មន្ត្រី​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ គ្រោង​ទៅ​ទស្សនកិច្ច​នៅ​កម្ពុជា ក្នុង​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​តែ​អាក្រក់

ដោយ មួង ណារ៉េត
2019-04-25
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នក​រាយការណ៍​ពិសេស​ផ្នែក​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃ​ទី១៨ ខែ​សីហា ឆ្នាំ​២០១៧។
អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នក​រាយការណ៍​ពិសេស​ផ្នែក​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃ​ទី១៨ ខែ​សីហា ឆ្នាំ​២០១៧។
RFA/Cheu Sideth

មន្ត្រី​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ គ្រោង​ទៅ​ទស្សនកិច្ច​នៅ​កម្ពុជា ក្នុង​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​តែ​អាក្រក់។ បេសកកម្ម​ត្រួត​ពិនិត្យ​ស្ថានភាព​សិទ្ធិមនុស្ស របស់​អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា អ្នកស្រី រ៉ូណា ស្ម៊ីត (Rhona Smith) មាន​រយៈពេល ១១​ ថ្ងៃ ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី២៩ ខែ​មេសា ដល់​ថ្ងៃ​ទី៩ ខែ​ឧសភា។

អ្នកស្រី​មាន​ប្រសាសន៍​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ពី​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស កាល​ពី​ថ្ងៃ​ទី២៤ ខែ​មេសា​ថា "បេសកកម្ម​លើក​នេះ គឺ​ផ្ដោត​លើ​ស្ថានភាព​សិទ្ធិ​មនុស្ស​បច្ចុប្បន្ន ដោយ​ពិនិត្យ​មើល ជា​ពិសេស លើ​ភាព​មិន​រើសអើង សមភាព ការ​ចូលរួម​ពី​គ្រប់​ភាគី និង ការ​ទទួល​ខុសត្រូវ​របស់​រដ្ឋាភិបាល"

អ្នកស្រី រ៉ូណា ស្មីត គ្រោង​នឹង​ជួប​មន្ត្រី​ជាន់ខ្ពស់​ក្នុង​ជួរ​របប​លោក ហ៊ុន សែន តំណាង​អង្គការ​សង្គម​ស៊ីវិល និង​មន្ត្រី​ទូត​បរទេស​ប្រចាំ​នៅ​កម្ពុជា​ផង។ អ្នកស្រី​ក៏​នឹង​ចុះ​ទៅ​ប្រមូល​ព័ត៌មាន​ដោយ​ផ្ទាល់​ដល់​មូលដ្ឋាន សហគមន៍​ដែល​រងគ្រោះ ដោយ​សារ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ផង​ដែរ។ ប៉ុន្តែ អ្នក​ស្រី​មិន​បាន​បញ្ជាក់​ថា អ្នកស្រី​នឹង​ទៅ​ជួប​ប្រធាន​គណបក្ស សង្គ្រោះ​ជាតិ លោក កឹម សុខា ដែល​កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ផ្ទះ​ដែរ​ឬ​យ៉ាង​ណា​នោះ​ទេ។

អាស៊ី​សេរី មិន​ទាន់​អាច​សុំ​ការ​បំភ្លឺពី​អ្នកស្រី រ៉ូណា​ ស្មីត ជុំវិញ​រឿង​នេះ បាន​នៅ​ឡើយ​ទេ។ ប៉ុន្តែ ក្នុង​ដំណើរ​ទស្សនកិច្ច លើក​មុនៗ អ្នកស្រី​មិន​អាច​ជួប​លោក កឹម សុខា បាន​ទេ ដោយសារ​តែ​អាជ្ញាធរ​កម្ពុជា​មិន​អនុញ្ញាត។

អ្នកស្រី រ៉ូណា ស្ម៊ីត ធ្លាប់​ថ្លែងប្រាប់​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស នៃ​អង្គការ​សហប្រជាជាតិ ក្នុង​កិច្ច​ប្រជុំ​ពេញ​អង្គ​លើក​ទី៣៩ នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស កាល​ពី​ខែ​កញ្ញា ឆ្នាំ២០១៨ ថា របប​លោក ហ៊ុន សែន គ្មាន​ប្រជាធិបតេយ្យ និង​ក្លាយ​ជា​របប​ឯក​បក្ស​ទៅ​ហើយ​ ព្រោះ​អ្វីៗ ស្ថិត​ក្រោម​ការ​ត្រួតត្រា ​របស់​គណបក្ស​កាន់​អំណាច​តែ​ម្នាក់​ឯង។ អ្នកស្រី​រិះគន់​ថា ការ​បោះ​ឆ្នោត​ឆ្នាំ២០១៨ កន្លង​ទៅ​នេះ ជា​ការ​បោះ​ឆ្នោត​មួយ ​ងាក​ចាក​ឆ្ងាយ​ចេញ​ពី​គន្លង​នៃ​ប្រជាធិបតេយ្យ។

អ្នកស្រី​ស្នើ​ឲ្យ​របប​នេះ ​ស្ដារ​ស្ថានភាព​អាក្រក់​បច្ចុប្បន្ន ឲ្យ​វិល​ត្រឡប់​ទៅ​រក​សភាព​ដើម​វិញ ដោយ​ស្ដារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើង​វិញ។

ទោះ​ជា​យ៉ាង​នេះ​ក្តី របប​លោក ហ៊ុន សែន នៅ​តែ​បន្ត​ធ្វើ​ទុក្ខបុកម្នេញ​លើ​សំឡេង​ប្រឆាំង ដោយ​បន្ត​ចាប់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​ដាក់​ពន្ធនាគារ ដោយសារ​តែ​ការ​បញ្ចេញ​មតិ​តា​ម​បណ្ដាញ​សង្គម និង ចេញ​ដីកា​ចាប់​ខ្លួន​មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ជា​បន្ត​បន្ទាប់។ មិន​តែ​ប៉ុណ្ណោះ លោក ហ៊ុន សែន បន្ត​គំរាម​កម្ទេច​ហេដ្ឋារចនាសម្ព័ន្ធ​ ដែល​នៅ​សេសសល់​​របស់​ របស់​បក្ស​ប្រឆាំង ស្រប​ពេល​ដែល​របប​នេះ នៅ​តែ​បន្ត​រឹតត្បិត​សិទ្ធិ​សេរីភាព​ខាង​សហជីព​ជា​ដើម​។

អ្នកស្រី រ៉ូណា ស្មីត នឹង​ត្រូវ​រាយការណ៍ ​ជូន​ទៅ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ អំពី​ស្ថានភាព​សិទ្ធិមនុស្ស​បច្ចុប្បន្ន​នេះ នៅ​ខែ​កញ្ញា ឆ្នាំ២០១៩៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល