទុកឲ្យខ្មែរទាំងអស់សាប់សត្រូវឲ្យបែក ) ។
៤. ខ្មែរត្រូវសហការគ្នាទទួលការខុសត្រូវតាមតួនាទីរៀងខ្លួនក្នុងឧត្តមគតិជាតិនិយម ដោយចេះទទួលយកការរិះគន់និងពិភាក្សារកដំណោះស្រាយលើបញ្ហាគ្រប់ប្រភេទដើម្បីជាតិខ្មែរបានចំរើន។ ខ្មែរឈ្លោះគ្នា ដីខ្មែររលាយ ។ សត្រូវឈ្លោះគ្នា ដីសត្រូវរីក ព្រោះសត្រូវឆ្លាតដោយមេដឹកនាំគេប្តូរផ្តាច់លះបង់អ្វីទាំងអស់ដើម្បីប្រទេសជាតិគេ ( គេរៀនតាម បុព្វបុរសខ្មែរយើងដែលធ្វើឲ្យអាណាចក្រខ្មែរមានកិត្យានុភាពល្បីខ្ចរខ្ចាយ ) ។
៥. ខ្មែរត្រូវរួបរួមគ្នាអនុវត្តប្រជាធិបតេយ្យឲ្យបានច្បាស់ក្នុងការបំរើជាតិ សាសនា ព្រះមហាក្សត្រខ្មែរ ដោយមាន យុត្តិធម៌ស្មើគ្នាក្រោមច្បាប់រដ្ឋទាំងអស់គ្នា ។ បាតុកម្មអហិង្សាជាសិទ្ធិសេរីភាពស្របច្បាប់ក្នុង ការបញ្ចេញមតិ ។ ប្រជាជនខ្មែរ ជាម្ចាស់ទឹកដីនិងសម្បត្តិធម្មជាតិខ្មែរ ត្រូវមានសិទ្ធិពេញលេញក្នុងការជ្រើសរើសអ្នកបំរើរាស្រ្ត ដែលមានសមត្ថភាព តាំងពីថ្នាក់ក្រោម ដល់ថ្នាក់ដឹកនាំប្រទេស ។ គ្មាននរណាជួយខ្មែរជាងប្រជាជនខ្មែរទេ ។ ខ្មែរដើម្បីខ្មែរ ។
៦. ខ្មែរមិនត្រូវភ្លេចពីពូជកំណើតនិងចរិតសៀមនិងយួនទេ ។ ខ្មែរទទួលការគំរាមកំហែងនិងរងគ្រោះពីពីរហ្វូងនេះ ជានិច្ច ។ សម័យនេះ ខ្មែរអនុវត្តអន្តោប្រវេសន៍ស្របច្បាប់ដោយមិនមានការរើសអើងទេ ប៉ុន្តែពីរហ្វូងនេះនៅតែគំរាមកំហែងនិងធ្វើឲ្យខ្មែររងគ្រោះមិនចេះចប់ ។ ខ្មែរត្រូវរួបរួមសាមគ្គីគ្នាជានិច្ចដើម្បីប្រឆាំងតបឲ្យខ្មែរបាននៅ គង់វង់ជាខ្មែររហូត ។ យើងត្រូវសាមគ្គីគ្នា លើកទំនប់ខ្ពស់តាមបន្ទាត់ព្រំដែនប្រទេសយើង ( មិនបាច់ធំដូច មហាកំផែងនៅចិនទេ ឯបុព្វបុរសខ្មែរបានចំណាយពេល ៦០ឆ្នាំ កសាងអង្គរទុកឲ្យខ្មែរព្រមជាមួយពេលដែល ច្បាំងតទល់សត្រូវឈ្លានពានដែរ) ដើម្បីការពារចោរអន្តរជាតិ និងអភិវឌ្ឍនទីក្រុងតាមជាយដែនឲ្យបានច្រើន ដើម្បីបង្កើន សេដ្ឋកិច្ចនិងជីវភាពប្រជាជនខ្មែរ ។ យើងលើកភ្លឺស្រែដើម្បីកំណត់ព្រំដីរវាងខ្មែរគ្នាយើងបាន ម៉្តេចក៏ធ្វើមិនបាន ជាមួយសត្រូវឈ្លានពាន ។
៧. ខ្មែរទាំងអស់ ត្រូវដាច់ខាតដូរចរិតទ្រឹស្តីទៅចរិតអនុវត្តឲ្យបានចំរើនជាក់ស្តែង ។ បុព្វបុរសខ្មែរមិនងប់នឹងទ្រឹស្តីច្រើនទេ ប៉ុន្តែមានការពិចារណានិងត្រិះរិះយ៉ាងល្អិតល្អន់ក្នុងការដឹកនាំប្រទេស ជាក់ស្តែងគឺ ទំហំអាណាចក្រខ្មែរ បារាយ និងប្រាសាទ យ៉ាងសម្បើមរាប់មិនអស់ ។ ដែនដីសុវណ្ណភូមិយើងដែលមាន កេរ្តិ៍មរតកយ៉ាងមហិមាព្រមជាមួយសម្បត្តិធម្មជាតិ បានមកពីមគ្គុទេសក៍ដ៏ឆ្នើមនៃបុព្វបុរសខ្មែរ ដែលធ្វើឲ្យ កិត្យានុភាពកម្ពុជាល្បីខ្ចរខ្ចាយមកទល់សព្វថ្ងៃ ហេតុនេះបានជាសត្រូវឈ្លានពានចង់ត្របាក់លេបទឹកដីយើង រាល់ពេល ។ យើងទាំងអស់ជាខ្មែរមានតួនាទីជាចាំបាច់ការពារជាតិ សាសនា ព្រះមហាក្សត្រខ្មែរ ឲ្យបាន គង់វង់ជាខ្មែររហូត ។
៨. ការសម្លាប់ប្រជាជនជាបទឧក្រិដ្ឋ ។ ការជួយសត្រូវដើម្បីប្រឆាំងប្រទេសជាតិឯង ឬប្រគល់ទ្រព្យសម្បត្តិជាតិឲ្យ បរទេសជាអំពើក្បត់ជាតិ ។
ខ្មែរ ! . . . ងើបឡើង ! សាមគ្គីគ្នាកសាងសង្គមជាតិខ្មែរឲ្យបានចំរើនដូចបុព្វបុរសខ្មែរ ។

Dec 31, 2014 07:34 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល