មន្រ្តីសិទ្ធិមនុស្សថា ចៅក្រមស៊ើបសួរមិនគួរបដិសេធសំណើរបស់អ្នកស្រី រ៉ូណា ស្មីត ដែលសុំជួបសួរសុខទុក្ខលោក កឹម សុខា ទេ ព្រោះការធ្វើដូច្នេះ គឺរឹតតែបង្ហាញឲ្យឃើញនូវការរឹតត្បិតសិទ្ធិសេរីភាពរបស់លោក កឹម សុខា និងស្ថានភាពអាក្រក់ នៃការរំលោភសិទ្ធិមនុស្សនៅកម្ពុជា។
ប្រធានគ្រប់គ្រងការិយាល័យឃ្លាំមើលសិទ្ធិមនុស្ស លីកាដូ លោក អំ សំអាត ចាត់ទុកការបដិសេធ មិនឲ្យអ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា អ្នកស្រី រ៉ូណា ស្ម៊ីត (Rhona Smith) បានចូលជួបសួរសុខទុក្ខប្រធានគណបក្ស សង្គ្រោះជាតិ លោក កឹម សុខា ម្ដងហើយម្ដងទៀតបែបនេះ គឺជាការបង្ហាញឲ្យឃើញ ថាសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ជាពិសេសសិទ្ធិសេរីភាពក្នុងការជួបសួរសុខទុក្ខជនកំពុងជាប់ឃុំ នៅតែត្រូវបានរឹតបន្តឹង។ លោកបន្ថែមទៀតថា ជាគោលការណ៍ច្បាប់ លោក កឹម សុខា គ្រាន់តែជាជនត្រូវចោទ មិនទាន់មានទោសអ្វីទាំងអស់ ដូច្នេះមិនត្រូវបាត់បង់សិទ្ធិសេរីភាពយ៉ាងនេះនោះទេ៖ «យើងឃើញហើយ សូម្បីតែអ្នកទោស ឬក៏ជនជាប់ចោទផ្សេងៗ នៅតាមពន្ធនាគារ ក៏មានការអនុញ្ញាតឲ្យមានការប្រស្រ័យទាក់ទងជាមួយក្រុមគ្រួសារ មិត្តភ័ក្ដិ ឬ អង្គការសង្គមស៊ីវិលផ្សេងៗ ចូលសួរសុខទុក្ខបាន។ អ៊ីចឹង ក្នុងនាមឯកឧត្ដម កឹម សុខា ជាប្រជាពលរដ្ឋមួយរូបដែរ គាត់គួរត្រូវបានអនុញ្ញាតឲ្យគេសួរសុខទុក្ខ»។
ប្រតិកម្មរបស់មន្ត្រីអង្គការសង្គមស៊ីវិលរូបនេះ ធ្វើឡើងក្រោយចៅក្រមស៊ើបសួរ បដិសេធសំណើរបស់អ្នកស្រី រ៉ូណា ស្មីត ដែលស្នើសុំជួបលោក កឹម សុខា ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចទៅស្រុកខ្មែរ នៅចុងខែមេសានេះ។ នេះជាលើកទីបីហើយ ដែលមន្ត្រីតុលាការនៃរបបលោក ហ៊ុន សែន បដិសេធសំណើរបស់មន្ត្រីសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដែលចង់ជួបសួរសុខទុក្ខលោក កឹម សុខា។
នៅក្នុងដំណើរទស្សនកិច្ចរបស់អ្នកស្រី កាលពីខែមីនា ឆ្នាំ២០១៨ កាលលោក កឹម សុខា នៅជាប់ឃុំឃាំងនៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ចៅក្រមស៊ើបសួរ មិនអនុញ្ញាតឲ្យអ្នកស្រីជួបសួរសុខទុក្ខលោក កឹម សុខាដែរ។ ក្រោយមកទៀត នៅក្នុងដំណើរទស្សនកិច្ច កាលពីចុងខែតុលា ឆ្នាំដដែល គឺក្រោយពេលលោក កឹម សុខា ត្រូវបានផ្ទេរពីជាប់ឃុំនៅពន្ធនាគារត្រពាំងផ្លុង មកជាប់ឃុំក្នុងផ្ទះវិញ ក៏អ្នកស្រីមិនអាចជួបសួរសុខទុក្ខលោកបានដែរ ដោយសារសំណើរបស់អ្នកស្រី ត្រូវបានបដិសេធទៀត។
ក្នុងមួយឆ្នាំ អ្នករាយការណ៍ពិសេសរូបនេះ ត្រូវបំពេញទស្សនកិច្ចពីរលើក ទៅប្រទេសកម្ពុជា ដើម្បីតាមដានស្ថានការណ៍សិទ្ធិមនុស្ស។ អ្នកស្រីត្រូវរាយការណ៍អំពីស្ថានការណ៍នេះ មួយឆ្នាំម្ដង គឺរាល់ខែកញ្ញា នៅចំពោះមុខក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅឯទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស។
ក្នុងដំណើរទស្សនកិច្ចរបស់អ្នកស្រីទាំងពីរលើក កាលពីឆ្នាំ២០១៨ នោះ អ្នកស្រីបានទាមទារឲ្យរបបលោក ហ៊ុន សែន ទម្លាក់ចោលរាល់ការចោទប្រឆាំងលើលោក កឹម សុខា និង ដោះលែងប្រធានគណបក្សប្រឆាំងរូបនេះ។ ក្រោយការរម្លាយគណបក្ស សង្គ្រោះជាតិ អ្នកស្រីក៏បានទាមទារឲ្យរបបលោក ហ៊ុន សែន លើកបម្រាមដែលហាមឃាត់សិទ្ធិនយោបាយមន្រ្តីជាន់ខ្ពស់គណបក្សប្រឆាំងទាំង ១១៨រូប។
អ្នកស្រី រ៉ូណា ស្ម៊ីត រាយការណ៍ប្រាប់ប្រាប់ក្រុមប្រឹក្សាសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ ក្នុងកិច្ចប្រជុំពេញអង្គលើកទី៣៩ នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស កាលពីខែកញ្ញា ឆ្នាំ២០១៨ ថា របបលោក ហ៊ុន សែន គ្មានប្រជាធិបតេយ្យ និង ក្លាយជារបបឯកបក្សទៅហើយ ព្រោះអ្វីៗ ស្ថិតក្រោមការត្រួតត្រា របស់គណបក្សកាន់អំណាចតែម្នាក់ឯង។ អ្នកស្រីរិះគន់ថា ការបោះឆ្នោតឆ្នាំ ២០១៨ កន្លងទៅនេះ គឺជាការបោះឆ្នោតមួយ ងាកចាកឆ្ងាយចេញ ពីគន្លងនៃប្រជាធិបតេយ្យ។ អ្នកស្រីស្នើឲ្យរបបនេះ ស្ដារស្ថានភាពអាក្រក់បច្ចុប្បន្ន ឲ្យវិលត្រឡប់ទៅរកសភាពដើមវិញ ដោយស្ដារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញ។
ស្របពេលដែលស្ថានភាពសិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ នៅតែអាក្រក់នេះ អ្នកស្រីនឹងទៅទស្សនកិច្ចនៅកម្ពុជា រយៈពេល ១១ថ្ងៃ ចាប់ផ្ដើមពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី៩ ខែឧសភា។
អ្នកស្រីនឹងជួបមន្ត្រីជាន់ខ្ពស់ ក្នុងជួររបបលោក ហ៊ុន សែន តំណាងអង្គការសង្គមស៊ីវិល និង មន្រ្តីទូតបរទេសប្រចាំនៅកម្ពុជាផង។ អ្នកស្រីក៏នឹងចុះទៅប្រមូលព័ត៌មាន ដោយផ្ទាល់ ដល់មូលដ្ឋានសហគមន៍ដែលរងគ្រោះ ដោយសារការរំលោភសិទ្ធិមនុស្សផងដែរ។
មេធាវីការពារក្តីឲ្យលោក កឹម សុខា មួយរូប គឺលោក ផែង ហេង ប្រាប់អាស៊ីសេរីកាលពីថ្ងៃទី២៥ ខែមេសាថា មន្ត្រីសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិរូបនេះ គួរតែអាចជួបសួរសុខទុក្ខលោក កឹម សុខា បាន។
ប៉ុន្តែមន្ត្រីនាំពាក្យក្រសួងយុត្តិធម៌ នៃរបបលោក ហ៊ុន សែន យល់ថាការសម្រេចរបស់ចៅក្រមស៊ើបសួរ ក្នុងការបដិសេធនេះ គឺធ្វើត្រឹមត្រូវតាមនីតិវិធីច្បាប់ ដោយសារក្នុងដំណាក់កាលនេះ លោក កឹម សុខា កំពុងស្ថិតក្រោមការរឹតត្បិតសិទ្ធិសេរីភាពតាមផ្លូវតុលាការ។ លោកបន្ថែមថា ក្នុងដំណាក់កាលនេះដែរ គឺមានតែចៅក្រមស៊ើបសួរប៉ុណ្ណោះ ដែលមានសិទ្ធិសម្រេច ក្នុងការអនុញ្ញាត ឬ មិនអនុញ្ញាតឲ្យជួបលោក កឹម សុខា នេះ៖ «វាជាអំណាចឆន្ទានុសិទ្ធិរបស់ចៅក្រមស៊ើបសួរ។ លោក កឹម សុខា ស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ គេភ្ជាប់ជាមួយលក្ខខណ្ឌមួយចំនួន រួមទាំងកន្លែងដែលធ្វើដំណើរទៅបាន និងអ្នកដែលអាចជួបបាន។ អ៊ីចឹងជនណាក៏ដោយ ដែលចង់ជួបត្រូវតែមានការអនុញ្ញាតពីចៅក្រមស៊ើបសួរ។ បើគាត់ថា ជួបមិនបាន ព្រោះអាចប៉ះពាល់ដល់ការស៊ើបសួរ គាត់មិនអនុញ្ញាតទេ»។
ក្នុងរយៈពេលជិតពីរឆ្នាំចុងក្រោយនេះ របបលោក ហ៊ុន សែន រងការរិះគន់ និងថ្កោលទោសជុំទិសថា បានរំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យធ្ងន់ធ្ងរ ដោយសារតែការចាប់ប្រធានគណបក្សប្រឆាំងដាក់ឃុំឃាំង បណ្ដេញអង្គការសង្គមស៊ីវិល បិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ រម្លាយគណបក្សប្រឆាំង និងរៀបចំការបោះឆ្នោត ដោយផាត់ចោលគណបក្សប្រឆាំងជាដើម។
ថ្មីៗ នេះទៀតសោត របបនេះនៅតែបន្តធ្វើទុក្ខបុកម្នេញលើសំឡេងប្រឆាំង ដោយបន្តចាប់ខ្លួនសកម្មជនបក្សប្រឆាំងដាក់ពន្ធនាគារ ដោយសារតែការបញ្ចេញមតិតាមបណ្ដាញសង្គម និងចេញដីកាតាមចាប់ខ្លួនមន្ត្រីជាន់ខ្ពស់គណបក្ស សង្គ្រោះជាតិ ជាបន្តបន្ទាប់។ មិនតែប៉ុណ្ណោះ លោក ហ៊ុន សែន បន្តគំរាមកម្ទេចហេដ្ឋារចនាសម្ព័ន្ធ ដែលនៅសេសសល់របស់បក្សប្រឆាំង ស្របពេលដែលរបបនេះ នៅតែបន្តរឹតត្បិតសិទ្ធិសេរីភាពខាងសហជីពកម្មករផងដែរ។
អ្នកវិភាគ និងមន្ត្រីអង្គការសង្គមស៊ីវិលបារម្ភថា កម្ពុជានឹងចៀសមិនផុតពីការដាក់ទណ្ឌកម្មបន្ថែម ពីសហគមន៍អន្តរជាតិ បើរបបលោក ហ៊ុន សែន មិនព្រមស្តារស្ថានភាពអាក្រក់នេះឡើងវិញឲ្យបានទាន់ពេលវេលានោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។