អង្គការ សមាគម ចំនួន២១ គ្រោង​ជួប​ជុំ​​កម្មករ​​​ជាង ​១ពាន់​នាក់​នៅរាជធានី​ភ្នំពេញ ដើម្បី​រម្លឹក​ទិវា​ពលកម្ម​អន្តរជាតិ​ ​​​​ថ្ងៃ​ទី១ ឧសភា

ដោយ​ សន ចាន់រដ្ឋា
2019-04-20
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ក្រុម​កម្មករ​ហែ​ក្បួន​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ លើក​ទី​១៣០ នៅ​ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ​២០១៦។
ក្រុម​កម្មករ​ហែ​ក្បួន​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ លើក​ទី​១៣០ នៅ​ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ​២០១៦។
Photo: RFA

អង្គការ សមាគម ចំនួន២១ គ្រោង​ជួប​ជុំ​គ្នា​ ជាង​១ពាន់​នាក់ ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ ​នៅ​មុខ​វត្ត​បទុមវតី ខណៈ​សហព័ន្ធ​សហជីព​កម្ពុជា ស្នើ​​សុំ​ជួបជុំ​កម្មករ​ជាង ​៤៥០​​នាក់ នៅ​ទីលាន​ប្រជាធិបតេយ្យ​ថ្មី​​

អង្គការ​ សមាគម និង​សហជីព​គ្រោង​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ ១ ឧសភា ពីរ​កន្លែង​ផ្សេង​គ្នា​នៅ​រាជធានី​ភ្នំពេញ។ មន្ត្រី​នៃ​អង្គការ និង​សហជីព​បាន​ជូន​ដំណឹង​ទៅ​សាលា​រាជធានី​ភ្នំពេញ​ហើយ ប៉ុន្តែ​មិន​ទាន់​ទទួល​បាន​ការ​ឆ្លើយ​តប​នៅ​ឡើយ​ទេ។

អ្នក​សម្រប​សម្រួល​មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​​ការងារ និង​សិទ្ធិ​មនុស្ស លោក ឃុន ថារ៉ូ ប្រាប់​ថា ក្រុម​អង្គការ​ សមាគម និង​សហជីព ចំនួន​២១​ ដែល​គ្រប់​ដណ្ដប់​គ្រប់​វិស័យ ទាំង​វិស័យ​ទេសចរណ៍ សំណង់ សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ជាដើម នឹង​ដាក់​លិខិត​ ទៅ​សាលា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២២ ខាង​មុខ ដើម្បី​ស្នើសុំ​ជួបជុំ​កម្មករ​ចំនួន ១.២០០នាក់ ប្រារព្ធ​ទិវា​សិទ្ធិ​ការងារ ឬ​ពលកម្ម​អន្តរជាតិ។

លោក ឃុន ថារ៉ូ សង្ឃឹម​ថា អាជ្ញាធរ​នឹង​អនុញ្ញាត​តាម​ការ​ស្នើ​សុំ។ ដោយ​ឡែក គម្រោង​​​កម្មវិធី​របស់​សម្ព័ន្ធ​អង្គការ សមាគម​ និង​សហជីព​ទាំង២១ នឹង​មិន​ហែ​ក្បួន​ទៅ​ទីតាំង​ណា​ទេ ប៉ុន្តែ​ក្រោយ​ជួបជុំ​គ្នា​ សម្ដែង​មតិ​នៅ​សួន​ច្បារ​មុខ​វត្ត​បទុមវតី​រួចរាល់ ពួក​គេ​នឹង​ដាក់​ញត្តិ​ទៅ​ក្នុង​បណ្ដាញ​សង្គម ដើម្បី​ស្វែង​រក​ការ​គាំទ្រ មុន​នឹង​​យក​ទៅ​ដាក់ នៅ​​តាម​ស្ថាប័ន​រដ្ឋ៖ «ទោះ​បី​មិន​មាន​ការ​អនុញ្ញាត​ទៅ​តាម​ការ​ស្នើ​សុំ​ក៏​ដោយ ក៏​យើង​នៅ​តែ​បន្ត​ការ​រៀបចំ​អ៊ីចឹង។ ប៉ុន្តែ​ត្រង់​ថា នៅ​ក្នុង​លក្ខខណ្ឌ​ណា ដែល​ខាង​សាលា​រាជធានី​ភ្នំពេញ​ហ្នឹង ផ្ដល់​ទី​កន្លែង​ណា​មួយ ដែល​សមរម្យ​សម្រាប់​យើង​ជួប​ជុំ​គ្នា​ អា​ហ្នឹង​វា​រឹត​តែ​ប្រសើរ។ ប៉ុន្តែ​គ្រាន់​យើង​គិត​ថា ទី​តាំង​សុំ​ហ្នឹង គឺ​ក្រុម​គណៈកម្មការ​គិត​ថា វា​ជា​ទី​កន្លែង​សមរម្យ​ហើយ»

អគ្គលេខាធិការ​សហព័ន្ធ​សហជីព​កម្ពុជា លោក ម៉ៃ សុភក្ត្រា ប្រាប់​ថា ​បាន​ដាក់​លិខិត​ទៅ​សាលា​រាជធានី​ភ្នំពេញ​រួច​រាល់​ហើយ នៅ​ព្រឹក​ថ្ងៃ​ទី១៩ មេសា។ ប៉ុន្តែ​ អាជ្ញាធរ​មិន​ទាន់​សម្រេច​បែប​ណា​ទេ។ សហជីព​រូប​នេះ​បន្ត​ថា ការ​សម្រេច​ជ្រើស​យក​ទី​តាំង​ទីលាន​ប្រជាធិបតេយ្យ​ថ្មី ​ដោយសារ​កន្លង​មក​ អាជ្ញាធរ​ធ្លាប់​បដិសេធ​ទីតាំង​ផ្សេង។ លោក​បន្ត​ថា អ្នក​ចូល​រួម​នៅ​សួន​ប្រជាធិបតេយ្យ​ថ្មី គឺ​ជា​កម្មករ មក​ពី​សហព័ន្ធ​សហជីព​កម្ពុជា សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ និង​សមាគម​និស្សិត​បញ្ញវន្ត​កម្ពុជា​ និង​ពលរដ្ឋ ហើយ​ក្រោយ​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរ​ជាតិ​រួច សហព័ន្ធ​នឹង​ហែ​ញត្តិ ទៅ​ដាក់​នៅ​ខុទ្ទកាល័យ​រដ្ឋាភិបាល រដ្ឋសភា និង​ក្រសួង​ការងារ៖ «ក្នុង​នាម​សហព័ន្ធ​សហជីព​កម្ពុជា​ ក៏​សូម​អញ្ជើញ​ដល់​អង្គការ​ សមាគម ឬ​ក៏​សហជីព ដែល​តែង​តែ​ស្វែង​រក​​នូវ​ដំណោះ​ស្រាយ ឬ​ក៏​លក្ខខណ្ឌ​ការងារ​ជូន​កម្មករ សូម​អញ្ជើញ​ចូល​​រួម​​នៅ​សួន​ប្រជាធិបតេយ្យ ជាមួយ​សហព័ន្ធ​សហជីព​កម្ពុជា នៅ​ថ្ងៃ ១ ឧសភា វេលា​ម៉ោង ៩ព្រឹក»

អាស៊ី​សេរី មិន​អាច​សុំ​ការ​បញ្ជាក់​ ករណី​សំណើ​ទាំង​នេះ ពី​អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ម៉េត មាស​ភក្ដី បាន​ទេ នៅ​ថ្ងៃ​ទី១៩ មេសា​ ដោយសារ​មិន​លើក​ទូរស័ព្ទ។ ប៉ុន្តែ​ចាប់​តាំង​ពី​ឆ្នាំ២០១៣ មក អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​រឹតត្បិត​ អង្គការ សមាគម សហជីព និង​កម្មករ ខ្លាំង មិន​ឲ្យ​មាន​ការ​ហែ​ក្បួន និង​ហាមប្រាម មិន​ឲ្យ​ពួក​គេ​ថ្លែង​សារ​ណា​មួយ ប៉ះពាល់​ដល់​​រឿង​នយោបាយ​ឡើយ។ បន្ថែម​ពី​លើ​ការ​ហាម​ប្រាម និង​រឹតត្បិត​សេរីភាព​ស្ទើរ​គ្រប់​បែប​យ៉ាង អាជ្ញាធរ​ក៏​​បាន​ដាក់​បារ៉ាស់ និង​​កង​កម្លាំង​ប្រដាប់​ ដោយ​អាវុធ​វែង កាំភ្លើង ដំបង និង​ខែល គ្រប់​ដៃ ដើម្បី​ឃ្លាំ​មើល និង​ហាម​ឃាត់ កុំ​ឲ្យ​ក្រុម​អង្គការ សមាគម សហជីព ធ្វើ​សកម្មភាព​ ឬ​ថ្លែង​សារ​នយោបាយ លើស​ការ​កំណត់​របស់​អាជ្ញាធរ។

ក្រៅ​ពី​ទីតាំង​មុខ​វត្ត​បទុមវតី និង​សួន​ប្រជាធិបតេយ្យ​ថ្មី ក្រុម​សហជីព​ធំៗ ចំនួន៨ ផ្សេង​ទៀត ដែល​ដឹក​នាំ​ដោយ​ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ កាល​ពី​ថ្ងៃ​ទី៧ មេសា ក៏​បាន​ស្នើសុំ​សាលា​រាជធានី​ភ្នំពេញ ហែ​ក្បួន​កម្មករ​ជាង ២ពាន់​នាក់ ពី​ម្ដុំ​សួន​ច្បារ​ក្បែរ​វត្ត​ភ្នំ ទៅ​រដ្ឋសភា ដើម្បី​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរ​ជាតិ​ ឆ្នាំ​នេះ​ដែរ។ ប៉ុន្តែ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​ដូច​គ្នា។

សង្គម​ស៊ីវិល លោក ឃុន ថារ៉ូ យល់​ថា រដ្ឋាភិបាល​គួរ​បើក​សេរីភាព​​ពេញ​ទី​ឲ្យ​អង្គការ សមាគម​ សហជីព បាន​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរ​ជាតិ​ឡើង​វិញ ដើម្បី​បញ្ចៀស​ការ​រិះគន់ និង​យក​ហេតុ​ផល​នេះ​ទៅ​បញ្ចុះ​បញ្ចូល​សហភាព​អឺរ៉ុប កុំ​ឱ្យ​ផ្ដាច់​ការ​អនុគ្រោះ​ពន្ធ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល