ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​ត្រូវ​បាន​អ្នក​ទោស​ព្រួត​គ្នា​វាយ​នៅ​ក្នុង​ពន្ធនាគារ​ព្រៃ​ស

ដោយ ថា កិត្យា
2016-08-14
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ព្រះសង្ឃ​ខ្មែរ​ក្រោម​ព្រះនាម ដាវ ទេព្យ (ស្ដាំ) និង ជា វណ្ណដា ត្រូវ​បាន​បញ្ជូន​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដើម្បី​បើក​សវនាការ​ជំនុំ​ជម្រះ នៅ​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០១៦។ RFA/Rann Samnang
ព្រះសង្ឃ​ខ្មែរ​ក្រោម​ព្រះនាម ដាវ ទេព្យ (ស្ដាំ) និង ជា វណ្ណដា ត្រូវ​បាន​បញ្ជូន​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដើម្បី​បើក​សវនាការ​ជំនុំ​ជម្រះ នៅ​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០១៦។ RFA/Rann Samnang
RFA/Rann Samnang

ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​មួយ​អង្គ​ព្រះនាម ដាវ ទេព្យ ត្រូវ​បាន​គេ​រាយការណ៍​ពី​ក្នុង​ពន្ធនាគារ​ព្រៃ​ស មក​ថា មាន​អ្នក​ទោស​នៅ​ក្នុង​បន្ទប់​ឃុំឃាំង​ជាមួយ​គ្នា​មួយ​ក្រុម ព្រួត​វាយ​រហូត​សន្លប់​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​សីហា។ ចំពោះ​ករណី​នេះ មន្ត្រី​សិទ្ធិ​មនុស្ស​ស្នើ​ឲ្យ​រដ្ឋាភិបាល ចាត់​វិធានការ​ឲ្យ​បាន​តឹងរ៉ឹង​ដើម្បី​បញ្ឈប់​សកម្មភាព​ហិង្សា​នៅ​ក្នុង​ពន្ធនាគារ​ត​ទៅ​ទៀត។

ប្រភព​សុំ​មិន​បញ្ចេញ​ឈ្មោះ​ឲ្យ​ដឹង​ថា ហេតុការណ៍​ព្រួត​វាយ​លើ​ព្រះសង្ឃ ដាវ ទេព្យ នេះ​កើត​ឡើង​នៅ​បន្ទប់​ឌី (D) ក​២ ក្នុង​តំបន់​អគារ​ឌី (D) នៅ​មណ្ឌល​កែប្រែ ម​១ ឬ​គុក​ព្រៃ​ស កាល​ពី​ម៉ោង ៦​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​សីហា។

ប្រភព​នៅ​ក្នុង​ពន្ធនាគារ​ដដែល​បន្ត​ថា អ្នក​ដែល​ប្រើ​ហិង្សា​នោះ​មាន​គ្នា​ពី ៦​នាក់​ទៅ ៧​នាក់ ក្នុង​នោះ​មាន​អ្នក​ទោស​វៀតណាម ម្នាក់​ឈ្មោះ យ៉ាង ឌឿង ជា​អ្នក​ផ្ដើម​គំនិត​បើក​ការ​វាយ​ដំ។ គេ​សង្ស័យ​ថា ហេតុការណ៍​នេះ​ផ្ដើម​ចេញ​ពី​ការ​ប្រកាន់​និន្នាការ​នយោបាយ​ខុស​គ្នា។

ចំពោះ​ករណី​នេះ អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ លោក ចាន់ គឹមសេង បញ្ជាក់​យ៉ាង​ខ្លី​ថា គ្មាន​អ្នក​ទោស​មនសិការ​នោះ​ទេ ហើយ​ក៏​ចុច​បិទ​ទូរស័ព្ទ​ទៅ​វិញ នៅ​ពេល​អាស៊ីសេរី សួរ​ថា តើ​ពិត​ជា​មាន​ហេតុការណ៍​អ្នក​ទោស​ដូច​គ្នា​ព្រួត​វាយ​លើ​ព្រះសង្ឃ ដាវ ទេព្យ ដែល​គេ​ចាត់​ទុក​ថា​ជា​អ្នក​ទោស​មនសិការ​ដែរ​ឬ​ទេ?

ព្រះតេជព្រះគុណ ដាវ ទេព្យ ត្រូវ​បាន​អាជ្ញាធរ​ចាប់​ព្រះ​កាយ​កាល​ពី​ខែ​សីហា ឆ្នាំ​២០១៥ ហើយ​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន ២​ឆ្នាំ​ពី​បទ​គំរាម​សម្លាប់ ការ​រក្សា​ទុក​សារធាតុ​ញៀន។ កន្លង​ទៅ សង្គម​ស៊ីវិល​បាន​រិះគន់​ទៅ​លើ​ចំណាត់ការ​របស់​សមត្ថកិច្ច និង​តុលាការ​ចំពោះ​ករណី​ព្រះសង្ឃ​អង្គ​នេះ និង​ទាមទារ​ឲ្យ​ដោះលែង​វិញ។ ពួក​គេ​ថា វត្ថុ​តាង​ដែល​តុលាការ​យក​មក​ដាក់​បន្ទុក មិន​អាច​យក​ធ្វើ​ជា​មូលដ្ឋាន​ច្បាប់​បាន​ឡើយ ដោយ​ហេតុ​ថា ក្នុង​ពេល​សមត្ថកិច្ច​ស្វែងរក​វត្ថុ​តាង​ព្រះសង្ឃ​ទាំង ២​អង្គ​មិន​ឋិត​នៅ​កន្លែង​ឡើយ ហើយ​ក្រោយ​មក​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​បង្ខំ​ឲ្យ​ផ្ដិត​មេដៃ​ទទួល​ស្គាល់​វត្ថុ​តាង​ទៅ​វិញ។ លើស​ពី​នេះ យុវជន​ដែល​ជា​ដើម​បណ្ដឹង​ប្ដឹង​ពួក​គាត់​ពី​បទ​គំរាម​សម្លាប់ ក៏​ត្រូវ​សមត្ថកិច្ច​បង្ខំ​ឲ្យ​ផ្ដិត​មេដៃ​លើ​ពាក្យ​បណ្ដឹង ហើយ​ក្រោយ​មក យុវជន​រូប​នោះ​ថែម​ទាំង​បាន​ដក​ពាក្យ​បណ្ដឹង​វិញ​ទៀត​ផង។

អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ មាន​ប្រសាសន៍​ថា លោក​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ករណី​ហិង្សា​លើ​ព្រះតេជព្រះគុណ ដាវ ទេព្យ នេះ​នៅ​ឡើយ​ទេ ប៉ុន្តែ​លោក​នឹង​ពិនិត្យ​មើល​លើ​ករណី​នេះ៖ «មើល​របាយការណ៍​សិន​ថា តើ​ការ​ចោទ​ប្រកាន់​នេះ​ពិត​ប្រាកដ ឬ​ក៏ការ​ចោទ​ប្រកាន់​អី​ផ្សេងៗ​ទៀត។ យ៉ាង​ណា​ក៏ដោយ យើង​ទទួល​យកការ​ចោទ​ប្រកាន់​ដើម្បី​ពិនិត្យ​មើល ហើយ​ស្រាវជ្រាវ​ព័ត៌មាន​នេះ»

ករណី​ក្រុម​អ្នក​ទោស​នយោបាយ ឬ​អ្នក​ទោស​មនសិការ​ជួប​បញ្ហា​នៅ​ក្នុង​ពន្ធនាគារ គឺ​មិន​មែន​ជា​រឿង​ថ្មី​នោះ​ទេ។ កន្លង​ទៅ​ថ្មីៗ​នេះ សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ លោក ឡុង រី ដែល​ចូល​សួរ​សកម្មជន​របស់​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស កាល​ពី​ព្រឹក​ថ្ងៃ​ទី​១២ ខែ​សីហា ថា​មាន​អ្នក​ទោស​វៀតណាម មួយ​ក្រុម​វាយ​ធ្វើ​បាប​អ្នក​ទោស​មនសិការ​រហូត​ដល់​សន្លប់​ពីរ​ដង​ទម្រាំ​ទទួល​បាន​ការ​អន្តរាគមន៍។ ហេតុការណ៍​នោះ​បាន​កើត​ឡើង​នៅ​បន្ទប់​លេខ​១៧ ក្នុង​តំបន់​អគារ​ប៊ី (B) នៅ​មណ្ឌល​កែប្រែ ម១ កាល​ពី​ថ្ងៃ​ទី​៨ ខែ​សីហា។

អគ្គលេខាធិការ​អង្គការ​សម្ព័ន្ធភាព​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា លោក សួន ប៊ុនស័ក្តិ មាន​ប្រសាសន៍​ថា ប្រសិន​បើ​ពិត​ជា​មាន​ករណី​នេះ​កើត​ឡើង​មែន លោក​ថា​គឺ​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​ជា​កម្សោយ​កិច្ចការ​រដ្ឋបាល​ទៅ​លើ​ពន្ធនាគារ ដែល​មន្ត្រី​ពន្ធនាគារ​បណ្តែតបណ្តោយ​ឲ្យ​មាន​អំពើ​ហិង្សា​នៅ​ក្នុង​ពន្ធនាគារ​នេះ៖ «និយាយ​ឲ្យ​ធំ​គឺ​ក្រសួង​មហាផ្ទៃ ឬ​រដ្ឋាភិបាល ត្រូវ​មាន​វិធានការ​ទៅ​លើមន្ត្រី​ពន្ធនាគារ​ដែល​បណ្តែតបណ្តោយ​ឲ្យ​ហិង្សា​នេះ តែ​បើ​យើង​និយាយ​ឲ្យ​ចង្អៀត​បន្តិច គឺ​ប្រធាន​ពន្ធនាគារ​ត្រូវ​មាន​វិធានការ​ពង្រឹង​អនុរក្ស​ពន្ធនាគារ​ដែល​ជា​អ្នក​ការពារ​សន្តិសុខ​ជូន​អ្នក​ទោស​អ៊ីចឹងៗ»

ជុំវិញ​បញ្ហា​នេះ គណបក្ស​សង្គ្រោះ​ជាតិ ក៏​ប្រកាស​ថា​នឹង​ស្នើ​ក្រសួង​មហាផ្ទៃ ឬ​ពន្ធនាគារ​ឃុំ​អ្នក​ទោស​ឲ្យ​ដាច់​ដោយឡែក​ពី​គ្នា​រវាង​អ្នក​ទោស​នយោបាយ ឬ​អ្នក​ទោស​មនសិការ និង​អ្នក​ទោស​ដែល​ប្រព្រឹត្ត​បទល្មើស​ឆក់​ប្លន់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

ស្រលាញ់សន្តិភាព

ពី កម្ពុជា

គួរតែប្រើពាក្យថា អតីតព្រះសង្ឃកម្ពុជាក្រោមល្អជាង ព្រោះពេលនេះគាត់មិនមែនជាសង្ឃទេ សូមអធ្យាស្រ័យផង

Aug 14, 2016 11:36 AM

គេហទំព័រ​ទាំងមូល