មតិ​ពលរដ្ឋ​ ​ជុំវិញ​​ការ​ហាមប្រាម​អ្នកស្រី រ៉ូណា ស្មីត ​មិន​ឲ្យ​ជួប​លោក កឹម សុខា ជា​លើក​ទី​៣

ដោយ វ៉ែន សុមេធ
2019-05-01
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ ទទួល​បន្ទុក​​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មានកាល​ពី​ថ្ងៃ​ទី១៨ ខែ​សីហា ឆ្នាំ​២០១៧។
អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ ទទួល​បន្ទុក​​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មានកាល​ពី​ថ្ងៃ​ទី១៨ ខែ​សីហា ឆ្នាំ​២០១៧។
Photo: RFA

យុវជន កម្មករ និស្សិត គ្រូ​បង្រៀន និង​អាជីវករ​ សម្ដែង​ការ​មិន​ពេញ​ចិត្ត​ជុំវិញ​ការ​បដិសេធ​សំណើ​​​របស់​អ្នក​ស្រី រ៉ូណា ស្មីត (Rhona Smit) អ្នក​រាយការណ៍​ពិសេស​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហប្រជាជាតិ ​ក្នុង​ការ​ចូល​ជួប​សួរ​សុខ​ទុក្ខ​​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ឃុំឃាំង​ក្នុង​ផ្ទះ។ ពួក​គេ​ជំរុញ​ឲ្យ​របប​ក្រុង​ភ្នំពេញ អនុញ្ញាត​ឲ្យ​អ្នកស្រី រ៉ូណា ស្មីត បាន​ជួប​​លោក កឹម សុខា ដើម្បី​ជួយ​សម្រប​សម្រួល​វិបត្តិ​នយោបាយ និង​បញ្ហា​ប្រឈម​​ពី​សំណាក់​សហគមន៍​អន្តរ​ជាតិ។

យុវជន​រស់​នៅ​រាជធានី​ភ្នំពេញ លោក ខាន់ ភូមិន្ទ យល់​ថា ​រដ្ឋាភិបាល​គួរ​តែ​អនុញ្ញាត​ឲ្យ​អ្នកស្រី រ៉ូណា ស្មីត បាន​ចូល​ជួប​​លោក កឹម សុខា ព្រោះ​ថា ការ​បើក​ឲ្យ​មាន​ជំនួប​នោះ នឹង​អាច​ដោះស្រាយ​វិបត្តិ​នយោបាយ​កំពុង​ជាប់​គាំង ក៏​អាច​ថា​បាន។ យុវជន​រូប​នេះ យល់​ថា បើ​រដ្ឋាភិបាល​មិន​ព្រម​ឲ្យ​ អ្នកស្រី រ៉ូណា ស្មីត ជួប លោក កឹម សុខា ធ្វើ​ឲ្យ​រដ្ឋាភិបាល​កាន់​តែ​ប្រឈម​កេរ្តិ៍​ឈ្មោះ​ល្បី​ខាង​រំលោភ​សិទ្ធិ​មនុស្ស៖ «យោបល់​ខ្ញុំ ជា​ពលរដ្ឋ​ម្នាក់ ហើយ​ក៏​មិន​កាន់​ជើង​បែប​ណា បែប​ណី​ដែរ។ ខ្ញុំ​គាំទ្រ​ដំណើរ​ទស្សនៈ​កិច្ច​របស់​លោកស្រី រ៉ូណា ស្មីត ហើយ​សង្ឃឹម​ថា ភាព​ជាប់​គាំង​នយោបាយ ក៏​ដូចជា​សិទ្ធិ​មនុស្ស​កម្ពុជា​នឹង​ប្រព្រឹត្តិ​ទៅ​ដោយ​រលូន​ជាង​នេះ។ មាន​ន័យ​ថា ឥឡូវ​​ក៏​យើង​មាន​សិទ្ធិ​ដែរ តែ​ចង់​ឲ្យ​មាន​ភាព​ប្រសើរ​ ចង់​ឲ្យ​​មាន​ភាព​មួយ​ដែល​គេ​ទទួល​ស្គាល់​ជា​អន្តរ​ជាតិ ។ មាន​ន័យ​ថា គាត់​មក​ គាត់​សម្លឹង​ស្មើ​ភាព​គ្នា គ្រប់​បក្ស​នយោបាយ​ទាំង​អស់ មិន​ថា​ បក្ស​នយោបាយ​ណា ជា​នរណា​​ទេ ប៉ុន្តែ​អ្នក​ដែល​រងគ្រោះ គឺ​គាត់​ជួយ គាត់​នឹង​​ហៅថា សម្រប​សម្រួល​ភាព​ជាប់​គាំង​​ឲ្យ​មាន​តម្លៃ​មួយ​ស្មើ​គ្នា នៅ​ក្នុង​តុ​ចរចា​មួយ​ស្នើ​គ្នា។ នេះ​ជា​តម្លៃ​ខ្ញុំ ជា​ពលរដ្ឋ​ម្នាក់​ណា​បង»

ចំណែក​គ្រូ​បង្រៀន​នៅ​ខេត្ត​តាកែវ​ម្នាក់ លោក កង លាច ប្រាប់​ថា លោក ចង់​ឲ្យ​អ្នក​រាយការណ៍​សិទ្ធិ​មនុស្ស​បាន​ជួប​មេ​បក្ស​ប្រឆាំង លោក កឹម សុខា ដើម្បី​អាច​ពាំនាំ​សារ​របស់​លោក កឹម សុខា ប្រាប់​ទៅ​រដ្ឋាភិបាល​ និង​សហគមន៍​អន្តរជាតិ៖ «ជា​ទស្សនៈ​របស់​ខ្ញុំ គឺ​ខ្ញុំ​ចង់​ឲ្យ​លោកស្រី រ៉ូណា ស្មីត ​បាន​ជួប​លោក កឹម សុខា។ បាទ​ ចង់​ឲ្យ​គាត់​ជួប​បាទ ព្រោះ​ខ្ញុំ​យល់​ថា លោក កឹម សុខា គាត់​ជា​អ្នក​ទោស​មនសិការ អ៊ីចឹង​ទៅ​ណា។ បើ​សិន​​លោកស្រី រ៉ូណា ស្មីត គាត់​បាន​មក​ជួប គាត់​អាច​ផ្ដល់​ជា​យោបល់​ ឬ​គំនិត​អ្វី សម្រាប់​ពាំនាំ​ទៅ​​ខាង​ក្រៅ ឬ​ក៏​ការ​គោរព​សិទ្ធិ​អ៊ីចឹង​ណា»

ឯ​និស្សិត​សាកល​វិទ្យាល័យ នៅ​រាជធានី​ភ្នំពេញ លោក យឿ ឌីនិត យល់​ថា ការ​បដិសេធ​សំណើ​របស់​អ្នក​រាយការណ៍​ពិសេស​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស ដោយសារ​រដ្ឋាភិបាល​ចង់​បង្អួត​ប្រាប់​សហគមន៍​អន្តរ​ជាតិ​ថា ខ្លួន​មិន​ខ្វល់​នឹង​ការ​រិះគន់​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា៖ «សម្រាប់​ខ្ញុំ ការ​មិន​អនុញ្ញាត​ឲ្យ​អ្នកស្រី រ៉ូណា ស្មីត ចូល​ជួប​អ៊ីចឹង​ វា​​ហាក់​ដូចជា​បង្ហាញ​ថា យើង​កំពុង​ជួប​​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​មែន​ហើយ បាន​យើង​មិន​ឲ្យ​អ្នក​រាយការណ៍​​សិទ្ធិ​មនុស្ស​​ចូល​ជួប ឯក​ឧត្ដម កឹម សុខា។ ដល់​អ៊ីចឹង វា​រឹត​តែ​បង្ហាញ​ទៅ​មតិ​ជាតិ និង​អន្តរ​ជាតិ​ថា យើង​កំពុង​ជួប​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​ហើយ»

កម្មករ​រោងចក្រ ​ប៊ូវឃ័រ (bowker) នៅ​ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល លោក ឡឹក សុភ័គ្រ យល់​ថា រដ្ឋាភិបាល​គួរ​ផ្ដល់​សិទ្ធិ​ស្រប​ច្បាប់ ឲ្យ​អ្នកស្រី រ៉ូណា ស្មីត​ ជួប​លោក កឹម សុខា ព្រោះ​ថា លោក កឹម សុខា អាច​មាន​មាន​គំនិត​ល្អ ស្នើសុំ​អ្នកស្រី ស្មីត​ ដើម្បី​ជួយ​បញ្ចុះ​បញ្ចូល​សហភាព​អឺរ៉ុប​កុំ​ឲ្យ​ផ្ដាច់​ការ​អនុគ្រោះ​ពន្ធ អ៊ី.ប៊ី.អេ (EBA)។ កម្មករ​រូប​នេះ ចង់​ឲ្យ​រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​មាន​ជំនួប​ ព្រោះ​​លោក កឹម សុខា ​មិន​ត្រឹម​ជា​​​អ្នក​នយោបាយ​ទេ តែ​គាត់​​បាន​រួម​ចំណែក​ជួយ​ជំរុញ​ឲ្យ​​មាន​ការ​ដំឡើង​ប្រាក់​ខែ​កម្មករ​រាល់​ឆ្នាំ ទោះ​ម្ដង ២០ ឬ ៣០ដុល្លារ​ក៏​ដោយ៖ «បើ​សិន​ជា​គាត់​ បាន​ជួប​វា​ល្អ ព្រោះ​គាត់​​បើ​តាម​និយាយ​ទៅ គឺ​អ្នក​ស្នេហា​ជាតិ»

អាជីវ​​ករ​ម្នាក់​​ រស់​នៅ​សង្កាត់​ដង្កោ​ រាជធានី​ភ្នំពេញ លោក តារា វិច្ឆ័យ យល់​ថា នេះ​ជា​ការ​បង្ហាញ​ថា រដ្ឋាភិបាល​កំពុង​តែ​​គំរាម​កំហែង​ធ្ងន់ធ្ងរ​លើ​​​សេរីភាព​ នៅ​កម្ពុជា៖ «អ៊ីចឹង ចេះ​តែ​អួត​ប្រាប់​គេ​ថា កម្ពុជា​នីតិ​រដ្ឋ​អ្វី តាម​ការ​ពិត​មើល​គ្រាន់​តែ​លោកស្រី រ៉ូណា ស្មីត គាត់​ចង់​ជួប លោក​ប្រធាន​ កឹម សុខា បំបិទ​សិទ្ធិ​គាត់ មិន​ឲ្យ​ជួប ​ហើយ​ចេះ​តែ​អួត​ប្រាប់​គេ ថា​ម្ដេច​ទៅ? អ៊ីចឹង ក្នុង​នាម​ខ្ញុំ​ជា​ប្រជា​ពលរដ្ឋ យល់​ថា លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា កាន់​តែ​ដើរ​ថយ​ក្រោយ​មែន​ទែន​ហើយ»

នេះ​ជា​លើក​ទី​៣​ ហើយ​ ដែល​អាជ្ញាធរ និង​តុលាការ​នៃ​របប​ឯក​បក្ស បដិសេធ​សំណើ​អ្នកស្រី រ៉ូណា ស្មីត សុំ​ជួប​លោក កឹម សុខា នៅ​ទីតាំង​ឃុំ​ខ្លួន ទាំង​ក្នុង​ពន្ធនាគារ​ត្រពាំងផ្លុង នៅ​ជាប់​ព្រំដែន​កម្ពុជា វៀតណាម និង​ក្នុង​គេហដ្ឋាន​របស់​លោក នៅ​ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល