សង្គម​ស៊ីវិល​ប្រតិកម្ម​ចំពោះ​ការ​លុប​ថ្ងៃ​ ២៣​តុលា និង​ ១០ ធ្នូ ចេញ​ពី​ប្រតិទិន​ឈប់​សម្រាក

ដោយ សេក បណ្ឌិត
2019-08-07
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះ​ជួប​កម្មករ​នៅ​ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០១៨។
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះ​ជួប​កម្មករ​នៅ​ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០១៨។
Photo courtesy of SPM Facebook's page

សង្គម​ស៊ីវិល​និង​ប្រជាពលរដ្ឋ​ប្រតិកម្ម​ចំពោះ​របប​ក្រុងភ្នំពេញ​ដែល​បាន​លុប​ថ្ងៃ​ ២៣ តុលា ជា​ថ្ងៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស និង​ថ្ងៃ​ ១០​ធ្នូ ជា​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ចេញ​ពី​ប្រតិទិន​ឈប់ សម្រាក​ការងារ​នៅ​ឆ្នាំ​២០២០។ ពួកគេ​យល់​ថា លោក ហ៊ុន សែន កំពុង​បង្ហាញ​កាន់តែ​ច្បាស់​ក្នុង​ការ​ផ្លាស់ប្ដូរ​កម្ពុជា​ទៅជា​របប​ផ្ដាច់ការ។

សង្គម​ស៊ីវិល​និង​ប្រជាពលរដ្ឋ សម្ដែង​ការ​សោកស្ដាយ​ដែល​របប​លោក ហ៊ុន សែន សម្រេច​លុបចោល​ថ្ងៃ​ឈប់សម្រាក​ប្រចាំ​ឆ្នាំ​មួយ​ចំនួន​ក្នុង​នោះ​មាន​ទាំង​ថ្ងៃ​ ២៣ តុលា នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ និង​ថ្ងៃ ​១០​ធ្នូ ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត លើកឡើង​ថា ថ្ងៃទី​២៣ តុលា និង​ថ្ងៃ​ ១០ ធ្នូ គឺជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​ដ៏​ធំ និង​មាន​សារៈសំខាន់​ខ្លាំង​សម្រាប់​កម្ពុជា​ដែល​ខ្មែរ​គ្រប់​ភាគី ព្រម​បញ្ចប់​សង្គ្រាមស៊ីវិល​ដ៏​រ៉ាំរ៉ៃ​នៅ​កម្ពុជា ហើយ​នាំគ្នា​ស្តារ​ប្រទេស​ឡើងវិញ ដោយសារ​តែ​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស។ លោក​បន្ត​ថា កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​២៣ តុលា នេះ ក៏​ធ្វើ​ឱ្យ​កម្ពុជា​មានលទ្ធភាព​កសាង​នូវ​របប​ប្រជាធិបតេយ្យ​មួយ​ថ្មី​តាមរយៈ​ការបោះឆ្នោត មាន​រដ្ឋធម្មនុញ្ញ និង​បញ្ចប់​វត្តមាន​កងទ័ព​វៀតណាម​លើទឹក​ដី​កម្ពុជា មាន ឯករាជ្យ អធិបតេយ្យ និង​បូរណភាព​ទឹកដី​ពិតប្រាកដ​ហើយ ហើយក៏​តម្រូវ​ឱ្យ​កម្ពុជា​ប្ដេជ្ញា​ការពារ និង​លើកកម្ពស់​សិទ្ធិមនុស្ស​ជា​មូលដ្ឋាន​ផង​ដែរ។ លោក​ស្នើសុំ​ឱ្យ​ថា រដ្ឋាភិបាល​ពិចារណា​ដាក់​ថ្ងៃ​២៣​តុលា និង​១០ ធ្នូ ជា​ថ្ងៃ​ឈប់សម្រាក​ប្រចាំ​ឆ្នាំ​ឡើងវិញ ដើម្បី​រម្លឹក​និង​ចងចាំ​អំពី​ថ្ងៃ​ប្រវត្តិសាស្ត្រ​ដ៏​សំខាន់​នេះ៖ «ខ្ញុំ​គិត​ថា​ថ្ងៃ​ទាំងពីរ​នេះ សំខាន់​ណាស់​គួរតែ​ពិនិត្យ​ពិចារណា​ព្រោះ​ជៀសវាង​ការ​រិះគន់​បន្ថែម​ទៀត ទាក់ទង​នឹង​ការ​គោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ។ យើង​ក្លាយ​ជា​ប្រទេស​ដែល​កាន់​លទ្ធិ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស និង​ព្រះរាជាណាចក្រ​ទី​២ ដោយសារ​បាន​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​២៣ តុលា នេះ​ហើយ។ យើង​បាន​ផ្តល់​សច្ចាប័ន​លើ​កតិកា​សញ្ញា អនុសញ្ញា​អន្តរជាតិ​ជាច្រើន​ស្ដីពី​សិទ្ធិមនុស្ស ក៏​ដោយសារ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​នេះ​ដែរ។ ថ្ងៃ​១០ ធ្នូ នេះ​មាន​សារសំខាន់​នេះ​សម្រាប់​ផ្នែក​សិទ្ធិមនុស្ស»

អនុក្រឹត្យ​ស្ដី​ស្ដីពី​ប្រតិទិន​ឈប់​សម្រាក​ការងារ​របស់​មន្ត្រី​រាជការ​និយោជិក កម្មករ​​ប្រចាំ​ឆ្នាំ​២០២០ ដែល​អាស៊ីសេរី​ទទួល​បាន​នៅ​ថ្ងៃ​ទី​៦ ខែ​សីហា បង្ហាញ​ថា របប​ក្រុង​ភ្នំពេញ​សម្រេច​កាត់បន្ថយ​ចំនួន​៦​ថ្ងៃ គឺ​ពី ២៨​ថ្ងៃ មក​នៅ​ត្រឹម ២២​ថ្ងៃ​វិញ។ ការលុបចោល​ថ្ងៃ​ឈប់សម្រាក​ទាំងនោះ​មាន​ដូចជា ថ្ងៃបុណ្យ​មាឃបូជា ទិវា​កុមារ​អន្តរជាតិ ទិវា​ជាតិ​នៃ​ការ​ចងចាំ ទិវា​រំលឹក​ខួប​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ២៣ តុលា និង​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​១០ ធ្នូ ជាដើម។

មិន​ខុសគ្នា​ប៉ុន្មាន​ឡើយ អ្នកនាំពាក្យ​សមាគម​អាដហុក (Adhoc) លោក ស៊ឹង សែនករុណា ចាត់ទុក​ថ្ងៃ​២៣ តុលា នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស និង​ថ្ងៃ​ទី១០ ធ្នូ ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​គឺជា​ថ្ងៃ​សំខាន់​បំផុត​ដែល​រដ្ឋាភិបាល​គួរតែ​ដាក់​ក្នុង​ប្រតិទិន​ឈប់សម្រាក​ប្រចាំ​ឆ្នាំ​ឡើងវិញ។ លោក បន្ត​ថា នៅ​ពេល​រដ្ឋាភិបាល​លុបចេញ គឺ​បង្ហាញ​ថា រដ្ឋាភិបាល​មិន​ឱ្យ​តម្លៃ​លើ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស និង​ការ​គោរព​សិទ្ធិមនុស្ស​នោះ​ទេ៖ «ថ្ងៃ​២៣ តុលា​នេះ ជា​សារ​មួយ​សំខាន់​ណាស់​ព្រោះ​ជា​ស្មារតី​រួម​មួយ​ដើម្បី​រលឹក​ដល់​អ្នកនយោបាយ​ជំនាន់​ក្រោយ​កុំ​ឱ្យ​បង្ក​សង្គ្រាម​ឱ្យ​មាន​ភាព​ឈឺចាប់​រវាង​ខ្មែរ និង​ខ្មែរ​ទៀត ហើយ​ក្នុង​នេះ​ផង​ដែរ កម្ពុជា​ក៏​ជា​ប្រទេស​ផ្តល់​នូវ​សច្ចាប័ន​នូវ​អនុសញ្ញា​សិទ្ធិមនុស្ស​អន្តរជាតិ​ជាច្រើន ប៉ុន្តែ​បែរជា​មាន​ការ​លុបចោល​ថ្ងៃ​១០ ធ្នូ ដែល​ជា​ទិវា​សិទ្ធិមនុស្ស​ជា​សកល​ដែល​ពិភពលោក​កំណត់​យក​ក្នុង​ន័យ​ឱ្យ​គោរព​សិទ្ធិ​របស់​មនុស្ស​ដូចជា​នៅ​ប្រទេស​ដែល​ជា​សមាជិក​របស់​អង្គការសហប្រជាជាតិ។ យើង​ឃើញ​ថា វា​ជា​ការ​ព្រួយបារម្ភ​ថ្មី​មួយ​ដែល​កម្ពុជា​ហាក់ដូចជា​ចង់​ងាក​ចេញពី​ការ​គោរព​សិទ្ធិមនុស្ស»

ឆ្លើយតប​ចំពោះ​ករណី​នេះ​អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​របស់​លោក ហ៊ុន សែន គឺ លោក ជិន ម៉លីន លើកឡើង​ថា ការ​ព្រួយបារម្ភ​របស់​សង្គម​ស៊ីវិល​នេះ​គឺ​ហួស​ពី​អ្វី​ដែល​ជា​ការពិត​។​លោក​អះអាង​ថា ការលុបចោល​ថ្ងៃ​ឈប់សម្រាក​ទាំងនេះ គឺ​ដើម្បី​បង្កើន​ផលិតកម្ម​ការងារ​ប៉ុណ្ណោះ​មិន​ពាក់ព័ន្ធ​នឹង​សិទ្ធិមនុស្ស​អ្វី​ទេ៖ «ទាក់ទង​រឿង​សិទ្ធិ​សេរីភាព រឿង​សិទ្ធិមនុស្ស​អី​នេះ​វា​មិនមែន​ មានតែ​ថ្ងៃ​១០ ធ្នូ នេះ​ណា ! ហើយ​សង្គម​ស៊ីវិល​អាច​អនុវត្ត​សិទ្ធិ​សេរីភាព​របស់​ខ្លួន​បាន​រាល់ថ្ងៃ​ហើយ ការ​លុបចោល​ថ្ងៃ​សម្រាក​ពាក់ព័ន្ធ​នឹង​ថ្ងៃ​២៣ តុលា ពាក់ព័ន្ធ​នឹង​ថ្ងៃ​សិទ្ធិមនុស្ស និង​ថ្ងៃ​មួយ​ចំនួន​ផ្សេងទៀត​នេះ គឺ​មូលហេតុ​ពិតប្រាកដ​ដើម្បី​បង្កើន​នូវ​ប្រសិទ្ធភាព និង​បង្កើន​ផលិតកម្ម​ការងារ​ដោយសារតែ​កន្លងមក យើង​មាន​ថ្ងៃ​ឈប់សម្រាក​ច្រើនពេក​វា​អាច​ប៉ះពាល់​សង្វាក់​ផលិតកម្ម​និង​ផលិតភាព​ការងារ​របស់​និយោជិក របស់​កម្មករ​ក៏ដូចជា​មន្ត្រីរាជការ។

មិនមែន​តែ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​នោះ​ទេ ប្រជាពលរដ្ឋ និង​ក្រុម​អ្នកលេង​ហ្វេសប៊ុក (Facebook) ក៏បាន​រិះគន់​ព្រោងព្រាត​ចំពោះ​ការ​លុប​ថ្ងៃ​២៣ តុលា និង​ថ្ងៃ​១០ ធ្នូ ចេញពី​ប្រតិទិន​ឈប់សម្រាក​ប្រចាំ​ឆ្នាំ​នេះ​ដែរ​។ ពួកគេ​មួយ​ចំនួន​ទាមទារ​ឱ្យ​របប​លោក ហ៊ុន សែន​ដក​ថ្ងៃ​៧​មករា វិញ ព្រោះ​ពួកគេ​ចាត់ទុកជា​ថ្ងៃ​វៀតណាម​ឈ្លានពាន​កម្ពុជា។

អ្នកស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម​លោក បណ្ឌិត មាស នី មាន​ប្រសាសន៍​ថា ការ​លុបចោល​ថ្ងៃ​ឈប់សម្រាក​ខ្លះ គឺជា​រឿង​សមរម្យ​ដោយសារ​កម្ពុជា​ជា​ប្រទេស​មាន​ថ្ងៃ​ឈប់សម្រាក​ច្រើន ពីព្រោះ​ប៉ុន្មាន ឆ្នាំ​ចុង​ក្រោយនេះ​គឺ​មាន​ការ​បង្កើន​ថ្ងៃ​ឈប់សម្រាក​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ច្រើនជាង​រឿង​ទិវា​ជាតិ ដែល​ខ្មែរ​ធ្លាប់​មាន​ពី​មុន​មក។ ទោះជា​យ៉ាងណា លោក​យល់​ថា ការដែល​រដ្ឋាភិបាល​លុប​ថ្ងៃ​ឈប់សម្រាក ២៣ តុលា និង​ថ្ងៃ​១០ ធ្នូ នេះ គឺ​បង្ហាញ​ថា រដ្ឋាភិបាល​ចង់​ឱ្យ​ពលរដ្ឋ​បំភ្លេច​ការ​គោរព​សិទ្ធិមនុស្ស និង​បំភ្លេច​ថ្ងៃ​ប្រវត្តិសាស្ត្រ​ដែល​ខ្មែរ​បាន​ឯកភាព​បញ្ចប់​សង្គ្រាម​ស៊ីវិល៖ «បែរ​ទៅជា​លុប​ថ្ងៃ​ដែល​ជា​ទិវា​សំខាន់ៗ សម្រាប់​ជាតិ​ទៅវិញ ហើយ​ទុក​សម្រាប់​ថ្ងៃ​ដែល​បម្រើ​ឱ្យ​គណបក្ស​នយោបាយ​ទៅវិញ។ សម្រាប់​ខ្ញុំ​គឺ​ការ​លុប​ថ្ងៃ​ឈប់​សម្រាក​នេះ វា​មាន​មូលហេតុ​នយោបាយ ឬ​មាន​ភាព​លម្អៀង​ដោយសារ​នយោបាយ​ច្រើន​ជា​ជាង​លុប​ថ្ងៃ​ណា​ដែល​សំខាន់​សម្រាប់​ពលរដ្ឋ​ខ្មែរ ហើយ​យើង​មើល​ទៅ​ថ្ងៃ​ទី​២៣ តុលា និង​ថ្ងៃ​១០ ធ្នូ នេះ​គឺជា​ថ្ងៃ​ដែល​ពលរដ្ឋ​ខ្មែរ​ឈប់​សម្រាក​រួម​ដែល​ខ្មែរ​គ្រប់​ភាគី​ទាំងអស់​បាន​យល់ព្រម​ថា ជា​ថ្ងៃ​សំខាន់។

លោក​បណ្ឌិត មាស នី បន្ត​ថា រដ្ឋាភិបាល​គួរតែ​ដក​ថ្ងៃ​ឈប់សម្រាក​ណា​ដែល​ពលរដ្ឋ​មិន​ទទួល​ស្គាល់ ហើយ​រក្សា​ថ្ងៃ​ឈប់សម្រាក​ណា ដែល​មាន​ការ​ឯកភាព​គ្នា​វិញ​គឺជា​ការ​ប្រសើរ៖ «ក្នុងនាម​ជា​រដ្ឋាភិបាល​គួរតែ​មើល​ថ្ងៃ​ណា ដែល​នៅតែ​ចម្រូងចម្រាស ដែល​ខ្មែរ​មិនទាន់​ឯកភាព​គ្នា​ទទួលយក​ធ្វើជា​ថ្ងៃ​ឈប់សម្រាក​ទេ ឬក៏​ជា​ថ្ងៃ​ឈប់សម្រាក​របស់​គណបក្ស​នយោបាយ​ណាមួយ​នោះ​គួរតែ​លុបចោល​ថ្ងៃ​នោះ​ទៅ ហើយ​គួរតែ​ទុក​ថ្ងៃ​ណា​ដែល​ទទួលស្គាល់​ដោយ​ពលរដ្ឋ។

លោក ហ៊ុន សែន មិនសូវ​ផ្ដល់​តម្លៃ​ខ្លាំង ដល់​ថ្ងៃ​រំលឹក​ខួប​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​២៣ តុលា និង​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​១០ ធ្នូ នោះ​ទេ។ កាល​ពី​ឆ្នាំ​២០០៥ លោក​ធ្លាប់​បាន​លុបចោល​ថ្ងៃ​រំលឹក​ខួប​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​២៣ តុលា ម្ដង​រួចទៅ​ហើយ។ ៧​ឆ្នាំ​ក្រោយមក ពោល​គឺ​នៅ​ឆ្នាំ​២០១២ លោក​ព្រម​ដាក់បញ្ចូល​ទិវា​នេះ ជា​ថ្ងៃ​ឈប់​សម្រាក​ឡើងវិញ ដោយ​ឈរ​លើ​ហេតុផល​ថា ដើម្បី​ឧទ្ទិស​ដល់​សម្ដេច ព្រះ​នរោត្តម សីហនុ ដែល​មាន​ស្នា​ព្រះហស្ត​ក្នុង​ដំណើរការ​ស្វែងរក​សន្តិភាព។ ក្រៅ​តែ​ពី​មិន​ឱ្យ​តម្លៃ​ដល់​ព្រឹត្តិការណ៍​នេះ ឱ្យ​តែ​ថ្ងៃនេះ​ម្ដងៗ របប​លោក ហ៊ុន សែន តែងតែ​ពង្រាយ​កងកម្លាំង​ចម្រុះ ដើម្បី​រារាំង និង​ឃ្លាំមើល​ការ​ប្រារព្ធ​ទិវា​នេះ ពី​សំណាក់​ប្រជាពលរដ្ឋ និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល