មន្ត្រី​អាដហុក​រិះគន់​អាជ្ញាធរ​ស្រុក​លំផាត់​រឿង​រំខាន​ការ​ចែក​ខិត្តប័ណ្ណ​ផ្សព្វផ្សាយ​សិទ្ធិ​អ្នក​បោះ​ឆ្នោត

ដោយ រដ្ឋា វិសាល
2016-12-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ផែនទី​ខេត្ត​រតនគិរី។
ផែនទី​ខេត្ត​រតនគិរី។
Photo: RFA

សកម្មជន​សិទ្ធិមនុស្ស​អាដហុក (ADHOC) ប្រចាំ​ភូមិ​ដីឡូត៍ ឃុំ​ជ័យឧត្ដម ស្រុក​លំផាត់ ខេត្ត​រតនគិរី រិះគន់​មន្ត្រី​​ភូមិ ឃុំ និង​ស្រុក​មួយ​ចំនួន​ថា មិន​បាន​យល់​ត្រឹមត្រូវ​ពី​ការ​ផ្សព្វផ្សាយ​សិទ្ធិ​អ្នក​បោះ​ឆ្នោត​ដែល​រៀបចំ​ដោយ​សមាគម​អាដហុក ដើម្បី​អប់រំ​ប្រជាពលរដ្ឋ អាជ្ញាធរ​មូលដ្ឋាន​ចូល​រួម​អនុវត្ត​នីតិវិធី​បោះឆ្នោត​តាម​គោលការណ៍​របស់​គណៈកម្មការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប)។

សកម្មជន​សិទ្ធិមនុស្ស​អាដហុក ខេត្ត​រតនគិរី អំពាវនាវ​ឲ្យ​អាជ្ញាធរ​ខេត្ត​ណែនាំ​ទៅ​មន្ត្រី​មូលដ្ឋាន​ឲ្យ​ឈប់​រំខាន​ការ​ចែកចាយ​ខិត្តប័ណ្ណ​ស្ដីពី​សិទ្ធិ​អ្នក​បោះ​ឆ្នោត​សម្រាប់​ផ្ដល់​ចំណេះ​ដឹង​ដល់​ពលរដ្ឋ និង​មន្ត្រី​មូលដ្ឋាន។

ការ​អំពាវនាវ​នេះ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ខណៈ​សកម្មជន​ស្ម័គ្រចិត្ត​សមាគម​សិទ្ធិមនុស្ស​អាដហុក រង​ការ​រំខាន និង​ប្រមាថ​ពី​មន្ត្រី​មូលដ្ឋាន មាន​ប្រធាន​ភូមិ​ដីឡូត៍ មន្ត្រី​ក្រុមប្រឹក្សា​ឃុំ​ជ័យឧត្ដម និង​មន្ត្រី​ក្រុម​ប្រឹក្សា​ស្រុក​លំផាត់ ដែល​ចាត់​ទុក​ថា ការ​ផ្សព្វផ្សាយ​នេះ​ជា​រឿង​នយោបាយ។

​សកម្មជន​ស្ម័គ្រ​ចិត្ត​សមាគម​អាដហុក ភូមិ​ដីឡូត៍ លោក សំ វឿន កត់សំគាល់​ថា កាល​ពី​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ស្រប​ពេល​ដែល​មន្ត្រី​គណបក្ស​ប្រជាជន​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​នៅ​សាលាឆទាន ភូមិ​ដីឡូត៍ មន្ត្រី​ភូមិ​បាន​រារាំង​ការ​ចែក​ខិត្តប័ណ្ណ​នេះ បើ​ទោះ​បី​សកម្មជន​បាន​ផ្ដល់​ជូន​ខិត្តប័ណ្ណ​ជូន​មន្ត្រី​ទាំង​នោះ​ជួយ​ផ្សព្វផ្សាយ​ដល់​មន្ត្រី​អាជ្ញាធរ និង​ប្រជាពលរដ្ឋ​ក្ដី។

លោក​ចាត់​ទុក​ថា មន្ត្រី​មូលដ្ឋាន​ទាំង​នោះ​រើសអើង និង​ធ្វើ​ឲ្យ​រាំង​ស្ទះ​ការងារ​អង្គការ​សង្គម​ស៊ីវិល៖ «ទើប​ចែក​បាន ១០​គ្រួសារ។ ខ្ញុំ​នឹក​ឃើញ​ថា យក​មួយ​ចំនួន​ឲ្យ​គាត់​បាន​កើត​ជា​គាត់​ខឹង​ខ្ញុំ ថា​កុំ​ឲ្យ​ខ្ញុំ​រញ៉េរញ៉ៃ​នៅ​កន្លែង​គេ ហើយ​ថ្ងៃ​ក្រោយ​ឈប់​ធ្វើ​អ៊ីចឹង​ទៅ កុំ​ចេះ​តែ​ហ៊ាន​ពេក»

ខិត្តប័ណ្ណ​ស្ដីពី​សិទ្ធិ​អ្នក​បោះឆ្នោត​រៀបចំ​ឡើង​ដោយ​សមាគម​អាដហុក មាន​លក្ខណៈ​ជា​ផូស្ទ័រ បង្ហាញ​ពី​សិទ្ធិ​អ្នក​បោះ​ឆ្នោត​ដែល​ផ្ដោត​ទៅ​លើ​ការ​អប់រំ​ពី​សារសំខាន់​នៃ​ការ​បោះឆ្នោត។ ដំណើរការ​ចុះ​ឈ្មោះ​បោះឆ្នោត លក្ខខណ្ឌ​នៃ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត និង​ភាព​ឈ្លាសវៃ និង​ការ​សម្រេច​ចិត្ត​របស់​អ្នក​បោះ​ឆ្នោត។

​ឆ្លើយ​តប​ការ​ចោទ​ប្រកាន់​នេះ ប្រធាន​ភូមិ​ដីឡូត៍ លោក កង ខៀវ  អះអាង​នៅ​ថ្ងៃ​ទី​២៩ ខែ​ធ្នូ នេះ​ថា លោក​មិន​បាន​រំខាន​ការ​ចែក​ខិត្តប័ណ្ណ​របស់​សកម្មជន​សិទ្ធិមនុស្ស​​នោះ​ទេ៖ «ចេះ​តែ​និយាយ! បុគ្គល​មួយ​ណា​ខ្ញុំ​សួរ​អ៊ីចេះ​វិញ ខ្ញុំ​អត់​បាន​ធ្វើ​ដូច្នោះ​ទេ»

កាល​ពី​ថ្ងៃ​ទី​២៤ ខែ​ធ្នូ អភិបាល​ខេត្ត​រតនគិរី លោក ថង សាវុន បាន​ចេញ​លិខិត​បញ្ជាក់​ទទួល​ជ្រាប​ទៅ​នឹង​សេចក្ដី​ជូន​ដំណឹង​របស់​ការិយាល័យ​សមាគម​អាដហុក ខេត្ត​រតនគិរី ស្ដីពី​ការ​បើក​វគ្គ​ផ្សព្វផ្សាយ និង​កិច្ច​សន្ទនា​ពាក់ព័ន្ធ​សិទ្ធិ​បោះឆ្នោត​នៅ​តាម​បណ្ដា​ឃុំ​មួយ​ចំនួន​តាម​គម្រោង​របស់​សមាគម ក៏ប៉ុន្តែ​ពេល​ចុះ​អនុវត្ត​អាជ្ញាធរ​ស្នើ​សុំ​ឲ្យ​សកម្មជន​ទំនាក់ទំនង​ជិតស្និទ្ធ​ដើម្បី​មន្ត្រី​មូល​បាន​បាន​ជ្រាប និង​ផ្ដល់​កិច្ច​សហការ។

អ្នកនាំពាក្យ និង​ជា​អភិបាល​រង​ខេត្ត​រតនគិរី លោក ញ៉ែម សំអឿន ចាត់​ទុក​ថា ជា​ការ​ភ័ន្តច្រឡំ​រវាង​អាជ្ញាធរ​ភូមិ​ឃុំ និង​សកម្មជន​ដែល​មិន​បាន​ស្វែង​យល់​ពី​គ្នា​បាន​គ្រប់គ្រាន់។ លោក​ថា សកម្មជន​សិទ្ធិមនុស្ស​គួរ​បង្កើន​ទំនាក់ទំនង​ជាមួយ​មន្ត្រី​មូលដ្ឋាន​ដោយ​ផ្អែក​លើ​លិខិត​ទទួល​ស្គាល់​របស់​អាជ្ញាធរ​ខេត្ត​ពាក់ព័ន្ធ​ការ​ផ្សព្វផ្សាយ​នេះ៖ «ខាង​អាដហុក គាត់​អាច​ទំនាក់ទំនង​មក​អាជ្ញាធរ​តាម​ឋានានុក្រម​មក ជួនកាល​អាច​ថា ថ្នាក់​ភូមិ​កម្រិត​​យល់​ដឹង​មិន​ដល់​ក៏​អាច​ថា​បាន យើង​មិន​មែន​បន្ទោស​ទេ»

ការិយាល័យ​សមាគម​អាដហុក ខេត្ត​រតនគិរី មាន​គម្រោង​ផ្សព្វផ្សាយ​វគ្គ​ស្ដីពី​សិទ្ធិ​អ្នក​បោះ​ឆ្នោត​នៅ​ឃុំ​ចំនួន ១៨ នៅ​ខេត្ត​រតនគិរី ចាប់​ពី​ខែ​សីហា ឆ្នាំ​២០១៦ ដល់​ខែ​មីនា ឆ្នាំ​២០១៧។ ការ​ផ្សព្វផ្សាយ​នេះ​ធ្វើ​ហើយ​នៅ​ឃុំ​ចំនួន​១២ និង​បាន​ចែក​ខិត្តប័ណ្ណ ៤០០​សន្លឹក​នៅ​តាម​ឃុំ​នីមួយៗ​ដែល​ទទួល​វគ្គ​ផ្សព្វផ្សាយ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល