CWCC៖ កុមារ​តាម​ឪពុក​ម្ដាយ​ទៅ​ធ្វើ​ការ​នៅ​ថៃ​កំពុង​រង​ការ​រំលោភ​សិទ្ធិ​និង​កេង​ប្រវ័ញ្ច​ពលកម្ម

ដោយ ហង្ស សាវយុត
2017-05-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រធាន​គ្រប់គ្រង​របស់​អង្គការ​កម្ពុជា ដើម្បី​ជួយ​ស្ត្រី​មាន​វិបត្តិ ប្រចាំ​ខេត្ត​សៀមរាប លោក សួង សុភាព ផ្ដល់​បទសម្ភាសន៍​នា​ស្រុក​ក្រឡាញ់ ខេត្ត​សៀមរាប ព្រឹក​ថ្ងៃ​ទី​៣១ ខែ​ឧសភា ឆ្នាំ​២០១៧។
ប្រធាន​គ្រប់គ្រង​របស់​អង្គការ​កម្ពុជា ដើម្បី​ជួយ​ស្ត្រី​មាន​វិបត្តិ ប្រចាំ​ខេត្ត​សៀមរាប លោក សួង សុភាព ផ្ដល់​បទសម្ភាសន៍​នា​ស្រុក​ក្រឡាញ់ ខេត្ត​សៀមរាប ព្រឹក​ថ្ងៃ​ទី​៣១ ខែ​ឧសភា ឆ្នាំ​២០១៧។
RFA/Hang Savyouth

អង្គការ​កម្ពុជា ដើម្បី​ជួយ​ស្ត្រី​មាន​វិបត្តិ ដែល​ហៅ​ថា ស៊ី.ដាប់ប៊ែលយូ.ស៊ី.ស៊ី (CWCC) ប្រចាំ​ខេត្ត​សៀមរាប បាន​ប្រារព្ធ​ទិវា​សិទ្ធិ​កុមារ​អន្តរជាតិ​លើក​ទី​៦៨ នៅ​ឯ​ស្រុក​ក្រឡាញ់ ចម្ងាយ​ជាង ៦០​គីឡូម៉ែត្រ​ភាគ​ខាង​លិច​ពី​ទី​រួម​ខេត្ត ដែល​ជា​តំបន់​ជនបទ​មួយ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣១ ខែ​ឧសភា។

ការ​ប្រារព្ធ​ទិវា​សិទ្ធិ​កុមារ​នៅ​ឯ​តំបន់​ជនបទ​នេះ ដោយសារ​តែ​គេ​យល់​ឃើញ​ថា ស្រុក​ក្រឡាញ់ គឺ​ជា​ស្រុក​មួយ​ដែល​សម្បូរ​កុមារ​ចំណាក​ស្រុក​តាម​ឪពុក​ម្ដាយ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ហើយ​កុមារ​ខ្លះ​ក្នុង​ចំណោម​នោះ ក៏​ត្រូវ​បាន​គេ​រំលោភ​បំពាន​សិទ្ធិ និង​កេង​ប្រវ័ញ្ច​កម្លាំង​ពលកម្ម​ដែរ។

កុមារ និង​យុវជន ព្រម​ទាំង​ប្រជាពលរដ្ឋ​ជាង ៤០០​នាក់ បាន​ចូលរួម​ប្រារព្ធ​ទិវា​សិទ្ធិ​កុមារ​អន្តរជាតិ​លើក​ទី​៦៨ នៅ​ឯ​ភូមិ​កំពង់ថ្កូវ ស្រុក​ក្រឡាញ់ នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែ​ឧសភា។ ការ​ប្រារព្ធ​ទិវា​សិទ្ធិ​កុមារ​អន្តរជាតិ ក្រោម​ប្រធានបទ «លើក​កម្ពស់​ការ​ចូលរួម​របស់​កុមារ ដើម្បី​អភិវឌ្ឍ​សង្គម» គឺ​មាន​កុមារ​មួយ​ក្រុម​បាន​នាំ​គ្នា​សម្ដែង​រឿង​ស្ដីពី​សិទ្ធិ​នានា​របស់​ពួក​គេ។

ប្រធាន​គ្រប់គ្រង​របស់​អង្គការ​កម្ពុជា ដើម្បី​ជួយ​ស្ត្រី​មាន​វិបត្តិ ប្រចាំ​ខេត្ត​សៀមរាប គឺ​លោក សួង សុភាព។ លោក​មាន​ប្រសាសន៍​បន្ទាប់​ពី​ថ្លែង​បើក​ការ​ប្រារព្ធ​ទិវា​សិទ្ធិ​កុមារ​នោះ​ថា ខេត្ត​សៀមរាប ក៏​ជា​ខេត្ត​មួយ​ដែល​កំពុង​តែ​មាន​ប្រជាពលរដ្ឋ​ចំណាក​ស្រុក​ទៅ​ធ្វើ​ការ​នៅ​ឯ​ប្រទេស​ថៃ ក្នុង​ចំណោម​ខេត្ត​ផ្សេងៗ​ទៀត​ជាច្រើន។ ក្នុង​នោះ ស្រុក​ក្រឡាញ់ របស់​ខេត្ត​សៀមរាប ក៏​ជា​ស្រុក​មួយ​ដែល​មាន​កុមារ​ធ្វើ​ចំណាក​ស្រុក​តាម​ឪពុក​ម្ដាយ​ទៅ​ធ្វើ​ការ​នៅ​ឯ​ប្រទេស​ថៃ ច្រើន ហើយ​កុមារ​ខ្លះ​ត្រូវ​បាន​គេ​រំលោភ​សិទ្ធិ ព្រម​ទាំង​កេង​ប្រវ័ញ្ច​លើ​ពលកម្ម។

លោក សួង សុភាព បញ្ជាក់​ទៀត​ថា អង្គការ​ជា​ដៃគូ​របស់ CWCC ដែល​កំពុង​ធ្វើ​ការ​នៅ​ឯ​ប្រទេស​ថៃ បាន​រាយការណ៍​ថា កុមារ​កម្ពុជា ជាច្រើន​នាក់​ដែល​ធ្វើ​ចំណាក​ស្រុក​ទៅ​កាន់​ប្រទេស​ថៃ នៅ​តែ​បន្ត​រងគ្រោះ៖ «ទី​១ គឺ​រងគ្រោះ​ដោយសារ​ការ​កេង​ប្រវ័ញ្ច​ការងារ មិន​ត្រឹម​តែ​ពី​សំណាក់​អ្នក​ដទៃ​ទេ សូម្បី​តែ​គ្រួសារ​របស់​គាត់ ក៏​កេង​ប្រវ័ញ្ច​ដែរ។ អ៊ីចឹង​មាន​កុមារ​ខ្មែរ​ជាច្រើន​ត្រូវ​បាន​ឪពុក​ម្ដាយ សាច់ញាតិ និង​អ្នក​ដទៃ បង្ខំ​ឲ្យ​គាត់​ធ្វើ​ការ»

ក្រុម​កុមារ​សម្ដែង​ល្ខោន​ស្ដីពី​សិទ្ធិ​របស់​ពួក​គេ ក្នុង​ពេល​ប្រារព្ធ​ទិវា​សិទ្ធិ​កុមារ​អន្តរជាតិ នៅ​ស្រុក​ក្រឡាញ់ ខេត្ត​សៀមរាប ថ្ងៃ​ទី​៣១ ខែ​ឧសភា ឆ្នាំ​២០១៧។
ក្រុម​កុមារ​សម្ដែង​ល្ខោន​ស្ដីពី​សិទ្ធិ​របស់​ពួក​គេ ក្នុង​ពេល​ប្រារព្ធ​ទិវា​សិទ្ធិ​កុមារ​អន្តរជាតិ នៅ​ស្រុក​ក្រឡាញ់ ខេត្ត​សៀមរាប ថ្ងៃ​ទី​៣១ ខែ​ឧសភា ឆ្នាំ​២០១៧។ RFA/Hang Savyouth

អង្គការ​កម្ពុជា ដើម្បី​ជួយ​ស្ត្រី​មាន​វិបត្តិ​នៅ​ខេត្ត​សៀមរាប ឲ្យ​ដឹង​ថា តាម​របាយការណ៍​របស់​ក្រសួង​ការងារ​នៃ​ប្រទេស​ថៃ កាល​ពី​ឆ្នាំ​២០១៤ គឺ​មាន​កុមារ​ខ្មែរ​ចំនួន​ជាង ៤២.០០០​នាក់ បាន​តាម​ឪពុក​ម្ដាយ និង​អាណាព្យាបាល​ទៅ​ធ្វើ​ការ ហើយ​កុមារ​ទាំងនោះ​មិន​បាន​ចូល​សាលា​រៀន និង​ខ្លះ​មាន​ការ​បង្ខំ​ឲ្យ​ដើរ​សុំ​ទាន ឬ​ក៏​ត្រូវ​គេ​ជួញដូរ​កម្លាំង​ពលកម្ម ជាដើម។

អាជ្ញាធរ​ស្រុក​ក្រឡាញ់ ក៏​សម្ដែង​ការ​ព្រួយ​បារម្ភ​ចំពោះ​អនាគត​កុមារ ដែល​ធ្វើ​ចំណាក​ស្រុក​តាម​ឪពុក​ម្ដាយ​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​នោះ​ដែរ។

អភិបាល​រង​ស្រុក​ក្រឡាញ់ អ្នកស្រី គ្រឹង ស៊ាម អំពាវនាវ​ឲ្យ​អាណាព្យាបាល និង​ឪពុក​ម្ដាយ ជួយ​ចូលរួម​លើក​កម្ពស់​សិទ្ធិ​កុមារ ព្រម​ទាំង​ជួយ​ឲ្យ​ពួក​គេ​អាច​ក្លាយ​ទៅ​ជា​យុវជន និង​ពលរដ្ឋ​ល្អ​របស់​ប្រទេស​សម្រាប់​អនាគត​ផង៖ «កុមារ​ជា​ទំពាំង​ស្នង​ឫស្សី​នៃ​ប្រទេស​ជាតិ​យើង។ ដូច្នេះ​យើង​ត្រូវ​រួម​គ្នា​បញ្ឈប់​រាល់​ទម្រង់​នៃ​ការ​កេង​ប្រវ័ញ្ច​លើ​កម្លាំង​ពលកម្ម​របស់​កុមារ និង​ទម្រង់​ផ្សេងៗ​ទៀត»

អង្គការ​កម្ពុជា ដើម្បី​ជួយ​ស្ត្រី​មាន​វិបត្តិ រក​ឃើញ​ថា បច្ចុប្បន្ន ការ​រំលោភ​សិទ្ធិ​កុមារ​នៅ​ក្នុង​ប្រទេស​ក៏​នៅ​មាន​កម្រិត​ធ្ងន់ធ្ងរ​នៅ​ឡើយ ដោយ​ក្នុង​មួយ​ឆ្នាំៗ​នៅ​ទូទាំង​ប្រទេស គេ​បាន​ទទួល​ករណី​រំលោភ​សិទ្ធិ​កុមារ​ចំនួន ៥០០​ករណី។ ការ​រំលោភ​សិទ្ធិ​ទាំងនោះ​មាន​ដូចជា ចំណាក​ស្រុក​ទៅ​ធ្វើ​ការងារ និង​ការ​រំលោភ​ផ្លូវ​ភេទ ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល