ក្រសួង​បារម្ភ​រឿង​រំលោភបំពាន​ផ្លូវ​ភេទ​កុមារ​ក្នុង​វិស័យ​ទេសចរណ៍ ខណៈ​បច្ចេកវិទ្យា​កាន់តែ​ទំនើប

ដោយ ថន ថារ៉ូ
2019-08-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស (គ.ជ.ប.ជ) ក្នុង​នាទី​វេទិកា​អ្នកស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០១៦។
អ្នកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស (គ.ជ.ប.ជ) ក្នុង​នាទី​វេទិកា​អ្នកស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០១៦។
RFA

គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស សម្ដែង​ក្តី​ព្រួយបារម្ភ​រឿង​រំលោភ​បំពាន​ផ្លូវ​ភេទ​លើ​កុមារ​ក្នុង​វិស័យ​ទេសចរណ៍ ខណៈ​បច្ចេកវិទ្យា​កាន់តែ​ទំនើប ហើយ​ការ​ចែកចាយ​រូបភាព អាសអាភាស​លើ​បណ្ដាញ​សង្គម​កាន់តែ​កើន​ឡើង​។ សង្គម​ស៊ីវិល​ឯកភាព​ចំពោះ​ការ​លើកឡើង អំពី​​ក្តី​​កង្វល់​​នេះ និង​ជំរុញ​ឱ្យ​រដ្ឋាភិបាល ចាត់វិធានការ​ឱ្យ​តឹងរ៉ឹង​ជាង​មុន ដើម្បី​ធានា​ការពារ​សុវត្ថិភាព​កុមារ និង​លុបបំបាត់​ទេសចរណ៍​ផ្លូវ​ភេទ​លើ​កុមារ។

រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​​ប្រឆាំង ការ​ជួញដូរ​មនុស្ស អ្នកស្រី ជូ ប៊ុនអេង អំពាវនាវ​ឱ្យ​អ្នកប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​នានា ជាពិសេស បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ចូលរួម​ប្រើប្រាស់​ឱ្យ​បាន​ត្រឹមត្រូវ និង​មាន​ប្រយោជន៍​ដល់​សង្គមជាតិ ជៀសវាង​ការប្រើប្រាស់​ដើម្បី​កេងប្រវ័ញ្ច ឬ​អំពើ​មិន​សមរម្យ​ណាមួយ​លើ​ផ្លូវ​ភេទ​កុមារ។

ការ​អំពាវនាវ​នេះ​ធ្វើឡើង​ក្នុង​សិក្ខាសាលា​ស្តី​អំពី​កិច្ច​បង្ការ និង​ការ​ឆ្លើយ​តប​នឹង​បទល្មើស​ផ្លូវ​ភេទ លើ​កុមារ​ក្នុង​វិស័យ​ទេសចរណ៍ នៅ​ថ្ងៃ​ទី​២៧ ខែ​សីហា នា​ទីស្ដីការ​ក្រសួង​មហាផ្ទៃ។

មន្ត្រី​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ អ្នកស្រី ជូ ប៊ុនអេង កត់សម្គាល់​ឃើញ​ថា បច្ចុប្បន្ន​ការ​ចែកចាយ​រូបភាព​អាសអាភាស​នៅ​តាម​បណ្ដាញ​សង្គម ឬ​ការ​ផ្សព្វផ្សាយ​នៅ​តាម​គេហទំព័រ​នានា កំពុងតែ​កើន​ឡើង​យ៉ាង​ខ្លាំង ដែល​ករណី​នេះ ជា​កត្តា​មួយ​បង្កើត​ឱ្យ​មាន​អំពើ​រំលោភបំពាន​ផ្លូវ​ភេទ​លើ​កុមារ​។ អ្នកស្រី​បន្ត​ថា ថ្វីត្បិតតែ​កន្លងមក​ក្រសួងមហាផ្ទៃ បាន​បង្កើត​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ដើម្បី​ទប់ស្កាត់ និង​បង្ការ​បញ្ហា​នេះ​ក្តី ក៏​ចាំបាច់​ត្រូវតែ​មាន​ការចូលរួម​ពី​ស្ថាប័ន​ពាក់ព័ន្ធ និង​ដៃ​គួរ​អភិវឌ្ឍន៍​ផ្សេងៗ ជាពិសេស​អាណាព្យាបាល ត្រូវតែ​បង្កើន​ការ​យក​ចិត្តទុកដាក់​ចំពោះ​កូនៗ ​របស់​ខ្លួន​បន្ថែម​ទៀត ដើម្បី​ឈាន​ដល់​ការ​លុបបំបាត់​អំពើ​កេងប្រវ័ញ្ច និង​រំលោភបំពាន​ផ្លូវ​ភេទ​លើ​កុមារ។

គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស បាន​ដាក់​ចេញ​នូវ​វិធានការ ៣​ចំណុច​ដើម្បី​បង្ការ និង​បង្ក្រាប​ការ​ជួញដូរ​ផ្លូវ​ភេទ​លើ​កុមារ។ វិធានការ​ទាំងនោះ​រួមមាន ការ​ប៉ាន់ប្រមាណ ទៅលើ​ទំហំ​នៃ​ការ​ហូរ​ចូល​របស់​ភ្ញៀវ​ទេសចរ​ដែល​មាន​និន្នាការ​លើ​អំពើ​ពេស្យាចារ អភិវឌ្ឍ​ផ្នែក​បច្ចេកវិទ្យា និង​ផ្លាស់ប្ដូរ​ឥរិយាបថ​របស់​មនុស្ស​នៅ​ក្នុង​សង្គម ព្រមទាំង​បង្កើន​ការស្រាវជ្រាវ​ដាក់​ការសង្ស័យ​ជាមុន ដើម្បី​ត្រៀម ទប់ស្កាត់​ជាមុន​។ គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស បាន​ដាក់​ខេត្ត​ចំនួន​៥ ដែល​ត្រូវតែ​បង្កើន​ប្រព័ន្ធ​ការពារ​លើ​កុមារ ដែល​ងាយ​រងគ្រោះ ក្នុង​នោះ​មាន​ដូចជា ខេត្ត​កំពត សៀមរាប ព្រះសីហនុ និង រាជធានី​ភ្នំពេញ។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត គាំទ្រ​ចំពោះ​ការ​លើកឡើង​របស់​មន្ត្រី​ជំនាញ​ក្រសួងមហាផ្ទៃ​។ លោក​ទទួលស្គាល់​ថា កំណើន​ភ្ញៀវ​ទេសចរណ៍​បរទេស និង​ភាព​ជឿនលឿន​នៃ​បច្ចេកវិទ្យា ពិតជា​ធ្វើ​ឱ្យ​មាន​ក្តី​បារម្ភ​កាន់តែ​ធំធេង​ចំពោះ​សុវត្ថិភាព​កុមារ​។ ទោះ​យ៉ាងណា​អ្នកការពារ​សិទ្ធិមនុស្ស​រូប​នេះ ស្នើសុំ​ឱ្យ​រដ្ឋាភិបាល ត្រូវ​បង្កើន​កិច្ច​ខិតខំ​ប្រឹងប្រែង​បន្ថែម​ទៀត ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ដើម្បី​កុំ​ឱ្យ​មានការ​រិះគន់​ថា រដ្ឋាភិបាល​នៅតែ​បរាជ័យ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ហើយ​នៅតែ​ជាប់​ចំណាត់ថ្នាក់​មិនល្អ៖ «អាហ្នឹង​គឺជា​វិធានការ​មួយ​ហើយ​នៅ​ចំពោះ​មុខតែ​ខ្ញុំ​គិត​ថា គួរតែ​ហ្វឹកហ្វឺន​បន្ថែម​ទៀត​ទៅលើ​មន្ត្រី​ជំនាញ​ទាក់ទង​នឹង​បច្ចេកវិទ្យា និង​បញ្ហា​និង​ជំនាញ ផ្សេងៗ​បន្ថែម​ទៀត​ដើម្បី​ឱ្យ​រត់​ទាន់​សម័យកាល​បច្ចេកវិទ្យា​នេះ ។ ម្យ៉ាងវិញទៀត ត្រូវ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ប្រទេសជិតខាង ទាំង​ក្នុង​តំបន់​ជាពិសេស​ក្នុង​អាស៊ាន​ដើម្បី​ធ្វើការ​ទប់ស្កាត់។ យើង​បារម្ភ​ដែរ ព្រោះថា​សហរដ្ឋអាមេរិក បាន​ដាក់​យើង​ក្នុង​ចំណាត់ថ្នាក់​មួយ​ដែល​មិនទាន់​បាន​ល្អ ឬ​ចំណាត់ថ្នាក់​លេខ​២»

លោក អំ សំអាត បន្ថែម​ថា កត្តា​ដែល​ធ្វើ​ឱ្យ​មាន​ការ​រំលោភបំពាន​ និង​ជួញដូរ​ផ្លូវ​ភេទ​លើ​កុមារ​នេះ ផ្ដើម​ចេញពី​ភាពក្រីក្រ ខ្វះ​ចំណេះដឹង កង្វះ​ទីផ្សារ​ការងារ ការអនុវត្ត​ច្បាប់​ធូរ​លុង​បណ្ដោយ​ឱ្យ​ជនល្មើស​រួចខ្លួន​បញ្ហា​គ្រឿងញៀន ការ​សេព​គ្រឿង​ស្រវឹង និង​ការ​ធ្លាក់​ចុះ​នៃ​សីលធម៌​សង្គម​ជាដើម។

របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស បង្ហាញ​ថា នៅ​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០១៩ បទល្មើស​ជួញដូរ​មនុស្ស និង​អាជីវកម្ម​ផ្លូវ​ភេទ​ដែល​បង្ក្រាប​បាន​មាន ចំនួន​៧៨​ករណី ហើយ​ឃាត់ខ្លួន​ជនសង្ស័យ​បញ្ជូន​ទៅ​សាលាដំបូង​ចំនួន​ ៩៧​នាក់ ក្នុង​នោះ​មាន​ជា​ជនជាតិ​ចិន​ ១២នាក់ និង​ជនជាតិ​អាមេរិក​២​នាក់​។ រីឯ​ជនរងគ្រោះ​មាន​ចំនួន​ជិត​ ៣​រយ​នាក់ (២៦៣​នាក់​) ក្នុង​នោះ មាន​អាយុ​ក្រោម​ ១៥​ឆ្នាំ ៧០​នាក់ និង​អាយុ​ពី ១៨​ឆ្នាំ​ឡើង​ទៅ​មាន​ចំនួន ​១៦២​នាក់។

កាលពី​ខែ មិថុនាកន្លងទៅ ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​ស្តីពី​ការ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា​។ សហរដ្ឋអាមេរិក បាន​ដាក់​ឈ្មោះ​ប្រទេស​កម្ពុជា​ក្នុង​លំដាប់​ថ្នាក់​លេខ​២ ​ដែល​មានន័យថា ប្រទេស​កម្ពុជា​បាន​ប្រឹងប្រែង​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​បាន​ល្អ​គួរសម​នា​ពេល​កន្លងទៅ ក៏ប៉ុន្តែ​ការ​ប្រឹងប្រែង​នោះ​មិនទាន់​បាន​ឈាន​ដល់​កម្រិតស្តង់ដារ​ជា​អតិបរមា​​នៅ​ឡើយ​ទេ ដោយសារតែ​អំពើពុករលួយ គឺជា​ឧបសគ្គ​ក្នុង​ការ​អនុវត្ត​ច្បាប់ និង​ការ​ផ្ដន្ទាទោស​ជនល្មើស​ជួញដូរ​មនុស្ស៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល