សង្គម​ស៊ីវិល​ទាមទារ​ឱ្យ​ស៊ើបអង្កេត​ករណី​ស្លាប់​កូន​សកម្មជន​បក្ស​ប្រឆាំង​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​កំពង់ចាម

ដោយ ហេង រស្មី
2019-05-02
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រធាន​គ្រប់គ្រង​ផ្នែក​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ RFA
ប្រធាន​គ្រប់គ្រង​ផ្នែក​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ RFA
Photo: RFA

មន្ត្រី​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស​ទាម​ទារ​ឱ្យ​អាជ្ញាធរ​របប​ក្រុងភ្នំពេញ​បង្កើត​គណៈកម្មការ​ឯករាជ្យ​មួយ​ដើម្បី​ស៊ើបអង្កេត​លើ​ជនរងគ្រោះ​ម្នាក់ បាន​ស្លាប់​នៅ​ក្នុង​ពន្ធនាគារ​ដោយសារតែ​នៅ​លើ​សាកសព​ជនរងគ្រោះ​មាន​ស្នាម​ធ្វើ​ទារុណកម្ម​ជាច្រើន​កន្លែង។ អភិបាលខេត្ត និង ព្រះរាជអាជ្ញា​ខេត្ត​កំពង់ចាម បាន​សន្និដ្ឋាន​ថា តាម​ការ​ធ្វើ​កោសល្យវិច័យ​ពី​ក្រុម​សមត្ថកិច្ច​បង្ហាញ​ថា ជន​រងគ្រោះ​បាន​ដួល​ស្លាប់​ដោយ​ខ្លួនឯង​នៅ​ក្នុង​បន្ទប់ទឹក​នៅ​ក្នុង​ពន្ធនាគារ​ដោយសារ​ស្រវឹង​ស្រា។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត បញ្ជាក់​នៅ​ថ្ងៃទី១ ឧសភា ថា ជនរងគ្រោះ​ស្លាប់​នៅ​ក្នុង​ពន្ធនាគារ​នៅ​ក្នុង​ខេត្ត​កំពង់ចាម មាន​ចំណុច​គួរ​ឱ្យ​សង្ស័យ​ជាច្រើន​ដែល​ទាមទារ​ឱ្យ​ក្រុម​សមត្ថកិច្ច​បើក​ការស៊ើបអង្កេត​ឱ​បាន​ច្បាស់លាស់​បើ​ទោះ​បី​ជា​ព្រះ​រាជអាជ្ញា និង​អាជ្ញាធរ​ខេត្ត​កំពង់ចាម​ចេញមុខ​មក​អះអាង​ថា មិន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ទារុណកម្ម​ក៏ដោយ។

លោក អំ សំអាត បញ្ជាក់​ថា តាម​ការស៊ើបអង្កេត​ជាបឋម​របស់​អង្គការ​សង្គម​លីកាដូ​បង្ហាញ​ថា ជនរងគ្រោះ​ស្លាប់​ដោយមាន​ស្នាមរបួស​ពេញ​ខ្លួន​ដែល​ទំនងជា​សង្ស័យ​ថា បាន​ទទួល​រង​នូវ​ការ​ធ្វើ​ទារុណកម្ម​វាយដំ​ជា​ទម្ងន់​មុន​ពេល​ស្លាប់។

លោក​បញ្ជាក់​ថា គួរតែ​មាន​គណៈកម្មការ​ថ្នាក់​ជាតិ​ប្រឆាំង​នឹង​ការ​ធ្វើ​ទារុណកម្ម​ចុះ​ធ្វើការ​ស្រាវជ្រាវ​ទៅលើ​ករណី​នេះ ដើម្បី​បង្ហាញ​ពី​ភស្តុតាង​ពិតប្រាកដ​តើ​មូលហេតុ​នៃ​ការ​ស្លាប់​នោះ បណ្ដាល​មក​ពី​អ្វី​នោះ​ទើប​ធ្វើ​ឱ្យ​គ្រួសារ​ជនរងគ្រោះ​និង​សាធារណៈ​ជន​មាន​ភាព​ជឿជាក់៖ «ខាង​លោក​ព្រះរាជអាជ្ញា ឬក៏​ខាង​ខេត្ត​លោក​អះអាង​ក៏ដោយ។ ក៏​ប៉ុន្តែ​នៅតែ​ធ្វើ​ឱ​សាធារណជន​គ្មាន​ជំនឿ ពីព្រោះ​វា​កើត​នៅ​លើ​ទឹកដី​នៅ​ក្នុង​ខេត្ត​ហ្នឹង។ អ៊ីចឹង​បើ​មាន​គណៈកម្មការ​ថ្នាក់​ជាតិ​ស៊ើបអង្កេត ធ្វើការ​ស្រាវជ្រាវ​ទៅលើ​ករណី​ហ្នឹងហើយ​បង្ហាញ​អំពី​លទ្ធផល​អាហ្នឹង​វា​ប្រសើរ​ជាជាង​បង្ហាញ​ដោយ​ថ្នាក់​ខេត្ត»

ទោះបីជា​យ៉ាងណា ព្រះរាជអាជ្ញា​ខេត្ត​កំពង់ចាម​លោក ហួត វុទ្ធី នៅ​ក្នុង​អង្គ​សន្និសីទកាសែត​នៅ​ថ្ងៃ​ទី​០១ ឧសភា បាន​ច្រានចោល​ទាំងស្រុង​ចំពោះ​ការ​លើក​ឡើង​ថា ជនជាប់ចោទ​ឈ្មោះ ទិត រ៉ន ស្លាប់​ដោយសារ​ការ​ធ្វើ​ទារុណកម្ម​នៅ​ក្នុង​ពន្ធនាគារ។

លោក​បញ្ជាក់​ថា ជនរងគ្រោះ​ដួល​ក្នុង​បន្ទប់ទឹក​នៅ​ក្នុង​មន្ទីរឃុំឃាំង​រហូត​បែក​ក្បាល​ស្លាប់។ លោក ទិត រ៉ន អាយុ​២៦ ឆ្នាំ បាន​ស្លាប់​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​កំពង់ចាម កាលពី​ថ្ងៃ​ទី​២៨ មេសា កន្លងទៅ​បន្ទាប់ពី​បាន​ជាប់​ក្នុង​មន្ទីរឃុំឃាំង​អស់​រយៈពេល​ជាង ១០​ថ្ងៃ ដើម្បី​រង់ចាំ​ជំនុំជម្រះ​ទោស។អាជ្ញាធរ​ខេត្ត​កំពង់ចាម​កាលពី​ថ្ងៃ​ទី១៥ មេសា បាន​ចាប់ខ្លួន​លោក ទិត រ៉ន កូនប្រុស​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ក្រោយពី​មាន​ពាក្យ​បណ្តឹង​ពី​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ដោយ​ចោទប្រកាន់​សង្ស័យ​ថា​ជាប់​ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​អំពើ​ហិង្សា​មួយ​នៅ​ក្នុង​ខេត្ត​កំពង់ចាម កាល​ពី ១៣​ឆ្នាំ កន្លង​ទៅ។ក្រោយ​ពី​មាន​ជម្លោះ​នៅ​ក្នុង​ភូមិ​នោះ​មក លោក ទិត រ៉ន បាន​ភៀសខ្លួន​រហូតដល់​ត្រឡប់​មក​ក្នុង​ភូមិ​វិញ បាន​ជាង​១​ឆ្នាំ​ទើប​សមត្ថកិច្ច​សម្រេច​ចាប់ខ្លួន​យក​ទៅ​ដាក់​ក្នុង​មន្ទីរឃុំឃាំង​ខេត្ត​កំពង់ចាម។

ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះជាតិ ឃុំ​ទួល​ព្រះឃ្លាំង ស្រុក​ស្ទឹងត្រង់ លោក អៀម ទិត ត្រូវជា​ឪពុក​ជនរងគ្រោះ​បញ្ជាក់​ថា ក្នុង​ពេល​ក្រុម​សមត្ថកិច្ច​ចាប់ខ្លួន​កូន​របស់​លោក​គ្មាន​ស្នាមរបួស​ទេ។ លោក​បញ្ជាក់​ថា នៅ​ពេល​ទៅ​យក​សព​កូន​មកដល់​ផ្ទះ​ពិនិត្យ​ទៅ​ឃើញ​ថា មាន​ស្នាម​វាយ​បែក​ជាំភ្នែក​ខាង​ស្ដាំ និង​មាន​ស្នាម​វាយ​ជាំ​វាយដំ​ជាច្រើន​កន្លែង​ទៀត។ លោក​បញ្ជាក់​ថា កូន​របស់​លោក​សង្ស័យ​ថា ក្រុម​ឆ្នាំ​ពន្ធនាគារ​វាយដំ​ធ្វើ​ទារុណកម្ម​រហូតដល់​បាត់បង់​ជីវិត​នៅ​ក្នុង​មន្ទីរ​ឃុំឃាំង៖ «ដល់ពេល​គេ​យក​ឡាន​ដាក់​សព​បាន​បងប្អូន​កូនក្មួយ​គេ​វែកមុខ​មាត់​មើល​ឃើញ​មាន​របួស​លើ​ភ្នែក បែក​ភ្នែក ក បាក់​រលេះ​ស្នាម​ជាំ ក្លៀក ជាំ ឆ្អឹងជំនី ខ្នង​ជាំ​ទាំងអស់។ កូន​ខ្ញុំ​ទៅ​ពី​ផ្ទះ ពេល​គេ​ហៅ​ទៅ​អត់​មាន​របួស​ស្នាម​អ្វី​ទេ អត់​មាន​គ្រុន ឬ​ឈឺ​អ្វី​ទេ កូន​ខ្ញុំ​បង់សំណាញ់​រាល់ថ្ងៃ»

ចាប់​តាំង​ពី​ឆ្នាំ​២០១៥ មក មាន​ជនជាប់ចោទ​ចំនួន ៥​នាក់​បាន​ស្លាប់​បាត់​បង់ជីវិត​នៅ​ក្នុង​ពន្ធនាគារ​ក្នុង​ខេត្ត​ឧត្តរមានជ័យ និង ខេត្ត​កណ្ដាល។

មន្ត្រី​សិទ្ធិមនុស្ស​បញ្ជាក់​ថា ជន​រងគ្រោះ​ដែល​ស្លាប់​បាត់​បង់ជីវិត​ទាំងនោះ​គឺ​បាន​កើត​ឡើង​ដោយ​សង្ស័យ​ថា មាន​ការ​ធ្វើ​ទារុណកម្ម​ក្នុងពេលដែល​ពួកគេ​ជាប់​ក្នុង​មន្ទីរឃុំឃាំង​ដូច​នៅ​ក្នុង​ករណី​ខេត្ត​កំពង់ចាម​ដែរ។

អភិបាលខេត្ត​កំពង់ចាម លោក គួច ចំរើន បញ្ជាក់​ថា ក្រុម​សមត្ថកិច្ច​មិន​បាន​ធ្វើ​ទារុណកម្ម​លើ​ជនសង្ស័យ​រហូត​ស្លាប់​បាត់​បង់ជីវិត​នៅ​ក្នុង​ពន្ធនាគារ​នោះ​ទេ។ លោក​បញ្ជាក់​ថា លោក ទិត រ៉ន បាន​ដួល​ស្លាប់​ដោយ​ខ្លួនឯង​ក្នុង​ពន្ធនាគារ​ដោយសារ​ស្រវឹង​ស្រា៖ «សមត្ថកិច្ច​កំពុងតែ​ស្រាវជ្រាវ​ហើយ​ព័ត៌មាន​ជាបឋម បើ​តាម​អ្នក​ជាប់​ឃុំឃាំង​ជាមួយគ្នា​ថា គឺ​គាត់​បាន​ដួល​រអិលដួល​ដោយ​ខ្លួនឯង»

ប្រទេស​កម្ពុជា​បាន​ផ្ដល់​ហត្ថលេខា​លើ​អនុសញ្ញា​ប្រឆាំង និង​អំពើ​ទារុណកម្ម​រាល់​គ្រប់​ទម្រង់​ទាំងអស់​កាលពី​ឆ្នាំ​១៩៩២ ហើយ​នៅ​ឆ្នាំ​២០០៧ រដ្ឋសភា​របប​ក្រុងភ្នំពេញ​បាន​ផ្តល់​សច្ចាប័ន​បន្ថែម​ទៅលើ​អនុសញ្ញា​នោះ។

នៅ​ក្នុង​សច្ចាប័ន​បន្ថែម​នេះ​តម្រូវ​ឱ្យ​កម្ពុជា​បង្កើត​គណៈកម្មការ​ជាតិ​មួយ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ធ្វើ​ទារុណកម្ម​ដោយ​បាន​ហាមប្រាម​ការ​ធ្វើ​ទារុណកម្ម​នោះ ទោះ​កើតឡើង​ក្នុង​រូបភាព​ណាមួយ​ក៏ដោយ ឱ្យ​តែ​អំពើ​នោះ​ធ្វើឡើង​ដោយ​មន្ត្រី​សាធារណៈ ជាពិសេស​នៅ​ប៉ុស្តិ៍​នគរបាល​យុត្តិធម៌​និង​នៅ​ក្នុង​មន្ទីរឃុំឃាំង។

លោក អំ សំអាត បញ្ជាក់​ថា សមាគម​សិទ្ធិមនុស្ស​លីកាដូ​នឹង​បើក​ការស៊ើបអង្កេត​ចំពោះ​ការ​ស្លាប់​ទៅលើ​ជនរងគ្រោះ​នៅ​ក្នុង​ខេត្ត​កំពង់ចាម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល