លោកស្រី​ រ៉ូណា​ ស្មី​ត ថា អ្នកស្រី​គួរតែ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ជួប​លោក កឹម​ សុខា​

ដោយ សុ ជីវី
2019-04-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ផ្ទះ និង​អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍​ពិសេស ​របស់​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា។
លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ផ្ទះ និង​អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍​ពិសេស ​របស់​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា។
រូប៖ ហ្វេសប៊ុក Kem Sokha និង United Nations Human Rights in Cambodia

អ្នក​រាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​កម្ពុជា​អ្នកស្រី​ រ៉ូ​ណា​ ស្មី​ត (RhonaSmith) សម្ដែង​ការ​សោក​ស្ដាយ​ដែល​តុលាការ​របប​ក្រុងភ្នំពេញ​មិន​អនុញ្ញាត​ឱ្យ​ជួប​លោក​ កឹម​ សុខា​ តាម​ការ​ស្នើសុំ​ម្ដង​ហើយ​ម្ដង​ទៀត​។អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​ថា​ តុលាការ​ មាន​សិទ្ធិ​មិន​ឱ្យ​ជួប​ព្រោះ​ករណី​លោក​ កឹម​ សុខា​កំពុង​ស្ថិត​ក្នុង​ដំណើរ​ការ​ស៊ើបសួរ​។មេធាវី​លោក​ កឹម​ សុខា​ និង​អ្នកវិភាគ​យល់ថា​ អ្នកស្រី​ រ៉ូ​ណា​ ស្មី​ត គឺជា​បុគ្គល​ឯករាជ្យ​ដូច្នេះ​គួរតែ​អនុញ្ញាត​ឱ្យ​ជួប​លោក កឹម​ សុខា​ ហើយ​វា​មិន​មិន​ប៉ះពាល់​ដល់​ដំណើរ​ការ​ស៊ើបសួរ​នោះ​ទេ​។

អ្នក​រាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​កម្ពុជា​អ្នកស្រី​ រ៉ូ​ណា​ ស្មីត ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ក្រោយពី​ជំនួប​ជាមួយ​ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​លោក​ កែវ​ រ៉េ​មី​ នៅ​ថ្ងៃទី៣០មេសា​ថា​ អ្នកស្រី​មិនបាន​លើកឡើង​ពី​បញ្ហា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBA) និង​បញ្ហា​លោក កឹម​ សុខា​ នៅ​ក្នុង​ជំនួប​នោះ​ទេ​។ទោះ​យ៉ាងណា​ក្តី​ អ្នកស្រី​សម្ដែង​ការ​ខកចិត្ត​បន្ទាប់ពី​តុលាការ​បាន​បដិសេធ​ជា​លើក​ទី៣មិន​ឱ្យ​ជួប​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក​ កឹម​ សុខា​ ដែល​កំពុង​ជាប់ឃុំ​ក្នុង​ផ្ទះ។ អ្នកស្រី​ បន្ថែម​ថា​ អ្នកស្រី​គួរតែ​ត្រូវ​បាន​ អនុញ្ញាត​ឱ្យ​ជួប​គ្រប់​ភាគី​ទាំងអស់​រួម​ទាំង​លោក​ កឹម​ សុខា​ផង​ដែរ​ ព្រោះ​អ្នកស្រី​គឺ​ជា​មន្ត្រី​ជំនាញ​ឯករាជ្យ​ដែល​តែងតាំង​ដោយ​អង្គការ សហប្រជាជាតិ៖ «ថ្ងៃនេះ​ខ្ញុំ​បាន​ស្នើសុំ​ទៅ​ចៅក្រម​ស៊ើបអង្កេត​ម្ដងទៀត​ដើម្បី​ជួប​ លោក​ កឹម​ សុខា​ហើយ​ការ​ស្នើសុំ​នោះ​ត្រូវ​បាន​គេ​បដិសេធ​ម្ដង​ទៀត។ ខ្ញុំ​យល់​ថា​ វា​ជា​រឿង​អកុសល​ណាស់​ព្រោះ​ក្នុង​នាម​ជា​អ្នក​ជំនាញ​ឯករាជ្យ​ ដែល​ត្រូវ​បាន​តែងតាំង​ដោយក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​ខ្ញុំ​គួរតែ​មាន​សិទ្ធិ​ចូល​គ្រប់កន្លែង​ឃុំឃាំង​និង​ជួប​គ្រប់​អ្នក​ជាប់​ឃុំ​ឃាំង​ទាំងអស់​ហើយ​លោក​ កឹម​ សុខា​កំពុង​ស្ថិតនៅ​ក្នុង​ការ​ឃុំឃាំង​នៅ​ឡើយ​ បើ​ទោះ​ជា​លោក​មិន​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​ដោយ​ផ្ទាល់​ក៏ដោយ​ ក៏​សេរីភាព​របស់​លោក​ត្រូវ​បាន​ដាក់​កំហិត​។ដូច្នេះ​ជា​រួម​ ខ្ញុំ​គិត​ថា ខ្ញុំ​ត្រូវ​មាន​សិទ្ធិ​ជួប​និង​ពិភាក្សា​ជាមួយ​លោក​ កឹម សុខា​ ជា​សម្ងាត់។ ចំណុច​នេះ​ គឺ​ដូច​គ្នា​នឹង​អ្វី​ដែល​ខ្ញុំ​ធ្លាប់​បាន​លើក​ឡើង​នៅ​ក្នុង​បេសកកម្ម​មុនៗ ២លើក ដែល​សំណើសុំ​ទាំងនោះ​ត្រូវ​បាន​បដិសេធ»

ក្នុង​ជំនួប​ជាមួយ​លោក កែវ រ៉េមី នោះ​ លោកស្រី រ៉ូណា ស្មីត ក៏​ជំរុញ​រដ្ឋាភិបាល​ព្យាយាម​ដោះស្រាយ​បញ្ហា​សិទ្ធិមនុស្ស​ឱ្យ​បាន​ល្អ​ប្រសើរ​ដោះស្រាយ​បញ្ហា​ចង្អៀត​ណែន​នៅ​ក្នុង​ពន្ធនាគារ​ព្រមទាំង​បើក​ ទូលាយ​សេរីភាព​ដល់​អង្គការ​សង្គម​ស៊ីវិល​ ក៏​ដូច​ជា​ការ​តាមដាន​បន្ត​លើ​ការ​ពិភាក្សា​កន្លង​មក​អំពី​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចិរភាព​ជាដើម​។

អ្នកនាំ​ពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​លោក​ ជិន​ ម៉ា​លីន​ ឆ្លើយ​តប​ថា ​ស្ថានភាព​សិទ្ធិមនុស្ស​ទូទៅ​ និង​អនុសាសន៍​របស់​អ្នក​ស្រី រ៉ូណា ស្មីត ដែល​បាន​ដាក់​ឱ្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​អនុវត្ត​កន្លង​មក​ គឺ​មាន​វឌ្ឍនភាព​ល្អ​ប្រសើរ​ច្រើន។ ដោយ​ឡែក​ចំពោះ​ករណី​លោក​ កឹម សុខា វិញ លោក​លើកឡើង​ថា​ ចៅក្រម​ស៊ើបសួរ​ ក៏​មាន​សិទ្ធិ​សម្រេច​មិន​ឱ្យ​ជួប​ លោក កឹម​ សុខា ​ដែរ​ ព្រោះ​ សំណុំ​រឿង​នេះ​កំពុង​ស្ថិត​នៅ​ក្នុង​នីតិ​ស៊ើប​អង្កេត​នៅ​ឡើយ៖ «ចៅក្រម​ស៊ើបសួរ​បានសម្រេច​រួចហើយ​ថា​មិន​អនុញ្ញាត​ទេ​ ហើយ​ផ្អែក​ទៅលើ​នីតិវិធី​ច្បាប់​គឺ​ចៅក្រម​ស៊ើបសួរ​គាត់​មាន​ឆន្ទានុសិទ្ធិ​ឱ្យ​ជួប ឬ​មិន​ជួប​ ដោយសារ​ករណី​ លោក​ កឹម សុខា គឺ​ស្ថិតនៅ​ក្នុង​ដំណើរការ​នៃ​ការ​ស៊ើបសួរ»

ប៉ុន្តែ​មេធាវី​ការពារ​ក្តី ១រូប​ក្នុង​ចំណោម ៤រូប​របស់​លោក​ កឹម​ សុខា​គឺ​លោកស្រី​ ម៉េ​ង សុភារី​លើកឡើង​ថា​ ទោះបីជា​តុលាការ​អនុញ្ញាត​ឱ្យ​អ្នក​ស្រី រ៉ូណា ស្មី​ត ជួប​ជាមួយ​ លោ​ក កឹម​ សុខា​ ក៏​មិន​ប៉ះពាល់​ដល់​ដំណើរ​ការស៊ើបអង្កេត​ដែរ​ព្រោះ​អ្នក​ស្រី រ៉ូណា​ ស្មីត គឺ​ជា​បុគ្គល​ឯករាជ្យ ​ដែល​មិន​ពាក់ព័ន្ធ​ក្នុង​សំណុំ​រឿង​លោក កឹម សុខា ឡើយ៖ «អ៊ីចឹង​បើ​ទោះបីជា​គាត់​ជួប​ក៏​មិន​ប៉ះពាល់​នីតិវិធី​អ្វី​ដែរ។ ម្យ៉ាងទៀត​ទោះបីជា​ជន​ជាប់​ចោទ ឬ​ក៏​ជនជាប់ចោទ​នៅ​ក្នុង​ពន្ធនាគារ​ក៏​ដោយ​ ក៏​គាត់​មាន​សិទ្ធិ​ជួប​អង្គការ​សង្គម​ស៊ីវិល​នានា​ដែរ​កុំ​ថា ឡើយ​រហូតដល់​ការរស់នៅ​ក្នុង​ផ្ទះ​បែបនេះ​នោះ។ អ៊ីចឹង​ក្នុងនាម​គាត់​ជា​អ្នក​សិទ្ធិមនុស្ស គឺ​គាត់​គួរតែ​ត្រូវ​បាន​ចូល​ ដើម្បី​តាម​ដាន​ត្រួត​ពិនិត្យ​មើល ឬ​មួយ​ក៏​មាន​ការ​សន្ទនា​គ្នា​ជាមួយ​ឯកឧត្ដម កឹម សុខា។ នេះ​គឺជា​រឿង​មួយ​ដែល​អត់​មាន​អី​ដែល​ថា គួរ​តែ​ត្រូវ​ហាម​ឃាត់​នោះ​ទេ»

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក​ កឹម សុខា ​ត្រូវ​បាន​សមត្ថកិច្ច​សម្រុក​ចូល​ទៅ​ចាប់​ខ្លួន​ដល់​ក្នុង​ផ្ទះ​របស់​លោក​កាលពី​ពាក់កណ្ដាល​អធ្រាត្រ​ថ្ងៃ​ទី២ ឈាន​ចូល​ថ្ងៃ​ទី៣ ខែ​កញ្ញា ​ឆ្នាំ២០១៧។ លោក​ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពី​បទ​សន្និដ្ឋិភាព​ជា​មួយ​បរទេស​ ឬ​លួច​សហការ​ជាមួយ​បរទេស​ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​កម្ពុជា​និង​បាន​ដាក់ឃុំឃាំង​ក្នុង​ពន្ធនាគារ​ត្រពាំងផ្លុង​ខេត្ត​ត្បូងឃ្មុំ​ជិត​ព្រំដែន​វៀតណាម​បាន​មួយ​ឆ្នាំ។ ចៅក្រម​ស៊ើបសួរ​ទើបតែ​សម្រេច​ឱ្យ​លោក​រស់នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន​ក្រោម​ហេតុផល​ថា ​គិតគូរ​ពី​សុខភាព​របស់​លោក។ ប៉ុន្តែ​ចៅក្រម​ស៊ើបសួរ​បាន​ដាក់​បម្រាម​យ៉ាង​តឹងរ៉ឹង​ដោយ​មិន​អនុញ្ញាត​ឱ្យ​លោក​ទៅ​ណា​ឆ្ងាយ​ពី​ផ្ទះ​ឡើយ ហើយ​មិន​ឱ្យ​ជួប​ជន​បរទេស ​ដែល​ពាក់ព័ន្ធ​នឹង​សំណុំរឿង ​រួម​ទាំង​អតីត​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​ផង​ដែរ។

សមាជិក​អ្នក​វិភាគ​វ័យក្មេង​លោក បុង ដែត យល់​ថា មូលហេតុ​ដែល​តុលាការ​របប​ក្រុង​ភ្នំពេញ​មិន​ អនុញ្ញាត​ឱ្យ​អ្នក​ស្រី រ៉ូណា ស្មីត ជាមួយ​ជាមួយ​លោក កឹម សុខា ព្រោះ​ចង់​បំបិទ​មាត់​លោក កឹម សុខា មិន​រៀបរាប់​ប្រាប់​អ្នក​ស្រី រ៉ូណា ស្មីត អំពី​ការ​រំលោភ​សិទ្ធិ​ និង​ការ​ធ្វើទុក្ខ​បុក​ម្នេញ​ផ្សេងៗ លើ​រូប​លោក។ លោក​ យល់ថា​ ការ​មិន​អនុញ្ញាត​នេះ គឺ​កាន់​តែ​មាន​រូបភាព​អាក្រក់ ហើយ​មិន​ចំណេញ​ដល់​កម្ពុជា​ឡើយ៖ «ការ​ចាប់ខ្លួន​លោ​ក កឹម​ សុខា​ គឺ​ជា​ការ​ខុសច្បាប់។ ដូច្នេះ​លោក​ កឹម​ សុខា​ អាច​និយាយ​ប្រាប់​ពី​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ទាក់ទិន​នឹង​ការ​ចាប់​ឃុំខ្លួន​ ហើយ​ការ​ឃុំ​ខ្លួន​ក្នុង​ផ្ទះ​នេះ​ គឺ​មាន​លក្ខណៈ​មិន​ឱ្យ​គាត់​បញ្ចេញ​មតិ​មិន​ឱ្យ​គាត់​ធ្វើ​អីចឹង ​ក៏​ជា​បញ្ហា​ដែរ​ ព្រោះ​ធ្វើ​ឱ្យ​លោក​ស្រី រ៉ូណា ស្មីត ដឹង​ហើយ​គាត់​អាច​ធ្វើ​របាយការណ៍​ធ្វើ​អី​ផ្សេងៗ ទាក់ទង​នឹង​ការ​ឃុំ​ខ្លួន​លោក កឹម សុខា»

អ្នក​ស្រី រ៉ូណា ស្មីត កំពុង​ធ្វើដំណើរ​ទស្សនកិច្ច​លើក​ទី៧ នៅ​កម្ពុជា​ ដើម្បី​តាម​ដាន និង​ឃ្លាំ​មើល​បញ្ហា​សិទ្ធិមនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ដំណើរ​ទស្សនកិច្ច​នេះ​មាន​រយៈ​ពេល ១១ថ្ងៃ ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី២៩ ខែ​មេសា ដល់​ថ្ងៃ​ទី៩ ខែ​ឧសភា។

ក្នុងរយៈពេល​ជិត​ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ​របប​លោក​ ហ៊ុន​ សែន​ រង​ការ​រិះគន់​និង​ថ្កោលទោស​ជុំ​ទិស​ថា បាន​រំលោភ​សិទ្ធិ​មនុស្ស​ និង​បំផ្លាញ​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ​ ដោយសារ​តែ​ការ​ចាប់​ប្រធាន​គណបក្ស​ប្រឆាំង​ដាក់​ឃុំឃាំង​បណ្ដេញ​អង្គការ​សង្គម​ស៊ីវិល​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​រម្លាយ​គណបក្ស​ប្រឆាំង និង​រៀបចំ​ការ​បោះ​ឆ្នោត​ដោយ​ផាត់​ចោល​គណបក្ស​ប្រឆាំង​ជា​ដើម​។

ក្រុម​អង្គការ​សិទ្ធិមនុស្ស​សហគមន៍​អន្តរជាតិ​និង​ប្រទេស​ប្រជាធិបតេយ្យ​ធំៗ បាន​ទាមទារ​ឱ្យ​ទម្លាក់​បទ​ចោទ និង​ផ្ដល់​សេរីភាព​ឱ្យ​បាន​ពេញលេញ​ជូន​លោក កឹម សុខា ដោយ​ចាត់​ទុក​ថា សំណុំ​រឿង​នេះ​ជា​សំណុំរឿង​នយោបាយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល