សាច់​ញាតិ​ពលរដ្ឋ​ម្នាក់ ដែល​ទាហាន​ថៃ​បាញ់​ស្លាប់ ពេល​កាប់​ឈើ​ក្នុង​ដី​ថៃ គ្មាន​លុយ​ទៅ​យក​សព​មក​ធ្វើ​បុណ្យ

ដោយ​ សន ចាន់រដ្ឋា
2019-04-26
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពលរដ្ឋ​ម្នាក់​ឈ្មោះ មៅ មុំ អាយុ ២៦ឆ្នាំ ដែល​ត្រូវ​ទាហាន​ថៃ​បាញ់​ស្លាប់ និង​ឈ្មោះ អាន វិត រងរបួស ពេល​ចូល​ទៅ​កាប់​ឈើ​ក្រញូង​ក្នុង​ដី​ថៃ នៅ​ថ្ងៃ​ទី២៤ ខែ​មេសា ឆ្នាំ២០១៩។
ពលរដ្ឋ​ម្នាក់​ឈ្មោះ មៅ មុំ អាយុ ២៦ឆ្នាំ ដែល​ត្រូវ​ទាហាន​ថៃ​បាញ់​ស្លាប់ និង​ឈ្មោះ អាន វិត រងរបួស ពេល​ចូល​ទៅ​កាប់​ឈើ​ក្រញូង​ក្នុង​ដី​ថៃ នៅ​ថ្ងៃ​ទី២៤ ខែ​មេសា ឆ្នាំ២០១៩។
រូប៖ ហ្វេសប៊ុក Narongboy Chamrong Real

សាច់​ញាតិ​របស់​បុរស​ម្នាក់ នៅ​ស្រុក​ក្រវាញ​ខេត្ត​ពោធិ៍សាត់​ត្អូញ​ថា ពួក​គាត់​គ្មាន​លទ្ធភាព​ទៅ​យក​សព​ជន​រង​គ្រោះ​ដែល​ទាហាន​ថៃ​បាញ់​សម្លាប់​ យក​មក​ធ្វើ​បុណ្យ​នៅ​ស្រុក​កំណើត​ទេ ហើយ​បាន​ស្នើសុំ​សមត្ថកិច្ច​ពាក់ព័ន្ធ​ឱ្យ​ជួយ​នាំ​សាកសព​មក​ធ្វើ​បុណ្យ​ឱ្យ​បាន​ឆាប់។ ពលរដ្ឋ​ខ្មែរ ២នាក់ ត្រូវ​បាន​​ទាហាន​ថៃ​បាញ់​ស្លាប់​ម្នាក់ និង​របួស​ធ្ងន់​ម្នាក់ ខណៈ​ពួក​គេ​លួច​ឆ្លង​ដែន​ទៅ​កាប់​ឈើ​ក្នុង​ទឹក​ដី​ថៃ​ខុសច្បាប់​កាល​ពី​ថ្ងៃ​ទី២៤ មេសា។​

បងស្រី​បង្កើត​របស់​ជន​រង​គ្រោះ​ អ្នក​ស្រី ម៉ៅ ណាត ថ្លែង​ប្រាប់​អាស៊ី​សេរី​នៅ​រសៀល​ថ្ងៃ​ទី២៦ មេសា​ថា ប្អូន​ប្រុស​របស់​អ្នក​ស្រី​ឈ្មោះ មៅ មុំ អាយុ​ ២៦ឆ្នាំ ទើប​តែ​ចេញ​ពី​ផ្ទះ​ជា​មួយ​អ្នក​ភូមិ​ក្បែរ​ខាង​ចំនួន​៧​នាក់​ នាំ​គ្នា​ឆ្លងដែន​ទៅ​​កាប់​ឈើ​ក្រញូង​នៅ​ខេត្ត​ត្រាត (Trat) ប្រទេស​ថៃ ប្រមាណ​ ១សប្ដាហ៍​កន្លង​ទៅ ហើយ​ក៏​ត្រូវ​​ទាហាន​ថៃ​បាញ់​ស្លាប់​នៅ​ទីនោះ​តែ​ម្ដង។ លោក​ស្រី​បន្ត​ថា លោក​ស្រី​នឹង​ម្ដាយ​មាន​ការ​ស្លុត​ចិត្ត​យ៉ាង​ខ្លាំង បន្ទាប់​ពី​ប៉ូលិស​ស្រុក​ក្រវាញ​បាន​នាំ​ដំណឹង​នេះ​ប្រាប់​ពួក​គាត់​ថា ​ប្អូន​ប្រុស​ត្រូវ​ទាហាន​ថៃ​បាញ់​ស្លាប់​កាល​ពី​ថ្ងៃ​ទី២៥ មេសា​នោះ។ លោក​ស្រី​បន្ត​ថា ខាង​ក្រុម​គ្រួសារ​គ្មាន​លទ្ធភាព​ទៅ​យក​សព​មក​ធ្វើ​បុណ្យ​ដោយ​ខ្លួន​ឯង​នោះ​ទេ ព្រោះ​ជីវភាព​ក្រីក្រ​ ហើយ​ម្ដាយ​ធ្លាក់​ខ្លួន​ឈឺ​ឱ្យ​គ្រូ​ពេទ្យ​ដាក់​សេរ៉ូម​ព្យាបាល​នៅ​ផ្ទះ៖ «ចូល​ឆ្នាំ​ហើយ​ទៅ​តាម​គេ​បណ្ដោយ​ ហើយ​ទៅ​នឹង​ខ្ចី​លុយ​គេ ២០ម៉ឺន​រៀល។ ទាហាន​ថៃ​បាញ់​នៅ​ក្នុង​ព្រៃ​ដែល​ប្អូន​ខ្ញុំ​កំពុង​ស្ពាយ​ឈើ។ សមត្ថកិច្ច​ប្រាប់​ឱ្យ​ខ្ញុំ​ទៅ​យក​សព ប៉ុន្តែ​ខ្ញុំ​មិន​មាន​លុយ​ទៅ​ទេ​ ដោយសារ​ខ្ញុំ​ខ្វះ​ខាត​ ហើយ​ម៉ែ​ខ្ញុំ​ក៏​អត់​លុយ​ដែរ​ ព្រោះ​គាត់​មេម៉ាយ​ ហើយ​គាត់​ឈឺ​ទៀត។ ដល់​ពេល​ដឹង​ថា​ កូន​ស្លាប់​កាន់​តែ​ឈឺ​ខ្លាំង»

លោកស្រី​បន្ត​ថា ប្អូន​របស់​ខ្លួន​​មិន​ធ្លាប់​ឆ្លងដែន​ទៅ​កាប់​ឈើ​នៅ​ប្រទេស​ថៃ​នោះ​ទេ គឺ​ដោយសារ​តែ​ជីវភាព​ក្រីក្រ​ ហើយ​នៅ​ផ្ទះ​គ្មាន​ការងារ​ធ្វើ បាន​ជា​លោក មៅ មុំ សម្រេច​ចិត្ត​ឆ្លង​ដែន​ទៅ​ជា​មួយ​អ្នក​ភូមិ​នោះ។​

អាស៊ី​សេរី​មិន​អាច​ទាក់​ទង​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ លោក កេត សុផាន់​ និង​អភិបាល​ខេត្ត​កោះកុង​ អ្នក​ស្រី​ មិថុនា ភូថង ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំ​ការ​ស្នើ​សុំ​ជំនួយ​ពី​គ្រួសារ​សព​ឱ្យ​សមត្ថកិច្ច ទៅ​យក​សព​ជន​រង​គ្រោះ​បាន​ទេ នៅ​ថ្ងៃ​ទី២៦ មេសា ដោយ​ទូរស័ព្ទ​ពុំ​មាន​អ្នក​ទទួល។​

ចំណែក​ជំទប់​ទី១ ឃុំ​សំរោង ស្រុក​ក្រវាញ លោក ជុំ ផន មាន​ប្រសាសន៍​ប្រាប់​អាស៊ី​សេរី​ថា ខាង​ឃុំ​ក៏​មិន​មាន​លទ្ធភាព​ទៅ​យក​សាកសព​ជន​រង​គ្រោះ​មក​ធ្វើ​បុណ្យ​នៅ​ឯ​ស្រុក​កំណើត​ខេត្ត​ពោធិ៍សាត់​បាន​ដែរ ដោយសារ​ពុំ​មាន​មធ្យោបាយ​ដឹក​សព​ និង​គ្មាន​ថវិកា៖ «ខ្ញុំ​ផ្ដល់​គំនិត​ឱ្យ​គាត់​ទៅ​ទំនាក់​ទង​គេ​នៅ​ព្រំដែន​ ហើយ​សូម​ពឹង​ប៉ូលិស​ព្រំដែន​ឱ្យ​ជូន​ទៅ​រក​អ្នក​ដែល​ស្លាប់ ​និង​អ្នក​របួស​នៅ​កន្លែង​នោះ។ បាទ បើ​ថា​គាត់​ទៅ យើង​មាន​តែ​លិខិត​ស្នាម​ជូន​គាត់ តែ​រឿង​លុយ​កាក់​វា​អត់ មាន​តែ​ចាំ​មើល​ពិភាក្សា​គ្នា​បន្ត​ទៀត»

លោក​បន្ត​ថា ពលរដ្ឋ​ខ្មែរ ២នាក់ រួម​មាន​ឈ្មោះ មៅ មុំ និង ឈ្មោះ អាន វិត ភេទ​ប្រុស អាយុ ២៤ឆ្នាំ រស់​នៅ​ភូមិ​ព្រែក២ ឃុំ​សំរោង ត្រូវ​បាន​ទាហាន​ថៃ​បាញ់​សម្លាប់​ម្នាក់ និង​ម្នាក់​ទៀត​របួស​ធ្ងន់ ខណៈ​ដែល​ពួកគេ​ឆ្លង​ដែន​ទៅ​កាប់​ឈើ​នៅ​ខេត្ត​ត្រាត​ប្រទេស​ថៃ កាល​ពី​ថ្ងៃ​ទី២៤ មេសា។ លោក​ថា សាកសព​រក្សា​ទុក​នៅ​ប្រទេស​ថៃ ហើយ​អ្នក​របួស​កំពុង​សម្រាក​ព្យាបាល​នៅ​ថៃ​មិន​ទាន់​ត្រឡប់​មក​កម្ពុជា​នៅ​ឡើយ​ទេ។

មន្ត្រី​ស៊ើបអង្កេត​ផ្នែក​សិទ្ធិមនុស្ស​អង្គការ លីកាដូ (Licadho) ប្រចាំ​ខេត្ត​ពោធិ៍សាត់ លោក កែម គិមស្រ៊ន់ ចាត់​ទុក​បញ្ហា​នេះ​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​មក​លើ​ពលរដ្ឋ​ខ្មែរ ព្រោះ​សមត្ថកិច្ច​ថៃ​អាច​ចាប់​ពួកគាត់​ផ្ដន្ទាទោស​តាម​ច្បាប់ ដោយ​មិន​ត្រូវ​បាញ់​សម្លាប់​បែប​នេះ​ទេ។ លោក​បន្ត​ថា រដ្ឋាភិបាល​កម្ពុជា​ត្រូវ​ទាមទារ​ទៅ​ភាគី​ថៃ​ឱ្យ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ស្លាប់​នេះ៖ «ហើយ​សិន​ជា​អាជ្ញាធរ​យើង​មិន​ព្រម​ទប់​ស្កាត់​មិន​ព្រម​ជជែក​គ្នា​ជា​មួយ​ភាគី​ថៃ​សោះ​ ហើយ​បណ្ដោយ​ឱ្យ​តែ​ពលរដ្ឋ​ខ្មែរ​ចូល​ដី​ថៃ​គេ​បាញ់​ស្លាប់​ដូច្នេះ វា​ហាក់​បី​ដូច​ជា​ស្លាប់​ជីវិត​មនុស្ស​​​មួយ​មិន​មាន​អ្នក​ណា​ទទួល​ខុស​ត្រូវ​អីចឹង។ ហើយ​អង្គការ លីកាដូ យើង​មាន​តែ​ការ​ជំរុញ​និង​ស្នើ​ឱ្យ​កម្ពុជា​យើង​ទេ​មាន​វិធានការ​ទប់​ស្កាត់​ឬ​អប់រំ​ទប់​ស្កាត់​ឱ្យ​ពលរដ្ឋ​យើង​ឱ្យ​គាត់​បាន​យល់​ដឹង​បញ្ហា​ឆ្លងដែន​ទៅ​ប្រទេស​ថៃ​នោះ»

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​បន្ត​ទៀត​ថា​ បញ្ហា​នេះ​អាជ្ញាធរ​ពាក់ព័ន្ធ​ក៏​ត្រូវ​ទៅ​ដឹក​សាកសព​ជន​រង​គ្រោះ​មក​ឱ្យ​សាច់​ញាតិ ដើម្បី​ពួក​គាត់​យក​ទៅ​បុណ្យ​តាម​ព្រះពុទ្ធសាសនា​ដែរ​ ព្រោះ​ជា​អាជ្ញាធរ​ដែន​ដី​មើល​ការ​ខុស​ត្រូវ​ពលរដ្ឋ ទទួល​ប្រាក់​ខែ​ពី​រដ្ឋ ដែល​ប្រជាពលរដ្ឋ​បាន​បង់​ពន្ធ​ជូន​រដ្ឋ​នោះ។ លោក​បន្ត​ថា ចាប់​តាំង​ពី​ឆ្នាំ២០១៨ មក គឺ​នេះ​ជា​ករណី​ទី២ ក្នុង​ខេត្ត​ពោធិ៍សាត់ ដែល​ទាហាន​ថៃ​បាញ់​ស្លាប់​ពលរដ្ឋ​ខ្មែរ​ដែល​ឆ្លងដែន​ទៅ​កាប់​ឈើ​ក្រញូង​ក្នុង​ទឹក​ដី​ថៃ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល