ពន្ធនាគារ​ថា គ្មាន​លទ្ធភាព​យក​លោក គិត ធាង និង​លោក ថោង សារ៉ាត់ ចូល​ពន្ធនាគារ​វិញ

ដោយ មួង ណារ៉េត
2019-09-01
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក គិត ធាង ម្ចាស់​អាជីវកម្ម​ក្លឹប​កម្សាន្ត រ៉ក់
លោក គិត ធាង ម្ចាស់​អាជីវកម្ម​ក្លឹប​កម្សាន្ត រ៉ក់
រូបពី​ហ្វេសប៊ុក៖ Royal Finanancial Corp

អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ អះអាង​ថា មិន​មាន​លទ្ធភាព​នាំ​ខ្លួន​ម្ចាស់​ក្លឹប​កម្សាន្ត​រ៉ក់ (ROCK) ឧកញ៉ា គិត ធាង ដែល​ជាប់ចោទ​ពី​បទ​សម្រួល​ឱ្យ​មានការ​ប្រើ​គ្រឿង​ញៀន ក្នុង​ក្លឹប​កម្សាន្ត​របស់​ខ្លួន និង​ឧកញ៉ា ថោង សារ៉ាត់ ដែល​ជាប់ចោទ​ពី​បទ​សម្លាប់​មនុស្ស​នោះ ចូល​ទៅ​ពន្ធនាគារ​វិញ​ឡើយ ក្រោយពី​ឧកញ៉ា​ទាំងពីរ​នេះ ស្នើសុំ​ចេញ​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរ ពេទ្យ​ធំៗ​របស់​រដ្ឋ​ជាច្រើន​ខែ​មក​ហើយ។ មន្ត្រី​សិទ្ធិមនុស្ស​យល់​ថា ករណី​នេះ​អាច​មាន​អំពើពុករលួយ​ជា​ប្រព័ន្ធ ព្រោះ​អ្នកទោស​ធម្មតា ឬ​អ្នកទោស​មនសិការ​មិន​ងាយ​ទទួល​បាន​សិទ្ធិ​ពិសេស​ដើម្បី​ដេក​ព្យាបាល​ជំងឺ​ក្រៅ​គុក​បែបនេះ​ទេ។

អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ លោក នុត សាវនា ប្រាប់​អាស៊ីសេរី​ថា ជនជាប់ចោទ​លោក​ឧកញ៉ា គិត ធាង និង​លោក ឧកញ៉ា ថោង សារ៉ាត់ មិន​ទាន់​ត្រូវ​បាន​សមត្ថកិច្ច​នាំ​ខ្លួន​ទៅ​ឃុំ​នៅ​ពន្ធនាគារ​នៅឡើយ​ទេ ដោយសារតែ​ឧកញ៉ា​ទាំងពីរ​នេះ បន្ត​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ធំៗ ​របស់​រដ្ឋ​ក្នុង​ក្រុងភ្នំពេញ។ លោក​លើក​ឡើង​ដដែលៗ​ ថា ពន្ធនាគារ​​គ្មាន​លទ្ធភាព​នាំ​ខ្លួន​ជនជាប់ចោទ​ទាំងពីរ​ចូល​ពន្ធនាគារ​នោះ​ទេ ប្រសិនបើ​ខាង​មន្ទីរពេទ្យ​មិន​ចេញ​លិខិត​អនុញ្ញាត​។ លោក​មើល​ឃើញ​ថា ស្ថានភាព​របស់​ឧកញ៉ា​ទាំង​ពីរ​​នេះ មិន​ធ្ងន់ធ្ងរ​អ្វី​នោះ​ទេ ប៉ុន្តែ​លោក​ក៏​មិន​ដឹង​ថា តើ​មូលហេតុ​អ្វី​ទើប​ខាង​មន្ទីរពេទ្យ​បន្ត​ឱ្យ​អ្នក​ទាំងពីរ​សម្រាក​ព្យាបាល​ទៀត​នោះ​ដែរ៖ «នៅ​មន្ទីរពេទ្យ​នៅឡើយ។ សួរ​ខាង​មន្ទីរ​ពេទ្យ​ទើប​ច្បាស់។ យើង​មិន​ទាន់​មាន​គោលការណ៍​អី​ពិនិត្យ​រឿង​នេះ​ឡើងវិញ​ទេ ចាំ​មើល​ខ្ញុំ​សួរ​ថ្នាក់ដឹកនាំ​សិន ថា​តើ​យើង​មាន​វិធានការ​យ៉ាងម៉េច​ចំពោះ​ករណី​នេះ ប៉ុន្តែ​ក្នុង​ពេល​នេះ​យើង​នៅតែ​ចាំ​ស្ដាប់​ខាង​ពេទ្យ​សិន។ ខ្ញុំ​មិន​អាច​មើល​នឹង​ភ្នែក​សន្និដ្ឋាន​បានទេ តែ​ស្ថានភាព​គាត់​ដូចជា​មិន​ដុនដាប​ពេក​ទេ»

លោក​ឧកញ៉ា គិត ធាង ត្រូវ​បាន​បញ្ជូន​ចេញ​ពី​ពន្ធនាគារ​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​រុស្ស៊ី​តាំងពី​ថ្ងៃ​ទី​១ ខែ​មេសា ឆ្នាំ​២០១៩ ក្រោម​ហេតុផល​ថា មាន​ជំងឺ​សួត និង​ស្ទះ​ដង្ហើម បន្ទាប់​ពី​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ស្នងការ​រាជធានី​ភ្នំពេញ ឬ​ហៅថា ពន្ធនាគារ ប៉េ​ហ្ស៊ី (PJ) រយៈពេល​ប្រមាណ​កន្លះ​ខែ​។​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចោទប្រកាន់​លោក​គិត ធាង ពី​បទ​សមគំនិត​និង​ចាត់ចែង​សម្រួល​ឱ្យ​មាន​ការប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារជាតិ​ញៀន នៅ​ក្នុង​ក្លឹប​កម្សាន្ត​រ៉ក់​របស់​លោក។

ចំណែក​លោក​ឧកញ៉ា ថោង សារ៉ាត់ ដែល​ត្រូវ​បាន​តុលាការ ចាប់​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​កាលពី​ថ្ងៃ​ទី ១៧ ខែ​មេសា ឆ្នាំ​២០១៥​នោះ ត្រូវ​បាន​គេ​រាយការណ៍​ថា ដេក​ក្នុង​ពន្ធនាគារ​មិន​បាន​មួយ​សប្ដាហ៍​ផង ស្រាប់តែ​ត្រូវ​បាន​បញ្ជូន​ទៅ​រស់នៅ​បន្ទប់​វីអាយភី (VIP) នៅ​មន្ទីរ​ពេទ្យរុស្ស៊ី ស្ថិតនៅ​ក្បែរ​គម្រោង​ខុនដូ​របស់​លោក ក្រោម​ហេតុផល​ថា មាន​ជំងឺ​ច្រើន​មុខ​ដូច​ជា​មាន​ជំងឺ​លើសឈាម វិលមុខ និង​មាន​សតិ​មិនល្អ ដោយសារ​ភ័យខ្លាច​ជាប់​ក្នុង​គុក។ បន្ទាប់ពី​រស់នៅ​ក្នុង​មន្ទីរពេទ្យ​រុស្ស៊ី​យូពេក លោក ថោង សារ៉ាត់ បាន​ផ្លាស់ប្ដូរ​ទៅ​រស់​នៅ​​ក្នុង​មន្ទីរពេទ្យ​ព្រះ​កុសមៈ​វិញ​ម្ដង កាលពី ខែ​មេសា ឆ្នាំ​២០១៧ ។ សារព័ត៌មាន​ក្នុងស្រុក​ចុះផ្សាយ​ថា នៅ​មន្ទីរ​ព្រះកុសមៈ​នេះ លោក ថោង សារ៉ាត់ បាន​ចំណាយ​លុយ​ផ្ទាល់​ខ្លួន​​រាប់​ម៉ឺន​ដុល្លារ​សម្រាប់​សាងសង់​បន្ទប់​ឯកជន​ដ៏​ទំនើប​មួយ​សម្រាប់​រស់នៅ។

លោក ថោង សារ៉ាត់ និង​អង្គរក្ស ៤​នាក់ ត្រូវ​បាន​តុលាការ​ក្រុងភ្នំពេញ​ផ្ដន្ទាទោស​ឱ្យ​ជាប់ពន្ធនាគារ​ម្នាក់ៗ ​អស់​មួយ​ជីវិត ដោយ​ចោទ​ពី​បទ​ឃាតកម្ម​គិតទុក​ជាមុន និង​បទ​សម​គំនិត​​ក្នុង​សំណុំរឿង​បាញ់សម្លាប់​ឧកញ៉ា អ៊ឹង ម៉េងជឺ ដែល​ជា​ថៅកែ​ស៊ីម៉ងត៍​ត្បូងពេជ្រ។

នាយក​មន្ទីរពេទ្យ​ព្រះកុសមៈ លោក​វេជ្ជបណ្ឌិត តាន់ សុគន្ធ ទទួលស្គាល់​ថា លោក​ឧកញ៉ា ថោង សារ៉ាត់ ពិត​ជា​កំពុង​រស់នៅ​ក្នុង​មន្ទីរពេទ្យ​ព្រះ​កុសមៈ​មែន តែ​លោក​សុំ​មិន​និយាយ​​អ្វី​ច្រើន​ទេ ដោយ​រង់ចាំ​សួរ​មន្ត្រី​ជំនាញ​ជាមុន​សិន​។ អាស៊ីសេរី បាន​ព្យាយាម​ទូរស័ព្ទ​ទៅ​ច្រើនដង​ទៀត​ដែរ ប៉ុន្តែ​លោក​មិន​ទទួល​ទូរស័ព្ទ​តាម​ការសន្យា​ឡើយ៖ «បាទ​!​តែ​ខ្ញុំ​សុំទោស​ដែរ​ដោយសារ​ការងារ​នេះ​ជា​ការ​ងារ​ជំនាញ ហើយ​ចាំ​ខ្ញុំ​សួរ​ជំនាញ​យ៉ាង​ម៉េចៗ​សិន»

អាស៊ីសេរី​ក៏បាន​ព្យាយាម​ទាក់ទង​សុំ​ការ​បំភ្លឺ​រឿង​នេះ​ពី​នាយក​មន្ទីរ​ពេទ្យ​រុស្ស៊ី លោក ងី ម៉េង និង​ប្រធាន​ផ្នែក​សេវា​នៃ​មន្ទីរ​ពេទ្យរុស្ស៊ី​លោក អ៊ា សុខហេង ដែរ ប៉ុន្តែ​ទូរស័ព្ទ​ចូល​ជា​ច្រើនដង មិន​មាន​អ្នក​ទទួល ។

កន្លងមក​សារព័ត៌មាន​ក្នុងស្រុក​ចុះផ្សាយ​ដោយ​ស្រង់​សម្ដី​បុគ្គលិក​ពេទ្យ​ថា ឧកញ៉ា​ទាំងពីរ​មាន​សាច់ឈាម​ស្រស់ថ្លា មិន​មាន​ឈឺ​អ្វី​ធ្ងន់ធ្ងរ​នោះ​ទេ ប៉ុន្តែ​បុគ្គលិក​ពេទ្យ​រូប​នោះ ងឿង​ឆ្ងល់​​ថា តើ​ហេតុអ្វី​បានជា​ខាង​ពន្ធនាគារ​មិន​យក​ឧកញ៉ា​ទាំងពីរ​ទៅ​ពន្ធនាគារ​វិញ។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា ខាង​ពន្ធនាគារ និង​មន្ទីរពេទ្យ​តែងតែ​ឆ្លើយ​ដាក់គ្នា​ទៅវិញ​ទៅមក ប៉ុន្តែ​លោក​យល់ថា វា​ជា​សមត្ថកិច្ច​របស់​មន្ទីរ​ពេទ្យ​ច្រើនជាង​។ លោក​បន្ត​ថា អ្នក​ជាប់ពន្ធនាគារ មិន​ទទួល​បាន​សេវា​ថែទាំ​សុខភាព​ស្មើគ្នា​នោះ​ទេ ដោយ​អ្នកទោស​ក្រីក្រ និង​អ្នក​ទោស​នយោបាយ កម្រ​នឹង​ខាង​ពន្ធនាគារ​បញ្ជូន​ចេញទៅ​ព្យាបាល​នៅ​ខាងក្រៅ​ណាស់ គឺ​ទាល់តែ​ជំងឺ​នោះ​ធ្ងន់ធ្ងរ​មិន​អាច​ជៀស​បាន ទើប​បញ្ជូន​ទៅ​ពិនិត្យ រួច​ឱ្យ​ថ្នាំ ហើយ បញ្ជូន​ត្រឡប់​ទៅ​ពន្ធនាគារ​វិញ។ ដោយឡែក អ្នកមាន​លុយ​មានអំណាច​វិញ អាច​ទទួល​បាន​ការ​អនុញ្ញាត​ឱ្យ​សម្រាក​ព្យាបាល​នៅ​ក្រៅ​ពន្ធនាគារ​បាន​យូរ ដោយ​មិន​កំណត់ពេល​ជាក់លាក់​ឡើយ​។ មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ បន្ថែម​ថា ប្រសិនបើ​ឧកញ៉ា​ទាំងនោះ​គ្មាន​ជំងឺ​អ្វី​ទេ ខាង​មន្ទីរពេទ្យ​គួរតែ​ចេញ​លិខិត​បញ្ជូន​ទៅ​ពន្ធនាគារ​វិញ​ដើម្បី​កុំ​ឱ្យ​មានការ​រិះគន់​កាន់​តែ​​ខ្លាំង៖ «ចំណុច​នេះ​វា​បង្ហាញ​ពី​ភាព​មិន​ស្មើគ្នា​ចំពោះ​មុខ​ច្បាប់​និង​ភាព​មិន​ប្រក្រតី​ដែល​ទាមទារ​ឱ្យ​មាន​គណៈកម្មការ​មួយ​ធ្វើការ​ស្រាវជ្រាវ និង​សិក្សា​ឡើងវិញ​ទៅលើ​បញ្ហា​ទាំង​អស់​​នេះ ដើម្បី​កុំ​ឱ្យ​មានការ​រិះគន់​តទៅទៀត។ ប្រសិនបើ​នៅតែ​បន្ត​អ៊ីចឹង គឺ​គេ​ថា​ការអនុវត្ត​ច្បាប់​មាន​ស្តង់ដារ​ពីរ​ហើយ សិទ្ធិ​អ្នក​ដែល​ជាប់ឃុំ​ក៏​មិន​ស្មើ​គ្នា​ដែរ​ចំពោះ​មុខ​ច្បាប់​ព្រោះ​អ្នក​ឧកញ៉ា​អ្នកមាន​លុយ​មានលទ្ធភាព​ច្រើន​ក្នុង​ការ​ស្នាក់នៅ​ខាងក្រៅ​ពន្ធនាគារ»

ករណី​អ្នកមាន​លុយ និង​អ្នក​មាន​អំណាច​ជួល​បន្ទប់​ទំនើបៗ ​របស់​មន្ទីរពេទ្យ​ធំៗ​របស់​រដ្ឋ​សម្រាប់ ស្នាក់នៅ​នេះ មាន​ច្រើន​ករណី​ណាស់ មិនមែន​តែ​លោក គិត ធាង និង​លោក ថោង សារ៉ាត់ នោះ​ទេ​។ ជា​ឧទាហរណ៍ អតីត​អភិបាលក្រុង​បាវិត​លោក ឈូក បណ្ឌិត ដែល​បាញ់រះ​លើ​ក្រុម​កម្មករ ឧកញ៉ា សុខ ប៊ុន ដែល​ប្រើ​ហិង្សា​លើ​អតីត​ពិធី​ការិនី​ទូរទស្សន៍ និង​ឧកញ៉ា តាន់ សេងហាក់ ដែល​ជាប់​ពាក់ព័ន្ធ​ការ​ជួញដូរ​គ្រឿងញៀន ជាពិសេស​គឺ​ក្រុម​ក្មួយៗ របស់​លោក ហ៊ុន សែន ដែល​ត្រូវ​បាន​ផ្ដន្ទាទោស​រឿង​បាញ់​បោះ​ដោយ​សេរី​នា​ពេល​កន្លងមក សុទ្ធតែ​បាន​រស់នៅ​ក្រៅ​ពន្ធនាគារ ក្រោម​ហេតុផល​ថា សម្រាក​ព្យាបាល​ជំងឺ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល