អាជ្ញាធរ​រាជធានី​ភ្នំពេញ​ បញ្ជូន​សំណើ​​​​ក្រុម​សហជីព​ សុំ​ហែ​ក្បួន​កម្មករ​​​ ២ពាន់​នាក់ និង​ប្រារព្ធ​​​ទិវា​ពលកម្ម​អន្តរ​ជាតិ ឲ្យ​ក្រសួង​មហាផ្ទៃ​សម្រេច

ដោយ​ សន ចាន់រដ្ឋា
2019-04-25
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ក្រុម​កម្មករ​​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ លើក​ទី​១៣០ នៅ​ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ​២០១៦។
ក្រុម​កម្មករ​​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ លើក​ទី​១៣០ នៅ​ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ​២០១៦។
Photo: RFA

អាជ្ញាធរ​រាជធានី​ភ្នំពេញ សម្រេច​បញ្ជូន​សំណើ​របស់​ក្រុម​សហជីព ស្នើ​សុំ​ហែ​ក្បួន​កម្មករ​ និង​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរ​ជាតិ ឲ្យ​ក្រសួង​មហាផ្ទៃ​សម្រេច។ ក្រុម​ថ្នាក់​ដឹកនាំ​សហជីព​យល់​ថា អាជ្ញាធរ​នៅ​តែ​បន្ត​រឹត​បណ្ដឹង​សេរីភាព​ ក្នុង​ការ​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរ​ជាតិ​ដូច​រាល់​ឆ្នាំ ដោយសារ​​ស្ថានភាព​នយោបាយ​នៅ​តែ​បន្ត​តាន​តឹង។

ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ ឲ្យ​ដឹង​ថា អាជ្ញាធរ​​បាន​អនុញ្ញាត​ឲ្យ​ក្រុម​​សហជីព​ធំ​ទាំង៨ តំណាង​កម្មករ​គ្រប់​វិស័យ​ការងារ ប្រារព្ធ​ទិវា​ពលកម្ម​អន្តរ​ជាតិ នៅ​សួន​ច្បារ​ក្បែរ​វត្ត​ភ្នំ ដោយ​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​ហែ​ក្បូន​កម្មករ​ជាង ២ពាន់​នាក់ ទៅ​មុខ​រដ្ឋសភា​ឡើង។ ប៉ុន្តែ​ដោយសារ​មាន​ការ​តវ៉ា អាជ្ញាធរ​សម្រេច​ថា នឹង​បញ្ជូន​សំណើ​នេះ ទៅ​ក្រសួង​មហាផ្ទៃ​ឲ្យ​សម្រេច​បន្ត៖ «រៀបចំ យើង​​​រៀប​ហើយ ព្រោះ​អ្វី​គេ​ឯក​ភាព​ហើយ។ ទោះ​បី​ក្រសួង​មហាផ្ទៃ​​មិន​ឲ្យ​ក៏​ខាង​ក្រុង​ឲ្យ​។ ប៉ុន្តែ​ហែ​ គឺ​យើង​​នៅ​តែ​បន្ត​ជជែក​គ្នា​ទៀត ចាំ​មើល​លទ្ធភាព​ជាក់​ស្ដែង​សិន នៅ​ក្នុង​នោះ តើ​យើង​អាច​ធ្វើ​អ្វី​បាន? តែ​ឥឡូវ​យើង​រង់ចាំ​សេចក្ដី​សម្រេច​ពី​ខាង​ក្រសួង​មហាផ្ទៃ​សិន។ តែ​កម្មវិធី​ធ្វើ ដឹង​តែ​ធ្វើ​ហើយ»

ការ​សម្រេច​នេះ ធ្វើ​ឡើង​ក្នុង​កិច្ច​ប្រជុំ នៅ​ព្រឹក​ថ្ងៃ​ទី២៤ មេសា រវាង​អាជ្ញាធរ​រាជធានី​ភ្នំពេញ ជាមួយ​តំណាង​សហជីព ៣ក្រុម ដែល​ដាក់​ពាក្យ​ស្នើ​សុំ​ប្រារព្ធ​​ទិវា​ពលកម្ម​អន្តរ​ជាតិ ១ ឧសភា។ សហជីព​ទាំង ៣ក្រុម​នោះ គឺ​ក្រុម​សហជីព​ចំនួន៨ ដឹកនាំ​ដោយ​ លោក អាត់ ធន់ ក្រុម​សហភាព​សហជីព​កម្ពុជា និង​សមាគម​សាស្ត្រាចារ្យ គ្រូ​បង្រៀន និស្សិត​ បញ្ញវន្ត ដឹក​នាំ​ដោយ លោក រ៉ុង ឈុន និង​អ្នកស្រី យ៉ាង សុភ័ណ្ឌ និង​ក្រុម​របស់​កម្មករ​វិស័យ​សំណង់ ដឹកនាំ​ដោយ លោក សុខ គីន។

ប្រធាន​សហព័ន្ធ​សហជីព​កម្ពុជា អ្នកស្រី យ៉ាង​ សុភ័ណ្ឌ ឲ្យ​ដឹង​ថា អាជ្ញាធរ​បាន​សម្រេច​ក្រុម​សហជីព និង​សមាគម​ទាំង៥ ស្ថាប័ន​ ប្រារព្ធ​កម្មវិធី​នៅ​ទីលាន​ប្រជាធិបតេយ្យ​ថ្មី នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ៥ ក្នុង​ខណ្ឌ​ឫស្សីកែវ តាម​ការ​ស្នើសុំ ប៉ុន្តែ​ នៅ​មាន​បញ្ហា​ត្រង់​អ្នក​ចូល​រួម ដោយសារ​អាជ្ញាធរ​តម្រូវ​ឲ្យ​តែ ២០០នាក់ ឯ​សហជីព និង​សមាគម ទាមទារ​ជាង ៤០០នាក់ ទើប​ត្រូវ​ការ​សម្រេច​ពី​ខាង​ក្រសួង​មហាផ្ទៃ។ ក្នុង​ទិវា​ពលកម្ម​អន្តរជាតិ ​សមាគម ​សហជីព នឹង​ទាមទារ​ឲ្យ​ក្រសួង​អប់រំ​ គោរព​សិទ្ធិ​ការងារ​ គ្រូ​បង្រៀន​ទាំង ១១នាក់ ដែល​ត្រូវ​បាន​លុប​ឈ្មោះ កាល​ពី​ដើម​ឆ្នាំ២០១៨៖ «អ៊ីចឹង គេ​នឹង​ធ្វើ​លិខិត​ទៅ​ក្រសួង​មហាផ្ទៃ ដើម្បី សម្រប​សម្រួល​បន្ថែម​ទៀត។ តែ​គាត់​ថា វា​មិន​បញ្ហា​ទេ ករណី​ចំនួន​មនុស្ស​ហ្នឹង​ណា តែ​គេ​ធ្វើ​លិខិត​ទៅ​ក្រសួង​មហាផ្ទៃ​ដែរ»

ប្រធាន​សហព័ន្ធ​សហជីព ​កម្មករ ​សំណង់​ និង​ព្រៃ​ឈើ​កម្ពុជា លោក សុខ គីន ឲ្យ​ដឹង​ថា អាជ្ញាធរ​ក៏​អនុញ្ញាត​ឲ្យ​​ កម្មករ​ជាង ២០០នាក់ ដែល​តំណាង​ឲ្យ​កម្មករ​ជិត​ ១ម៉ឺន​នាក់​ក្នុង​វិស័យ​សំណង់ ប្រារព្ធ​ទិវា​ពលកម្ម​អន្តរ​ជាតិ ១ ឧសភា មុខ​ស្នាក់​ការ​សហជីព​ ក្នុង​ខណ្ឌ​សែន​សុខ តាម​ការ​ស្នើ​សុំ​ដែរ។ ប៉ុន្តែ​ហាម​មិន​ឲ្យ​មាន​ការ​ហែ​ក្បួន​ដាច់ខាត គឺ​អនុញ្ញាត​ឲ្យ​​តំណាង​កម្មករ​១០នាក់ ជិះ​រម៉ក​កង់​បី​ ចំនួន​២​​គត់ យក​ញត្តិ​ទៅ​ដាក់​នៅ​សាលា​រាជធានី​ភ្នំពេញ ក្រោយ​ប្រារព្ធ​ពិធី​រួច។

ប្រធាន​សហជីព​រូប​នេះ អះអាង​ថា កម្មករ​សំណង់​នៅ​តែ​រក្សា​ជំហរ​ ហែ​ញត្តិ​ ទៅ​ដាក់​ជូន​អាជ្ញាធរ​រាជធានី​ភ្នំពេញ ទាំង​អស់​គ្នា ដើម្បី​ឲ្យ​​បាន​ដឹង​ពី​បញ្ហា​របស់​កម្មករ​សំណង់៖ «ក្រោយ​ពី​សាលា​ក្រុង​ គេ​បាន​អនុញ្ញាត​ដូច​ខ្ញុំ​បាន​រៀប​រាប់​ខាង​ដើម​មិញ​ហ្នឹង មាន​ចៅ​សង្កាត់ មាន​មេ​ប៉ុស្តិ៍​ អធិការ​រង គេ​បាន​មក​ដល់​អហ្វហ៊្វីស (office) របស់​ខ្ញុំ​ហ្នឹង។ គេ​បាន​ប្រាប់​តាម​អ្វី​ដែល​សាលាក្រុង​ គេ​ឲ្យ​ធ្វើ​អ៊ីចឹង​ណា។ ប៉ុន្តែ​ បើ​សិន​មាន​ការ​ឃាត់​អ្វី​នៅ​មុខ​អហ្វហ៊្វីស​ហ្នឹង ប្រហែល​យើង​មាន​ការ​បត់​បែន​​តាម​ហ្នឹង​ណា។​ ប្រសិន​បើ​គ្មាន​អាជ្ញាធរ​ នឹង​ហែ​ទៅ»

អាស៊ី​សេរី មិន​អាច​សុំ​ការ​បញ្ជាក់​ពី​​​អ្នក​នាំ​ពាក្យ​សាលា​រាជ​ធានី​ភ្នំពេញ លោក ម៉េត​ មាស​ភក្ដី បាន​ទេ នៅ​ថ្ងៃ​ទី​២៤ មេសា ដោយសារ​ មិន​ទទួល​ទូរស័ព្ទ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល