អ្នក​ការពារ​សិទ្ធិមនុស្ស​ថា ស្ថានភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ​មិន​ទាន់​ធូរស្រាល

ដោយ ហេង រស្មី
2019-03-10
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
នាយក​ប្រតិបត្តិ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា (CDP) លោក​មេធាវី សុក សំអឿន (ឆ្វេង) និង​មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ទី​៦ ខែ​ឧសភា ឆ្នាំ​២០១៤។
នាយក​ប្រតិបត្តិ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា (CDP) លោក​មេធាវី សុក សំអឿន (ឆ្វេង) និង​មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ទី​៦ ខែ​ឧសភា ឆ្នាំ​២០១៤។
Photo: RFA

អ្នកការពារ​សិទ្ធិមនុស្ស​អះអាង​ថា ស្ថានភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ​នៅ​ទូទាំង​ប្រទេស មិន​ទាន់​មាន​ភាព​ធូរស្រាល​នៅឡើយ​ទេ បើ​ទោះ​បី​ជា​របប​ក្រុងភ្នំពេញ​ដាក់​ចេញ​នូវ​យន្តការ​ជា​បន្តបន្ទាប់​ក្តី​។ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​ឱ្យ​ដឹង​ថា បញ្ហា​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ​នេះ មិន​អាច​ដោះស្រាយ​បាន​ភ្លាមៗ​នោះ​ទេ ព្រោះ​រឿង​នេះ​មាន​ជាប់​ពាក់ព័ន្ធ​ច្រើន​ទៅ​នឹង​ផ្លូវច្បាប់។

ប្រធាន​គ្រប់គ្រង​ការិយាល័យ​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត សង្កេត​ឃើញ​ថា យន្តការ​ទាំងឡាយ​ដែល​រដ្ឋាភិបាល​បាន​ដាក់​ចេញ ដើម្បី​កាត់បន្ថយ​ស្ថានភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ​នោះ នៅ​មិនទាន់​ឆ្លើយ​តប​នឹង​បញ្ហា​នេះ​នៅឡើយ​។ លោក​បន្ត​ថា សំណុំរឿង​របស់​អ្នក​ជាប់ឃុំ​ទាំងអស់ ស្ថិត​ក្នុង​ដៃ​តុលាការ ដូច្នេះ​មានតែ​ការ​ពន្លឿន​នីតិវិធី​តុលាការ​ទេ ទើប​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន៖ «ទាំង​បញ្ហា​ចង្អៀត​ណែន ទាំង​បញ្ហា​ស្ត្រី​ដែល​ជាប់ឃុំ​ហ្នឹង គឺ​ដំណោះស្រាយ​តែមួយ ដើម្បី​ពន្លឿន​ឱ្យ​បាន​បញ្ហា​ហ្នឹង ទាល់តែ​ពន្លឿន​នីតិវិធី​នៅ​តាម​តុលាការ​នីមួយៗ​ ឱ្យ​បាន​លឿន»

របប​ក្រុងភ្នំពេញ​បាន​បង្កើត​ក្រុមការងារ​ពិសេស​មួយ ដែល​មាន​សមាសភាព​ពី​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​មហាផ្ទៃ ក្រសួង​យុត្តិធម៌ អគ្គស្នងការ​នគរបាល​ជាតិ និង​អគ្គនាយកដ្ឋាន​ពន្ធនាគារ ដើម្បី​ដោះស្រាយ​បញ្ហា​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ​នេះ។ ចំណែក​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន វិញ ក៏បាន​ប្រកាស​បង្កើត​ក្រុម​មេធាវី​ផ្ទាល់ខ្លួន ​ដើម្បី​ជួយ​ដល់​ស្ត្រី​ក្រីក្រ​ក្នុង​ការ​តតាំង​ក្តី​នៅ​តុលាការ​ផង​ដែរ។ លើស​ពី​នេះ លោក​បាន​បញ្ជា​ឱ្យ​ក្រសួង​កិច្ចការ​នារី និង​ក្រសួងយុត្តិធម៌​ពិនិត្យមើល​លទ្ធភាព​លើកលែង​ទោស​​​ឱ្យ​ស្ត្រី​ជាប់ឃុំ ដោយ​មិន​ចាំបាច់​ដល់​ឱកាស​សម្រាលទោស​ផ្លូវការ​ក្នុង​ពិធី​បុណ្យជាតិ​នោះ​ឡើយ។

អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ថ្លែង​ថា រដ្ឋាភិបាល​កំពុង​អនុវត្ត​យន្តការ​ដោះស្រាយ​បញ្ហា​ចង្អៀត​ណែន​នៅ​ក្នុង​ពន្ធនាគារ​នេះ​ជា​បណ្ដើរៗ​ហើយ​។ ក៏ប៉ុន្តែ​លោក​ថា យន្តការ​ទាំងឡាយ​ដែល​ត្រូវ​បាន​ដាក់​ចេញ មិន​អាច​ដោះស្រាយ​បញ្ហា​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ​នេះ​បាន​ភ្លាមៗ​ឡើយ ព្រោះ​រឿង​នេះ​ពាក់ព័ន្ធ​ទៅ​នឹង​ផ្លូវច្បាប់​។ លោក​បញ្ជាក់​ថា អ្វី​ដែល​រដ្ឋាភិបាល​កំពុង​ធ្វើ​នោះ គឺ​ជំរុញ​ឱ្យ​តុលាការ​គ្រប់​រាជធានី​-​ខេត្ត ពន្លឿន​នីតិវិធី​លើ​សំណុំ​រឿង​ក្តី​ទាំងឡាយ​របស់​ជន​ជាប់ឃុំ។ ទោះជា​យ៉ាងណា អ្នកនាំពាក្យ​រូប​នេះ មិនទាន់​អាច​បញ្ជាក់​អំពី​តួលេខ​នៃ​សំណុំរឿង​ដែល​ត្រូវ​បាន​ពន្លឿន​នោះ​នៅឡើយ​ទេ៖ «កន្លងមក​សំណុំរឿង​ខ្លះ គឺ​ត្រូវ​បាន​ជំរុញ​ពី​មួយ​ដំណាក់​ទៅ​មួយ​ដំណាក់​ទៀត សំណុំរឿង​ខ្លះ​មាន​សវនាការ​សម្រេច​ដល់​អង្គ​សេចក្ដី និង​ចេញ​ដល់​សាលក្រម​ស្ថាពរ អាហ្នឹង​ហើយ​ដែល​បើក​លទ្ធភាព​ទៅ​ថ្ងៃមុខ​សម្រាប់​ការ​ផ្ដល់​នូវ​ឱកាស​លើកលែងទោស ឬ​បន្ធូរ​បន្ថយ​ទោស»

ស្ថានភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ បាន​ចោទ​ជា​បញ្ហា​កាន់តែ​ខ្លាំង ចាប់​ពី​ឆ្នាំ២០១៧ មក បន្ទាប់ពី​របប​ក្រុងភ្នំពេញ​បាន​អនុវត្ត​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន​ខុសច្បាប់​។ ចំនួន​អ្នក​ជាប់ឃុំ​ដោយសារ​បទល្មើស​គ្រឿងញៀន​បាន​កើន​ឡើង​យ៉ាង​គំហុក បូករួម​ទាំង​ភាព​យឺតយ៉ាវ​នៃ​ការអនុវត្ត​នីតិវិធី​លើ​រឿង​ក្តី​នីមួយៗ​ផង ធ្វើ​ឱ្យ​ស្ថានភាព​ចង្អៀត​ណែន​កាន់​តែ​មាន​សភាព​ធ្ងន់ធ្ងរ ប៉ះពាល់​ដល់​សិទ្ធិ​អ្នក​ជាប់ឃុំ។

អ្នកការពារ​សិទ្ធិ​មនុស្សលោក អំ សំអាត ថ្លែង​ថា ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ​នេះ​បាន​ខ្លះ តុលាការ​គួរតែ​អនុញ្ញាត​ឱ្យ​ជនជាប់ចោទ​ស្ថិតនៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​ចំពោះ​ករណី​មិន​ចាំបាច់​មួយ​ចំនួន​។ លោក​បន្ថែម​ថា តុលាការ​ក៏​មិន​គួរ​លើក​ហេតុផល​រឿង​ផ្លាស់ប្ដូរ​មន្ត្រី​របស់​ខ្លួន​ថា ជាហេតុ​នាំ​ឱ្យ​មាន​ភាព​យឺត​យ៉ាវ​ក្នុង​ការ​អនុវត្ត​នីតិវិធី​លើ​សំណុំ​រឿង​ក្តី​នេះ​ដែរ៖ «យើង​កុំ​យក​លេស​ថា បញ្ហា​នៃ​ការ​ផ្លាស់ប្ដូរ​ចៅក្រម ឬ​ព្រះរាជអាជ្ញា​អីហ្នឹង វា​ធ្វើ​ឱ្យ​ការ​ផ្លាស់ប្ដូរ​សំណុំរឿង​អាច​មាន​ការ​យឺតយ៉ាវ។ នេះ​គឺ​យើង​អត់​អាច​និយាយ​អ៊ីចឹង​បានទេ ព្រោះ​តុលាការ​នីមួយៗ​សុទ្ធ​តែ​មាន​ប្រព័ន្ធ​ទិន្នន័យ​ហើយ អ៊ីចឹង​ចៅក្រម​ដែល​ផ្លាស់ប្ដូរ​មក​បន្ត​កាន់​រឿង​ហ្នឹង គឺ​គាត់​ត្រូវតែ​ពន្លឿន​នីតិវិធី​ទាំងអស់​នោះ»

កម្ពុជា​មាន​ពន្ធនាគារ​សរុប​ចំនួន ២៨​កន្លែង ដែល​សព្វថ្ងៃ​មាន​អ្នក​ជាប់ឃុំ​ចំនួន​ជាង ៣ម៉ឺន​​នាក់ ក្នុង​​នោះ​​ទណ្ឌិត​មាន​ប្រមាណ ៩ពាន់​​នាក់ ហើយ​ក្រៅ​ពី​នេះ​សុទ្ធ​សឹង​ជា​អ្នក​ជាប់ឃុំ​ដែល​កំពុង​រង់ចាំ​នីតិវិធី​តុលាការ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល