សំណើ​របស់​អ្នកស្រី រ៉ូណា ស្មីត សុំ​ជួប​សួរ​សុខ​ទុក្ខ​លោក កឹម សុខា ត្រូវ​បាន​បដិសេធ​ជា​លើក​ទី​បី

ដោយ មួង ណារ៉េត
2019-04-26
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ផ្ទះ និង​អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍​ពិសេស ​របស់​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា។
លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ផ្ទះ និង​អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍​ពិសេស ​របស់​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា។
រូប៖ ហ្វេសប៊ុក Kem Sokha និង United Nations Human Rights in Cambodia

អ្នករាយការណ៍​ពិសេស ​របស់​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា អ្នកស្រី រ៉ូណា ស្ម៊ីត (Rhona Smith) ប្រាប់​អាស៊ី​សេរី​តាម​សារ​អេឡិចត្រូនិក នៅ​ថ្ងៃ​ទី២៥ ខែ​មេសា​នេះ ថា​អ្នកស្រី​បាន​ស្នើសុំ​សួរ​សុខទុក្ខ​លោក កឹម សុខា ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​អ្នកស្រី​នៅ​ចុង​ខែ​នេះ​ដែរ ប៉ុន្តែ​សំណើ​នេះ​ ត្រូវ​បាន​បដិសេធ​ ដូច​លើក​មុនៗ ដែរ។

ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​អ្នកស្រី កាល​ពី​ខែ មីនា ឆ្នាំ ២០១៨ កាល​លោក កឹម សុខា នៅ​ជាប់​ឃុំឃាំង​នៅ​ពន្ធនាគារ​ត្រពាំងផ្លុង ចៅក្រម​ស៊ើបសួរ មិន​អនុញ្ញាត​ឲ្យ​អ្នកស្រី​ជួប​សួរ​សុខ​ទុក្ខ​លោក កឹម សុខា​ដែរ។ ក្រោយ​មក​ទៀត ក្នុង​ដំណើរ​ទស្សនកិច្ច​ កាល​ពី​ចុង​ខែ តុលា ឆ្នាំ ២០១៨ ដដែល គឺ​ក្រោយ​ពេល​លោក កឹម សុខា ត្រូវ​បាន​ផ្ទេរ​ពី​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ត្រពាំងផ្លុង មក​ជាប់​ឃុំ​ក្នុង​ផ្ទះ​ ក៏​អ្នកស្រី​មិន​អាច​ជួប​សួរ​សុខទុក្ខ​លោក​បាន​ដែរ ដោយសារ​សំណើ​របស់​អ្នកស្រី ត្រូវ​បាន​បដិសេធ​ទៀត។

ក្នុង​មួយ​ឆ្នាំ​អ្នក​រាយការណ៍​ពិសេស​រូប​នេះ ត្រូវ​បំពេញ​ទស្សនកិច្ច​ពីរ​លើក នៅ​ប្រទេស​កម្ពុជា ដើម្បី​តាមដាន​ស្ថានការណ៍​សិទ្ធិមនុស្ស។ អ្នកស្រី​ត្រូវ​រាយការណ៍​​អំពី​ស្ថានការណ៍​នេះ​មួយ​ឆ្នាំ​ម្តង រាល់​ខែ កញ្ញា នៅ​ចំពោះ​មុខ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស។

ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​អ្នកស្រី​ទាំង​ពីរ​លើក កាល​ពី​ឆ្នាំ២០១៨ នោះ អ្នកស្រី​បាន​ទាមទារ​ឲ្យ​របប​លោក ហ៊ុន សែន ទម្លាក់​រាល់​បទ​ចោទ​ប្រឆាំង​លោក កឹម សុខា និង ដោះលែង​ប្រធាន​គណបក្ស​ប្រឆាំង​រូប​នេះ។ ក្រោយ​ការ​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី​ក៏​បាន​ទាមទារ​ឲ្យ​របប​លោក ហ៊ុន សែន លើក​បម្រាម​ដែល​ហាម​ឃាត់​សិទ្ធិ​នយោបាយ​មន្ត្រី​ជាន់​ខ្ពស់​គណបក្សប្រឆាំង​ទាំង ១១៨រូប។

អ្នកស្រី រ៉ូណា ស្ម៊ីត រាយការណ៍​ប្រាប់​ប្រាប់​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស នៃ​អង្គការ​សហប្រជាជាតិ ក្នុង​កិច្ច​ប្រជុំ​ពេញ​អង្គ​លើក​ទី៣៩ នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស កាល​ពី​ខែ​កញ្ញា ឆ្នាំ២០១៨ ថា របប​លោក ហ៊ុន សែន គ្មាន​ប្រជាធិបតេយ្យ និង​ក្លាយ​ជា​របប​ឯក​បក្ស​ទៅ​ហើយ​ ព្រោះ​អ្វីៗ ស្ថិត​ក្រោម​ការ​ត្រួតត្រា ​របស់​គណបក្ស​កាន់​អំណាច​តែ​ម្នាក់​ឯង។ អ្នកស្រី​រិះគន់​ថា ការ​បោះ​ឆ្នោត​ឆ្នាំ ២០១៨ កន្លង​ទៅ​នេះ ជា​ការ​បោះ​ឆ្នោត​មួយ ​ងាក​ចាក​ឆ្ងាយ​ចេញ ​ពី​គន្លង​នៃ​ប្រជាធិបតេយ្យ។ អ្នកស្រី​ស្នើ​ឲ្យ​របប​នេះ ​ស្ដារ​ស្ថានភាព​អាក្រក់​បច្ចុប្បន្ន ឲ្យ​វិល​ត្រឡប់​ទៅ​រក​សភាព​ដើម​វិញ ដោយ​ស្ដារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើង​វិញ។

ស្រប​ពេល​ដែល​ស្ថានភាព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​តែ​អាក្រក់​នេះ អ្នកស្រី​នឹង​ទៅ​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈ​ពេល ១១ថ្ងៃ ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី២៩ ខែ​មេសា ដល់​ថ្ងៃ​ទី៩ ខែ​ឧសភា។

អ្នកស្រី​នឹង​ជួប​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​ជួរ​របប​លោក ហ៊ុន សែន តំណាង​អង្គការ​សង្គម​ស៊ីវិល និង មន្ត្រី​ទូត​បរទេស​ប្រចាំ​នៅ​កម្ពុជា​ផង។ អ្នកស្រី​ក៏​នឹង​ចុះ​ទៅ​ប្រមូល​ព័ត៌មាន​ ដោយ​ផ្ទាល់​ដល់​មូលដ្ឋាន សហគមន៍​ដែល​រងគ្រោះ ដោយ​សារ​ការ​រំលោភ​សិទ្ធិមនុស្ស​ផង​ដែរ។

មេធាវី​ការពារ​ក្តី​ឲ្យ​លោក កឹម សុខា មួយ​រូប​ គឺ​លោក ផែង ហេង ប្រាប់​អាស៊ី​សេរី​ថា មន្រ្តី​សិទ្ធិមនុស្ស​រូប​នេះ គួរតែ​​អាច​ចូល​ជួប​សួរ​សុខទុក្ខ​លោក កឹម សុខា បាន ព្រោះ​សូម្បីតែ​អ្នក​ទោស​នៅ​ពន្ធនាគារ ក៏​មន្ត្រី​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សង្គម​ស៊ីវិល​អាច​ចូល​ជួប​បាន​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល