មន្ត្រី​របប​ភ្នំពេញ​ថា ខ្លួន​មិន​បារម្ភ​ដល់​ការ​លើកឡើង​ពី​វិបត្តិ​សិទ្ធិមនុស្ស​កម្ពុជា​នៅ​សន្និបាត​អ.ស.ប

ដោយ ម៉ៅ សុធានី
2019-09-04
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នកស្រី ​រ៉ូណា ស្មីត (Rhona Smith) អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា។
អ្នកស្រី ​រ៉ូណា ស្មីត (Rhona Smith) អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា។
រូប​ពីទំព័រ​ហ្វេសប៊ុក​របស់​​ UN-OHCHR

អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន អះអាង​ថា រដ្ឋាភិបាល​ក្រុងភ្នំពេញ មិន​មាន​ការ​ព្រួយ​បារម្ភ​ឡើយ ចំពោះ​ការ​ស្នើសុំ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាតិ​និង​អន្តរជាតិ​ចំនួន ២៨ ស្ថាប័ន ទៅ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នៃ​អង្គការសហប្រជាជាតិ (UN Human Rights Council) ឱ្យ​លើកឡើង​ពី​វិបត្តិ​សិទ្ធិមនុស្ស​នៅ​កម្ពុជា ក្នុង​អង្គ​សន្និបាត​របស់​ខ្លួន​លើក​ទី៤២ នៅ​ទីក្រុង​ហ្សឺណែវ (Geneva) ប្រទេស​ស្វីស (Switzerland) នោះ​ទេ។

លោក​បន្ត​ថា ការ​ស្នើ​សុំ​ទាំង​នេះ គឺជា​រឿង​ធម្មតា ដោយសារ​អង្គការ​សង្គម​ស៊ីវិល​ទាំងនោះ តែងតែ​មាន​និន្នាការ​នយោបាយ រិះគន់​ការដឹកនាំ​របស់​របប​ក្រុងភ្នំពេញ ជា​រៀង​រហូត​មក ដូចនេះ​មិនមែន​ជា​រឿង​ចម្លែក​ឡើយ​។ ម្យ៉ាងវិញទៀត លោក​ថា ការ​លើក​យក​ប្រធានបទ​ស្ដីពី​កម្ពុជា​ទៅ​ពិភាក្សា​ក្នុង​អង្គ​សន្និបាត ដែល​គ្រោង​ធ្វើ​រយៈពេល ៣​សប្ដាហ៍ ចាប់ពី ថ្ងៃទី​៩ ដល់ ២៧ ខែ​កញ្ញា​ខាងមុខ នោះ គឺ​ដោយសារ​អ្នករាយការណ៍​ពិសេស​នៃ​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) នឹង​បញ្ចប់​បេសកកម្ម​រយៈពេល​២​ឆ្នាំ របស់​អ្នកស្រី៖ «វា​មិន​មាន​អ្វី​ចម្លែក​ទេ ដែល​អង្គការ​ទាំងនោះ​គឺ​តែង​ធ្វើការ​រិះគន់​ដោយ​គំនុំ​គុំកួន និង​មាន​វារៈ​នយោបាយ ដូច​ធ្លាប់​ធ្វើ​ពីមុន​។ ការ​ស្នើសុំ​នេះ ក៏​ជា​រឿង​ធម្មតា​ទេ ដោយសារ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នៃ​អង្គការសហប្រជាជាតិ​នេះ អ្នកស្រី រ៉ូណា ស្មីត គាត់​ចប់​បេសកកម្ម​របស់​គាត់ ម្ល៉ោះហើយ​គាត់​ត្រូវ​ធ្វើ​របាយការណ៍​បូកសរុប អ៊ីចឹង​ទៅ ការ​ស្នើសុំ​ឱ្យ​មាន​ដំណោះស្រាយ​ស្ដីពី​កម្ពុជា ជា​រឿង​ធម្មតា ដែល​គាត់​តែងតែ​ធ្វើ​កន្លងមក​រួចហើយ​។ ប៉ុន្តែ​សម្រាប់​កម្ពុជា ទោះបី​ជា​មាន ដំណោះស្រាយ គេ​នឹង​ធ្វើ​ការ​ថ្លឹងថ្លែង​នូវ​កិច្ច​ខំ​ប្រឹងប្រែង​របស់​កម្ពុជា​កន្លងមក»

ក្នុង​សេចក្ដី​ថ្លែងការណ៍​រួម កាលពី​ថ្ងៃ​ទី៣០ ខែ​សីហា ឆ្នាំ​២០១៩ របស់​អង្គការ​ជាតិ​និង​អន្តរជាតិ ចំនួន ២៨​ស្ថាប័ន ដែល​ផ្ញើ​ជូន​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នៃ​អង្គការសហប្រជាជាតិ (UN Human Rights Council) បាន​អំពាវនាវ​សុំ​ឱ្យ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ អនុម័ត​លើ​ដំណោះស្រាយ​មួយ ដើម្បី​ស្នើសុំ​ស្នងការ​ជាន់ខ្ពស់​នៃ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស តាមដាន​ព្រឹត្តិការណ៍ និង​រាយការណ៍​ស្ដីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ព្រមទាំង​លើកឡើង​ពី​សកម្មភាព​របស់​រដ្ឋាភិបាល​កម្ពុជា ដែល​គួរ​អនុវត្ត​ទៅតាម​តម្រូវការ​នៃ​គោលការណ៍​សិទ្ធិមនុស្ស​អន្តរជាតិ​។ បន្ថែម​ពី​នេះ ស្នងការ​ជាន់ខ្ពស់​នេះ គួរតែ​ជជែក​ពិភាក្សា​ជាមួយ​អ្នករាយការណ៍​ពិសេស​របស់​អ​.​ស​.​ប​. នៅ​កម្ពុជា និង​បេសកជន​ពិសេស​របស់​អ​.​ស​.​ប​. ផ្សេងទៀត ព្រមទាំង​តំណាង​អង្គការ​សង្គម​ស៊ីវិល​ជាតិ​និង​អន្តរជាតិ ស្ដីពី​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​នេះ។

សេចក្ដី​ថ្លែងការណ៍​រួម​ដដែល ក៏បាន​លើកឡើង​ពី​បញ្ហា​ជាច្រើន រួមមាន​ការ​បោះឆ្នោត​ជាតិ កាលពី​ខែ​កក្កដា ឆ្នាំ​២០១៨ កន្លង​មក​នេះ ដោយ​គ្មាន​ការចូលរួម​ពី​គណបក្ស​សង្គ្រោះ​ជាតិ ការ​បង្កើត​រដ្ឋសភា​ឯក​បក្ស ការរំលោភ​សិទ្ធិមនុស្ស ការ​ឃុំខ្លួន​ក្នុង​ផ្ទះ​របស់​មេដឹកនាំ​គណបក្សប្រឆាំង លោក កឹម សុខា និង​ការ​ហាមឃាត់​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ជាង ១០០​នាក់ មិន​ឱ្យ​ធ្វើ​នយោបាយ​៥​ឆ្នាំ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​មន្ត្រី​បក្ស​ប្រឆាំង​ជា​ច្រើន​រូប បង្ខំចិត្ត​និរទេស​ខ្លួន ដោយសារ​ភ័យខ្លាច​ពី​ការ​ធ្វើទុក្ខបុកម្នេញ និង​ការ​ចាប់​ឃុំខ្លួន​ជាដើម។

លិខិត​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ដដែល​នោះ ក៏បាន​បញ្ជាក់​ផង​ដែរ​ថា ចាប់​តាំង​ពី​ដំណោះស្រាយ​ចុងក្រោយ​របស់ ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នៃ​អង្គការសហប្រជាជាតិ កាលពី​ខែ​កញ្ញា ឆ្នាំ​២០១៧ កន្លង​មក​នេះ ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា បាន​ធ្លាក់​ដុនដាប​ជា​ខ្លាំង រួមមាន​ការ​បង្ក្រាប​ដល់​គណបក្ស​សង្គ្រោះ​ជាតិ ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ដល់​មន្ត្រី​សង្គម​ស៊ីវិល និង​សកម្មជន​សិទ្ធិមនុស្ស​ជាដើម។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាតិ​និង​អន្តរជាតិ ទាំង​២៨ ស្ថាប័ន​នេះ រួមមាន អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ Human Rights Watch អង្គការ​លើកលែងទោស​អន្តរជាតិ (Amnesty International) សភា​អាស៊ាន​សម្រាប់​សិទ្ធិមនុស្ស (APHR) និង​អង្គការ​ក្នុងស្រុក​ជាច្រើន រួមមាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស (CCHR) អង្គការ​សិទ្ធិមនុស្ស​លីកាដូ និង​សមាគម​អាដហុក (Adhoc) ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល