ប៉ូលិស​ក្រុង​ប៉ោយប៉ែត​កោះហៅ​អ្នក​សារ​ព័ត៌មាន​ផ្សាយ​រឿង​ឧកញ៉ា​ធ្វើ​របង​រំលោភ​លើ​ដី​របស់​ពលរដ្ឋ

ដោយ មួង ណារ៉េត
2019-12-26
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ទៀវ សំអុល អ្នក​យក​ព័ត៌មាន​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ឈ្មោះ​ថ្ងៃ​ថ្មី​ ប្រចាំ​នៅ​បន្ទាយមានជ័យ។
លោក ទៀវ សំអុល អ្នក​យក​ព័ត៌មាន​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ឈ្មោះ​ថ្ងៃ​ថ្មី​ ប្រចាំ​នៅ​បន្ទាយមានជ័យ។
រូប៖ ពលរដ្ឋ​ផ្ដល់ឱ្យ

អ្នក​យក​ព័ត៌មាន​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ឈ្មោះ​ថ្ងៃ​ថ្មី​ ប្រចាំ​នៅ​បន្ទាយមានជ័យ​ គឺ​លោក​ ទៀវ សំអុល បាន​ចូល​បំភ្លឺ​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត នៅ​ថ្ងៃ​ទី២៦ ធ្នូ តាម​ការ​កោះ​ហៅ​របស់​នគរបាល។ ការ​ចូល​បំភ្លឺ​នេះ​ គឺ​បន្ទាប់​ពី​​អ្នកសារព័ត៌មាន​រូប​នេះ​បាន​ចុះ​ផ្សាយ​ព័ត៌មាន​​​ថា ឧកញ៉ា ឡាច ប៊ុនលឹម ធ្វើ​របង​រំលោភ​លើ​ដី​របស់​ប្រជាពលរដ្ឋ​​មួយ​គ្រួសារ ​នៅ​ភូមិ​បាលិលេយ្យ ​សង្កាត់​ប៉ោយប៉ែត កាល​​ពី​ដើម​សប្ដាហ៍​នេះ។

លោក ទៀវ សំអុល ថ្លែង​ថា ​មូលហេតុ​ដែល​លោក​ចូល​បំភ្លឺ​ ដោយ​សារ​លោក​មិន​បាន​​ប្រព្រឹត្ត​ខុស​ច្បាប់​ និង​​មិន​ចង់​មាន​បញ្ហា​ជា​មួយ​ប៉ូលិស៖ «ខ្ញុំ​ក៏​មិន​បាន​ចោទ​ប្រកាន់​លោក​ឧកញ៉ា​ ឡាច ប៊ុនលឹម​ដែរ​ អីចឹង​ខ្ញុំ​ផ្សាយ​តាម​តែ​ពលរដ្ឋ​រងគ្រោះ​ដែល​គាត់​ផ្ដល់​បទ​សម្ភាសន៍​ប៉ុណ្ណា​ខ្ញុំ​ផ្សាយ​ប៉ុណ្ណឹង​។​នៅ​ក្នុង​ហ្នឹង​ឃើញ​ថា​លោក​ ឡាច​ ប៊ុនលឹម ក៏​គាត់​បាន​បំភ្លឺ​ដែរ​ ថា​ហ្នឹង​ឱ្យ​គេ​ចុះ​វាស់វែង​នៅ​ថ្ងៃ​ច័ន្ទ​និង​ថ្ងៃ​អង្គរ​កន្លង​មក​ ប៉ុន្តែ​រហូត​មក​ទល់​ថ្ងៃ នេះ​អត់​ឃើញ​មាន​ការ​ចុះ​វាស់វែង​នោះ​ទេ»

អធិការ​នគរបាល​ក្រុង​ប៉ោយប៉ែត លោក ធិន សិនដេត បាន​កោះ​ហៅ ​​លោក ទៀវ សំអុល ​រស់​នៅ​ភូមិ​ចាន់គិរី​ សង្កាត់​​ប៉ោយប៉ែត​ឱ្យ​ចូល​បំភ្លឺ​​រឿង​ផ្ទាល់​ខ្លួន​នៅ​រសៀល​ថ្ងៃ​២៦ ធ្នូ។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស ​អាដហុក​ (Adhoc)​ ប្រចាំ​ខេត្ត​បន្ទាយមានជ័យ​លោក ស៊ុំ ច័ន្ទគា ចាត់​ទុក​ការ​កោះហៅ​របស់​ប៉ូលិស​នេះ​ថា ​ជា​ទង្វើ​​ខុស​ច្បាប់​ និង​​ជា​ការ​គំរាមកំហែង​ដល់​​អ្នក​សារ​ព័ត៌មាន​​ធ្វើ​ឱ្យ​ភ័យ​ខ្លាច​ ហើយ​មិន​អាច​បំពេញ​វិជ្ជាជីវៈ​របស់​ខ្លួន​បាន។ លោក​បញ្ជាក់​ថា ​តាម​ច្បាប់​ស្ដីពី​របប​សារ​ព័ត៌មាន ចែង​ថា ប្រសិន​បើ​អ្នក​សារ​ព័ត៌មាន​ចុះ​ផ្សាយ​ព័ត៌មាន​ខុស​ គឺ​អាច​ផ្សាយ​កែ​តម្រូវ​ឡើង​វិញ​បាន​ ដោយ​មិន​ត្រូវ​កោះ​ហៅ​ទៅ​សាកសួរ​បែប​នេះ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល