អង្គការ​អន្តរជាតិ​រក​ឃើញ​ថា សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​នៅ​តែ​បន្ត​ធ្លាក់​ចុះ

ដោយ សេក បណ្ឌិត
2019-04-18
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សន្ទស្សន៍​សេរីភាព​សារ​ព័ត៌មាន​ពិភព​លោក ឆ្នាំ២០១៩ ដែល​​អង្គការ​អ្នក​រាយការណ៍​គ្មាន​ព្រំដែន (Reporters Without Border) ​បង្ហាញ​ពិន្ទុ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​ធ្លាក់​ចុះ។
សន្ទស្សន៍​សេរីភាព​សារ​ព័ត៌មាន​ពិភព​លោក ឆ្នាំ២០១៩ ដែល​​អង្គការ​អ្នក​រាយការណ៍​គ្មាន​ព្រំដែន (Reporters Without Border) ​បង្ហាញ​ពិន្ទុ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​ធ្លាក់​ចុះ។
រូប៖ គេហទំព័រ​អង្គការ​អ្នក​រាយការណ៍​គ្មាន​ព្រំដែន (Reporters Without Border)

អង្គការ​អ្នក​រាយការណ៍​គ្មាន​ព្រំដែន (Reporters Without Border) នៅថ្ងៃព្រហស្បតិ៍​ ទី១៨ មេសា នេះ​ បានចេញផ្សាយ​​លទ្ធផល​សន្ទស្សន៍​សេរីភាព​សារព័ត៌មាន​ពិភពលោក​ ដោយ​បង្ហាញ​ថា សេរីភាព​សារព័ត៌មាននៅ​កម្ពុជា​នៅ​តែ​បន្ត​ធ្លាក់​ចុះ។​ ​អ្នក​ជំនាញ​ផ្នែក​ប្រព័ន្ធផ្សព្វផ្សាយ​មើលឃើញថា សន្ទស្សន៍​នេះ​ឆ្លុះ​បញ្ចាំង​ការ​ពិតអំពី​សេរីភាពសារព័ត៌មាន​នៅកម្ពុជា។

កម្ពុជា​បាន​រអិល​ធ្លាក់​ចំណាត់​ថ្នាក់​មួយ​លេខ​ទៀត គឺ​ពី​លេខ ១៤២ ទៅ​លេខ១៤៣ ក្នុង​សន្ទស្សន៍​សេរីភាព​សារព័ត៌មាន​ពិភព​លោក​ឆ្នាំ២០១៩ របស់​អង្គការ​អ្នក​រាយការណ៍​គ្មាន​ព្រំដែន​ (Reporters Without Border)។ ចំណាត់​ថ្នាក់​នេះ​មានន័យ​ថា កម្ពុជា​នៅ​តែ​ស្ថិត​ក្នុង​ចំណោមប្រទេស​ដែល​មាន​ស្ថានភាព​លំបាក​ផ្នែក​សេរីភាព​សារព័ត៌មាន។

អង្គការ​អ្នក​រាយការណ៍​គ្មាន​ព្រំដែន​ (Reporters Without Border) អះអាង​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បើក​យុទ្ធនាការ​កម្ចាត់​ប្រព័ន្ធផ្សព្វផ្សាយនៅមុន​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ២០១៨​ ធ្វើឱ្យ​​ស្ថានីយ៍​វិទ្យុ​ប្រមាណ៣០ និង​កាសែត​ភាសា​អង់គ្លេស ខេមបូឌា ដេលី (Cambodia Daily) ត្រូវ​បិទ​ទ្វារ។ ចំណែក​សារព័ត៌មាន​ឯករាជ្យ​ចុងក្រោយ​គេ គឺ​កាសែត ភ្នំពេញ​ប៉ុស្តិ៍ វិញ ត្រូវ​បាន​អ្នក​ជំនួញ​ម៉ាឡេស៊ី ដែល​ជិត​ស្និទ្ធ​នឹងរបប​ក្រុង​ភ្នំពេញ​ទិញ​យក​ នៅ​ខែ​កក្កដា ឆ្នាំ២០១៨ ហើយ​ម្ចាស់​ថ្មី​បាន​​ដាក់​ចេញ​នូវ​គោល​ការណ៍​តែង​និពន្ធ​បែប​គាំទ្ររបប​ក្រុង​ភ្នំពេញ ដែល​ធ្វើ​ឱ្យអ្នក​កាសែត​ជា​ច្រើនរូប​នៃ​ស្ថាប័ន​នេះ ​សម្រេ​ច​ចិត្ត​លា​ឈប់លើស​ពី​នេះ​ទៅ​ទៀត អ្នក​សារព័ត៌មាន​រូប​ណា​ ដែល​ធ្វើ​រឿង​ស៊ើប​អង្កេត​ ហើយ​ដែល​របប​ក្រុង​ភ្នំពេញ​មិន​ពេញ​ចិត្ត​នោះ ពួក​គេ​ត្រូវ​បាន​ចាប់​ដាក់​ពន្ធនាគារ តួ​យ៉ាង​ ដូច​ជា​ លោក រ៉ាត់ រត្នមុនី ដែល​ជា​អ្នក​បកប្រែ​ឱ្យ​សារព័ត៌មាន​ RT (Russia Today) របស់​រុស្ស៊ី ជាដើម។

អង្គការ​អ្នក​រាយការណ៍​គ្មាន​ព្រំដែន​អះអាង​ថា ជា​លទ្ធផល​នៃ​ការ​បោស​សម្អាត​សារ​ព័ត៌មាន​ឯករាជ្យ​នេះ ពលរដ្ឋ​ខ្មែរ​សព្វថ្ងៃ​អាច​ទទួល​បាន​ព័ត៌មាន​ដែល​ផ្តល់​ឱ្យ​តែ​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ធំៗ មួយ​ចំនួន​ ដែល​ស្ថិត​ក្រោម​ការ​បង្គាប់​បញ្ជា​របស់​លោក ហ៊ុន សែន ប៉ុណ្ណោះ។ ប្រព័ន្ធ​ផ្សព្វផ្សាយទាំង​នោះ​មាន​ជា​អាទិ៍​ សារព័ត៌មាន​ ហ្វេ្រស ញូស៍ (Fresh News) ដែល​ជួយ​ផ្សាយ​រឿង​ប្រជាភិថុតិ​ឱ្យ​របប​លោក ហ៊ុន សែន ជា​ដើម

អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​លោក សុខ ឥសាន ច្រាន​ចោល​ការ​លើក​ឡើង​របស់​អង្គការ​អ្នក​រាយការណ៍​គ្មាន​ព្រំដែន​នេះ។ លោក​ថា សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា មាន​ភាព​ទូលំទូលាយ ដោយ​សារ​មាន​សារព័ត៌មាន​រាប់​រយ​ស្ថាប័ន កំពុង​ដំណើរ​ការ ហើយ​ម្យ៉ាងវិញ​ទៀត រដ្ឋាភិបាល​កម្ពុជា​មិនត្រួតពិនិត្យ​ខ្លឹមសារ​ព័ត៌មាន​ នៅ​មុន​ការ​ចេញ​ផ្សាយ​នោះឡើយ​។ លោក​បន្ថែម​ទៀត​ថា រាល់​ចំណាត់​ការ​ទាំង​ឡាយ​ទៅលើ​ស្ថាប័ន​ព័ត៌មាន និង​អ្នក​សារព័ត៌មាន​ កាល​ពី​ពេល​កន្លងទៅ សុទ្ធ​សឹង​តែ​ជា​ការ​អនុវត្ត​ច្បាប់៖«ទាំង​កាសែត វិទ្យុ និង​ទូរទស្សន៍ គឺផ្សាយ​ចេញ​ដោយ​សិទ្ធិ​សេរីភាព​មួយ​សេរី។ ពាក្យ​ថាមួយសេរីហ្នឹងគឺថាផ្សាយ​តាម​ចិត្ត ដោយ​គ្មាន​ការ​ត្រួតពិនិត្យ​ខ្លឹម​សារ​ទេ។ ការ​អត់​ត្រួតពិនិត្យ​ខ្លឹមសារជាមុន​នេះហើយ វា​សបញ្ជាក់​ឱ្យ​ឃើញថា សិទ្ធិសេរីភាពនៃ​ការ​ផ្សាយរបស់​យើង​ រួម​ទាំង​អាស៊ីសេរីផង គឺ​ថា​វា​ទូលំទូលាយ​ណាស់ ហើយ​រាជរដ្ឋាភិបាល​មិន​ដែល​មាន​ការតិះទៀន ឬមួយ​ក៏​ការ​វាយ​ប្រហារ ការ​គំរាម​កំហែង​ណាមួយ​ទៅលើប្រព័ន្ធផ្សព្វផ្សាយ​ទេ»

ផ្ទុយ​ពីនេះ នាយក​ផ្នែក​ប្រព័ន្ធផ្សព្វផ្សាយ​នៃ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) លោក ណុប វី ថ្លែង​ថា ស្ថានភាព​សេរីភាព​សារ​ព័ត៌មាននៅ​កម្ពុជា មិន​ទាន់​វិវឌ្ឍ​ទៅ​រក​ភាព​ប្រសើរ​ឡើង​នៅ​ឡើយ​ទេ គិត​ត្រឹម​ខែ​មេសា ឆ្នាំ២០១៩ នេះ។ លោក​ថា ចំនួន​សា្ថប័ន​ព័ត៌មាន​ច្រើន​មិន​មែន​បង្ហាញ​ថា កម្ពុជា​មាន​សេរីភាពសារព័ត៌មាន​ពេញ​លេញ​នោះទេ ព្រោះ​ស្ថាប័នទាំង​នោះ​មិន​ទាន់​អាច​ផលិតព័ត៌មាន​ដែល​មាន​គុណភាព​ និង​ឯករាជ្យ​ដាច់​ចេញ​ពី​រដ្ឋាភិបាល​នៅ​ឡើយ​ទេ។

លោកបន្ត​ថា ការ​មិន​ត្រួត​ពិនិត្យ​មុន​ពេល​ផ្សាយ ក៏​​មិនមែន​ជា​កត្តា​កំណត់​ថា កម្ពុជា​មាន​សេរីភាព​សារ​ព័ត៌មាន​ទូលំទូលាយ​នោះដែរ។ អ្នក​ជំនាញ​រូប​នេះ​បកស្រាយ​ថា រដ្ឋាភិបាល​មិន​បាន​ដាក់​ការ​ត្រួត​ពិនិត្យ​មែន ក៏​ប៉ុន្តែ​ការ​ធ្វើ​ទុក​បុក​ម្នេញ ការ​រើសអើង និង​ការ​គំរាម​កំហែង​ជា​ហូរហែ​មក​នោះ បាន​ធ្វើ​ឱ្យ​ស្ថាប័ន​ព័ត៌មាន​ និង​អ្នក​សារ​ព័ត៌មាន​ភាគ​ច្រើន រឹតត្បិត​ការ​តែង​និពន្ធ​របស់​ខ្លួន​រួច​ជា​ស្រេច​ទៅ​ហើយ«ដោយ​សារភាព​ភ័យ​ខ្លាច គឺ​ពួក​គេ​បាន​កំណត់ ឬ​មួយរឹតត្បិត​ដោយ​ខ្លួន​ពួក​គេ ចំពោះ​ប្រធាន​បទ​រឿង​មួយ​ចំនួន​ ដែល​ត្រូវ​សរសេរ​ហ្នឹង។ បើ​រឿង​ហ្នឹង​វា​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​នឹង​មន្ត្រីធំៗ ឬ​អ្នក​មាន​អំណាច មានន័យថា ពួក​គេ​នឹង​មិន​សូវ​មាន​សុវត្ថិភាព​ទេ។ នេះ​ហើយ​គឺ​ជា​ចំណុច​សំខាន់​នៃ​ការរឹតត្បិត​ទៅ​ដល់​សេរីភាព​របស់​អ្នក​សារព័ត៌មាន​ ដោយ​សារ​តែ​យើង​មិន​មាន​យន្តការ​គ្រប់​គ្រាន់​ ដើម្បីផ្តល់​កិច្ច​គាំពារ​ដល់​អ្នក​សារព័ត៌មាន​ដែល​វិជ្ជាជីវៈ ដែល​ឯករាជ្យ​ ដើម្បី​ឱ្យ​ពួក​គេ​អាច​បំពេញ​កិច្ច​ការងារ​របស់​ពួក​គេ​បាន​ដោយ​ត្រឹម​ត្រូវ​ហ្នឹងឯង»

​កាល​ពី​ឆ្នាំ២០១៨ កន្លង​ទៅ កម្ពុជា​បាន​ធ្លាក់​ចំណាត់​ថ្នាក់​យ៉ាង​គំហុក​ គឺ​ពី​លេខ១៣២ នៃ​សន្ទស្សន៍​ឆ្នាំ២០១៧ ទៅ​លេខ១៤២ នៃ​សន្ទស្សន៍​សេរីភាព​សារព័ត៌មាន​ពិភព​លោក​ឆ្នាំ២០១៨ របស់​អង្គការ​អ្នក​រាយការណ៍​គ្មាន​ព្រំដែន ដែល​បាន​​វាយ​តម្លៃ​​ប្រទេស​ចំនួន​១៨០ នៅ​លើពិភព​លោក។

អ្នក​ឃ្លាំ​មើល​ជាតិ និង​អន្តរជាតិ​ យល់​ឃើញ​ស្រប​គ្នា​ថា ការ​ដាំ​ក្បាល​ចុះនៃ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា បាន​ផ្តើម​ឡើង​នៅ​​ចុង​ឆ្នាំ២០១៧ កន្លង​ទៅ​ ពោល​គឺ​នៅ​ក្រោយ​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ដែល​គណបក្ស​ សង្គ្រោះ​ជាតិទទួល​បាន​សំឡេង​គាំទ្រ​ពីពលរដ្ឋ​ចំនួន៤៦ភាគ​រយ។ លទ្ធផល​បោះឆ្នោត​ដ៏​ប្រកៀក​ប្រកិត​គ្នា​​បែប​នេះ គឺ​ជា​ការ​គំរាម​កំហែង​ដល់​អំណាច​របស់​លោក ហ៊ុន សែន ដែល​បាន​គ្រប់​គ្រង​ប្រទេស​កម្ពុជា​ ជាង ៣០ឆ្នាំ​មក​ហើយ ហេតុ​ដូច្នេះ ទើប​លោក​បាន​ប្រើ​ប្រាស់​មធ្យោបាយ​គ្រប់​បែប​យ៉ាង ដូច​ជា ការ​ប្រើ​អំពើ​ហិង្សា ការ​បំភិត​បំភ័យ និង​ការ​បិទ​ស្ថាប័ន​ព័ត៌មាន​ ក្នុង​គោល​ដៅ​បំបិទ​សំឡេង​រិះគន់ ដើម្បី​ធានា​ថា លោក​នឹង​ឈ្នះ​ឆ្នោត កាន់កាប់​អំណាច​ផ្តាច់​មុខ​តែ​ម្នាក់​ឯង​បន្ត​ទៅ​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល